សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ បោះ​ឆ្នោត​ជ្រើ​រើស​ប្រធាន​ថ្មី​ អាណត្តិ​ទី​ ៦

ដោយ ស៊ឺន ចែងចើន

នៅ​ថ្ងៃទី​ ១ ខែធ្នូ​ សប្តាហ៍​នេះ​ តំណាងអង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ និង​គណៈកម្មការ​ សមាជិក​ សមាជិកា​ សិស្ស​ និស្សិត​ នៃ​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ បាន​បោះឆ្នោត​ជ្រើសរើស​​ប្រធាន​សម្ព័ន្ធ​ថ្មី​ សម្រាប់​អាណត្តិ​ទី​ ៦ (២០១៩​-២០២៣​) នៅ​សាលាគណ​រាជធានី​ភ្នំពេញ​ ស្ថិត​ក្នុង​បរិវេណ​វត្តបទុមវតី​ ក្រោម​ព្រះអធិបតី​ភាព​ ព្រះ​ចរណ​វិជ្ជា​ ចេម ធី​រៈ​ ព្រះ​សាកល​វិទ្យាល័យ​រង​ នៃ​ពុទ្ធ​កសាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​ និង​ជា​ព្រះ​គ្រូសូត្រ​ឆ្វេង​វត្តបទុមវតី​ និង​ព្រះតេជព្រះគុណ​ យ៉ាន់​ ថា​ត់​ ជា​ព្រះចៅ​អធិការ​វត្ត​អង្គ​តា​ម៉ិញ​ ។

ទិដ្ឋភាពសន្និបាតសាមាញ្ញ ស្តីពីបោះឆ្នោតជ្រើសរើសប្រធានថ្មី អាណត្តិទី ៦ ។ រូបថតៈ ស៊ឺន ចែងចើន
ទិដ្ឋភាពសន្និបាតសាមាញ្ញ ស្តីពីបោះឆ្នោតជ្រើសរើសប្រធានថ្មី អាណត្តិទី ៦ ។ រូបថតៈ ស៊ឺន ចែងចើន

នេះ​ជា​លើក​ទី​ ៦ ហើយ​ ដែល​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ រៀបចំ​ការបោះឆ្នោត​ជ្រើស​ប្រធាន​ថ្មី​ ដែល​ធ្វើឡើង​ជា​ទៀងទាត់​រៀងរាល់​ ៤ ឆ្នាំ​ម្តង​ គិត​ចាប់តាំងពី​ការបង្កើត​អង្គការ​មួយ​នេះ​ ជា​ផ្លូវការ​ កាលពី​ថ្ងៃទី​ ២១​ ខែ​មថុនា​ ឆ្នាំ​ ២០០២​ មក​ ។

ព្រះតេជព្រះគុណ​ ចៅ​ រេន​ អតីត​សមណ​និស្សិត​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ទស្សនវិជ្ជា​មក​ពី​មហាវិទ្យាល័យ​មហា​ចុឡា​ឡុង​ករណ៍​រាជ​វិទ្យាល័យ​ នៃ​ប្រទេស​ថៃ​ បាន​ជាប់ឆ្នោត​ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ (UKKBS​) សម្រាប់​អាណត្តិ​ទី​ ៦ ដោយ​សំឡេងឆ្នោត​គាំទ្រ​ ៣៦​ លើ​ ៨៥​ ក្នុងចំណោម​បេក្ខភាព​ជាស​មណ​និស្សិត​ចំនួន​ ៥ អង្គ​ ដែល​បាន​ឈរឈ្មោះ​ឲ្យ​បោះឆ្នោត​ ។

ព្រះតេជព្រះគុណ​ ចៅ​ រេន ជាប់ឆ្នោតជាប្រធានថ្មីក្នុងអាណត្តិ​ទី​ ៦ នៃ​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះតេជព្រះគុណ​ ចៅ​ រេន ជាប់ឆ្នោតជាប្រធានថ្មីក្នុងអាណត្តិ​ទី​ ៦ នៃ​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ។ រូបថតៈ ស៊ឺន ចែងចើន

បន្ទាប់​ ពី​ទទួល​តំណែង​ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ភ្លាម​ៗ នោះ​ដែរ​ ព្រះតេជព្រះគុណ​ ចៅ​ រេន​ បាន​ប្រកាស​ដាក់ចេញ​នូវ​គោលការណ៍​សំ​ខាន់​ៗ ជាចម្បង​ និង​ជា​អទិ​ភាព​ចំនួន​ ៦ ចំណុច​ ដើម្បី​ដឹកនាំ​អង្គការ​របស់​ខ្លួន​ ។ ព្រះអង្គ​បន្ថែម​ថា​ តាមរយៈ​គោលនយោបាយ​ក្នុង​អណត្តិ​ថ្មីនេះ​ ជា​ជំហាន​ដំបូង​ គឺ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​មានចំណេះ​ដឹង​ ដោយ​បង្កើន​ការ​លើកកម្ពស់​ផ្នែក​អប់រំ​ឲ្យ​មាន​ធនធានមនុស្ស​ មាន​សមត្ថភាព​ ដើម្បី​ភាព​រីកចម្រើន​ក្នុង​ការ​កសាង​សង្គមជាតិ​កម្ពុជាក្រោម​ ទៅ​ថ្ងៃ​អនា​គត់​ ។

