សម្ព័ន្ធ​សមណ​និស្សិត-និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ ផ្តល់​អាហារូបករណ៍​ឲ្យ​ព្រះសង្ឃ​ និង​និស្សិត​ខ្មែរ​ក្រោម

ដោយ ស៊ឺន ចែងចើន

​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២​១​ ​ខែ​សីហា​ ​រៀបចំ​ពិធី​ប្រគល់​អាហារូបករណ៍​ដល់​ព្រះសង្ឃ​ ​និង​និស្សិត​ខ្មែរក្រោម​ ​ដើម្បី​បន្ត​ការសិក្សា​ ​នៅ​តាម​មហាវិទ្យាល័យ​នានា​ ​នៅ​កម្ពុជា​ ​និង​នៅ​ប្រទេស​ថៃ​ ​។​

ទិដ្ឋភាពកម្មវិធីផ្តល់​អាហារូបករណ៍​ឲ្យ​ព្រះសង្ឃ​ និង​និស្សិត​ខ្មែរ​ក្រោម ។ រូបថតៈ ជា សុភារិន
ទិដ្ឋភាពកម្មវិធីផ្តល់​អាហារូបករណ៍​ឲ្យ​ព្រះសង្ឃ​ និង​និស្សិត​ខ្មែរ​ក្រោម ។ រូបថតៈ ជា សុភារិន

​អាហារូបករណ៍​លើក​ទី​ ​១​២​ ​ដែល​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​ចែក​ជូន​ដល់​សមណ​និស្សិត​ ​និង​និស្សិត​ខ្មែរក្រោម​ ​ក្នុងឆ្នាំ​ ​២​០​២​២​ ​នេះ​ ​មាន​ចំនួន​ ​២​៣​ ​អង្គ​ ​និង​រូប​ ​។​

​ថ្លែង​ទៅកាន់​អ្នកចូលរួម​ ​ប្រមាណ​ជាង​ ​១​៥​០​ ​អង្គ​/​នាក់​ ​នៅ​ក្នុង​ពិធី​ផ្ដល់​អាហារូបករណ៍​ ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​សាលាគណ​រាជធានី​ភ្នំពេញ​ ​ឋិត​ក្នុង​ ​វត្តបទុមវតី​ ​នា​រាជធានី​ភ្នំពេញ​ ​ក្រោមអធិបតីភាព​របស់​សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី​ ​ឃឹម​ ​សន​ ​ព្រះមេ​គណ​រាជធានី​ភ្នំពេញ​ ​និង​ជា​ព្រះ​គ្រូសូត្រ​ស្តាំ​ ​វត្តបទុមវតី​រាជ​វ​រា​រាម​ ​ផង​នោះ​ ​ព្រះតេជព្រះគុណ​ ​ចៅ​ ​រេ​ន​ ​ប្រធាន​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​មាន​ថេរ​ដីកា​ថា​ ​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​តែងតែ​ខិតខំ​ប្រឹងប្រែង​ខ្នះខ្នែង​យកចិត្តទុកដាក់​បំពេញ​នូវ​ការងារ​របស់​ខ្លួន​ ​ទៅតាម​ទស្សនវិស័យ​អភិវឌ្ឍ​ធនធានមនុស្ស​ ​និង​គោលបំណង​រួមចំណែក​ក្នុង​ការ​កសាង​សង្គមជាតិ​ ​។​

