គណៈកម្មការរៀបចំមហាសន្និបាតសកលលើកទី
១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
SAN JOSE, CALIFORNIA, U.S.A.
ថ្ងៃទី ២៧ – ២៨ – ២៩ ខែឧសភា ឆ្នាំ ២០១៦
—————————–
សុន្ទរកថាស្វាគមន៍
ថ្ងៃនេះជាទិវាដ៏មហានក្ខត្តឫក្ស ប្រកបដោយសោមនស្សរីករាយយ៉ាងក្រៃលែង និង ជាទិវា នៃសេចក្តីសង្ឃឹមសម្រាប់ខ្មែរក្រោមរាប់លាននាក់ដែលកំពុងរស់នៅលើដែនដីកម្ពុជា ក្រោមដ៏កម្សត់នៃយើង នឹងបានផុតពីនឹមត្រួតត្រារាប់សតវត្សរ៍មកហើយ ក្នុងអនាគតដ៏ខ្លី ខាងមុខនេះ ។
នៅថ្ងៃនេះ ទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានកិត្តិយសដ៏ខ្ពង់ ខ្ពស់ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅជាទីបំផុតចំពោះវត្តមានរបស់ ព្រះតេជព្រះគុណគ្រប់ព្រះអង្គ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដែលបាននិមន្តនិងអញ្ជើញមកពីរដ្ឋនានាជុំវិញសហរដ្ឋអាមេរិក និងប្រទេសកាណាដា, បារាំង, អីតាលី, អូស្រ្តាលី និងកម្ពុជាជាដើម ដើម្បីចូលរួមមហាសន្និបាតសកលលើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ព្រះតេជព្រះគុណ អស់លោក លោកស្រី អ្នកនាងកញ្ញាជាទីគោរព
ទីក្រុងសាន់ហូស្សេ (San Jose) គឺជាទីក្រុងមួយស្ថិតនៅភាគជើងនៃរដ្ឋ កាលីហ្វ័រញ៉ា (California) ពោរពេញទៅដោយភ្នំ ជ្រោះជ្រងជ្រលងដងអូរ ដែលហៅថា Silicon valley នៅ ជិតទីក្រុងសាន់ហ្វ្រានស៊ីស្កូ (San Francisco) ជាទីក្រុងប្រវត្តិសាស្ត្រ សម្បូណ៌ទៅដោយរ៉ែមាស មានតំបន់ទេសចរណ៍ជា ច្រើនដូចជា Goden Gate ជាដើម ជាទីទាក់ទាញអារម្មណ៍ភ្ញៀវ ទេសចរណ៍ច្រើនកុះករមកទស្សនាទីក្រុងនេះ ។ បើតាមប្រវត្តិសាស្ត្របានបញ្ជាក់ថា អតីត ទឹកដី Mexico ត្រូវបានសហរដ្ឋអាមេរិកទិញយកជាកម្មសិទ្ធិរាប់សតវត្សរ៍មកហើយ ឈ្មោះ San Jose ជាភាសា Spanish ទើបមានជនជាតិ Mexican ជាច្រើនកំពុងរស់នៅលើទឹកដីនេះ ដូចជាទឹកដីកម្ពុជាក្រោមដូច្នោះដែរ San Jose មានអាកាសធាតុមធ្យមមិនក្តៅពេកមិនត្រជាក់ ពេកជាអំណោយផលល្អសម្រាប់ជនជាតិអាស៊ាន ។ ចាប់ផ្តើមពីទសវត្សរ៍ទី ៨០ រហូតមក ដល់បច្ចុប្បន្ននេះ មានជនជាតិជាច្រើនមកពីទ្វីបអាស៊ី (Asia) ផ្តុំគ្នារស់នៅយ៉ាងកុះករ និង ប្រកបមុខរបរផ្សេងៗ មានសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងឧស្សាហកម្មជាដើម ។

