ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យសប្ដាហ៍កន្លងទៅនេះ នៅវត្តកម្ពុជាក្រោម នាទីក្រុងឡងបិច រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានប្រារព្ធពិធីស្រោចសុគន្ធវារីតែងតាំង ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង ជាព្រះចៅ អធិការវត្ត និង ព្រះតេជព្រះគុណ សុវណ្ណប្បញ្ញោ សឺង យឹង រតនា ព្រះចៅអធិការវត្តខេមររង្សី និងជាប្រធាន នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ជាសង្ឃាធិបតីវត្ត ។ ពិធីនេះ មានការចូលរួមពីគណៈកម្ម ការនាយក, សមាជិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមមួយចំនួន ដូចជា លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានទី ១, លោក ចៅ សេរី អនុប្រធានទី ២, ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន, លោក សឺង សម្រេច អតីតប្រធាននាយកដ្ឋានព័ត៌មាន, លោក ថាច់ តង ប្រធានសាខាសហព័ន្ធកម្ពុជាក្រោម ប្រចាំ អាមេរិកភាគខាងលិច និងពុទ្ធបរស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ។

ពិធីស្រោចសុគន្ធវារីតែងតាំងព្រះចៅអធិការវត្តនេះ ប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺ នៅថ្ងៃទី ២៥ ខែកក្កដា មានកម្មវិធីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត, ព្រះសង្ឃសម្ដែងធម្មទេសនា និងពុទ្ធាភិសេក ។ ថ្ងៃទី ២៦ ខែកក្កដា ព្រះសង្ឃរាប់បាត្រ, ប្រគេនភត្តដល់ព្រះសង្ឃ និងពិធីស្រោចព្រះសុគន្ធវារីតែងតាំងព្រះចៅអធិការ និងព្រះសង្ឃាធិបតីនៃវត្ត ប្រចាំវត្តកម្ពុជាក្រោម ទីក្រុងឡងបិច ។
បន្ទាប់ពីព្រះសង្ឃទទួលភត្តថ្ងៃត្រង់ ថ្ងៃទី ២៦ ខែកក្កដា ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង អតីតសាស្ត្រាចារ្យ នៃវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នាទីក្រុងព្រែកឯស្សី ដែលត្រូវតែងតាំងជាព្រះចៅអធិការវត្តនោះ បាននិមន្តឡើង ថ្លែងទៅកាន់ពុទ្ធបរិស័ទអំពីការតាំងព្រះទ័យរបស់ព្រះអង្គពេលចូលកាន់តំណែងជាព្រះចៅអធិការវត្តថា ព្រះ អង្គនឹងដឹកនាំពុទ្ធបរិស័ទដោយឈរលើគោលការណ៍ធំៗ ២ គឺ ទីមួយ ការកសាងសម្ភារៈ បានដល់ការ កសាងកុដិ សាលា និង ទីពីរ ការកសាងស្មារតី ឬ សីលធម៌ បានដល់ការពន្យល់ពុទ្ធបរិស័ទឲ្យមានការ យល់ដឹងពិតប្រាកដអំពីពុទ្ធសាសនា និងសង្គមជាតិរបស់ខ្លួន ។
(សំឡេង ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង)
បន្ទាប់ពីពុទ្ធបរិស័ទទទួលទានអាហារថ្ងៃត្រង់រួច ចាប់ពីម៉ោង ១ ដល់ម៉ោង ៣ រសៀល ពិធីស្រោចសុគន្ធវារី តែងតាំងព្រះចៅអធិការ និងសង្ឃាធិបតីវត្តបានប្រព្រឹត្តទៅនៅទីធ្លាវត្តកម្ពុជាក្រោម ដោយមានពុទ្ធបរិស័ទ និងផ្ញៀវកិត្តិយសបានអង្គុយនៅលើកៅអីជាជួរតាមលំដាប់លំដោយ នៅមុខបុស្បុកជាទីអាសនៈសម្រាប់ ស្រោចសុគន្ធវារីដែលមានដំបូលរចនាតាមរចនាបទ្មកំពូលព្រះវិហារ ហើយវិចិត្រដោយកម្រងផ្កាយ៉ាងស្រស់ បំព្រង ។ មុនពេលស្រោចសុគន្ធវារីដល់ព្រះចៅអធិការវត្ត ផ្ញៀវកិត្តិយសបានឡើងថ្លែងសារចាប់អារម្មណ៍ជា បន្តបន្ទាប់ដោយមានអ្នកស្រី កៀង សាខន អ្នករៀបរៀងប្រចាំផលិតកម្មខ្មែរក្រោម នៃសហព័ន្ធខ្មែរកម្ពុជា ក្រោមធ្វើជាអ្នកអត្ថាធិប្បាយកម្មវិធី ។
លោក ថាច់ តង ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់ភាគខាងលិចសហរដ្ឋអាមេរិក និង ជាប្រធានគណៈកម្មការវត្តខេមររង្សី នាទីក្រុង San Jose រដ្ឋ California បានថ្លែងចាប់អារម្មណ៍ថា លោក មានសេចក្ដីរីករាយយ៉ាងខ្លាំង ដោយគណៈកម្មការវត្តរបស់លោកបានធានា ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង មកពីដែនដីកម្ពុជាក្រោមផ្ទាល់សម្រាប់ជួយផ្សព្វផ្សាយសាសនានៅវត្តខេមររង្សី នាទីក្រុង San Jose តែដោយឃើញវត្តកម្ពុជាក្រោម នៅទីក្រុងឡងបិច មិនមានព្រះសង្ឃ លោកនិងគណៈកម្មការវត្ត ក៏បានបាន សម្រេចចិត្តបញ្ជូន ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង មកគង់នៅកម្ពុជាក្រោម តាមសំណូមពរពីគណៈកម្មការ វត្តកម្ពុជាក្រោម ។ ក្រៅពីនេះ លោក ថាច់ តង ក៏មានសេចក្ដីសោមនស្សយ៉ាងខ្លាំង ចំពោះការតស៊ូរបស់ពល រដ្ឋខ្មែរក្រោមក្នុងនាមជាសមាជិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានខិតខំប្រឹងប្រែងកសាងវត្តអារាមនៅក្រៅប្រ ទេសគ្រប់ទីកន្លែងសម្រាបផ្សព្វផ្សាយ និងរក្សាពុទ្ធសាសនា និងវប្បធម៌ជាតិខ្មែរឲ្យបានគង់វង្សរុងរឿងតទៅ អនាគត ។
