ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅ កម្ពុជា (UNHCR) នៅថៃ្ងទី៣ ខែមីនានេះ បានបដិសេធមិនទទួលការស្នើសុំរបស់គ្រួសារខែ្មរកម្ពុជាក្រោម១៨ នាក់ ដែលកំពុងតែស្វែងរកសិទ្ធិជ្រកកោនដើម្បីទៅរស់នៅក្នុងប្រទេសទី៣។

គ្រួសារខ្មែរកម្ពុជាក្រោមជួបជុំគ្នានៅមុខការិយាល័យ UNHCR ក្នុងរាជធានីភ្នំពេញ នៅថ្ងៃ២៨ ធ្នូ ២០០៩។
ការប្រឹងប្រែងសុំសិទ្ធិជ្រកកោននោះ គឺក្រោយពេលដែលអាជ្ញាធរក្រុងភ្នំពេញបានបដិសេធមិនព្រមផ្តល់ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារនិងសំបុត្រកំណើតដល់គ្រួសារខែ្មរកម្ពុជាក្រោមទាំងនោះ កាលពីចុងខែកុម្ភៈ កន្លងទៅថ្មីៗនេះ ដើម្បីរស់នៅដោយស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។
តំណាងគ្រួសារ ខែ្មរកម្ពុជាក្រោមចំនួន១៨នាក់ គឺលោក ថាច់ សុង ដែលបាននាំគ្នាទៅសុំសិទ្ធិជ្រកកោនពីអង្គការ UNHCR នៅក្នុងទីក្រុងភ្នំពេញ នៅថៃ្ងពុធ ទី៣ មីនានេះ បានថែ្លងថា ៖ «ខ្ញុំ បានយកពាក្យសំណូមពរ ឬហៅថា លិខិតអំពាវនាវទៅខាង UNHCR ឲ្យគាត់ទទួលយកពួកខ្ញុំហ្នឹងឲ្យទៅជាជនភៀសខ្លួនស្របច្បាប់។ គាត់នៅតែបដិសេធ គាត់នៅតែយកសម្ដីខាងរដ្ឋាភិបាលយកមកចរចាជាមួយពួកយើងដដែល»។
សុខ សេរី ៖ តើស្ថានការណ៍រស់នៅរបស់លោកយ៉ាងម៉េចហើយ? ថាច់ សុង ៖ បាទ! អង្គការក្រៅរដ្ឋាភិបាលមួយគាត់បានមកឧត្ថម្ភបន្តថែម១ខែ (មីនា)នេះ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ជាមន្រ្តីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានមានប្រសាសន៍បំភ្លឺចំពោះករណីគ្រួសារខែ្មរកម្ពុជាក្រោមនោះថា ៖ «ទី១យើងបានដឹងហើយ គាត់មិនមែនជនភៀសខ្លួនទេ ការសម្ភាសនេះ គឺបានសម្ភាសតាំងពីគាត់នៅទីក្រុងបាងកកម្ល៉េះ។ បដិសេធនេះមិនមែនទឹកដីកម្ពុជាទេ អ៊ីចឹងគាត់មិនមែនជាជនភៀសខ្លួនទេ។ គេគ្មានឃើញនៅកន្លែងណាមួយថា មានការធ្វើទុក្ខបុកម្នេញថាគាត់ជាជនភៀសខ្លួនដែនដីកំណើតរបស់ គាត់រស់នៅនោះទេ។ បញ្ហាទី២ នៅពេលដែលគាត់ចូលមកដល់កម្ពុជា បងប្អូនខ្មែរកម្ពុជាក្រោម គឺយើងមានច្បាប់របស់យើងថា គាត់គឺជាជនជាតិកម្ពុជា គាត់មិនបាច់ដាក់ពាក្យសុំចូលជាសញ្ជាតិខ្មែរទេ ឲ្យតែគាត់ចូលមកទឹកដីព្រះរាជាណាចក្រកម្ពុជា បងប្អូនខ្មែរកម្ពុជាក្រោមគឺជាជនជាតិកម្ពុជា ពុំមានហេតុផលថា គាត់ជាជនភៀសខ្លួនសុំសិទ្ធិភៀសខ្លួននៅលើទឹកដីកម្ពុជាបានទេ»។
សុខ សេរី ៖ តើនឹងមានការបញ្ជូនពួកគាត់ទាំងនោះទៅកាន់កម្ពុជាក្រោមវិញទេ? ខៀវ សុភ័គ ៖ ពុំមានទេ។
កាលពីថៃ្ងទី២៣ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ អាជ្ញាធរនគរបាលរាជធានីភ្នំពេញ បានបដិសេធមិនព្រមផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារនិងសំបុត្រកំណើតឲ្យគ្រួសារខែ្មរកម្ពុជាក្រោម១៨នាក់ នោះ ដោយសារតែមិនមានលក្ខខណ្ឌសមស្របចំនួនពីរតាមការទាមទាររបស់អាជ្ញាធរ មូលដ្ឋាន ទី១ ពួកគេមិនមានលំនៅជាកម្មសិទ្ធិផ្ទាល់ខ្លួន និងទី២ ម្ចាស់ផ្ទះជួលឲ្យគាត់មិនឯកភាព។
គ្រួសារខែ្មរកម្ពុជាក្រោមចំនួនសរុប២៤នាក់ ត្រូវបានអាជ្ញាធរថៃបានចាប់បញ្ជូនមកប្រទេសកម្ពុជា កាលពីថៃ្ងទី៥ ខែធ្នូ ឆ្នាំ២០០៩ នៅគ្រាដែលគ្រួសារទាំងនោះបានស្វែងរកសិទ្ធិជ្រកកោនពីអង្គការ UNHCR នៅក្នុងប្រទេសថៃ ដើម្បីទៅរស់នៅប្រទេសទីបី។
គ្រួសារទាំងនោះបានរត់ទៅប្រទេសថៃ កាលពីឆ្នាំ២០០៨កន្លងទៅ ពីខេត្តឃ្លាំង ប្រទេសវៀតណាម ទឹកដីខែ្មរកម្ពុជាក្រោម រត់គេចពីការតាមចាប់ខ្លួនដោយអាជ្ញាធរវៀតណាម ក្នុងរឿងតវ៉ាទាមទារដីធ្លីកន្លងមក៕.