ក្នុងចំណោមជនជាតិទាំងអស់នោះ ឃើញមានជនជាតិខ្មែរប្រហែលជា ៦.០០០.០០ គ្រួសារ ក្នុងនោះក៏មានជនជាតិខ្មែរក្រោមជាង ២០០.០០ គ្រួសារ និងមានវត្តចំនួន ៣ គឺ ១. ពុទ្ធិកសមាគមវត្តខ្មែរសាន់ហូស្សេ ២. ពុទ្ធិកសមាគមខ្មែរកម្ពុជាក្រោម វត្តពុទ្ធឃោសាចារ្យ ៣. សមាគមខ្មែរក្រោម វត្តខេមររង្សី ។ ខ្មែរកម្ពុជាក្រោមតែងផ្តោតសំខាន់លើវត្តអារាម ព្រះពុទ្ធសាសនា គឺទីណាមានជនជាតិខ្មែរ ទីនោះមានវត្តអារាមរីកដុះដាលគ្រប់ទី ជាទីតាំង បណ្តុះបណ្តាលកុលបុត្តកុលធីតាដែលកើតនៅលើទឹកដីគេ អំពីពុទ្ធសាសនា អក្សរសាស្ត្រ ភាសា ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ដើមកំណើតជាដើម និងគាំទ្រចលនាតស៊ូ អហិង្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងដំណើរឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម ។ តាំង ពីបុរាណកាលមកវត្តអារាមគឺជាគោលចារឹកនិងជាដួងព្រលឹងជាតិរបស់ខ្មែរ ជាពិសេស ខ្មែរ ក្រោម ដូចពាក្យបុរាណថា សាសនាជាគោលនៃជាតិ វិន័យលោកនាថជាគោលសាសនា សាសនារលត់ ជាតិរលាយ សាសនាពណ្ណរាយជាតិថ្កើងថ្កាន ។ ទាំងនេះគឺជាមោទនភាពរបស់ យើងជាជនជាតិខ្មែរនៅក្រៅប្រទេស ។
ព្រះតេជព្រះគុណ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាទីគោរព សហព័ន្ធខ្មែរ កម្ពុជាក្រោម គឺជាអង្គការជាតិ ត្រូវបានបង្កើតឡើងដោយខ្មែរក្រោម អ្នកស្នេហាជាតិនៅក្រៅ ប្រទេសបន្តវេនពីបុព្វវីរបុរស បុព្វវីរសមណៈរបស់យើង មានសញ្ញារាហូចាប់ចន្ទជាសម្គាល់ មានទង់ជាតិបីពណ៌ គឺ ខៀវ លឿង ក្រហម និងមានបាវចនា ៣ គឺ ជាតិ សាសនា មាតុភូមិ យកស្លាបប៉ាកកា និងបញ្ញាជាអាវុធ ប្រយុទ្ធតតាំងលើឆាកអន្តរជាតិ គឺជាអង្គការនៃក្តីសង្ឃឹមតែ មួយគត់របស់ខ្មែរក្រោម ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។
មហាសន្និបាតសកលលើកទី ១០ នេះ យើងខ្ញុំជាសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រ ចាំ រដ្ឋកាលីហ្វ័រញ៉ាភាគខាងជើង និង ភាគខាងត្បូង ជាពិសេស មានព្រះសង្ឃ និងគណៈកម្ម ការវត្តពុទ្ធឃោសាចារ្យ និងវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ បានឯកភាពគ្នាជាថ្លុងមួយ បង្កើតគណៈកម្មការចម្រុះទទួលមហាសន្និបាតសកលលើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជា ក្រោមប្រកបដោយឆន្ទៈស្មារតីស្នេហាជាតិខ្ពស់ ដើម្បីរៀបចំមហាសន្និបាតសកល លើកទី ១០ នេះ ដែលនឹងប្រារព្ធឡើង នៅទីក្រុងសាន់ហូស្សេឲ្យបានប្រព្រឹត្តទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ។
ព្រះតេជព្រគុណ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាទីគោរព អតីតកាលបាន កន្លងផុតទៅ ពីជំនាន់មួយទៅជំនាន់មួយ ដូនតាយើងបានខិតខំប្រឹងប្រែងតស៊ូរក្សាទុកនូវ មរតកដ៏មានតម្លៃ គឺព្រលឹងជាតិសម្រាប់យើងទាំងអស់គ្នា កាលពីសម័យមហាវីរបុរស ឧកញ៉ា សឺង គុយ, លោកបណ្ឌិត សឺន ង៉ុក ថាញ់, ព្រះតេជព្រះគុណ គឹម សាង, ព្រះតេជ ព្រះគុណ ថាច់ ពេជ្រ, ព្រះមហា សឺង ឋាន, ព្រះតេជព្រះគុណ គឹម តុក ចើង ជាដើម នឹង មានវីរបុរស