​ព្រះតេជព្រះគុណ​ ​ចៅ​ ​រេ​ន​ ​មាន​ថេរ​ដីកា​បន្ត​ថា​ ​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​តែង​ធ្វើសកម្មភាព​ប្រមូលផ្តុំ​រវាង​សមណ​និស្សិត​ ​និង​និស្សិត​ ​ដែល​មាន​ដើមកំណើត​ ​មកពី​ដែនដី​កម្ពុជាក្រោម​ ឱ្យ​មានការ​សាមគ្គី​គ្នា​ជា​ធ្លុងមួយ​ ​ដើម្បី​ជួយគ្នាទៅវិញទៅមក​ក្នុង​ការសិក្សា​រៀនសូត្រ​ ​ការ​ផ្សព្វផ្សាយ​ទំនៀមទម្លាប់​ ​វប្បធម៌​ ​និង​ប្រពៃណី​ ​របស់​ខ្មែរក្រោម​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ព្រះសង្ឃ​ជា​ខ្មែរក្រោម​ ​មាន​គោលបំណង​ផ្ដោ​ត​ជា​សំខាន់​ ​ទៅលើ​ការអប់រំ​ជា​អាទិភាព​ ​ដើម្បី​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​ខ្មែរក្រោម​ ​និង​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​ព្រះសង្ឃ​ ​និង​និស្សិត​ខ្មែរក្រោម​ មានឱកាស​ទទួល​បាន​នូវ​ការអប់រំ​ខ្ពង់ខ្ពស់​ ​។​ ​ព្រះតេជព្រះគុណ​ ​ចៅ​ ​រេ​ន មាន​ថេរ​ដីកាបញ្ជា​ក់​ថា​ ​អង្គការ​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ខិតខំ​ស្វះស្វែង​រក​នូវ​ជំនួយ​ ​ពី​សប្បុរស​ជន​ទាំង​នៅ​ក្នុង​ប្រទេស​ ​និង​ក្រៅ​ប្រទេស​ ​ដើម្បី​ប្រគេន​ ​និង​ជូន​ជា​អាហារូបករណ៍​ដល់​សមាជិក​របស់​ខ្លួន​ ​ដែល​មានការ​ខ្វះខាត​ ​ហើយ​កំពុង​សិក្សា​ ​នៅ​ក្នុង​ប្រទេស​ ​និង​បញ្ជូន​សមណ​និស្សិត​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​ ​មាន​ប្រទេស​ថៃ​ ​ជាដើម​ ​។​

​ព្រះតេជព្រះគុណ​ ​ចៅ​ ​រេ​ន​ ​មាន​ថេរ​ដីកា​ថា​ ​«​ជីវិត​យើង​ម្នាក់ៗ​ ​នឹង​កាន់តែ​មាន​តម្លៃ​ ​កាលណាបើ​យើង​ចេះ​ជួយ​អ្នកដទៃ​ ឱ្យ​មាន​ភាព​រីក​ចម្រើន​ ឱ្យ​មានចំណេះ​ដឹង​ ​ទីណា​មាន​ក្ដី​ស្រឡាញ់​ ​ទីនោះ​មានជីវិត​ ​ដាំ​នៅ​ក្នុង​សាលា​ ​ផ្លែផ្កា​នៅ​ក្នុង​សង្គម​ ​មាន​ការអប់រំ​មានការ​អភិវឌ្ឍន៍​ ​មាន​ការអប់រំ​មានការ​អភិ​រក្ស​ ​អភិវឌ្ឍ​កុំ​ភ្លេច​អភិ​រក្ស​ ​អភិ​រក្ស​កំ​ភ្លេច​អភិវឌ្ឍ​ ​ប្រទេស​តូច​ ​តែ​ពោរពេញ​ទៅ​ដោយ​ការអប់រំ​ ​នឹង​ក្លាយទៅជា​ប្រទេស​ខ្លាំង​ ​ប្រទេស​ធំ​ ​តែ​មិន​ពោរពេញ​ទៅ​ដោយ​ការអប់រំ​ ​នឹង​ក្លាយទៅជា​ប្រទេស​ទន់ខ្សោយ​»​ ​។

​នៅ​ដែនដី​កម្ពុជាក្រោម​ ​ការ​បង្រៀន​ភាសាខ្មែរ​ ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ ​ដាក់បញ្ចូល​នៅ​ក្នុងកម្មវិធីសិក្សារបស់​សាលា​រដ្ឋ​ឡើយ​ ​។​ ​ចំណែក​ ​ការសិក្សា​អក្សរសាស្ត្រ​ជាតិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​មានតែ​នៅ​តាម​វត្តអារាម​ ​ប៉ុន្តែ​ ​មិនបាន​ទូលំទូលាយ​នោះ​ទេ​ ​ដោយ​អាជ្ញាធរ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ ​តែង​ដាក់​កម្លាំង​សម្ងាត់​ឲ្យ​តាមដាន​ឃ្លាំមើល​ ​ពី​សកម្មភាព​បង្រៀន​របស់​ព្រះសង្ឃ​ ​។ ដើម្បី​សិក្សា​បាន​ខ្ពង់ខ្ពស់ ព្រះសង្ឃ​ខ្មែរក្រោម​ភាគច្រើន សម្រេចចិត្ត​និមន្ត​ឡើងមក​ប្រទេស​កម្ពុជា ដើម្បី​បន្ត​ស្វែងរក​មធ្យោបាយ​សិក្សា​ខ្លួនឯង ។

