ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃអាទិត្យ ១៤ កើត ខែពិសាខ ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៥ វត្តកម្ពុជាក្រោម នៅទីក្រុង Long Beach រដ្ឋ California បានធ្វើពិធីស្វាគមន៍ដំណើរមកគង់ នៅជាអចិន្ត្រៃយ៍នៃព្រះចៅអធិការវត្តដំបូង ដែលបានវត្តមួយនេះបានកកើតជាង ២ ឆ្នាំ មកហើយ តែមិន មានព្រះសង្ឃគង់នៅជាអចិន្ត្រៃយ៍ ។ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង ព្រះសង្ឃវត្តខេមររង្សី ទីក្រុង San Jose រដ្ឋ California ដែលមានកំណើតកើតជា និងសាងផ្នួសនៅវត្តរតនសាគរព្រើមថ្មី ឋិតនៅក្នុង ភូមិព្រើម ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង និងជាអតីតសាស្ត្រាចារ្យ នៃវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នៅ ទីក្រុងព្រែកឫស្សី ត្រូវគណៈកម្មការវត្តកម្ពុជាក្រោម ទីក្រុង Long Beach និមន្តមកធ្វើជាព្រះចៅធិការ បន្ទាប់ពីព្រះអង្គ បានមកនៅសហរដ្ឋអាមេរិកជាងមួយឆ្នាំដើម្បីផ្សព្វផ្សាយសាសនា ។ ពិធីនេះ មានការ ចូលរួមពីព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ព្រះចៅអធិការវត្តខេមររង្សី និងជាប្រធាននាយកដ្ឋាន ព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងគណៈកម្មការនឹងពុទ្ធបរិស័ទចំណុះជើងវត្តទាំងពីរ ។ អ្នកចូលរួមបានថ្លែងអំពីមូលហេតុដែលនាំឲ្យមានការកកើតវត្តកម្ពុជាក្រោម ទីក្រុង Long Beach នេះ ឡើង និងអំពីមូលហេតុដែលនាំឲ្យដាក់ឈ្មោះវត្តថា “វត្តកម្ពុជាក្រោម” ។

លោក ង៉ោ និន្ទ ម្ចាស់ហាងបាយន និងជាគណៈកម្មការ “វត្តកម្ពុជាក្រោម” ក្រុង Long Beach បានថ្លែងទៅកាន់អ្នកចូលរួមអំពីមូលហេតុនាំឲ្យក្រុមរបស់លោកបង្កើតវត្តនេះឡើងថា ដោយសារលោក យល់ឃើញថាជាតិខ្មែរនៅកម្ពុជាក្រោមបានគង់វង្សរហូតមកដល់សព្វថ្ងៃ ក៏អាស្រ័យលើវត្តអារាមទាំង ស្រុង ។ ចំណែក ពុទ្ធបរិស័ទវិញ បានដាក់បាត្រចិញ្ចឹមព្រះសង្ឃសិក្សារៀនសូត្រគម្ពីរដីកាពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរតាំងពីដើមរៀងមក ។ ដោយសារតែលោកធ្លាប់បានបួសជាសង្ឃ និងបានជាប់ជំពាក់ គុណបាយបាត្រទាំងនោះហើយ ទើបពេលមកដល់សហរដ្ឋអាមេរិក លោកនិងគណៈកម្មការវត្តបានខិតខំ កសាងវត្តនេះឡើង ដើម្បីថែរក្សាប្រពៃណីវប្បធម៌សាសនាឲ្យបានគង់វង្សតរៀងទៅ ។
លោក សឺង សម្រេច អតីតប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងថ្លែងអំពី មូលហេតុដែលនាំឲ្យដាក់ឈ្មោះវត្តថា “វត្តកម្ពុជាក្រោម” ថា ដើម្បីរំឭកដល់កូនចៅខ្មែរឲ្យបានដឹងថា “កម្ពុជាក្រោម” ជាដីខ្មែរមួយភាគធំត្រូវបារាំងកាត់ប្រគល់ឲ្យវៀតណាមគ្រប់គ្រង កាលពី ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ដែលគិតមកទល់ពេលនេះ មាន ៦៦ ឆ្នាំ ហើយ ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ព្រះចៅអធិការវត្តខេមររង្សី និងជាប្រធាននាយកដ្ឋានព័ត៌មាន នៃសហ ព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់អំពីអត្ថន័យឈ្មោះវត្តថា ការដាក់ឈ្មោះវត្តថា “វត្តកម្ពុជាក្រោម” នេះ ដោយសារតែអ្នកទាំងអស់ដែលនៅជុំវិញវត្ត សុទ្ធតែជាអ្នកនៅឆ្ងាយពីស្រុកកំណើតនៅកម្ពុជាក្រោម ហើយតិចមានឱកាសបានទៅស្រុកណាស់ ដូច្នេះហើយ ពេលណាពួកគាត់ធ្វើដំណើរមកវត្តវាហាក់ដូចជា បានធ្វើដំណើរទៅស្រុកដល់ស្រុកកំណើតដែរ ។
ក្នុងពិធីនេះ ព្រះចៅអធិការវត្តខេមររង្សី ក៏បានយកបដាបាវចនាសម្រាប់វត្តឆ្លាក់ពីឈើដែលមានសេចក្ដី ថា “សច្ចៈ ខន្តី កតញ្ញូ” ជាត្រៃកូដធម៌ក្នុងពុទ្ធសាសនាជូនទៅគណៈកម្មការ “វត្តកម្ពុជាក្រោម” ដាក់នៅក្នុង សាលា ដើម្បីឲ្យព្រះសង្ឃ , គណៈកម្មការវត្ត និងពុទ្ធបរិស័ទអនុវត្តតាម ដើម្បីនាំមកនូវសេកក្ដីសុខចម្រើន នៅក្នុងវត្ត និងសង្គមជាតិ ផងដែរ ។
ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង ដែលនឹងត្រូវធ្វើជាព្រះចៅអធិការ វត្តកម្ពុជាក្រោម ក្រុង Long Beach បានឡើងថ្លែងទៅកាន់អ្នកចូលរួមថា មូលហេតុដែលនាំឲ្យព្រះអង្គសម្រេចចិត្តមកធ្វើជាព្រះចៅអធិការថា ដោយសារតែសមាគមខ្មែរក្រោមវត្តខេមររង្សី នៅទីក្រុង San Jose បានធានាព្រះអង្គមកពីកម្ពុជាក្រោម ក្នុងគោលបំណងជួយសង្គមជាតិ និងសាសនា ទើបព្រះអង្គនិមន្តមកគង់នៅជាអចិន្ត្រៃយ៍នៅវត្តកម្ពុជា ក្រោម ក្រុង Long Beach នេះ ដើម្បីជួយដល់ជាតិ និងសាសនាដែលកំពុងតែត្រូវការជំនួយ ។
ការកសាងវត្តកម្ពុជាក្រោម ទីក្រុង Long Beach នេះ ក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពការ កសាងវត្តអារាមរបស់ពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេស មានការអាមេរិក, កាណាដា, បារាំង អូស្រ្តលី ជាដើម ៕
………………………………………………………………………………
ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)
និពន្ធនាយក សារព័ត៌មាន ព្រៃនគរ សព្វថ្ងៃ នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។
សរសេរមកកាន់ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) តាមរយៈ thachpreicheakoeun@gmail.com