សំឡេង៖

គួរ​ជម្រាប​ជូន​ថា​ ព្រះតេជព្រះគុណ​ ចៅ​ រេន​ ព្រះជន្ម​ ៣១​ ព្រះវស្សា​ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​អោង​ ឃុំ​ចូវ​ឡាំង​ ស្រុក​ស្វាយ​ទង​ ខេត្ត​មាត់ជ្រូក​ ដែនដី​កម្ពុជាក្រោម​ ។ ព្រះអង្គ​បាន​សាងផ្នួស​នា​ឆ្នាំ​ ២០០៧​ នៅក្នុង​ខណ្ឌសីមា​ វត្ត​រំដួល​ទួល​សុរភី​ ហៅ​វត្ត​ជី​ក្អេង​ក្រោម​ ជាវ​ត្ត​ខ្មែរ​មួយ​ នៅ​ស្រុកកំណើត​របស់​ព្រះអង្គ​ ។ នៅ​ឆ្នាំ​ ២០១៣​ ព្រះ​អង្គ​ងបាន​រៀន​បញ្ចប់​ថ្នាក់​ផ្នែក​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំទី​ ៣ (គរុកោសល្យ​ទី​ ៣) នៅ​កម្ពុជាក្រោម​ និង​នៅ​ឆ្នាំ​ ២០១៤​ បាន​និមន្ត​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ​ ហើយ​ប្រឡង​ចូ​លល​រៀន​ នៅ​មហាវិទ្យាល័យ​មហា​ចុឡា​ ឡុង​ករណ៍​រាជ​វិទ្យាល័យ​ ។ ព្រះអង្គ​ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ទស្សនវិជ្ជា​ នៅ​ថ្ងៃទី ២៦​ ឧសភា​ ២០១៩​ ​។

ព្រះតេជព្រះគុណ​ ព្រះ​ចរណ​វិជ្ជា​ ចឹម​ ធី​រៈ​ ព្រះ​សាកល​វិទ្យាល័យ​រង​ នៃ​ពុទ្ធ​កសាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​ និង​ជា​ព្រះ​គ្រូសូត្រ​ឆ្វេង​វត្តបទុមវតី​ ចូល​រួប​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​សមណ​និស្សិត​ខ្មែរក្រោម​ ១ អង្គ​ក្នុងចំណោម​បេក្ខភាព​ឈឈ្មោះ​បោះឆ្នោត​ ៥ អង្គ​ ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះតេជព្រះគុណ​ ព្រះ​ចរណ​វិជ្ជា​ ចឹម​ ធី​រៈ​ ព្រះ​សាកល​វិទ្យាល័យ​រង​ នៃ​ពុទ្ធ​កសាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​ និង​ជា​ព្រះ​គ្រូសូត្រ​ឆ្វេង​វត្តបទុមវតី​ ចូល​រួប​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​សមណ​និស្សិត​ខ្មែរក្រោម​ ១ អង្គ​ក្នុងចំណោម​បេក្ខភាព​ឈឈ្មោះ​បោះឆ្នោត​ ៥ អង្គ​ ។ រូបថតៈ ស៊ឺន ចែងចើន

ក្រោយពី​បាន​បញ្ចប់​ការសិក្សា​ ថ្នាក់​បរិញ្ញាប័ត្រ​ នៅ​ប្រទេស​ថៃ​ ព្រះតេជព្រះគុណ​ ចៅ​ រេន​ បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ហើយ​បាន​ចូល​ធ្វើការ​ស្ម​គ្រ​ចិត្ត​ឲ្យ​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ រហូតដល់​ថ្ងៃ​ដែល​ព្រះអង្គ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​ នៅ​ថ្ងៃទី​ ១ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ។

សកម្ម​ភាព​រាប់សន្លឹកឆ្នោត​ ។ រូបថតៈ ស៊ឺន ចែងចើន
សកម្ម​ភាព​រាប់សន្លឹកឆ្នោត​ ។ រូបថតៈ ស៊ឺន ចែងចើន

សូម​បញ្ជាក់​ថា​ សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ កាលពី​ថ្ងៃទី​ ២១​ ខែ​មថុនា​ ឆ្នាំ​ ២០០២​ ដោយ​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា​ ។ អង្គការ​នេះ​ ធ្វើការ​ផ្ដោត​លើ​ការ​ អប់រំ​របស់​សមណ​និស្សិត​ និង​និស្សិត​ខ្មែរក្រោម​ ដែល​បាន​មក​ពី​ដែនដី​កម្ពុជាក្រោម​ ដើម្បី​បន្ត​ការសិក្សា​នៅ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ ។ ក្រៅពី​នេះ​ ក៏​មានកម្ម​វិធី​ផ្ដល់​អាហា​រូ​បរ​ណ៍​ដល់​សមណ​និស្សិត​ខ្មែរក្រោម​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​ មាន​ប្រទេស​ថៃ​ និង​ប្រទេស​ឥណ្ឌា​ផង​ដែរ​ ។

នៅក្នុង​អាណត្តិ​ទី​ ៥ កន្លងទៅ​នេះ​ សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរ​កម្ពុជាក្រោម​ បាន​ដឹកនាំ​ដោយ​ ព្រះ​តេជ​ ព្រះគុណ​ សឺន​ សុ​ផា​រិន្ទ​ ដែល​ជា​ប្រធាន​នៃ​អង្គការ​នេះ​ ៕

លទ្ធផលនៃការ​រាប់សន្លឹកឆ្នោត​ បង្ហាញថា ព្រះតេជព្រះគុណ​ ចៅ​ រេន​ ឈ្នះឆ្នោត ដោយ​សំឡេងឆ្នោត​គាំទ្រ​ ៣៦ ។ រូបថតៈ ស៊ឺន ចែងចើន
លទ្ធផលនៃការ​រាប់សន្លឹកឆ្នោត​ បង្ហាញថា ព្រះតេជព្រះគុណ​ ចៅ​ រេន​ ឈ្នះឆ្នោត ដោយ​សំឡេងឆ្នោត​គាំទ្រ​ ៣៦ ។ រូបថតៈ ស៊ឺន ចែងចើន

ចុចមើលរូបភាពបន្ថែម…