ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
គណៈកម្មការអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនាអន្តរជាតិ (USCIRF) បានស្នើឲ្យរដ្ឋាភិ បាលអាមេរិកដាក់ ប្រទេសវៀតណាមចូលក្នុងបញ្ជី “ប្រទេសដែលមានក្ដីបារម្ភពិសេស” ខាងការរំលោភសិទ្ធិសាសនា (CPC) ឡើង វិញ ខណៈដែលប្រទេសកុម្មុយនិស្តមួយនេះ នៅតែរំលោភបំពានសិទ្ធិសាសនាលើពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ។

នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៥ គណៈកម្មការអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនាអន្តរជាតិ បាន ចេញរបាយប្រចាំឆ្នាំ ស្ដីពីសេរីភាពសាសនានៅទូទាំងពិភពលោក ។ របាយការណ៍ស្ដីពីប្រទេសវៀតណាម គណៈ កម្មការនេះ បានថ្លែងថា វៀតណាមនៅតែរំលោភសិទ្ធិសាសនាលើពលរដ្ឋរបស់ខ្លួន ក្នុងនោះ មានការចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារយ៉ាងព្រៃផ្សៃ នៅកម្ពុជាក្រោម ។
នៅក្នុងរបាយការណ៍ស្ដីពីប្រទេសវៀតណាម គណៈកម្មការអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនាអន្តរជាតិ បានលើឡើងអំពីស្ថានភាពរបស់ព្រះសង្ឃខ្មែរក្រោម ផងដែរ ក្នុងនោះ មានព្រះសង្ឃពីរអង្គ កំពុងតែត្រូវរដ្ឋាភិបាល វៀតណាមដាក់ពន្ធនាគារជាមួយអ្នកគុកនយោបាយ វៀតណាម ពី ១០០ ទៅ ២០០ នាក់ ។
នៅក្នុងរបាយការណ៍នេះ បានបញ្ជាក់អំពីស្ថានភាពរបស់ព្រះសង្ឃនៅកម្ពុជាក្រោមថា៖
“ព្រះសង្ឃដ៏លេចធ្លោ គឺ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ជាមួយនឹងសិស្សពីររូបទៀត គឺ លោក ថាច់ ភូមិរិទ្ធ (Thach Phum Rich) និង លោក ត្រា វណ្ណថា (Tra Quanh Tha) កំពុងតែជាប់នៅក្នុងពន្ធ នាគារ ដោយត្រូវចោទប្រកាន់ពីបទប៉ុនប៉ងរត់គេចឆ្លងដែនទៅប្រទេសក្រៅ ។ ព្រះសង្ឃទាំងពីរអង្គនេះ បានរិះ គន់រដ្ឋាភិបាលវៀតណាមចំៗ អំពីការត្រួតត្រារបស់រដ្ឋាភិបាលវៀតណាមលើពលរដ្ឋខ្មែរក្រោម និងលើព្រះសង្ឃ ជាសហធម្មកៈ គឺ ភិក្ខុ លី ចិន្ដា ។ ពុទ្ធបរិស័ទដែលគាំទ្រ ភិក្ខុ លី ចិន្ដា ក៏ត្រូវចាប់ខ្លួន ផងដែរ” ។
របាយការណ៍របស់គណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនាអន្តរជាតិ (USCIRF) បានកត់ សម្គាល់អំពីទិដ្ឋភាពទូទៅស្ដីពីសេរីភាពសាសនានៅប្រទេសវៀតណាមថា ៖
“ប្រវត្តិនៃការរំលោភសិទ្ធិមនុស្សនៅតែមានសភាពដុនដាប ក្នុងនោះទាក់ទងនឹងសេរីភាពសាសនាផងដែរ ។ តួលេខនៃបរិស័ទអ្នកគោរពសាសនានៅក្នុងប្រទេសវៀត ណាមមិនពិតប្រាកដ តែភាគច្រើនក្នុងចំនួនពលរដ្ឋ ៩០ លាននាក់ នៃប្រទេសវៀត ណាម ជាពុទ្ធបរិស័ទ, ជាង ៦ លាន ជាគ្រឹស្តបរិស័ទ ដែលជាសាសនាធំលំដាប់លេខ ២ នៅក្នុងវៀតណាម និងប្រហែល ឬ ជាងមួយលាននាក់ជាអ្នកកាន់សាសនាប្រូតិស្តង់ ។ ក្រុមសាសនា របស់ជនជាតិដើម និងជនជាតិភាគតិចមួយចំនួនទៀត ដូចជា កាវដាយ, ហ្វាហាវ, ពុទ្ធបរិស័ទខ្មែរក្រោម, សាសនា ឥស្លាមរបស់ជនជាតិចាម្ប៍ និង បាហាយ (Baha’i) , ហិណ្ឌូសាសនា និងសាសនាអ្នកស្រុកមួយចំនួនទៀត ដែលកើតចេញពីជំនឿ ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបក្សកុម្មុយនិស្តបានបង្កើនការបង្ក្រាបយ៉ាង ចាស់ដៃទៅលើអ្នកដែលរដ្ឋាភិបាលចាត់ទុកថា មានឥទ្ធិពលលើរដ្ឋាភិបាល ដោយការរឹតបន្តឹងសេរីភាពបញ្ចេញមតិ, ការបង្កើតសមាគម, ជំនឿសាសនា និងការជួបជុំគ្នា ។ ច្បាប់ព្រហ្មទណ្ឌ នៃប្រទេសវៀតណាម ត្រង់មាត្រា ៨៨ និង ២៥៨ បានចាប់អ្នកការពារសិទ្ធិមនុស្ស, អ្នកសរសេរ ប្លក់, អ្នកកាសែត, អ្នកដឹកនាំសាសនា និងអ្នកធ្វើសកម្មភាព ផ្សេងៗមួយចំនួនទៀតដែលរដ្ឋាភិបាលចោទប្រកាន់អំពីបទ “ប្រឆាំងរដ្ឋាភិបាល” ។ យ៉ាងហោចមានអ្នកជាប់គុក នយោបាយពី ១០០ ទៅ ២០០ នាក់ កំពុងតែជាប់គុក នៅក្នុងប្រទេសវៀតណាម ក្នុងនោះ មានមួយចំនួនជាអ្នក ផ្សាយសាសនា និងអ្នកចលនាទាមទារសិទ្ធិសាសនា” ។
