សច្ចៈ

(បទពាក្យប្រាំបី)

[twocol_one]មេឃខ្ពស់ដីក្រាស់កើតចាស់ឈឺចាប់

វិលកើតវិលស្លាប់ក្នុសមុទ្រវាលវដ្ត

ទំនុកកម្មផលផ្ដល់ឲ្យបែនបត់

ទោះប្រឹងគេចរត់មិនផុតកម្មកីយ៍ ។

ឥឡូវឈរធ្មឹងសញ្ជឹងសង្វេគ

គ្មានអ្វីគួរត្រេករាល់អង្គរូបី (១)

មិនយូរក្លាយជា ទឹក,ភ្លើង,ខ្យល់,ដី

ព្រាត់គ្មានសល់អ្វីតាមន័យសច្ចៈ ។[/twocol_one] [twocol_one_last]

រស់រានឈានឆ្ពោះប្រៀបដូចសុបិន

ដូចផ្ការោយក្លិនប្រែប្រួលប្តូរផ្លាស់

មិនអាចប្រកាន់ប្រឹងនៅមានះ

ថាខ្លួនជាម្ចាស់បញ្ជាតាមចិត្ត។

កើតមកជាប់ទ្រុងក្នុងកម្មដូចគ្នា

មិនអាចគេចវៀររាល់កម្មតោងស្អិត

បើចង់ដោះកម្មតាមធម៌ប្រព្រឹត្ត

ក្រែងបានស្គាល់ពិតមគ្គផលនិព្វាន ៕[/twocol_one_last]

កំណត់សម្គាល់÷

(១) រូបី៖(គុ.) (បា.) ដែលមានរូប, ដែលមានលំអ; បុរសអ្នកមានលំអ; ប្រើស្រីជា រូបិនី នាងល្អ (ព. កា.) : រូបីរូបិនីជនទាំងទ្វីប្រាស្រ័យគ្នា….

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។