​តំណាង​ឲ្យសមណ​និស្សិត​ ​និង​និស្សិត​ ​ដែល​ទទួល​អាហារូបករណ៍​ ​កញ្ញា​ ​សុទ្ធ​ ​ផល្លា​ ​មកពី​ខេត្ត​ឃ្លាំង​ ជា​និស្សិត​កំពុង​រៀន​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​ ​២​ ​នៅ​សាកលវិទ្យាល័យ​វេស្ទើ​ន​ ​លើ​មុខជំនាញ​គ្រប់គ្រង​ ​សម្តែង​នូវ​សេចក្ដីត្រេកអរ​ ​ដោយ​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​បាន​យកចិត្តទុកដាក់​ ​និង​លើកស្ទួយ​វិ​ស័​យ​សិក្សា​អប់រំ​ ​និង​អនុគ្រោះ​ផ្ដល់​ជូន​ជា​អាហារូបករណ៍​ ​ដល់​សមណ​និស្សិត​ ​និង​និស្សិត​ក្រីក្រ​ជា​ខ្មែរក្រោម​ ដែល​កំពុង​ខ្វះ​ថវិកា​ក្នុង​ការ​បង់ថ្លៃ​សិក្សា​ ​។​ ​កញ្ញា​បន្ថែម​ថា​ ​អាហារូបករណ៍​នេះ​ ​ជាអំណោយ​ទាន​ដ៏​មាន​អត្ថន័យ​ ​និង​ជា​កម្លាំងចិត្ត​បន្ថែម​ទៀត​ ​សម្រាប់​ក​ញ្ញ ​និង​និស្សិត​ខ្មែរក្រោម​ច្រើន​រូប​ទៀត​ ​មាន​ទឹកចិត្ត​សិក្សា​ ​ដោយ​ដើរ​លើ​វិថី​ ​នៃ​ វិ​ស័​យ​អប់រំ​ ​ដើម្បី​ឆ្ពោះទៅ​ដល់​គោលដៅ​ ​នៃ​ ​ក្ដី​ស្រមៃ​របស់​ខ្លួន​ ​និង​ដើម្បី​ក្លាយ​ជា​ធនធានមនុស្ស​ល្អ​ ​ចូល​រួមចំណែក​ក្នុង​ការ​កសាង​សង្គមជាតិ​ ​។

​កញ្ញា​ ​សុទ្ធ​ ​ផល្លា​ ​សម្តែង​នូវ​ការ​ដឹងគុណ​ ​ចំពោះ​សប្បុរស​ជន​យ៉ាង​ដូច្នេះ​ថា​ ​«​ខ្ញុំករុណា​ ​នាងខ្ញុំ​ ​យើង​ ​ខ្ញុំ​សូម​ចងចាំ​នូវ​គុណូបការៈ​ ​ដោយ​កតញ្ញូតា​ធម៌​ ​និង​សូម​អរ​ព្រះ​គុណ​ ​អរគុណ​ ​ចំពោះ​ព្រះតេជព្រះគុណ​ ​ឯកឧត្តម​ ​ឧកញ៉ា​ ​លោកជំទាវ​ ​យាយ​តា​ ​អ៊ំ​ ​ពូ​ ​មីង​ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ជា​ម្ចាស់​ឧបត្ថម្ភ​អាហារូបករណ៍​ ​ដែល​បាន​ឧបត្ថម្ភ​តាមរយៈ​ ​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​ចែក​ជូន​ជា​អាហារូបករណ៍​ដល់​យើងខ្ញុំ​ ​ក្នុង​ថ្ងៃ​ប្រកបដោយ​ស្នាម​ញញឹម​ ​និង​ក្ដី​សង្ឃឹម​»​ ​។

​នេះ​ជា​លើក​ទី​ ​១​២​ ​ហើយ​ ​ដែល​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ផ្តល់​អាហារូបករណ៍​ ​៥​០​ ​ភាគរយ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ ​និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​។​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​អង្គការ​ស​ម្ព័ន្ធ​ចែក​អាហារូបករណ៍​ដល់​សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ ​ចំនួន​ ​២​៣​ ​អង្គ​/​រូប​ ​ដោយ​ក្នុង​នោះ​ ​ថ្នាក់​បរិញ្ញាបត្រ​ ​មាន​ចំនួន​ ​២​១​ ​អង្គ​ ​និង​នាក់​ ​ទទួល​បាន​ថវិកា​ ​ក្នុង​ ​១​ ​អង្គ​ៗ​ ​និង​ម្នាក់ៗ​ ​ចំនួន​ ​២​៥​០​$ ​និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​ ​១​ ​អង្គ​ ​និង​និស្សិត​ ​១​ ​រូប​ ​ដោយ​ក្នុង​ ​១​ ​អង្គ​ ​និង​ម្នាក់​ ​ទទួល​បាន​ថវិកា​ ​៤​០​០​$ ​។​