របាយការណ៍បានបន្តទៀតថា នៅក្នុងឆ្នាំ ២០១៤ ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកខាងសេរីជំនឿ សាសនា លោក Heiner Bielefeldt បានទៅបំពេញទស្សនកិច្ចនៅវៀតណាម តែលោកត្រូវកាត់បន្ថយពេលវេលា នៃដំណើរទស្សនកិច្ចឲ្យខ្លីមក ព្រោះមានការជៀតជ្រែកពីរដ្ឋាភិបាល វៀតណាម ដែលបានរំលោភលើលក្ខខណ្ឌការ ឯកភាពជាមុនជាមួយនឹងរដ្ឋាភិបាល វៀតណាម ។ ក្នុងដំណើរទស្សនកិច្ច លោកបានរកឃើញ និងបានចេញផ្សាយ នៅក្នុង ២០១៥ ថា ស្វ័យភាព និងសកម្មភាពអ្នកកាន់សាសនាឯករាជ្យ និងសហគមន៍អ្នកជំនឿសាសនា មិនត្រូវ រដ្ឋាភិបាល ភិបាលវៀតណាមទទួលស្គាល់ទេ ។ ពួកគេមានការរឹតត្បិត និងរស់នៅដោយគ្មានសុវត្ថិភាព ។ ក្រុមអ្នក ទាំងនេះ ត្រូវប្រឈមនឹងការតាមដានជាប្រចាំ ការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ និងការបង្ក្រាប ។
ជាអនុសាសន៍ គណៈកម្មការអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនាអន្តរជាតិ ក៏បានស្នើឲ្យរដ្ឋាភិ បាលអាមេរិក ដាក់ប្រទេសវៀតណាម ចូលក្នុងបញ្ជី CPC ឡើងវិញ ។ ក្រៅពីនេះ គណៈ កម្មការ មួយនេះក៏បាន ស្នើឲ្យរដ្ឋាភិបាលអាមេរិក ត្រូវតែម៉ឺងម៉ាត់លើកយកបញ្ហាសិទ្ធិមនុស្សមកនិយាយជាសា ធារណៈជាមួយនឹងរដ្ឋាភិបាលវៀតណាមរាល់ទំនាក់ទំនង និងរាល់កិច្ចចរចាទ្វេភាគីស្ដីពីយោធា ពាណិជ្ជ កម្ម សន្តិសុខ និងសេដ្ឋកិច្ច ។
ចាប់ពីឆ្នាំ ២០០១ មក គណៈកម្មការអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនាអន្តរជាតិ រៀងរាល់ឆ្នាំ តែងតែស្នើឲ្យសហរដ្ឋអាមេរិក ដាក់វៀតណាមចូលទៅក្នុងបញ្ជី CPC ។ នៅក្នុងឆ្នាំ ២០០៤ និង ២០០៥ ដោយសារការជំរុញពីគណៈកម្មការនេះ សហរដ្ឋអាមេរិកបានដាក់វៀតណាមចូលក្នុងបញ្ជី CPC ហើយ បានដកចេញពីបញ្ជីវិញ នៅឆ្នាំ ២០០៦ ។
គណៈកម្មការអាមេរិកទទួលបន្ទុកខាងសេរីភាពសាសនាអន្តរជាតិ បានបង្កើតឡើងដោយសភា សហរដ្ឋ អាមេរិក ក្រោយពីការអនុម័តច្បាប់សេរីភាពសាសនានៅ ឆ្នាំ ១៩៩៨ ដើម្បីការពារសាសនាទូទាំងពិភព លោក ។ នេះជាគណៈកម្មការផ្ដល់យោបល់ឯករាជ្យមួយដល់រដ្ឋាភិបាលអាមេរិក មានភារៈតាមដានសេរី ភាពសាសនានៅជុំវិញពិភពលោក និងដាក់ចេញនូវអនុសាសន៍ផ្អែកលើបទដ្ឋាននៃសេចក្ដីប្រកាសជា សកលស្ដីពីសិទ្ធិមនុស្ស ។
សហរដ្ឋអាមេរិក ក៏តែងតែជំរុញឲ្យវៀតណាមកែប្រែនូវប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន ហើយវៀត ណាមវិញ ក៏តែងតែច្រានចោលរាល់ការចោទប្រកាន់ និងការរិះគន់ស្ដីពីសេរីភាពសាសនា បើទោះបីមានការទទួល ស្គាល់ថា នៅមានបញ្ហាជាច្រើនត្រូវតែកែលម្អ ៕
………………………………………………………………………………
ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)
និពន្ធនាយក សារព័ត៌មាន ព្រៃនគរ សព្វថ្ងៃ នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។
សរសេរមកកាន់ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) តាមរយៈ thachpreicheakoeun@gmail.com