​ទឹកថ្លា​គង់​មើលឃើញ​ដល់​បាតដី

ថ្ងៃទី ០៨ ខែ​ក្កដា ឆ្នាំ ២០១២ ​| ដោយ សឺ​ង សម្រេច      ​

រូបគំនូរស្ដីពីរឿងព្រេងនិទានបារាំង  La Fable de la Fontaine ។
រូបគំនូរស្ដីពីរឿងព្រេងនិទានបារាំង La Fable de la Fontaine ។

នៅក្នុង​កិច្ចប្រជុំ នា​ថ្ងៃទី ៣០ ខែ​មិនា ឆ្នាំ ២០១២ គណកម្មការ សេដ្ឋកិច្ច និង​សង្គមកិច្ច​នៃ​ ​អង្គការសហប្រជាជាតិ បានឮ​អំពី​សេចក្តីថ្លែងការណ៍​របស់ តំណាង​នៃ សាធារណរដ្ឋ​សង្គម​ ​និយម​វៀតណាម​ដែល បាន​និយាយ​ក្នុងនាម​ជា​អ្នកសង្កេតការណ៍ ។

អ្នកតំណាង​រូបនោះ​បាន​  ​ទាមទារ​ឲ្យ ចុះបញ្ជី​ជា​ផ្លូវការ​នូវ​ការតវ៉ា របស់​រដ្ឋាភិបាល​វៀត​ណា​ម ជំទាស់​ការទទួលយក​នូវ​ ​តួនាទី​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ ពិគ្រោះ យោបល់​ពិសេស សម្រាប់​គណៈ​ ​កម្ម​ការ សេដ្ឋកិច្ច និង​សង្គមកិច្ច នៃ​អង្គការសហប្រជាជាតិ (United Nations Economic and Social Council) ។​  ​

ក្នុងការ​តវ៉ា​នេះ អ្នកតំណាង​វៀតណាម បាន​សំអាង លើ​ហេតុផល ដែល​គ្មាន​ន័យ និង​គ្មាន​ការ​ ​ពិត​ទាល់តែសោះ ដោយបាន​ចោទប្រកាន់ ចំពោះ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម​មិន​ខុសពី​ការ​ចោទ​ ​ប្រកាន់ ជា​ប្រពៃណី ដែល​អាជ្ញាធរ​វៀតណាម​តែង ប្រព្រឹត្ត​ជា​លេស ដើម្បី​ធ្វើទុក្ខបុកម្នេញ រំលោភ​ ​សិទ្ធិសេរីភាព​ចំពោះ​ខ្មែរក្រោម​ជា​ ហូរហែ​មកហើយ​នោះដែរ ។​  ​

ការចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ ពីបទ​សកម្មភាព​បំបែក​ដែនដី (Secession) ដែល​វៀតណាម​បាន​ ​លើកឡើង​នោះ គឺជា​ការ​បំភាន់​មតិ​សកលលោក ជាការ​មួលបង្កាច់​យ៉ាង​អយុត្តិធម៌ ដែល​មិន​  អាច​ទទួលយក​បានឡើយ ។

មកទល់នឹង​ពេលនេះ ប្រទេស​នានា ក្នុង​ពិភពលោក​បាន​តាម​ ​ដាន និង​បានឃើញ​យ៉ាងច្បាស់​ក្រឡែត ថា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រាន់តែ​ជា​អង្គ​ការដែល​ ​ធ្វើ សកម្មភាព​តវ៉ា​ដោយ​សន្តិភាព​បំផុត ព្រោះ​ហេតុ​មិនអាច​ទ្រាំទ្រ​ឈរ បិទ​ភ្នែក បិទ​ត្រចៀក​ ​ចំពោះ​ទង្វើ​រំលោភបំពាន​យ៉ាង​សាហាវព្រៃផ្សៃ របស់​រដ្ឋាភិបាល​វៀត​ណា​ម ចំពោះ ជន​រួម​លោ​ ​ហិត​ខ្មែរ​កម្ពុជា​ក្រោម​ដ៏​អភព្វ​ជា​ជនរងគ្រោះ​តែប៉ុណ្ណោះ​។

ភ័ស្តុតាង​មាន​ជាក់ស្តែង​នៅក្នុង​សេច​ ​ក្តី​ថ្លែងការណ៍ និង​អនុសាសន៍​នានា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មិនដែល​បាន​និយាយ​បន្តិច​ ​ណា​ឡើយ អំពី​អ្វីដែល​អ្នកតំណាង​វៀតណាម​បានដាក់​ឈ្មោះ ថា​ជាការ​ទាមទារ​បំបែក​ដែន​ ​ដី​នោះ​។ ផ្ទុយទៅវិញ អង្គការ​យើង មានការ​យល់ដឹង​យ៉ាងជ្រៅ​ជ្រះ និង​គោរព​ទាំងស្រុង​ចំពោះ​ ​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ​ជា​ធរមាន ។

