វាជាពេលវេលាដែល លោក ហ៊ុន សែន ត្រូវតែចេញពីអំណាច ។ លោក ហ៊ុន សែន ជាជនពុករលួយដ៏ សាហាវ ដែលបានដឹកនាំប្រទេសក្នុងកណ្ដាប់ដៃរបស់គាត់អស់រាប់ទសវត្សរ៍ មកហើយ ។ វាជាពេលវេលា ដែល ហ៊ុន សែន ត្រូវចុះចេញពីអំណាច ។ – លោក Rohrabacher
តំណាងសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ ជំរុញឲ្យគោលនយោបាយរបស់អាមេរិកទៅកាន់កម្ពុជា ចាំបាច់ត្រូវតែផ្លាស់ប្តូរ ហើយរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា ចាំបាច់ត្រូវតែចាត់វិធានការខ្លាំងមួយទៅកាន់ការដឹកនាំរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។

ការលើកឡើងរបស់តំណាងសភា លោក Steve Chabot មកពីរដ្ឋអូហៃយ៉ូ (Ohio) និង លោក Rohrabacher ធ្វើឡើងនៅក្នុងកិច្ចប្រជុំ អនុគណៈកម្មាធិការសភាអាមេរិកទទួលបន្ទុកកិច្ចការបរទេស និង ទទួលបន្ទុកអាស៊ីខាងកើត ដែលប្រព្រឹត្តទៅ កាលពី ថ្ងៃ ទី ០៩ ខែកក្កដា ឆ្នាំ ២០១៣ ។
លោក Steve Chabot បានហៅ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាថា ជាជនផ្តាច់ការដែលក្ដោបអំណាចដ៏យូរអង្វែងនៅអាស៊ី ។ លោកបានអំពាវនាវឲ្យសហរដ្ឋអាមេរិក កាត់បន្ថយជំនួយមកកម្ពុជា ប្រសិនបើនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនធានាឲ្យការបោះឆ្នោតសេរី និងយុត្តិធម៌ នៅ ថ្ងៃទី ២៨ ខែកក្កដា ខាងមុខ ។
លោក Steve Chabot បានថ្លែងថា៖ “នយោបាយសហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជាចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរ ។ រដ្ឋបាលរបស់ប្រធានាធិ បតីអូបាម៉ា ចាំបាច់ចាត់របៀបដោះស្រាយកាន់តែម៉ឹងម៉ាត់ឡើង ដល់ជនផ្ដាច់ការម្នាក់នេះ ដែលកាន់ អំណាចដ៏យូរបំផុតនៅតំបន់អាស៊ីនោះ” ។
លោក Steve Chabot បានថ្លែងបន្តទៀតថា៖ “ម្ភៃឆ្នាំកន្លងចាប់តាំងពីកម្ពុជាធ្វើការបោះឆ្នោតលើកទីមួយ ក៏ប៉ុន្តែទស្សនវិស័យរបស់ប្រជាពលរដ្ឋកម្ពុជាថាសហគមន៍អន្តរជាតិបានចារអំពីប្រទេសកម្ពុជានោះ មិនទាន់បានក្លាយទៅជាការពិតទេ ។ កម្ពុជានៅតែ ប្រើប្រព័ន្ធនយោបាយពុករលួយ ដែលកំពូងតែផ្ដាច់ការឡើងៗ ជារៀងរាល់ថ្ងៃ” ។
លោក Rohrabacher បានថ្លែងថា លោក ហ៊ុន សែន ជាជនពុករលួយដ៏សាហាវដែលបានដឹកនាំ ប្រទេសកម្ពុជាឲ្យនៅក្នុងកណ្ដាប់ដៃរបស់ខ្លួន មានប្រព្រឹត្តអំពើឃោរឃៅជាច្រើន ដែលជាពេលវេលាមួយ លោក ហ៊ុន សែន ត្រូវតែចុះចេញពីអំណាច ។
លោក Rohrabacher ថ្លែងថា៖ “វាជាពេលវេលាដែល លោក ហ៊ុន សែន ត្រូវតែចេញពីអំណាច ។ លោក ហ៊ុន សែន ជាជនពុករលួយដ៏ សាហាវ ដែលបានដឹកនាំប្រទេសក្នុងកណ្ដាប់ដៃរបស់គាត់អស់រាប់ទសវត្សរ៍ មកហើយ ។ វាជាពេលវេលា ដែល ហ៊ុន សែន ត្រូវចុះចេញពីអំណាច” ។
កាលពីថ្ងៃអង្គារ តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងឃ្លាំមើលការបោះឆ្នោតបួនរូប បានឡើងបកស្រាយ នៅមុខគណៈកម្មាធិការសភាកិច្ចការបរទេសអាមេរិក ដោយលើកយក បញ្ហា សង្គម និងនយោបាយ កំពុងកើតឡើងនៅកម្ពុជា និងជំរុញឲ្យអាមេរិក ចាត់វិធានការតឹងរ៉ឹងលើកម្ពុជា ។ អង្គការទាំងបួននោះ មានដូចជា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អង្គការលីកាដូ អង្គការ NDI និង អង្គការ SRP International Group ។
រយៈពេល ២៨ ឆ្នាំក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថា ប្រទេសកម្ពុជា កាន់តែធ្លាក់ចូលក្នុងវិបត្តិសង្គម និងនយោបាយកាន់តែជ្រៅទៅៗ ដូចជា ករណី បោះឆ្នោតមិនមាន តម្លាភាព ការគំរាមកំហែងបាញ់សម្លាប់ និងចាប់ឃុំឃាំងអ្នកនយោបាយមកពីគណបក្សជំទាស់ និងក្រុម សកម្មជនការពារសិទ្ធិមនុស្ស បរិស្ថាន ជាដើម ។ បញ្ហាដែលក្ដីគគុកនោះគឺ រដ្ឋាភិបាលដែលដឹកនាំដោយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានពលរដ្ឋខ្មែរលើកឡើងថា បានកាត់ដី និងកោះឲ្យទៅវៀតណាម និងមិនមានគោលនយោបាយអន្តោប្រវេសន៍ ដោយបានបណ្ដោយឲ្យជនជាតិយួនហូរចូលនៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើងៗ ៕