ដោយ ស៊ឺន ចែងចើន
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅល្ងាចថ្ងៃអាទិត្យទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ បានប្រារព្ធកម្មវិធីជួបជុំមួយ ក្រោមប្រធានបទ “ជំនួបនិស្សិត បញ្ញវន្តខ្មែរកម្ពុជាក្រោម និងសប្បុរសជន” នៅភោជនីយដ្ឋានសូរិយា ក្បែរផ្សារទំនើបសូរិយា រាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះតេជព្រះគុណ សឺន សុផារិន្ទ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ។
ពិធីជួបជុំនេះ មានការអញ្ជើញចូលរួមពីគណៈកម្មការ សមាជិក សមាជិកា នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងតំណាងប្រធានអង្គ-ការសមគមខ្មែរកម្ពុជាក្រោមនានា ដែលមានមូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា ព្រមទាំងនិស្សិត បញ្ញវន្តខ្មែកក្រោម និងសប្បុរសជនប្រមាណជាងមួយរយនាក់ ។ ក្នុងពិធីជួបជុំនោះដែរ ក៏មានវត្តមាន យាងចូលរួមពីសំណាក់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ អតីតជំនួយការសម្តេចតា នរោត្តម សីហនុ ផងដែរ ។

នេះជាលើកទី ៥ ហើយ ដែលសម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម បានប្រារព្ធកម្មវិធីនេះឡើង គោលបំណងជួបជុំគ្នារវាងនិស្សិត និងបញ្ជវន្តខ្មែរក្រោម ព្រមទាំងសប្បុរសជន ដើម្បីបានជជែកគ្នា ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ការងារ ទៅវិញទៅមក ។ ស្វែងរកការឧបត្ថម្ភជាថវិកា ពីសប្បុរសជន ដែលចូលរួម ដើម្បីផ្គត់ផ្គង់ការសិក្សា ដល់សមជិកនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលកំពុងបន្តការសិក្សា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ។

យោងតាមរបាយការណ៍ នៅឆ្នាំ ២០១៥ នេះ សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានផ្តល់អាហារូបករណ៍ដល់សមណនិស្សិត-និស្សិតខ្មែរក្រោមក្រីក្រ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នៅតាមបណ្តាសាកលវិទ្យាល័យ ក្នុងប្រទេសកម្ពុជា និងសិក្សានៅបរទេស ចំនួន ២៤ អង្គ និងនាក់ ។
របាយការណ៍ដដែល បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១០ រហូតមកទល់ នឹងបច្ចុប្បន្ននេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានផ្តល់អាហារូបករណ៍ ៥០% ដល់សមណនិស្សិត-និស្សិតខ្មែរក្រោម សរុបចំនួន ៩៤ អង្គ និងនាក់ ដោយក្នុង ១ អង្គៗ និងម្នាក់ៗ ទទួលបានថវិកាចំនួន ២៥០$ ។
សូមបញ្ជាក់ថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការមួយ ដែលទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែមថុនា ឆ្នាំ ២០០២ ដោយក្រសួងមហាផ្ទៃ ។ អង្គការមួយនេះ តែងតែ ធ្វើសកម្មភាពប្រមូលផ្តុំរវាង សមណនិស្សិត និងនិស្សិតមានដើមកំណើតមកពីដែនដីកម្ពុជាក្រោម ឲ្យមានការសាមគ្គីជាធ្លុងមួយ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការសិក្សារៀនសូត្រ ផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់ខ្លួនជាដើម ៕
ខាងក្រោមនេះ ជារូបថតខ្លះៗ ក្នុងពិធី «ជំនួបនិស្សិត បញ្ញវន្តខ្មែរកម្ពុជាកក្រោម និងសប្បុរសជន» រូបថត៖ UKKBS