ការចោទប្រកាន់ មួលបង្កាច់​យ៉ាង​ទទឹងទិស​របស់​ ​រដ្ឋាភិបាល​វៀតណាម គឺមាន​លក្ខណៈ​មិន​ខុស អំពី​ការយក​លេស​ចោទប្រកាន់ របស់​សត្វ​ចចក​ ​ដ៏​កំណាច ចំពោះ​កូន​ចៀម​ដ៏​ស្លូតបូត ដែល​ចុះ​ផឹកទឹក​ជ្រលង​អូរ មាន​មកជា​ធម្មជាតិ ថា​បានធ្វើ​ ​ឲ្យ​ល្អក់​ទឹក ក្នុង​រឿងព្រេង​និទាន​បារាំង  La Fable de la Fontaine នោះឡើយ ។

រីឯ​គំនិត​ដ៏​ខ្មៅ​ ​ក្រ​ខ្វក់​នៃ​ការចោទប្រកាន់ គឺ គ្រាន់តែ​រក​លេស​ដើម្បី​ខាំ​ហែក​ស៊ីសាច់ កូន​ចៀម តែប៉ុណ្ណោះ ។​  វា​ជាការ​ចោទប្រកាន់​មួយ​ដ៏​ហួសសម័យកាល និង​គួរ​ឲ្យ​អស់សំណើច ដែល​គ្រាន់តែ​បានបង្ហាញ​ ​ឲ្យ​ឃើញ​កាន់តែច្បាស់ អំពី​ផ្នត់គំនិត​មិនល្អ​របស់​វៀតណាម​ជា​មេ​ដើមចោទ​ដែល​អាង​អំណាច​ ​ខ្លួន​ជា អ្នក ខ្លាំង ត្រួតត្រា​លើ​ខ្មែរក្រោម​តែប៉ុណ្ណោះ​។​  ​

នៅក្នុង​ទឡ្ហីករណ៍​នៃ​ការប្រឆាំង​ជំទាស់ របស់​អ្នកតំណាង​វៀតណាម​ដដែល បាន​និយាយ​អំពី​ ​ថា រដ្ឋាភិបាល​នេះ បាន​យកចិត្តទុកដាក់​គាំពារ​ចំពោះ​ជនភាគតិច​ខ្មែរ មិន​ខុសពី​ជនភាគតិច​ ​ទាំង ៥៤ ក្នុងប្រទេស​វៀតណាម ។

ចំណុច​នេះ​មាន​ការមិនពិត​ទាំងស្រុង ។ ទី ១ ព្រោះ​ខ្មែរ​ ​ក្រោម​ជា​ជនជាតិដើម​ដែល​បានរស់នៅ លើទឹក​ដីសណ្ត​នៃ​ទន្លេមេគង្គ ឬ កម្ពុជា​ក្រោម នោះ​រាប់​ ​ពាន់​ឆ្នាំ​មកហើយ ។ យើង​ជា​ជនជាតិខ្មែរ​ខ្លួនឯង ព្រម ទាំង​ប្រវត្តិវិទូរ​ក្នុង​សកលលោក បានដឹង​ ​បានឮ​និង​ទទួលស្គាល់​ច្បាស់លាស់​ណាស់​ទោះជា​វៀតណាម​ខំ​កែ ក្រ​ឡាយ​ប្រវត្តិសាស្ត្រ​ថ្មី​ឲ្យ  ​ខុសពី​ការពិត​យ៉ាងណា​ក៏​មិនអាច​ទៅរួច​ដែរ ។ ទី ២ ការដែល​វៀតណាម​អាស់អាង​អំពី​ការយក​ ​ចិត្ត​ទុកដាក់​ចំពោះ​ខ្មែរក្រោម​នោះ ជា​ការមិនពិត​ទេ​។ ពួកយើង​កំពុងតែ​បាត់បង់​សិទ្ធិសេរីភាព​ជា​ ​មូលដ្ឋាន​សព្វបែបយ៉ាង ក្នុងនោះ​មាន​សិទ្ធិ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ថេរវាទ ការថែរក្សា​វប្បធម៌​ ​ទំនៀមទម្លាប់​ប្រពៃណី​ការទទួល​ព័ត៌មាន​សិទ្ធិ​រួម​ប្រជុំ ការរើសអើង​ពូជសាសន៍​ការបាត់បង់​ដីធ្លី​ ​។​ល​។

ក្នុងនាម​យើង​ជា​ជនជាតិដើម នៅលើ​ដែនដី​សណ្ត​នៃ​ទន្លេមេគង្គ​នេះ យើង​មាន​សិទ្ធិ​ជា  ​ពិសេស​ក្នុង ៤៦ មាត្រា ដែល ប្រកាស​ដោយ​អង្គការសហប្រជាជាតិ ហើយ​ដែល​ប្រទេស​វៀត​ ​ណា​ម​ខ្លួនឯង​បានធ្វើ​សច្ចាប័ន​ទទួលស្គាល់ នា​ឆ្នាំ ២០០៧ ។

