USCIRF ស្នើឲ្យដាក់វៀតណាមចូលក្នុងបញ្ជីខ្មៅ

នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១២ ម្សិលមិញនេះ គណៈកម្មការសេរីភាពសាសនា អន្តរជាតិ សហរដ្ឋ អាមេរិក (USCIRF) បានស្នើឲ្យរដ្ឋការក្រុង Washington ដាក់ ប្រទេសវៀតណាម បញ្ចូលទៅ ក្នុងបញ្ជីនៃប្រទេសពិសេស គួរឲ្យព្រួយបារម្ភ សរសេរ កាត់ជាភាសាអង់គ្លេសថា CPC ។ មូលហេតុ ដែលនាំឲ្យគណៈកម្មការមួយនេះ លើកឡើងយ៉ាងនេះ ព្រោះរដ្ឋាភិបាលវៀតណាម នៅតែបន្តការរំលោភ សិទ្ធិយ៉ាងធ្ងន់ធ្ងរទៅលើ សេរីភាពសាសនារបស់ ពលរដ្ឋ ។ នៅក្នុងសេចក្ដីរាយការណ៍ប្រចាំឆ្នាំ គណៈកម្មការសេរីភាពសាសនាអន្តរជាតិរបស់ សហរដ្ឋអាមេរិក បានថ្កោលទោសវៀតណាមថា «នៅតែបង្ក្រាបទៅលើក្រុម និង មនុស្សដែលត្រូវបានគេមើល ឃើញថា ជាឧបសគ្គរបស់រដ្ឋាភិបាល» ក្នុងនោះមាន ក្រុមនកគោរពសាសនា ជាដើម ។

របាយការណ៍បានបញ្ជាក់ថា ក្នុងមួយទសវត្សរ៍កន្លងមកនេះ សកម្មភាពគោរពសាសនានៅវៀតណាម មានការ កើនឡើង និងរដ្ឋាភិបាលមានការយកចិត្តទុក ដាក់គួរឲ្យកត់សម្គាល់ ។ ប៉ុន្តែ របាយការណ៍បានបញ្ជាក់ថា នៅវៀតណាម «មនុស្ស ជាច្រើនត្រូវបានឃុំឃាំងនិងដាក់ទោស ព្រោះទាក់ទងដល់សកម្មភាព គោរពសាសនា ឬ ក៏ជាអ្នកចលនា ដើម្បីសេរីភាព សាសនា » ។ បញ្ហាដែលគួរឲ្យ ព្រួយបារម្ភនោះ បើតាមគណៈកម្មការនេះ សកម្មភាពសាសនាឯករាជ្យនៅវៀត ណាម ត្រូវ បានគេចាត់ទុកថា ខុសច្បាប់ ។

ព្រោះតែមូលហេតុដូចបានពណ៌នាមកនេះ ទើបគណៈកម្មការនេះ សាជាថ្មីបាន សំណូមពររដ្ឋាភិបាលសហរដ្ឋ អាមេរិក ដាក់វៀតណាមបញ្ចូលក្នុងបញ្ជី CPC នៃ ប្រទេសដែលគេចាត់ទុកថា មានការរំលោភសិទ្ធិសាសនា យ៉ាងធ្ងន់ធ្ងរបំផុត បន្ទាប់ ពីប្រទេស ដូចជា ,ចិន ,កូរ៉េខាងជើង, ភូមា និង អៀរ៉ង់ ជាដើម ។

វៀតណាមត្រូវបានសហរដ្ឋអាមេរិកដាក់បញ្ចូលក្នុងបញ្ជីខ្មៅ CPC កាលពីឆ្នាំ ២០០៤ និង ២០០៥ ហើយត្រូវ បានដកចេញវិញកាលពីឆ្នាំ ២០០៦ មុនពេលលោកប្រធា នាធិបតីសហរដ្ឋអាមេរិក G.W. Bush ទៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC នៅឆ្នាំ ២០០៦ ។

ក្នុងរបាយការណ៍ស្ដីអំពីសេរីភាពសាសនាអន្តរជាតិដែលក្រសួងការបរទេសសហរដ្ឋ អាមេរិក បានចេញប្រកាស កាលពីខែ កញ្ញា ឆ្នាំ ២០១១ បញ្ជី CPC គ្មានឈ្មោះប្រទេស វៀតណាមទេ មានតែប្រទេសចំនួន ៨ តែប៉ុណ្ណោះ ។ ប្រទេសទាំងនោះ មាន ភូមា , ចិន ,កូរ៉េខាងជើង ,Eritrea , អៀរ៉ង់ , អារ៉ាប៊ីសាអូឌិត (Saudi Arabia), ស៊ូដង់ និង Uzbekistan ៕ ប្រភពព័ត៌មាន៖ សារព័ត៌មានព្រៃនគរ