ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
(សហរដ្ឋអាមេរិក- សារព័ត៌មាន ព្រៃនគរ ) សហរដ្ឋអាមេរិកបង្ហាញនូវកង្វល់អំពីរបាយការណ៍នៃភាពមិនប្រក្រតីជាច្រើន នៃការបោះឆ្នោតនៅកម្ពុជាកាលពីកាលពីថ្ងៃអាទិត្យ ទី ២៨ ខែកក្កដា កន្លងទៅនេះ ដោយបានស្នើសុំឲ្យមានការស៊ើបអង្កេតដែលអាចយកជាការបាន ។

សហរដ្ឋអាមេរិកស្នើឲ្យពិនិត្យលើភាពមិនប្រក្រតី នៃការបោះឆ្នោតនៅកម្ពុជា
អ្នកស្រី Jen Psaki អ្នកនាំពាក្យឲ្យក្រសួងការបរទេសអាមេរិក បានស្នើសុំឲ្យគណបក្សទាំងអស់ និងអ្នក គាំទ្ររបស់គេឲ្យរក្សាសណ្ដាប់ធ្នាប់ និងសន្ដិសុខជាបន្តទៀត នៅក្រោយពេលបោះឆ្នោតរួច ។ សេចក្ដីថ្លែង ការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋ ធានី Washington កាលពីថ្ងៃទី ២៩ ក្រោយពីបោះឆ្នោតមួយថ្ងៃ ។
លោកស្រី Jen Psaki បានថ្លែងថា៖ “យើងអំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញ និងមានតម្លា ភាព ទាក់ទងនឹងរបាយការណ៍ដ៏គួរឲ្យជឿជាក់អំពីភាពមិនប្រក្រដីនានា” ។
មិនទាន់ដឹងគណបក្សណាឈ្នះនៅឡើយ៖
សូមបញ្ជាក់ថា ដោយសារមានភាពតានតឹងក្នុងចំណោមពលរដ្ឋអ្នកបោះឆ្នោត និងគណបក្សនយោបាយទាក់ទងនឹងការប្រកាសពីជ័យជំន្នះរៀងៗខ្លួននោះ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា ខ្លួនមិនអាចបង្ហាញថា គណបក្សណាមួយឈ្នះឡើយទេ ។
យោងតាមប្រភពព័ត៌មានពីវិទ្យុសំឡេងសហហរដ្ឋអាមេរិក លោក ទេព នីថា អគ្គលេខាធិការគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា ៖ «លទ្ធផលបឋមបានបង្ហាញច្បាស់ហើយថា គណបក្សប្រជាជនបាននាំមុខលើសំឡេងនៅខេត្តភាគច្រើន ។ ហើយខេត្តមួយចំនួន ជាពិសេស ខេត្តធំៗហ្នឹង គណបក្សសង្គ្រោះជាតិនាំមុខ ។ ហើយលទ្ធផលការបែងចែកអាសនៈបែបណា អ្នកណា ជាប់ឆ្នោតអីហ្នុង ទាល់តែបានលទ្ធផលផ្លូវការ ទើប គ. ជ.ប. បែងចែក»។
លទ្ធផលជាផ្លូវការបឋមអាចត្រូវ គ.ជ.ប. ប្រកាសនៅថ្ងៃ ទី ១០ ខែសីហា ខាងមុខបើគ្មានបណ្តឹង ។
ភ្លាមៗក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ គណបក្សប្រជាជនកម្ពុជាបានប្រកាសថា ខ្លួនឈ្នះអាសនៈ ៦៨ ក្នុងចំណោម ១២៣ អាសនៈ ហើយអាចបង្កើតរដ្ឋាភិបាលបានតែម្នាក់ឯង ។ គណបក្សនេះបានអះអាងថា គណបក្សសង្គ្រោះជាតិទទួលបានអាសនៈតែ ៥៥ ប៉ុណ្ណោះ ។
ប៉ុន្តែគណបក្សសង្គ្រោះជាតិវិញបានបដិសេធមិនទទួលយកលទ្ធផលក្រៅផ្លូវការជាបឋមនេះទេ ហើយអះអាងថា ខ្លួនឈ្នះគណបក្សប្រជាជនកម្ពុជា ដោយទទួលបានអាសនៈយ៉ាងតិច ៦៣ ដែលអាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបានដែរ ។

គណបក្សជំទាស់ បានទទូចឲ្យមានការរៀបចំការបង្កើតគណៈកម្មាការឯករាជមួយ ដែលមានការចូលរួម ពីគណបក្សនយោបាយ សង្គមស៊ីវិល ស្ថាប័នឯករាជ្យ និងស្ថាប័ន អ.ស.ប.ជាដើមផងដែរដើម្បីស្រាវជ្រាវភាពមិនប្រក្រតីដែលកើតឡើង ។ បញ្ហាទាំងនោះទាក់ទងទៅនឹងការបាត់ឈ្មោះ បញ្ជីឈ្មោះប៉ោងការផ្ទៀងផ្ទាត់តួលេខឡើងវិញពីលទ្ធផលនៃការបោះឆ្នោត ជាពិសេសកំណត់ហេតុពីការិយាល័យបោះឆ្នោតដែលគណបក្សនយោបាយ អ្នកសង្កេតការណ៍គណបក្សនិងអ្នកសង្កេតការណ៍ឯករាជ្យហើយនឹងបញ្ហាផ្សេងៗទៀត ។
កាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៣ សមាជិកសភា ស.រ.អា. បានទាមទារឲ្យរដ្ឋាភិបាល ស.រ.អា.ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនសម្រាប់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង ៣ ទសវត្សរ៍ ។ ការទាមទារនេះគឺធ្វើឡើងនៅក្នុងសវនាការសួរដេញដោលមួយអំពីវិបត្តិនយោបាយនិងវិបត្តិសង្គមដែលកំពុងលេចឡើងនៅក្នុងប្រទេសកម្ពុជា។
សមាជិកសភា ស.រ.អា. បានបើកសវនាការសួរដេញដោលមួយនិយាយអំពីវិបត្តិសង្គមនិងវិបត្តិនយោ បាយដែលកំពុងលេចឡើងក្នុងប្រទេសកម្ពុជា ដោយបានជំរុញថា រដ្ឋាភិបាល ស.រ.អា. ត្រូវតែចាត់វិធានការឲ្យបានខ្លាំងក្លាបន្ថែមទៀតចំពោះប្រទេសកម្ពុជាដែលមានអំពើរំលោភសិទ្ធិមនុស្ស និងប្រជា ធិបតេយ្យដ៏ធ្ងន់ធ្ងរ ហើយនឹងមិនបានរៀបចំការបោះឆ្នោតមួយមានលក្ខណៈ សេរី និងយុត្តិធម៌ត្រឹមត្រូវ ។
ត្រូវការផ្លាស់ប្ដូរចេញពី
សមាជិកសភាអាមេរិកាំងម្នាក់គឺលោក Steve Chabot នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ អូហាយូ និងជាប្រធានអនុគណៈកម្មាធិការអាស៊ី និងបាស៊ីហ្វ៊ិកនៃគណៈកម្មាធិការការបរទេសបានបើកកិច្ចពិភាក្សាដោយហៅការដឹកនាំរបស់លោក ហ៊ុន សែន ថា ជារបៀបផ្តាច់ការ ពុករលួយធ្វើឲ្យប្រជាពលរដ្ឋគ្មានសេរីភាពពេញលេញ ។ លោកបានប្តេជ្ញាថា នឹងជំរុញដល់រដ្ឋាភិបាល ស.រ.អា.ឲ្យផ្លាស់ប្តូរគោលជំហរ ។
លោកនិយាយថា៖ «នយោបាយ ស.រ.អា. ចំពោះប្រទេសកម្ពុជាចាំបាច់ត្រូវផ្លាស់ប្តូរ ។ រដ្ឋបាលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចាំបាច់ត្រូវចាត់វិធានការម៉ឺងម៉ាត់ខ្លាំងថែមទៀតចំពោះជនផ្តាច់ការដែលកាន់អំណាចវែងជាងគេក្នុងតំបន់អាស៊ីនេះ» ។
ពីពុករលួយឆ្ពោះទៅកាន់ភាពផ្ដាច់ការ៖
លោក Chabot បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច ៣០ ឆ្នាំនេះ មិនបានកែទម្រង់ប្រទេសទៅតាមកិច្ចព្រមព្រៀងទីក្រុងបារីសឆ្នាំ ១៩៩១ ដែលសហគមន៍អន្តរជាតិចង់ឃើញការរីកចម្រើនផ្នែកប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់ និងការអភិវឌ្ឍន៍ ។
លោកនិយាយថា៖ «២០ ឆ្នាំកន្លងទៅចាប់តាំងពីកម្ពុជាបានធ្វើការបោះឆ្នោតលើកទី ១ មក តែជាទស្សនៈវិស្ស័យសម្រាប់ពលរដ្ឋកម្ពុជាគឺថា អ្វីដែលសហគមន៍អន្តរជាតិបានកត់ត្រានោះមិនទាន់ក្លាយជាការណ៍ពិតទេ ។ ប្រទេសកម្ពុជានៅតែត្រូវបំផ្លាញដោយប្រព័ន្ធនយោបាយពុករលួយ ហើយកំពុងក្លាយជាការគ្រប់គ្រងផ្តាច់ការខ្លាំងឡើងៗជារៀងរាល់ថ្ងៃ» ។
ដល់ពេល ហ៊ុន សែន ត្រូវចេញពីអំណាច៖
សមាជិកសភាម្នាក់ទៀតគឺលោក Dana Rohrabacher ខាងគណបក្សសាធារណរដ្ឋ មកពីរដ្ឋកាលីហ្វ័ញ៉ា បានរិះគន់ការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេល ៣០ ឆ្នាំ មកនេះ ដោយចោទប្រកាន់ថា លោក ហ៊ុន សែន បានប្រព្រឹត្តអំពើឃោរឃៅច្រើន ហើយកាន់អំណាចវែងជ្រុលដែលត្រូវប្តូរចេញ ។
លោកនិយាយថា៖ «វាជាពេលវេលាដែលលោក ហ៊ុន សែន ត្រូវចុះចេញពីអំណាចហើយ។ លោកហ៊ុន សែនជាជនពុករលួយនិងសាហាវឃោរឃៅ ដែលដឹកនាំប្រទេសក្នុងកណ្តាប់ដៃគាត់ជាច្រើនទសវត្សរ៍មកហើយ។ វាដល់ពេលដែលលោកហ៊ុន សែនត្រូវចុះចេញពីអំណាចហើយ» ៕