ដោយ​យោងទៅលើ​របាយការណ៍​ ​ជាច្រើន​រាប់ទាំង​ព្រឹត្តិការណ៍​ជាក់ស្តែង ដែល​កំពុង​កើត មាន​នៅលើ​ទឹកដី​កម្ពុជា​ក្រោម​សព្វថ្ងៃ​ ​របាយការណ៍​របស់ អង្គការ UNPO , UPR របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នៃ​រដ្ឋា​ ​ភិ​បាល​សហរដ្ឋអាមេរិក និង​របាយការណ៍​រប​ស់​ប្រទេស​នានា​ក្នុង​សកលលោក ដែល​ធ្វើការ​កត់​ ​សំគាល់​និង​ផ្តល់​ជា​អនុសាសន៍​ដល់​ប្រទេស​វៀតណាម បានបញ្ជាក់​ច្បាស់​ថា វៀតណាម​នៅ តែ​ ​បន្ត​ការគាបសង្កត់ និង​បំបិទ​សិទ្ធិសេរីភាព​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ។ យោង​លើ​ស្ថានភាព​នេះ និង​ ​ឈរលើ​ច្បាប់​សិទ្ធិមនុស្ស​ជាស​កល យើង​ជា​ខ្មែរក្រោម​មាន​សិទ្ធិ​ធ្វើការ​តវ៉ា​ចំពោះ​រាល់​ទង្វើ​រំលោភ  ​បំពាន​របស់​រដ្ឋាភិបាល ដែល​គ្រប់គ្រង​ជា​រដ្ឋអំណាច​ហើយ​ទង្វើ​ដ៏​ស្របច្បាប់​អន្តរជាតិ​របស់​យើង​ ​នេះ​វៀតណាម​មិនអាច​មួលបង្កាច់ ថា​ជា​នយោបាយ​បំផុសបំផុល បង្ខូច​បង្កាច់​ញុះញង់ ឬ ធ្វើ​ឲ្យ​ ​អន្តរាយ​ន័​ដល់​សាមគ្គីភាព​របស់​វៀតណាម បានឡើយ (politically motivated acts,  such as slandering, inciting, and undermining  the national unity of  the State of Viet Nam) ។​  ​

ចំពោះ​រឿង​ដែល​វៀតណាម​បាន​អាស់អាង ថា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ជន​រស់​ក្រៅ​ស្រុក​ ​មិនអាច ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​នោះ វា​កាន់តែ​គួរ​ឲ្យ អស់សំណើច  ​ណាស់​ទៅទៀត ព្រោះថា ប្រសិនបើ​ពួកយើង ជា​សមាជិក​នៃ​អង្គការ​សហព័ន្ធ​មិន​គេចខ្លួន​ចេញ  ​ក្រៅ​ទេ​នៅក្នុង​ដ​ង្គា​ប​ដែក​បែប​ផ្តាច់ការ នោះ ពួកយើង​ប្រាកដជា​គ្មាន​មធ្យោបាយ​ស្រែ​ករាយ​ ​ការណ៍​ឲ្យ​ពិភពលោក​បាន​ដឹងឮ អំពី​ការរំលោភ​ជិះជាន់ របស់​រដ្ឋាភិបាល​វៀត​ណា​ម​ដែរ ហើយ​ ​យើងខ្ញុំ​ប្រាកដជា​ត្រូវ​រស់​ដោយ​លំបាក​វេទនា​ក្នុង​ភព​ង​ងិ​ត​អន្ធការ មិន​ខុស ពី​បុព្វការី​ជន​របស់​ ​យើង​ជាច្រើន​ជំនាន់​មកហើយ​នោះដែរ ។​

​វៀតណាម​អាច​កូរទឹក​ឲ្យ​ល្អក់ បង្វែង​ស្ថានភាព​ទុក្ខវេទនា​ខ្មែរក្រោម​រងគ្រោះ មិន​ឲ្យ​ពិភពលោក  ​មើលឃើញ​បានតែ​ម្តង​មួយគ្រា​ទេ ។ ទីបំផុត​ទឹកនឹង​ប្រែជា​ថ្លា ហើយ​គេ​ក៏​អាច​មើលឃើញ​ដល់​ ​បាតដី ។ សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម គ្រាន់តែ​ឈរលើ​សច្ចធម៌ គតិយុត្តិ​ធម៌ មេត្តាធម៌ និង​សេចក្តី  ​គោរព​ស្នេហា​ចំពោះ​សេចក្តីថ្លៃថ្នូ នៃ​មនុស្សជាតិ ជា​អ្នក​ឃាត់ឃាំង​កុំ​ឲ្យ​វៀតណាម​កកូរ​ទឹក​ឲ្យ​ល្អក់​ ​តែប៉ុណ្ណោះ​ទុក​ឧកាស​ឲ្យ​ពិភពលោក បាន​ជួយ​ជនជាតិដើម ខ្មែរក្រោម​ផង​ចុះ ៕ ​