ពិធី​ប្រណាំង​គោ នៅ​ខេត្ត​មាត់ជ្រូក នៃ​ដែនដី​កម្ពុជា​ក្រោម ស្រូប​ទេសចរ​រាប់ពាន់នាក់​

ប្រភព VNS (Viet Nam News) រាយការណ៍បន្ថែម ដោយ ស៊ឺន ចែងចើន

​ពិធី​ប្រណាំង​គោ ដែលជា​ប្រពៃណី​ពលរដ្ឋ​ខ្មែរក្រោម ជុំវិញ​ភ្នំ​ពពាល ខេត្ត​មាត់ជ្រូក បាន​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​មាន​ប្រជាប្រិយភាព មិន​ថា​ប្រជាជន​ក្នុងស្រុក និង​ភ្ញៀវទេសចរ​នោះទេ ។ ពិធី​ប្រណាំង​គោ​ឆ្នាំ ២០១៨ នេះ ប្រារព្ធ​ឡើង នៅ​ថ្ងៃទី ១៤ និង ១៥ ខែតុលា ក្រោយ​បញ្ចប់​រដូវ​បុណ្យ​សែនដូនតា​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម ដោយមាន​គោ​ចំនួន ២៥ គូ មកពី​ទូទាំង​ស្រុក​តិ​ញ​ប៊ៀ​ន ចូលរួម​ប្រណាំង​យ៉ាង​ស្វិតស្វាញ ។​

​ជា​ស្រុក​ជនបទ​ដាច់ស្រយាល​នៅ​ខេត្ត​មាត់ជ្រូក ដែល​បច្ចុប្បន្ន​រដ្ឋ​ភិ​បាល​វៀតណាម ប្តូរ​ឈ្មោះ​ទៅជា​ខេត្ត​អាងយ៉ាង នៃ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ ។ តិ​ញ​ញ​ប៊ៀ​ន ត្រូវបាន​ប្រជាជន​កម្ពុជា ស្គាល់​ថា ជា​អតីត​ស្រុក​ក្របៅ នៃ​ទឹកដី​កម្ពុជា​ក្រោម ។​

​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១២៥ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ការធ្វើដំណើរ​ទៅមក​រវាង​ប្រទេស​កម្ពុជា និង​អ​តី​តៈ​ទឹកដី​កម្ពុជា​ក្រោម ឬ​វៀតណាម​ខាងត្បូង ត្រូវបាន​ចាត់ទុកជា​វិថី​ទេសចរណ៍​ដ៏​ពេញនិយម ។​

​ចំពោះ​ព្រឹត្តិការណ៍​ប្រណាំង​គោ​ឆ្នាំនេះ មាន​ភ្ញៀវទេសចរ​រាប់ពាន់នាក់ អ្នក​ថតរូប​អាជីព រួមទាំង​ប្រជាជន​ក្នុងស្រុក បាននាំគ្នា​មក​ទស្សនា​ពិធីបុណ្យ​ប្រពៃណី ដែល​បច្ចុប្បន្ន​មិន​ត្រឹមតែ​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ឱកាស​ដ៏​សប្បាយរីករាយ​សម្រាប់​គ្រប់​ជាតិ​សាសន៍​មក​ទស្សនា និង​លេង​កម្សាន្ត​ទៀតផង ។​

​យោងតាម​ព្រះសង្ឃ​ចាស់ៗ គង់នៅ​អារាម​ក្បែ​ទីលានប្រណាំង​គោ​នោះ ឲ្យ​ដឹងថា ការប្រណាំង​គោ​មាន​ប្រភព​ចេញពី​ទឹកចិត្ត​ស្រឡាញ់​ការងារ និង​គំនិត​បើក​ចិត្ត​ទូលាយ​របស់​ប្រជាជន​ខ្មែរ ។ កម្មវិធី​នេះ មាន​ប្រវត្តិ​ជាច្រើន​ឆ្នាំ​មកហើយ នៅពេលដែល​យុវជន​ជនបទ​នាំគ្នា​យក​គោ​មក​ភ្ជួរ​ដី​នៅតាម​វាលស្រែ​ជុំវិញ​វត្ត​អារាម ។ ព្រះអង្គ​បន្តថា កាលពី​ដើមឡើយ​កម្មវិធី​ប្រណាំង​គោ​បែបនេះ គឺ​ត្រូវ​រៀបចំឡើង​ដោយ​ក្រុម​ព្រះសង្ឃ​ខ្មែរក្រោម បន្ទាប់ពី​មានការ​ចូលរួម​ជួយ​ភ្ជួរ​រាស់​ដីស្រែ​វត្ត ។ ពួកគេ​បាន​នឹកឃើញ​ពី​ការរៀបចំ​ការប្រណាំង​គោ ដើម្បី​ជាការ​កម្សាន្ត​ផង និង​បង្កើត​បរិយាកាស​ប្រកួតប្រជែង​បង្កើន​សមត្ថភាព​ធ្វើស្រែ​ផង ។​

