ដោយ លី ឈូន
កម្មករខ្មែរក្រោម ពីរនាក់ត្រូវជាមា និងក្មួយ ធ្វើការជាកម្មករ នៅខេត្តទទួលតាមោក ដែលវៀតណាម ប្តូរឈ្មោះទៅជាខេត្តបិញយឿង (Binh Duong) មានស្រុកកំណើត នៅខេត្តព្រះត្រពាំង ត្រូវជនជាតិវៀតណាមមួយក្រុមព្រួតគ្នាវាយរហូតដល់ស្លាប់ ព្រោះតែពួកគេជជែកគ្នាជាភាសាខ្មែរ នៅក្នុងពិធីជប់លៀងមួយ ជាមួយជនជាតិវៀតណាម ។ ពលរដ្ឋខ្មែរក្រោម លើកឡើងថា អំពើវាយតប់កាប់សម្លាប់ខ្មែរក្រោមបែបនេះ ធ្លាប់កើតឡើងជារឿយៗ ចំពោះពលករចំណាកស្រុកខ្មែរក្រោម ព្រោះជនជាតិវៀតណាមទាំងនោះ មានចរិតស្អប់ខ្មែរក្រោម ទាំងពីដើមមក ។ ចំណែក ជនដៃដល់ជាឃាតរសម្លាប់កម្មករក្រោមនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ តែមិនទាន់ត្រូវបានតុលាការកាត់ទោសទៅតាមច្បាប់នៅឡើយ ។

កម្មករខ្មែរក្រោមមួយរូបឈ្មោះគឹម តឹងដែលធ្វើការនៅខេត្តទួលតាមោក ជាអ្នកស្ថិតនៅក្នុងព្រឹត្តិការណ៍កម្មករខ្មែរក្រោមពីររូបដែលត្រូវកម្មករជនជាតិវៀតណាមមួយក្រុមព្រួតគ្នាវាយរហូតដល់ស្លាប់ទាំងពីរនាក់នាក់នោះ ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមនិងសារព័ត៌មានព្រៃនគរឲ្យដឹងថា នៅពេលដែលកម្មករខ្មែរក្រោមនាំគ្នាជប់លៀងក្នុងហាងខារ៉ាអូខេមួយកន្លែងដើម្បីលាគ្នាទៅស្រុកនោះ គ្រាន់តែកម្មករខ្មែរក្រោមជជែកគ្នាជាភាសាខ្មែរសោះ តែពួកកម្មករវៀតណាម មួយចំនួនក្នុងនោះសម្លឹងទៅកម្មករខ្មែរក្រោមហាក់ដូចជាចង់ស៊ីសាច់ហុតឈាមកម្មករខ្មែរអីចឹង។ «កម្មករខ្មែរយើងហ្នឹងក្នុងកម្មវិធីជប់លៀងគ្នា ដើម្បីលាគ្នាមកស្រុកនឹង ហើយក៏និយាយខ្មែរបួននាក់ហ្នឹងនិយាយខ្មែរហើយក៏ពួកយួនគ្នាវាហ្នឹង ស្ដាប់មិនបានក៏គិតថាខ្មែរយើងនិយាយដៀមដាមដាក់ពួកវាជេរវាអីចឹងពូកវាក៏ព្រួតដៃគ្នាសម្លាប់ខ្មែរយើង»។
ស្រដៀងគ្នានេះដែរកម្មករខ្មែរក្រោមម្នាក់ទៀតឈ្មោះសឺន ហៀងធ្វើការនៅទួលតាមោកដែរ លើកឡើងថាជម្លោះវាយតប់ដោយរំលោភបំពានពីសំណាក់ជនជាតិវៀតណាម ឬកម្មករវៀតណាមតែងតែកើតឡើងជារឿយ ៗ ចំពោះកម្មករខ្មែរចំណាកស្រុក ។ជួនកាលមិនមានរឿងអីសោះក៏ពួកគេបង្ករឿងហេតុឲ្យទៅដល់វាយតបកម្មករខ្មែរដែរ លុះប្ដឹងផ្ដល់ទៅដល់សមត្ថកិច្ច ឬម្ចាស់ក្រុមហ៊ុន ពួកសមត្ថកិច្ចវៀតណាមទាំងនោះតែងដាក់បន្ទុកថាកំហុសទាំងអស់កើតឡើងដោយសារកម្មករខ្មែរ ។ ដូចជាករណីពេលនេះអីចឹងកម្មករខ្មែរពីរនាក់ឈ្មោះថាច់ តឹងនិងថាច់ ហ៊ីប មានស្រុកកំណើតនៅខេត្តព្រះត្រពាំង ជាជនរងគ្រោះសោះ តែត្រូវសមត្ថកិច្ចវៀតណាមចោទប្រកាន់ថាអុកឡុកធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈនិងត្រូវផ្ដន្ទាទោសព្រហ្មទណ្ឌទៀតផង។ «ហើយករណីជប់លៀងនេះមិនមែនស៊ីផឹកចូលគ្នាទេ ។ នៅម្ដុំហ្នឹងទាំងអស់គ្នាគឺថានៅកន្លែងស៊ីផឹករួមគ្នាអីចឹងណាមានយួនមានខ្មែរអីចឹងដល់ខ្មែរយើងនិយាយខ្មែរវាទៅជាមានការរើសអើងដោយកម្មករវៀតណាមចោទថាយើងនិយាយដៀមដាមដាក់វា ជេរវាហ្នឹងទីមួយ 1 ទីពីរទៀតនេះគឺជាករណីរើសអើងពូជសាសន៍ដែររឿងហ្នឹង»។
