អាជ្ញាធរមូលដ្ឋាននៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រុងភ្នំពេញ នៅថៃ្ង២៣ កុម្ភៈនេះ បានចេញលិខិតជាផ្លូវការហើយ ដោយបដិសេធមិនធ្វើអត្តសញ្ញាណប័ណ្ណឲ្យគ្រួសារខែ្មរកម្ពុជាក្រោម ២៤នាក់ ដែលកំពុងតែស្វែងរកសិទ្ធិរស់នៅស្របច្បាប់ ក្នុងប្រទេសកម្ពុជា។

គ្រួសារខ្មែរកម្ពុជាក្រោមជួបជុំគ្នានៅមុខការិយាល័យ UNHCR ក្នុងរាជធានីភ្នំពេញ នៅថ្ងៃ២៨ ធ្នូ ២០០៩។
ឯកសារថតចម្លងដែលវិទ្យុអាស៊ីសេរីទើបទទួលបាន ឲ្យដឹងថា ក្រុមការងារចម្រុះបានចុះពន្យល់ណែនាំអំពីការស្នាក់នៅរបស់បង ប្អូនខែ្មរកម្ពុជាក្រោមដែលបានស្នើសុំឲ្យផ្ដល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ ដោយផ្អែកលើ២ចំណុច។ ទី១ ទាំង៦គ្រួសារពុំមានទីលំនៅជាកម្មសិទ្ធិផ្ទាល់ខ្លួន (ផ្ទះជួលគេ) ទី២ ម្ចាស់ផ្ទះជួលឲ្យគាត់មិនឯកភាព។
សមាសភាពនៃក្រុមការងារចម្រុះនោះមានចំនួន៩នាក់ និងតំណាងគ្រួសារខែ្មរកម្ពុជាក្រោមចំនួន៤នាក់។
លោក មិន សុផេត ជាប្រធានគណៈកម្មការចម្រុះនិងតំណាងឲ្យស្នងការនគរបាលក្រុងភ្នំពេញ បានមានប្រសាសន៍ពន្យល់ថា ៖ «ខាង អាជ្ញាធរមូលដ្ឋានគឺមិនបដិសេធទេ ប៉ុន្តែដរាបណាគាត់មានអាសយដ្ឋានច្បាស់លាស់ ឬមួយក៏គាត់ជួលផ្ទះគេហ្នឹង ប៉ុន្តែឲ្យតែម្ចាស់ផ្ទះគេអនុញ្ញាតឲ្យ សំខាន់បំផុតគឺឲ្យម្ចាស់ផ្ទះគេអនុញ្ញាតឲ្យយើង»។
សុខ សេរី ៖ ក្នុងកាលៈទេសៈបែបហ្នឹងយើងមានគម្រោងការបញ្ជូនគាត់ទៅកម្ពុជាក្រោមវិញទេ? មិន សុផេត ៖ ហ្នឹងដូចមិនអាចដល់ថ្នាក់បញ្ជូនគាត់ទៅវិញទេ ព្រោះធម្មតាប្រជាពលរដ្ឋគាត់មានសិទ្ធិរស់នៅត្រង់ណាក៏បានដែរ។
តំណាងគ្រួសារខែ្មរកម្ពុជាក្រោម២៤នាក់ លោក ថាច់ សុង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃអង្គារ៍ ២៣ កុម្ភៈនេះ នៅក្នុងផ្ទះជួលមួយក្នុងទីក្រុងភ្នំពេញថា ៖ «គាត់បាននិយាយ យ៉ាងក្បោះក្បាយ គាត់ថា ពួកខ្ញុំអត់មានអាសយដ្ឋានពិតប្រាកដ អ៊ីចឹងគាត់មិនអាចចេញអត្តសញ្ញាណប័ណ្ណឲ្យបានទេ ហ្នឹងច្បាស់។ ម្ចាស់ផ្ទះដែលជួលហ្នឹងក៏គាត់មិនឯឝភាពឲ្យពួកខ្ញុំហ្នឹងពឹងពាក់ លើអាសយដ្ឋានរបស់គាត់ដែរ»។
ម្ចាស់ផ្ទះជួលឲ្យគ្រួសារខែ្មរកម្ពុជាក្រោមទាំងនោះ បានឲ្យដឹងថា នៅសល់រយៈពេល១សប្តាហ៍ទៀតលោកនឹងឲ្យគ្រួសារទាំងនោះរើចេញពីផ្ទះ ជួលដោយសារតែដល់ថៃ្ងកំណត់។
កន្លងមកអង្គការសិទ្ធិមនុស្សលីកាដូ បានជួលបន្ទប់ចំនួន២ ក្នុងតម្លៃ៧០ដុល្លារអាមេរិកក្នុងមួយបន្ទប់សម្រាប់ការស្នាក់នៅ បណ្តោះអាសន្ន។
ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា ៖ «កម្មវិធី របស់យើងជួយគាត់តែរយៈពេលពីរខែហ្នឹងទេ ហើយសូមឲ្យគាត់ព្យាយាមទាក់ទងជាមួយអង្គការផ្សេងៗដើម្បីស្វែងរក ជំនួយ ប៉ុន្តែមកដល់ពេលនេះគាត់មិនទាន់បានស្វែងរកជំនួយបាននៅឡើយ ហើយគាត់ក៏មិនទាន់បានប្រកបរបរអ្វីនៅឡើយ ដោយសារតែគាត់ទី១ គាត់ថា គាត់អត់ទាន់ទទួលឯកសារជាផ្លូវការក្នុងការប្រកបរបរការងារ ឬឲ្យកូនទៅសិក្សា»។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ប្រតិកម្មថា ៖ «សោកស្ដាយ យ៉ាងខ្លាំងចំពោះការច្រានចោលរបស់អាជ្ញាធររដ្ឋាភិបាលខ្មែរយើងដែល មិនផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋដើមកំណើត កម្ពុជាក្រោម។ នេះគឺជាការរំលោភទៅលើរដ្ឋធម្មនុញ្ញនិងច្បាប់សញ្ជាតិយ៉ាង ធ្ងន់ធ្ងរ ជាពិសេសរំលោភនូវសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរហ្នឹងតែម្ដង»។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួន២៤នាក់ត្រូវបានរដ្ឋាភិបាលថៃ បានចាប់បញ្ជូនមកប្រទេសកម្ពុជា កាលពីថៃ្ងទី៥ ខែធ្នូ ឆ្នាំ២០០៩កន្លងទៅ នៅគ្រាដែលពួកគាត់កំពុងស្វែងរកសិទ្ធិជ្រកកោនពីអង្គការ UNHCR នៅក្នុងប្រទេសថៃ ដើម្បីទៅរស់នៅក្នុងប្រទេសទី៣។
គ្រួសារខែ្មរកម្ពុជាក្រោម២៤នាក់នោះ បានរត់ទៅប្រទេសថៃ កាលពីឆ្នាំ២០០៤កន្លងទៅ ដោយសារតែអាជ្ញាធរវៀតណាម នៅក្នុងខេត្តឃ្លាំង តាមស្វែងរកចាប់ខ្លួនដោយសារតែបានងើបតវ៉ាទាមទារដីធ្លី និងទាមទារសិទ្ធិជំនឿសាសនានិងប្រពៃណីខែ្មរ៕
ប្រភពពីវិទ្យុអាស៊ីសេរី.