នៅថ្ងៃចន្ទ ទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ អង្គការប្រជាជាតិ និងប្រជាជាជនគ្មានតំណាង (UNPO) បានចេញរបាយការណ៍មួយ ដោយលើកឡើងពីសន្និសីទអន្តរជាតិ ស្ដីពីជនជាតិដើមខ្មែរក្រោម ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃសៅរ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ ។ សន្និសីទអន្តរជាតិ រៀបចំឡើងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម និងសហការជាមួយ នឹងអង្គការប្រជាជាតិ និងប្រជាជាជនគ្មានតំណាង (UNPO) រួមជាមួយសមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin នៅក្នុងអគារព្រឹទ្ធសភាបារាំង នាទីក្រុងប៉ារិស ប្រទេសបារាំង ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សរបស់ជនជាតិដើមខ្មែរក្រោម ។ វាគ្មិនបរទេសជាច្រើនបានចែករំលែកនូវបទពិសោធន៍របស់ខ្លួន អំពីរឿងរ៉ាវកម្ពុជាក្រោម នៅក្នុងសន្និសីទនេះ ដល់ភ្ញៀវជាតិ និងអន្តរជាតិជាថ្នាក់ដឹកនាំ និងសមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានអញ្ជើញមកពីប្រទេសនានាជុំវិញពិភពលោក ដូចជា ប្រទេសកម្ពុជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង ហូឡង់ និងអ៊ីតាលី ។ គោលបំណងនៃសន្និសីទអន្តរជាតិនេះ ធ្វើឡើងដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងនូវស្ថានភាពពិតនៃដែនដី កម្ពុជាក្រោម និងលើកកម្ពស់នូវការយល់ដឹង អំពីបញ្ហាការរំលោភសិទ្ធិមនុស្សពីសំណាក់របបកុម្មុយនិស្តវៀតណាម លើពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម តាមរយៈការបកស្រាយរបស់វាគ្មិនជាតិ និងអន្តរជាតិ ។
ក្រោយពីបានចូលរួមនៅក្នុងសន្និសីទនេះ អង្គការ UNPO នៅថ្ងៃចន្ទ ទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក៏បានបោះពុម្ពផ្សាយនូវសៀវភៅរបាយការណ៍ពិសេសមួយ សម្រាប់សន្និសីទអន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម «ស្ដីពីស្ថានភាពរបស់ជនជាតិដើមខ្មែរក្រោម» កម្រាស់ ៦៣ ទំព័រ ។ សូមលោកអ្នកចុចអាននូវរបាយការណ៍របស់ អង្គការ UNPO នៅទីនេះ ឬទាញយក នៅទីនេះ