ប៉ុន្មានថ្ងៃមកនេះនៅតាមបណ្ដាញព័ត៌មានសង្គម អ្នកដែលដឹងអំពីព្រឹត្តិការណ៍ជនជាតិវៀតណាមសម្លាប់កម្មករខ្មែរនេះ ភាគច្រើនលើកឡើងថា កំហុសទាំងអស់បង្កឡើង ដោយសារកម្មករជនជាតិវៀតណាមទាំងនោះ រើសអើងនិងប្រកាន់ពូជសាសន៍ ស្អប់ខ្មែរក្រោម។
ការលើកឡើងមកនេះ ក្រោយពីយប់ថ្ងៃទី ១០ មេសាកម្មករខ្មែរក្រោមប្រមាណ ៤នាក់ធ្វើការនៅខេត្តទួលតាមោក ត្រូវកម្មករជាជនជាតិវៀតណាមព្រួតគ្នាវាយរហូតដល់កម្មករខ្មែរក្រោមពីរនាក់រងរបួសធ្ងន់និងពីរនាក់ទៀតត្រូវស្លាប់។ កម្មករខ្មែរក្រោមដែលស្លាប់ពីរនាក់នោះ ត្រូវជាមាក្មួយនឹងគ្នា ម្នាក់ឈ្មោះថាច់ ចំរើនអាយុ ២៥ ឆ្នាំនិងម្នាក់ទៀតឈ្មោះថាច់ ចៀង អាយុ ២៣ អ្នកទាំងពីរ មានស្រុកកំណើតនៅភូមិឃុំតាឱក ស្រុកកំពង់ស្ពានខេត្តព្រះត្រពាំង ។
ព្រឹត្តិការណ៍កម្មករជនជាតិវៀតណាមព្រួតវាយកម្មករខ្មែរក្រោមនេះ កើតឡើងក្រោយពីពិធីជប់លៀងរបស់កម្មករខ្មែរនៅក្នុងហាងខារ៉ាអូខេមួយ ដើម្បីលាគ្នាទៅស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ តែក្នុងពេលជប់លៀងនោះ កម្មករខ្មែរជជែកគ្នាជាភាសាខ្មែរបណ្ដាលឱ្យកម្មករវៀតណាមមិនពេញចិត្តហើយបង្កជម្លោះឈានទៅដល់ចាក់សម្លាប់កម្មករខ្មែរក្រោម ២ នាក់នៅនឹងកន្លែងកើតហេតុ។
យោងតាមកាសែតនគរបាលខេត្តទួលតាមោកចុះថ្ងៃទី ១៣ មេសា ថាជនដៃដល់ជាឃាតករជាជនជាតិវៀតណាមមានស្រុកកំណើតនៅខេត្តក្រមួនសដែលវៀតណាមដាក់ឈ្មោះថ្មីថាខេត្តគៀង យ៉ាង(Kien Gian) នោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីថ្ងៃទី ១៣ មេសាកន្លងហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅឲ្យតុលាការកាត់ទោសទៅតាមច្បាប់។
ព្រះតេជព្រះគុណអ៊ួង សុខប្រធានសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប បញ្ជាក់ថា ករណីជនជាតិវៀតណាមជម្លោះវាយតប់កាប់សម្លាប់កម្មករខ្មែរ ពលរដ្ឋខ្មែរ នេះមិនមែនត្រឹមតែកើតឡើងនៅពេលនេះទេដូចជាករណីបង្កជម្លោះកាប់សម្លាប់កម្មករខ្មែរក្រោមម្នាក់មានស្រុកកំណើតនៅខេត្តមាត់ជ្រូកធ្វើការនៅទីក្រុងព្រៃនគរកាលពី ៥ ឆ្នាំមុន រហូតមកដល់ពេលនេះមិនឃើញសមត្ថកិច្ចចាប់ជនដៃដល់យកទៅផ្ដន្ទាទោសទៅតាមច្បាប់នៅឡើយ ៕