​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​បង្ហាញ​ថា​ ​គិត​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​០​៨​ ​រហូតមកដល់​ឆ្នាំ​ ​២​០​២​២​ ​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​បាន​បញ្ជូន​សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ទៅ​បន្ត​ការសិក្សា​ នៅ​ក្រៅ​ប្រទេស​ ​រួម​មាន​ប្រទេស​ថៃ​ ​និង​ប្រទេស​ឥណ្ឌា​ ​បាន​ចំនួន​ ​១​៤​ ​លើក​ ដោយ​សរុប​សមណ​និស្សិត​មាន​ចំនួន​ ​១​២​៨​ ​អង្គ​ ​។​

​នៅ​ឆ្នាំ​ ​២​០​២​២​ ​អង្គការ​មួយ​នេះ​ ​ក៏បាន​បញ្ជូន​សមណ​និស្សិត​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ​នៅ​ប្រទេស​ថៃ​ ​មាន​ចំនួន​ ​៧​ ​អង្គ​ដែរ (នៅកម្ពុជា ១ អង្គ និងកម្ពុជាក្រោម ៦ អង្គ) ។​ ​ចំណែក​ការ​ផ្តល់​អាហារូបករណ៍​ ​៥​០​ ​ភាគរយ​ ​ដល់​សមណ​និស្សិត​-​និស្សិត​ក្រីក្រ​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​វិញ​ ​សរុប​មាន​ចំនួន​ ​២​៤​៩​ ​អង្គ​ ​និង​រូប​ ​នេះ​បើ​គិត​ចាប់តាំង​ឆ្នាំ​ ​២​០​១​០​ ​រហូតមកដល់​បច្ចុប្បន្ន​ ​។​ ​ក្រៅពី​នេះ​ ​សិស្សានុសិស្ស​ប្រមាណ​ជាង​ ​១​០​០​ ​នាក់​ ​ក៏​ទទួល​បាន​សិក្ខូ​បក​រ​ណ៍ ​និង​ថវិកា​ខ្លះ​ ​ពី​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​ផង​ ​។

​សូម​បញ្ជាក់​ថា​ ​អង្គការ​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​ជា​អង្គការ​មួយ​ ​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ ​កាលពី​ថ្ងៃ​ទី​ ​២​១​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​០​២​ ​ដោយ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួងធម្មការ​ ​និង​សាសនា​ ​។​ ​អង្គការ​មួយ​នេះ​ ​តែងតែ​ធ្វើសកម្មភាព​ប្រមូលផ្តុំ​រវាង​សមណ​និស្សិត​ ​និង​និស្សិត​មាន​ដើមកំណើត​មកពី​ដែនដី​កម្ពុជាក្រោម​ ​ឲ្យ​មានការ​សាមគ្គី​គ្នា​ជា​ធ្លុងមួយ​ ​។​ ​បច្ចុប្បន្ន​ ​អង្គការ​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​ផ្តោត​ទៅលើ​ការ​អភិវឌ្ឍន៍​នូវ​ធនធានមនុស្ស​ជា​ចម្បង​ ​ដូចជា​ ​បើ​កម្មវិធី​អប់រំ​ ​ចំណេះ​ដឹង​ផ្សេងៗ​ ​និង​ការ​ជួយ​រក​មធ្យោបាយ​សិក្សា​ ​ជូន​សមាជិក​ ​សមាជិកា​របស់​ខ្លួន​ ​ដែល​ស្រប​ទៅតាម​ទស្សនវិស័យ​បេសកកម្ម​ ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​និង​គោលបំណង​រួមចំណែក​កសាង​សង្គមជាតិ​ខ្មែរក្រោម​ ​តាម​ពាក្យស្លោក​ជា​ត្រីវិស័យ​របស់​អង្គការ​ខ្លួន​ថា​ ​«​ធនធានមនុស្ស​ ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ក​ស​សាង​សង្គម​»​ ​៕

ខាងក្រោមនេះ ជារូបភាពខ្លះៗ ពីសកម្មភាពរបស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ក្នុងថ្ងៃចែកអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រ នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ ។ រូបថតៈ ជា សុភារិន

ចុចត្រង់នេះ ដើម្បីមើលរូបភាពច្រើនទៀត