អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣ បើក​វគ្គ​បណ្តុះបណ្តាល​យ​ល់​ដឹង​ពី​ច្បាប់​សញ្ជាតិ និង​ការតស៊ូ​មតិ ដល់​ពលរដ្ឋ​ខ្មែរក្រោម​

ដោយ ស៊ឺន ចែងចើន| VOKK

នៅ​ព្រឹក​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៧ នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣ បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ ស្តីពី​ការតស៊ូ​មតិ និង​ច្បាប់​នានា​ពាក់ព័ន្ធ នឹង​សញ្ជាតិ និង​អត្តសញ្ញាណប័ណ្ណ រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៦ នៅ​ក្រុង​សៀមរាប ដោយមាន​អ្នកចូលរួម​ប្រមាណ ៥០ នាក់ ក្នុងនោះ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ២៥ នាក់ មកពី​សង្កាត់​ស្លក្រាម ក្នុង​ខេត្តសៀមរាប ។​

​អង្គការ​ចំនួន ៣ រួមមាន សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ មជ្ឍមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​អង្គការ​ក្រុមការងារ ដើម្បី​ដោះស្រាយ​ទំនាស់ បាន​សហការ​រួមគ្នា បើក​វគ្គ​បណ្តុះបណ្តាល ដើម្បី​ពង្រឹង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ពលរដ្ឋ​ខ្មែរក្រោម យល់ដឹង​ពី​សិទ្ធិ​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា យល់ដឹង​ពី​ប្រព័ន្ធ​ច្បាប់​នានា និង​ការតស៊ូ​មតិ​ក្នុង​ការរស់នៅ​របស់ខ្លួន ។ នៅក្នុង​ពិធី​វគ្គ​បណ្តុះបណ្តាល​នេះដែរ ក៏មាន​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​យល់​ពី​សិទ្ធិ​រស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម ក្នុង​ខេត្តសៀមរាប​ផងដែរ ។ ដោយ​កន្លងមក​អាជ្ញាធរ​មួយចំនួន មានការ​រើសអើង និង​មិនបាន​យល់ដឹង​ពី​សិទ្ធិ និង​កា​ត្វ​កិច្ច​រស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម ។​

ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន ជុំ​ជួន បាន​ថ្លែង នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល នា​ព្រឹក​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៧ នេះ​ថា «​គោលបំណង​នៃ​ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ចង់​ឲ្យ​អ្នកចូលរួម​ស្វែងយល់ អំពី​របៀប​នៃ​ការតស៊ូ​មតិ ពាក់ព័ន្ធ​ច្បាប់ និង​លិខិត​តុ​បក​រណ៍​ផ្សេងៗ របស់​ជាតិ និង​អន្តរជាតិ ដែល​ពាក់ព័ន្ធ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ។ ជាពិសេស គឺ​ស្វែងរក​វិធី​ដំណោះស្រាយ ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ទទួលបាន​នូវ​អត្តសញ្ញាណប័ណ្ណ​ជា​ជនជាតិខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា ។ នេះ​ជា​ចំណុច​សំខាន់​ដែល​ខាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ​»​។​

កញ្ញា ស្រី សុធាវី ដែលជា​នាយិកា​របស់​អង្គការ​ក្រុមការងារ ដើម្បី​ដោះស្រាយ​ទំនាស់ ហៅ​កាត់​ថា A.C.T បាន​ឲ្យ​ដឹងថា «​មួយ​ហេតុដែល​ក្រុមការងារ​អង្គការ​សង្គម​ស៊ីវិល បើក​វគ្គប​ណ្តុះ​បណ្ត​ល​នៅ​ខេត្តសៀមរាប​នេះ គឺ​ដោយសារ​នៅ​ទីនោះ មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ច្រើន ហើយ​នាពេល​កន្លងមក ពលរដ្ឋ​ខ្មែរក្រោម​នៅ​ខេត្តសៀមរាប តែងមាន​បញ្ហារ​ជាច្រើន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដួច​ជាការ​រើសអើង​មិន​ព្រមធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ។ ការចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម ដោយ​ចោទថា ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ជាដើម ។ ជាក់ស្តែង កាលពី​ថ្ងៃទី ១៨ ខែមិថុនា កន្លងមកនេះ មាន​ករណី​បាត់​ព្រះកាយ​របស់​ព្រះសង្ឃ​ខ្មែរក្រោម ១ អង្គ និង​លោកតា​អាចារ្យ​ម្នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ខេត្តសៀមរាប​ចាប់​ទៅ​ប៉ុស្តិ៍​សួរនាំ ហើយ​បន្ទាប់ពី​ការសួរនាំ​ពី​អាជ្ញាធរ​រួចមក ក៏​បាត់​ខ្លួន​តែម្តង ដែល​គិត​មកដល់ពេលនេះ គឺ​ជាង ១ ខែ​ហើយ នៅ​មិនទាន់​រកឃើញ​ព្រះកាយ​ព្រះសង្ឃ និង​លោកតា​អាចារ្យ​នៅឡើយ ។ ដូច្នេះ ទើប​ក្រុមការងារ​របស់លោក​ស្រី បានរៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប ដើម្បី​ឲ្យ​អាជ្ញាធរ​បានដឹង និង​យល់​ពី​ច្បាប់ និង​បញ្ហារ​លំបាក់​របស់​ពល​រដ្ឋ​ខ្មែរក្រោម​»៕