ដោយ ស៊ឺន ចែងចើន|VOKK
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី ១៣ សីហា ២០១៧ ខាងមុខនេះ នឹង រៀបចំពិធីផ្តល់អាហារូបករណ៍ សម្រាប់ឆ្នាំ ២០១៧ ដល់សមណនិស្សិត និងនិស្សិតក្រីក្រចំនួន ២៦ អង្គ និងរូប ក្រោមអធិបតីភាពព្រះមុនីកោសល ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តបទុមវតីរាជវរារាម ។

ពិធីចែកអាហារូបករណ៍នេះ មានការនិមន្ត និងអញ្ជើញចូលរួមពីគណៈកម្មការ សមាជិក-សមាជិកា សិស្ស-និស្សិតនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រមទាំងកុមារា កុមារី និងសប្បុរសជន នៅទីស្នាក់ការកណ្ដាលសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ឋិតក្នុងកុដិលេខ ១៧ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីប្រគល់អាហារូបករណ៍ដល់សមាជិក សមាជិកា ប្រចាំឆ្នាំ ២០១៧ ។
ថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ មានថេរដីកាថា មូលហេតុនៃការផ្តល់អាហារូបករណ៍នេះ ដោយមើលឃើញពីកង្វះខាតថវិកាក្នុងការសិក្សារៀនសូត្ររបស់សមាជិក-សមាជិកា សិស្ស-និស្សិត នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលកំពុងរៀននៅតាមបណ្តាមហាវិទ្យាល័យ ក្នុង និងក្រៅប្រទេស ហើយក៏ស្របទៅតាមទស្សនវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងគោលបំណងរួម ចំណែកក្នុងការកសាងសង្គមជាតិរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលតាមពាក្យ ស្លោករបស់ខ្លួនថា «ធនធានមនុស្ស ជាមូលដ្ឋានគ្រឹះនៃការកសសាងសង្គម» ។
ព្រះតេជព្រះគុណ សឺន សុផារិន្ទ៖

ជាមួយគ្នានេះដែរ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ បានអំពាវនាវទៅកាន់ម្ចាស់ជំនួយទាំងនៅក្នុងប្រទេស និងក្រៅប្រទេសឲ្យបន្តគាំទ្រសកម្មភាពរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដើម្បីជួយឧបត្ថម្ភថវិកា សម្រាប់បំពេញនូវតម្រូវការងារប្រចាំឆ្នាំ និងមានលទ្ធភាពអាចរៀបចំពិធីប្រគេន និងជូនអាហារូបករណ៍ដល់សមណនិស្សិត-និស្សិតក្រីក្រ ដែលកំពុងសិក្សានៅក្នុងប្រទេស និងការបញ្ជូនសមណនិស្សិតទៅបន្តការសិក្សានៅឯបរទេស នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមចំណែកក្នុងការកសាងសមង្គមជាតិ ។
សូមបញ្ជាក់ថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការមួយ ដែលទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែមថុនា ឆ្នាំ ២០០២ ដោយក្រសួងមហាផ្ទៃ ។ អង្គការមួយនេះ តែងតែធ្វើសកម្មភាពប្រមូលផ្តុំរវាងសមណនិស្សិត និងនិស្សិតមានដើមកំណើតមកពីដែនដីកម្ពុជាក្រោម ឲ្យមានការសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការសិក្សារៀនសូត្រ ផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់ខ្លួនជាដើម ៕