​ក្រោយមកទៀត ព្រះសង្ឃ ក៏​ចាប់ផ្ដើម​ផ្ដល់នូវ​រង្វាន់​លើកទឹកចិត្ត​តិចតួច ដើម្បី​ជំរុញ​ការប្រកួត​បែបនេះ​ជា​ហូរហែ ដែល​ធ្វើ​ឲ្យ​ការប្រណាំង​គោ​បាន​ក្លាយទៅជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ទន្ទឹងរង់ចាំ​ប្រចាំឆ្នាំ សម្រាប់​អ្នកស្រុក​ក្របៅ នៃ​ខេត្ត​មាត់ជ្រូក ។​

​ក្រៅពី​ការប្រកួតប្រណាំង​គោ នៅក្នុង​ឱកាស​បុណ្យ​សែនដូនតា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរក្រោម វត្ត​អារាម​តាម​ស្រុកភូមិ នៅ​កម្ពុជា​ក្រោម ជារឿយៗ ក៏មាន​រៀបចំ​កម្មវិធី​ប្រកួត​នានា ដូច​ជាការ​ប្រណាំងទូក បុណ្យ​អកអំបុក និង​បុណ្យ​សែនដូនតា​តាម​ប្រពៃណី​ខ្មែរ​ផង ។​

​យ៉ាងនេះ​ក្តី ដោយ​មើលឃើញ​ពិធី​ប្រណាំង​គោ​នេះ ចេះតែ​រីក​រាលដាល​ធំធាត់ និង​មាន​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍ និង​អាច​ទទួលបាន​ប្រាក់ចំណូល​ច្រើន​ផង​នោះ ។ ពិធី​ប្រណាំង​គោ​នេះ ត្រូវបាន​អាជ្ញាធរ​យួន​ក្នុងស្រុក​ទាំងពីរ (​ស្វាយ​ទង និង​ក្របៅ​) ដណ្តើម​ឈរឈ្មោះ​ជា​អ្នករៀបចំ​កម្មវិធី ហើយ​ប្តូរ​វេន​គ្នា​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ។​

​តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ ឲ្យ​ដឹងថា បច្ចុប្បន្ន​ពិធី​ប្រណាំង​គោ​នេះ ត្រូវបាន​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​យួន​ទទួលស្គាល់ថា ជា​វិញ្ញាសា​កីឡា​ថ្នាក់​លំដាប់​ប្រទេស ហើយ​ឋិត​ក្រោម​ការគ្រប់គ្រង ដោយ​រដ្ឋាភិបាល​ទាំងស្រុង ។​

​ជារឿយៗ នៅពេល​មាន​ពិធី​ប្រណាំង​គោ​ម្តងៗ ពលរដ្ឋ​ខ្មែរក្រោម តែង​ត្អួ​ញ​ត្អែ​ថា ប​ច្ចុ​ប​ប្បន្ន​អាជ្ញាធរ​វៀតណាម ព្យាយាម​បន្សាប​ប្រពៃណី​ខ្មែរក្រោម ខណៈដែល​ពិធីបុណ្យ​ប្រណាំង​គោ​របស់​ខ្មែរក្រោម នៅ​ខេត្ត​មាត់ជ្រូក​មួយ​នេះ តែងតែ​ប្រារព្វ នៅ​ចំ​ថ្ងៃបុណ្យ​សែនដូនតា ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ជា​រៀងរាល់ឆ្នាំ តែ​បច្ចុប្បន្ន​អាជ្ញាធរ​វៀតណាម បានរៀបចំ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ប្រារព្វ​ខុសរដូវ ដើម្បី​ទាញយក​ផលប្រយោជន៍ ពី​ពិធីបុណ្យ​ប្រពៃណី​មួយ​នេះ ។ ការ​ណី​នេះ ត្រូវបាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ចាត់ទុកថា រដ្ឋាភិបាល​វៀតណាម បាន​ប្រើ​អំណាច​មក​ជិះជាន់ និង​គាបសង្កត់​ពលរដ្ឋ​ខ្មែរក្រោម ដោយបាន​លក់​សំបុត្រ​ចូល​ទស្សនា ក្នុង​ពិធីបុណ្យ​ប្រណាំង​គោ ដើម្បី​កេ​ញ​ចំណេញ​លុយ ពី​ប្រជាជន​ខ្មែរក្រោម​ម្ចាស់​ស្រុក និង​ភ្ញៀវ​បរទេស ។​

​តាម​តួលេខ​ជំរឿន​ឆ្នាំ ២០០៩ ពី​រដ្ឋាភិបាល​វៀតណាម​ថា ខ្មែរក្រោម​មាន​ប្រមាណ​តែ ១,២៦ លាន​នាក់​ប៉ុណ្ណោះ ។ ប៉ុន្តែ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្រៅ​ប្រទេស ប៉ាន់ប្រមាណ​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ជាង ៧ លាន​នាក់ កំពុង​រស់​នៅលើ​ដែនដី​កម្ពុជា​ក្រោម ក្រោម​ការគ្រប់គ្រង​រប​ស់​វៀតណាម ៕​

រូបថតខ្លះៗ បង្ហាញពីសកម្មភាពប្រណាំងគោ នៅស្រុកក្របាវ ខេត្តមាត់ជ្រូក កម្ពុជាក្រោម