UNPO ដាក់​របាយ​ការណ៍​ស្ដី​ពី​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​លើ​ខ្មែរ​ក្រោម​ទៅ​អង្គ​ការ UPR

ដោយ ស៊ឺន ចែងចើន| VOKK

នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៧ អង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ថា UNPO បានដាក់របាយការណ៍ ស្ដីពីបញ្ហាដែលរដ្ឋាភិបាលវៀតណាមរំលោភសិទ្ធិលើពលរដ្ឋខ្មែរក្រោម និងម៉ុងតៃញ៉ា ជូនចំពោះ UPR ជាអង្គ ការខាងដំណើរការត្រួតពិនិត្យជាសកលតាមពេលវេលាកំណត់ ដែលជាយន្តការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ស្របពេល ដែលរដ្ឋាភិបាលវៀតណាម ឡើងឆ្លើយបំភ្លឺនាពាក់កណ្ដាលពេលកំណត់ (Mid-Term) ពីរឆ្នាំម្ដង ចំពោះការអនុវត្តអនុសាសន៍យូភីអ (UPR) ដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិបានដាក់ជូនសម្រាប់អនុវត្តកាលពីឆ្នាំ ២០១៤ ។ របាយការណ៍ដែល UNPO ដាក់ជូនចំពោះ UPR នោះ គឺយោងតាមរបាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែល លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានផ្ញើ ជូនចំពោះមន្ត្រីអង្គការ UNPO នាពេលថ្មីៗនេះ ។

ព្រះតេជព្រគុណ លីវ នី និង ថាច់ ធឿន ពេលត្រូវខចាប់ផ្សឹក ។
ព្រះតេជព្រគុណ លីវ នី និង ថាច់ ធឿន ពេលត្រូវខចាប់ផ្សឹក ។

ឆ្នាំនេះ ជាលើកទី ២ ដែលរដ្ឋាភិបាលវៀតណាមត្រូវឡើងឆ្លើយបំភ្លឺចំពោះ ពាក់កណ្ដាលពេលកំណត់ (Mid-Term) នៃកិច្ចដំណើរការត្រួតពិនិត្យជាសកលតាមពេលវេលាកំណត់ (UPR) នៅការិយាល័យ អង្គការសហ ប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស អំពីបញ្ហាគោរពសិទ្ធិមនុស្សដែលវៀតណាមបានសន្យាចំពោះ ការអនុវត្តតាមអនុសាសន៍សង្គមស៊ីវិល និងប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិផ្ដល់អនុសាសន៍ ជូនកាលពី ឆ្នាំ ២០១៤ ។

របាយការណ៍ដែល UNPO ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនោះ UNPO បានផ្ដល់ អនុសាសន៍ដល់រដ្ឋាភិបាលវៀតណាម ត្រូវអនុវត្តតាមនូវសំណើធំៗចំនួន ៥ ចំណុច ដូចខាងក្រោម៖

  • ត្រូវទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម នៅកម្ពុជាក្រោម ។
  • អនុញ្ញាតឱ្យការបង្កើតសមាគមសាសនា និង អង្គការខ្មែរក្រោម ដែលមិនឋិតនៅក្រោមការគ្រប់គ្រង របស់រណសិរ្សមាតុភូមិភូមិវៀតណាម ។
  • ត្រូវផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិសម្រាប់ការការពារជនពិការ និង កំណត់កាលបរិច្ឆេទជាក់ លាក់ក្នុងការផ្តល់សច្ចាប័នការប្រឆាំងការធ្វើទារុណកម្មតាមរយៈពិធីសារអនុសញ្ញា ។
  • ត្រូវទទួលស្គាល់ភាសាខ្មែរជាភាសាផ្លូវការនៅក្នុងកម្ពុជាក្រោម
  • ត្រូវមានកម្មវិធីថែទាំសុខភាពដោយឥតគិតថ្លៃ

UPR គឺជាកិច្ចដំណើរការត្រួតពិនិត្យជាសកលតាមពេលវេលាកំណត់ ដែលជាយន្តការរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ បង្កើតឡើង ដើម្បីត្រួតពិនិត្យ ទៅលើស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសជាសមាជិក ដោយប្រើយន្តការរដ្ឋជាសមាជិកវាយតម្លៃទៅលើរដ្ឋជាសមាជិកផ្សេងទៀត ។

សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការ UNPO ព្រមទាំងក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិនានា កំពុងរង់ចាំមើលថា តើរាល់អនុសាសន៍ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅប្រទេសវៀតណាម ក្នុងនោះមានការ រំលោភបំពានសិទ្ធិមនុស្ស និងការធ្វើទារុណកម្មលើខ្មែរក្រោមនៅកម្ពុជាក្រោម ដែលអង្គការ UNPO ដាក់ របាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនោះ រដ្ឋាភិបាលវៀតណាមបានកែលម្អឲ្យប្រសើរឡើងដែរឬទេ ។ ការវាយតម្លៃនឹងធ្វើឡើងរយៈពេល ២ ឆ្នាំម្តង នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ស្ថិតនៅក្នុងទីក្រុងសឺណែវ ប្រទេសស្វីស ។ រដ្ឋាភិបាលវៀតណាមនឹងឡើងឆ្លើយបំភ្លឺម្ដងទៀតនៅខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ ចំពោះការសន្យារបស់ខ្លួនលើអនុសាសន៍នានាដែលខ្លួនបានអនុវត្តនិងមិនបានអនុវត្ត តាមអនុសាសន៍នានាដែលរដ្ឋជាសមាជិក នៃអង្គការសហប្រជាតិ និងអង្គការសង្គមស៊ីវិលបានផ្ដល់ជូន ។

សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា មានអង្គការឃ្លាំមើលសិទ្ធិមនុស្សជាដើម បានចេញរបាយការណ៍ជាបន្តបន្ទាប់អំពីការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម លើពលរដ្ឋខ្មែរ ក្រោម នៅដែនដីកម្ពុជាក្រោម ។ សព្វថ្ងៃ ព្រះសង្ឃខ្មែរក្រោម ២ អង្គ គឺ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី នៃវត្តសិរីតាសេក ឋិតនៅក្នុងខេត្តឃ្លាំង កំពុងតែជាប់ឃុំឃាំងនៅក្នុងគុកយួននៅ ឡើយ ៕

………………………..

របាយការណ៍ ដែល UNPO ដាក់ជូន  UPR

គេហទំព័រ UPR ស្ដីពីវៀតណាម