ព្រះវីរសមណៈជាច្រើនអង្គនិងរូបទៀតបានតស៊ូបូជាជីវិត ក្នុងបុព្វហតុជាតិ និង សាសនាបានទទួលរងទុក្ខវេទនាទាំងផ្លូវកាយទាំងផ្លូវចិត្តត្រូវបានរបបកុម្មុយនិស្តយួន ចាប់ចង កាប់សម្លាប់ ធ្វើទុក្ខទោសទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ ក្នុងពន្ធនាគាររហូតដល់ ក្ស័យជីវិត ទាំងទ្រូងបៀមគំនុំចងចាំក្នុងចិត្តគ្មានថ្ងៃបំភ្លេចឡើយ ។ ដូច្នេះយើងទាំងអស់គ្នា ក្រោកឡើង តស៊ូរួមសាមគ្គីគ្នា ក្រោមការដឹកនាំដ៏ភ្លឺស្វាង នៃសហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងដំណើរឆ្ពោះទៅ កាន់មាតុ ភូមិកម្ពុជាក្រោម នៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។

ព្រះតេជព្រះគុណ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាទីគោរពគណៈកម្មការ រៀបចំមហាសន្និបាតសកលលើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលយើងខ្ញុំបាន បែងចែក អនុគណៈកម្មការទាំង ៧ រួមមាន អនុគណៈកម្មការទទួលបន្ទុក ផ្នែកហេរញ្ញវត្ថុ, ផ្នែក រៀបចំកម្មវិធី, ផ្នែកតុបតែងវេទិកា, ផ្នែកដឹកជញ្ជូន, ផ្នែកអាហារភោជន, ផ្នែកទីស្នាក់នៅ និង ផ្នែកសន្តិសុខជាដើម គឺ ដោយស្មារតីសាមគ្គីជាតិ របស់ព្រះសង្ឃ គណៈកម្មការ និងអាចារ្យ វត្តពុទ្ធឃោសាចារ្យ និងវត្តខេមររង្សី រួមនឹងបងប្អូនជនរួមជាតិ នៅទីក្រុងសាន់ហូស្សេដើម្បី ទទួលស្វាគមន៍ និងបំរើមហាសន្និបាតសកលលើកទី ១០ រយៈពេល ៣ ថ្ងៃ នេះ ប្រសិនបើ មានការភ្លាំងភ្លាត់ខ្វះចន្លោះត្រង់ណាមួយ ដោយចេតនាក្តី អចេតនាក្តី ដែលមិនបានសមរម្យ នោះ សូមព្រះតេជព្រះគុណអស់លោក លោកស្រី អ្នកនាងកញ្ញា ក្នុងមហាសន្និបាតទាំងមូល មេត្តាខន្តីអភ័យទោសដល់យើងខ្ញុំផង ។
យើងខ្ញុំសូមសន្យាថា នឹងពង្រឹងពង្រីកគណៈកម្មការមួយនេះឲ្យបានរឹងមាំ នៅទីក្រុង សាន់ ហូស្សេ ដើម្បីបម្រើផលប្រយោជន៍ជាតិតទៅមុខទៀត ។
ជាទីអវាសាន នៃសុន្ទរកថាស្វាគមន៍នេះ យើងខ្ញុំ សូមគោរពជូនពរដល់អង្គមហា សន្និបាត សកលលើកទី ១០ នេះ ប្រព្រឹត្តទៅឲ្យបានប្រកបដោយ ជោគជ័យ និងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំព្រមទាំងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ឲ្យបានសម្រេចជោគជ័យគ្រប់ភារកិច្ច ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ ហើយសូមឲ្យបានជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ គ្រប់ទិនទិវារាត្រី កុំបីអាក់ខានឡើយ ។
ជយោ ! កម្លាំងសាមគ្គីជាតិ !
ជយោ ! ខ្មែរក្រោមដ៏អង់អាចក្លាហាន !
ជយោ ! អង្គមហាសន្និបាតសកលលើកទី ១០ ដ៏ជោគជ័យ !
ជយោ ! សហព័ន្ធខ្មែរកម្ពុជាក្រោម ដ៏រុងរឿង !
ទីក្រុងសាន់ហូស្សេ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៦