ដោយ ស៊ឺន ចែងចើន| VOKK
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលប្រមូលផ្តុំទៅដោយព្រះសង្ឃខ្មែរក្រោម មានមូលដ្ឋាននៅប្រទេសកម្ពុជា បានប្រារព្វពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលថវិកាផ្ដល់អាហារូបករណ៍ដល់សមាជិករបស់ខ្លួន ។

ពិធីបុណ្យនេះ ធ្វើឡើងនៅថ្ងៃអាទិត្យ ទី ១៨ ខែមីនា នៅកុដិ ១៧ នៃវត្តបទុមវតី ឋិតនៅក្នុងសង្កាត់ចតមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងគោលបំណងរៃអង្គាសប្រាក់ ដើម្បីរៀបចំឯកសារមួយចំនួនមានជាអាថ៍ ធ្វើលិខិតឆ្លងដែន បកប្រែឯកសារផ្សេងៗ សុំទិដ្ឋាការពីស្ថានទូតថៃប្រចាំកម្ពុជា និងដោះស្រាយមធ្យោបាយផ្សេងៗ ជាច្រើនទៀត ដើម្បីបញ្ជូនសមណនិស្សិតចំនួន ១៥ អង្គទៅបន្តការសិក្សានៅប្រទេសថៃ និងផ្ដល់ជាអាហារូបករណ៍ដល់សមណនិស្សិតក្រីក្រ ដែលកំពុងសិក្សាមហាវិទ្យាល័យនានា នៅក្នុងប្រទេសកម្ពុជា ចំនួន ៣៩ អង្គ និងរូប ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ មានពុទ្ធដីកា ថា ដោយមើលឃើញពីកង្វះខាតថវិកាក្នុងការសិក្សារៀនសូត្ររបស់សមាជិក-សមាជិកា សិស្ស-និស្សិត នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលកំពុងរៀននៅតាមបណ្តាមហាវិទ្យាល័យ ទាំងក្នុង និងក្រៅប្រទេស និងគោលបំណងរួមចំណែកក្នុងការកសាងសង្គមជាតិ និងដើម្បីបណ្តុះបណ្តាលធនធានមនុស្សឲ្យមានចំណេះដឹង និងស្របទៅតាមទស្សនវិស័យអភិវឌ្ឍន៍ធនធានមនុស្សនៃអង្គការរបស់ខ្លួន ដែលមានពាក្យស្លោកថា «ធនធានមនុស្ស ជាមូលដ្ឋានគ្រឹះនៃការកសសាងសង្គម» ។ ដូច្នេះហើយ ទើបអង្គការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម សម្រេចប្រារព្វពិធីបុណ្យផ្ការស្មីសាមគ្គីនេះឡើង ដើម្បីស្វែងរកការឧបត្ថម្ភជាថវិកា ពីសប្បុរសជន ដែលបានចូលរួមកម្មវិធីនេះ យកមកផ្ដល់អាហារូបករណ៍ដល់សមាជិករបស់ខ្លួន ដែលកំពុងបន្តការសិក្សា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ។

ព្រះតេជព្រះគុណ សឺន សុផារិន្ទ មានពុទ្ធដីកាបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានចូលរួមបណ្តុះបណ្តាលធនធានមនុស្សរាប់សិបអង្គ និងនាក់ ដោយបានផ្តល់អាហារូបករណ៍ដល់សមណនិស្សិត-និស្សិតខ្មែរក្រោមក្រីក្រ កំពុងសិក្សានៅប្រទេសកម្ពុជា សរុបបានចំនួន ១៥២ អង្គ និងនាក់ និងបានបញ្ជូនសមណនិស្សិត-និស្សិតខ្មែរក្រោម ទៅបន្តការសិក្សានៅប្រទេសថៃ សរុបចំនួន ១១៣ អង្គ និងនាក់ ។
ព្រះសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ ឌឿង វិជ័យ ដែលទទួលបានអាហារូបករណ៍ ពីសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម រហូតដល់ព្រះអង្គសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសិក្សាជំនាញភាសាអង់គ្លេស នៅសាកលវិទ្យាល័យ West Stern មានពុទ្ធដីកាថា ការផ្តល់អាហារូបករណ៍នេះ ជួយសម្រាលបន្ទុកដល់ព្រះអង្គបានច្រើន ។ ព្រះអង្គថា បើគ្មានអាហារូបករណ៍ ដែលផ្តល់ដោយសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នោះទេ ព្រះអង្គ នឹងគ្មានលទ្ធភាព ដើម្បីបញ្ចប់ការសិក្សា នៅថ្នាក់បរិញ្ញាបត្របានឡើយ ។

