ថ្ងៃពុធ ២០ ខែតុលា ២០១០ ដោយលោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ
មេដឹកនាំមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមនៅកម្ពុជា បានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបញ្ជូនលិខិតស្នើសុំរបស់ខ្លួន ទៅការិយាល័យរបស់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រួចហើយ កាលពីពេលថ្មីៗនេះ ចំពោះអ្វីដែលសកម្មជនខ្មែរកម្ពុជាក្រោម បានសុំឲ្យលោក បាន គីមូន ពិនិត្យមើលការរំលោភសិទ្ធិមនុស្សមកលើខ្មែរកម្ពុជាក្រោម ដែលកំពុងគ្រប់គ្រងដោយអាជ្ញាធរវៀតណាម។
សូមចុចស្តាប់សេចក្តីរាយការណ៍របស់លោក សុខ សេរី វិទ្យុអាស៊ីសេរី ភ្នំពេញ
លិខិតនោះត្រូវបានបញ្ជូនទៅ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយពីសមាគមខ្មែរកម្ពុជាក្រោមចំនួន ១០ បានដាក់លិខិតកាលពីសប្ដាហ៍មុននេះ។ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា លោក យន្ត ថារូ និងជាតំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃពុធ ទី២០ ខែតុលាថា លិខិតនោះ គឺជាការសម្ដែងមតិ និងទុក្ខព្រួយរបស់ខ្មែរកម្ពុជាក្រោម។
លោក យន្ត ថារូ បានឲ្យដឹងទៀតថា ៖ «ខ្ញុំនឹងរាយការណ៍ពីការ រំលោភសិទ្ធិមនុស្ស និងការរំលោភសិទ្ធិជនជាតិដើម និងការរំលោភលើជំនឿសាសនារបស់ខ្មែរកម្ពុជាក្រោមពីសំណាក់អាជ្ញាធរ វៀតណាម»។
លិខិតដដែលនេះក៏ត្រូវបានផ្ញើជូនស្ថានទូតសហរដ្ឋអាមេរិកនៅ កម្ពុជា មួយច្បាប់ផងដែរ ដើម្បីសម្ដែងមតិឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានដឹងឮផងដែរ។ ក្រៅពីនេះមានអង្គការការពារសិទ្ធិមនុស្ស និងគណបក្សនយោបាយមួយចំនួនទៀត ក៏ចង់សម្ដែងមតិផងដែរ ឲ្យលោក បាន គីមូន បានជ្រាប់អំពីស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា។
ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក បានមានប្រសាសន៍ថា បញ្ហាសំខាន់ដែលលោក បាន គីមូន គួរយកចិត្តទុកដាក់ជាអាទិភាពនោះ គឺការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ការរំលោភដីធ្លី និងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម ៖ «ខ្ញុំសង្ឃឹមថា អង្គការសហប្រជាជាតិដែលមានការិយាល័យមួយនៅភ្នំពេញ នឹងជួបលោក បាន គីមូន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយនឹងលើករឿងសិទ្ធិមនុស្សខ្លះ»។
អ្នកនាំពាក្យគណបក្សប្រឆាំង សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ បានមានប្រសាសន៍ថា មានបញ្ហាធំៗចំនួន៤ ដែលលោក បាន គីមូន គួរយកចិត្តទុកដាក់ ៖ «កិច្ចព្រមព្រៀងប៉ារីស មិនបានគោរពត្រឹមត្រូវនៅឡើយទេ។ សព្វថ្ងៃនេះ ទាំងព្រំដែនខាងលិច និងព្រំដែនខាងកើត ត្រូវបានប្រទេសជិតខាងរំលោភ។ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក៏មិនទាន់មាននៅឡើយទេ នៅក្នុងប្រទេសកម្ពុជា។ ប្រព័ន្ធតុលាការក៏ត្រូវបានមតិជាតិ និងអន្តរជាតិ យល់ឃើញថា មិនទាន់មានឯករាជភាព ហើយត្រូវបានប្រើប្រាស់ជាឧបករណ៍។ សិទ្ធិមនុស្ស ក្នុងការកាន់កាប់ដីត្រូវបានគេរំលោភ»។
នេះជាលើកទីមួយហើយដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន គ្រោងនឹងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នៅប៉ុន្មានថ្ងៃខាងមុខនេះ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី២៨ ខែតុលា។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ថ្មីៗនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក បាន គីមូន គ្រោងនឹងជួបចរចាទ្វេភាគី ផ្ដោតលើការពង្រឹងកិច្ចប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងវិស័យថែរក្សាសន្តិភាព និងបញ្ហាមួយចំនួនទៀត។
សេចក្ដីរាយការណ៍មួយចំនួនបានឲ្យដឹងដែរថា លោក បាន គីមូន មានគម្រោងការទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសថៃផងដែរ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីសម្របសម្រួលជម្លោះព្រំដែនរវាងកម្ពុជា និងថៃ៕
ប្រភពពីវិទ្យុអាស៊ីសេរី