(សំឡេង លោក ថាច់ តង)
លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានទី ១ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងក្នុងនាមសហព័ន្ធខ្មែរកម្ពុជា ក្រោម និងក្នុងនាម លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមថា ការដែលសហ ព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមពិធីតែងតាំង ភិក្ខុ នាងសីលោ ត្រឹង ថាច់ យុង ជាព្រះចៅអធិការវត្តនេះ វា មិន មែនជារឿងសម្រាប់តែវត្តកម្ពុជាក្រោម នៅទីក្រុងឡងបិច តែមួយនោះទេ តែវាមានលទ្ធផលយូរអង្វែងជាប់ ទាក់ទងនឹងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅទូទាំងពិភពលោក ។ លោក ប្រាក់ សេរីវុឌ្ឍ បានលើកយកប្រ សាសន៍ របស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅប្រទេសកម្ពុជា មកបញ្ជាក់អំពីទុក្ខរបស់ ខ្មែរក្រោមដែលរស់នៅក្រោមនឹមអាណានិគមយួនថា លោក សម រង្ស៊ី ធ្លាប់បានថ្លែងថា សម្រាប់ប្រជាពល រដ្ឋខ្មែរនៅប្រទេសកម្ពុជា បើចង់ដឹងថា ការរស់នៅក្រោមនឹមអាណានិគមយួនរងការគាបសង្កត់យ៉ាងណាខ្លះ ចូរសួរទៅពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម នឹងបានដឹងច្បាស់ ។
(សំឡេង លោក ប្រាក់ សេរីវុឌ្ឍ )
លោក សឺង សម្រេច អតីតប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍ថា ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង ជាព្រះធម្មកថិកមួយអង្គដ៏ល្បីនៅខេត្តព្រះត្រពាំង ជាបន្លានៅក្នុងកែវ ភ្នែករដ្ឋាភិ បាលបក្សកម្មុយនិស្តយួន ដែលពួកគេចង់តែឲ្យព្រះអង្គចេញផុតពីប្រទេសដើម្បីកុំឲ្យរំខាន ។ តែ ផ្ទុយទៅវិញ លោក សឺង សម្រេច បានបញ្ជាក់ថា ការយល់ឃើញបែបនេះ វាមិនប្រាកដថាត្រឹមត្រូវនោះទេ ព្រោះថា ពេលចេញមកក្រៅប្រទេសព្រះអង្គមិនបាននៅសម្ងំស្ងៀមឡើយ ព្រះអង្គបានចូលរួមធ្វើចលនា ទាមទារសិទ្ធិ សេរីភាពជូនពលរដ្ឋខ្មែរក្រោមជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោម កាន់តែទំលំទូលាយថែមទៀត ដែលនេះ ជាអាវុធមួយដ៏សំខាន់មួយសម្រាប់វាយតបទៅរដ្ឋាភិបាលវៀតណាមវិញ ។
(សំឡេង លោក សឺង សម្រេច)
បន្ទាប់ពីការថ្លែងចាប់អារម្មណ៍ពីផ្ញៀវកិត្តិយសដែលបានចូលរួម ព្រះតេជព្រះគុណ សេង ប៊ុន សង ព្រះ ឧបជ្ឈាយ៍ដែលមានស្រុកកំណើតនៅវត្តវេឡុវ័នឫស្សីស្រុក, ស្រុកកំពុងស្ពាន, ខេត្តព្រះត្រពាំង សព្វថ្ងៃ គង់នៅ វេឡុវ័នអាឡាបាម៉ា, សហរដ្ឋអាមេរិក បានឡើងអានសង្ឃប្រកាសតំណាងឲ្យព្រះសង្ឃដែលបាននិមន្តមក ចូលរួមកម្មវិធី ទទួលស្គាល់តួនាទី ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង ជាព្រះចៅអធិការវត្ត និង ព្រះតេជព្រះគុណ សុវណ្ណប្បញ្ញោ សឺង យ៉ឹង រតនា ព្រះចៅអធិការវត្តខេមររង្សី ទីក្រុង San Jose ជាសង្ឃាធិបតីវត្តនៃវត្តកម្ពុជាក្រោមជាផ្លូវការ ចាប់ពីថ្ងៃអាទិត្យ ១១ កើត ខែទុតិយាសាឍ ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃ ២៦ ខែកក្កដា គ្រឹសសករាជ ២០១៥ នេះតរៀងទៅ ។
(សំឡេង ព្រះតេជព្រះគុណ សេង ប៊ុន សង)
សូមបញ្ជាក់ថា ភិក្ខុ នាថសីលោក ត្រឹង ថាច់ យុង ជាព្រះចៅអធិការវត្តទីមួយជាផ្លូវការ នៃវត្តកម្ពុជាក្រោម បន្ទាប់ពីវត្តនេះបានជាវដាច់ពីធនាគារ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៣ ដែលគិតមកទល់នឹងខែកក្កដា ឆ្នាំ ២០១៥ មានអាយុកាល ជាង ២ ឆ្នាំប៉ុណ្ណោះ ៕