លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប ដែលត្រូវបានអាជ្ញាធរខ័ណ្ឌមានជ័យឃាត់ខ្លួន កាលពីរាត្រីថ្ងៃទី ១៤ វិច្ឆិកា នៅក្នុងបន្ទប់សណ្ឋាគារមួយ ស្ថិតនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្រុងភ្នំពេញ ។ ពួកគេត្រូវបាន សង្ស័យថា បានលួចដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់ និងលួចផលិតព័ត៌មានបញ្ជូនពីប្រទេសកម្ពុជា ទៅកាន់វិទ្យុអាស៊ីសេរីដែលស្ថិតនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ទាំងពីររូប ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញ នាំខ្លួនទៅកាន់បន្ទប់សណ្ឋាគារម៉ារឌីវិញ កាលពីវេលាព្រឹកថ្ងៃទី ១៥ វិច្ឆិកា ដើម្បីស្វែងរកភស្តុតាងបន្ថែម ។ ការចុះឆែកឆេរដល់បន្ទប់ ដោយមានវត្តមានរបស់អ្នកកាសែតទាំងពីរ គឺធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ពីព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ លោក អ៊ុំ សុភ័ក្រ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនមួយយប់ នៅឯស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ កាលពីយប់ថ្ងៃទី ១៤ វិច្ឆិកា ។
គិតមកទល់នឹងរសៀលថ្ងៃទី ១៥ វិច្ឆិកា នេះ លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា នៅមិនទាន់ត្រូវបានចោទប្រកាន់ពីជាផ្លូវការតុលាការក្រុងភ្នំពេញនៅឡើយទេ ប៉ុន្តែមានការសង្ស័យថា អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប បានលួចដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់ និងលួចផលិតព័ត៌មានបញ្ជូន ពីប្រទេសកម្ពុជាទៅកាន់វិទ្យុអាស៊ីសេរី ដែលស្ថិតនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ។ ប៉ុន្តែបើផ្អែកតាមចំលើយសារភាពរបស់លោក អ៊ួន ឈិន បានប្រាប់សមត្ថកិច្ច នៅពេលចាប់ខ្លួនកាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ១៤ វិច្ឆិកាថា ខ្លួនបានជួលបន្ទប់សណ្ឋាគារម៉ារឌី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យនេះ គឺដើម្បីតម្លើងស្ទូឌីយោផលិតបទចម្រៀងលក់ និងសម្រាប់ច្រៀងខារ៉ាអូខេជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ។
គួរជំរាបជូនថា នេះគឺជាលើកទីមួយហើយ ដែលសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនអ្នកកាសែតវិទ្យុអាស៊ីសេរី (RFA) ទាំងពីររូប បន្ទាប់ពីមន្រ្តីរដ្ឋាភិបាលកម្ពុជា បានព្រមានកាលពីខែកញ្ញាថា នឹងចាត់វិធានការទៅលើអ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី បន្ទាប់ពីវិទ្យុសហរដ្ឋអាមេរិកផ្សាយជាខេមរភាសានេះ បានសម្រេចដកការិយាល័យរបស់ខ្លួន ចេញពីទីក្រុងភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ ២០១៧ ។
នៅមិនទាន់មានប្រតិកម្មជាផ្លូវការ ពីអ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី (RFA) ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនៅឡើយទេ ចំពោះករណីចាប់ខ្លួនអតីតបុគ្គលិករបស់ខ្លួនទាំងពីររូបនេះ ។ ប៉ុន្តែ អ្នកនាំពាក្យរបស់វិទ្យុអាស៊ីសេរី លោក រ៉ូហីត ម៉ូហាចាន់ (Rohit Mahajan) បានប្រាប់កាសែត The Cambodia Daily Online ថា វិទ្យុអាស៊ីសេរីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួននេះ ហើយថា ពួកគេនឹងតាមឃ្លាំមើលបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ។
ចំណែកលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលបានរក្សាភាពស្ងប់ស្ងាត់មួយរយៈពេលនេះ បានសរសេរនៅលើទំព័រហ្វេសបុករបស់លោក ដោយបានហៅការចាប់ខ្លួនអ្នកកាសែតទាំងពីររូបនេះថា គឺជាការបង្ក្រាប និងរឹតបណ្តឹងលើសេរីភាពដ៏ធ្ងន់ធ្ងរមួយ ៕ RFI