ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ

មន្ត្រីជាន់ខ្ពស់សហរដ្ឋសហរដ្ឋអាមេរិកម្នាក់ បានថ្លែងកាលពីថ្ងៃទី ៥ ខែមិថុនា នេះថា ប្រវត្តិនៃការគោរព សិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាមកំពុងតែដាំក្បាលចុះ ។ ការលើកឡើងបែបនេះ នៅពេលដែល មន្ត្រីរូប នេះ បានឡើងឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភាដើម្បីទាមទារឲ្យមាន ការដាក់សម្ពាធកាន់តែខ្លាំងចំពោះ រដ្ឋាភិបាលវៀតណាម ។
លោក Joe Yun ឧបការីនៃរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា បាន ទទួលស្គាល់ថា ស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមមួយរយៈពេលចុងក្រោយនេះ មានដំណើរការថយ ក្រោយ ។
លោកបានបន្តទៀតថា ព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្សថ្មីៗនេះ គួរឲ្យធុញទ្រាន់ និងអស់សង្ឃឹមខ្លាំង ណាស់ ។ ប៉ុន្តែលោកមានជំនឿថា ឆ្លងកាត់តាមរយៈការពិភាក្សាជាមួយអង្គការសង្គមស៊ីវិល និងទំនាក់ ទំនងសេដ្ឋកិច្ចនៅវៀតណាម វាអាចនាំឲ្យមានការផ្លាស់ប្ដូរ ។
លោក Ed Royce ប្រធានគណៈកម្មការសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអន្តរជាតិ មកពីគណ បក្សសាធារណរដ្ឋ បានកត់សម្គាល់ថា នៅពេលថ្មីៗនេះ វៀតណាមបានចាប់យុវជនជនយួនពីរនាក់ ។ ការចាប់ខ្លួននេះធ្វើឡើងមួយខែ ក្រោយពីវៀតណាម និងសហរដ្ឋអាមេរិកពិភាក្សាគ្នាអំពីសិទ្ធិមនុស្ស នៅរដ្ឋធានីហាណូយ ។
លោក Royce សមាជិកសភាមកពីរដ្ឋ California បានថ្លែងថា សហរដ្ឋអាមេរិក មានដំបងនៅក្នុងដៃ តែមិនបានអនុវត្តភ្ជាប់ជាមួយនឹងការនិយាយ គឺពិតជាការមិនមានការទទួលខុសត្រូវ ។
លោក Gerry Connolly សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យនៃរដ្ឋ Virginia បានថ្លែងថា សភា តំណាងអាចលុបចោលនូវការដែលវៀតណាមចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ប្រសិនបើ ប្រវត្តិនៃការគោរពសិទ្ធិមនុស្សរបស់វៀតណាម មិនបានធ្វើឲ្យល្អប្រសើរឡើង ៕