ស្រដៀងគ្នានេះដែរ លោក ស៊ី ស័ក្តិបូរិន ជាអតីតនិស្សិតធ្លាប់ទទួលបានអាហារូបករណ៍ពីសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅឆ្នាំបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកប្រវត្តិវិទ្យា នៅសាកលវិទ្យាល័យខេមរៈ បានលើកឡើងថា ការឧបត្ថម្ភនេះ បានជួយដោះស្រាយ និងសម្រាលបន្ទុកមួយចំណែកធំដល់ការសិក្សារបស់លោក ដែលកាលណោះ លោកកំពុងសិក្សាឆ្នាំបញ្ចប់ បានជួបប្រទះ នឹងកង្វះខាត់ថវិកា ក្នុងការសិក្សានៅថ្នាក់មហាវិទ្យាល័យ ។

ចំណែកលោក សា ម៉ូរ៉ា ជាអ្នកចូលរួមយ៉ាងសកម្មគ្រប់កម្មវិធី ដែលរៀបចំឡើងដោយសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានលើកឡើងថា បុណ្យផ្ការស្មីសាមគ្គីជាកម្មវិធីមួយដែលរៀបចំឡើង ដើម្បីរៃអង្គាសថវិកាពីសប្បុរសជននានា ដើម្បីរួមចំណែកជួយទៅដល់ការសិក្សារបស់ព្រះសង្ឃខ្មែរក្រោម ជាសមណនិស្សិត និងនិស្សិតក្រីក្រ និងជួយផ្គត់ផ្គង់ប្អូនៗ ជាសិស្សានុស្ស ដែលស្នាក់នៅជាមួយព្រះសង្ឃផង ។ បើតាមលោក សា ម៉ូរ៉ា ការដែលជួយជំរុញលើកទឹកចិត្កឲ្យលោកតែងចូលរួមម្មវិធីសប្បុរសធម៌របស់សម្ព័ន្ធ ដោយលោកយល់ឃើញថា សង្គមជាតិមួយ ដែលរីកចម្រើនទៅបាន គឺត្រូវបណ្តុះបណ្តាលធនធានមនុស្សជាមូលដ្ឋាន ។ ព្រោះថាព្រះសង្ឃខ្មែរក្រោម គឺជាកម្លាំងចលករនៅក្នុងសង្គម មិនអាចខ្វះបានក្នុងការជួយអភិវឌ្ឍន៍សង្គមខ្មែរក្រោម ឲ្យកាន់តែមានភាពរីកចម្រើន ។ ជាពិសេស ការធ្វើការតស៊ូមតិដោយសន្តិវិធី ដើម្បីស្វែងរកសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែនៅក្រោមនឹម ត្រួតត្រារបស់រដ្ឋាភិបាលយួនកម្មុយនិស្តសព្វថ្ងៃ ។

ប្រធានគណៈកម្មការទ្រទ្រង់នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងជាម្ចាស់ជំនួយមួយរូបផងនោះ លោក ថើស ចន្ទ្រា បានលើកឡើងពីគម្រោងថវិកា សម្រាប់ចំណាយក្នុងឆ្នាំ ២០១៨ នេះ ថា មានរហតូដល់ទៅរាប់ម៉ឺនដុល្លារ ។ បើគិតត្រឹមតែផ្នែកអំប់រំ គឺត្រូវចំណាយ ១៧,៧៥០ ដុល្លារ ។ ចំណែកផ្នែកផ្សេងៗ ទៀត មានដូចជា ផ្នែកស្រាវជ្រាវវប្បធម៌ និងផ្សព្វផ្សាយ ផ្នែកសង្គមកិច្ច ផ្នែករដ្ឋបាល និងផ្នែកកិច្ចប្រជុំប្រចាំខែ និងដំណាច់ឆ្នាំ ។ ជាសរុបគម្រោងថវិកា សម្រាប់ចាយវាយប្រចាំឆ្នាំ ២០១៨ របស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មានចំនួន ២៦,៣៥០ ដុល្លារ ។

លោក ថើស ចន្ទ្រា បានគូសបញ្ជាក់ថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មិនមានកញ្ចប់ថវិកា សម្រាប់ធ្វើសកម្មភាពបណ្តុះបណ្តាលធនធានមនុស្សឡើយ ។ លោកថា ប្រភពថវិកា បានមកពីការចូលរួមឧបត្ថម្ភរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ។ ក្រៅពីនេះ ជារៀងរាល់ឆ្នាំ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម តែងរៀបចំកម្មវិធីចំនួន ២ លើក គឺកម្មវិធី «បុណ្យផ្ការស្មីសាមគ្គី» និងកម្មវិធី «ជំនួបនិស្សិត បញ្ញាវន្តខ្មែរកម្ពុជាក្រោម និងសប្បុរសជន» ក្នុងគោលបំណងស្វែងរកការឧបត្ថម្ភជាថវិកា ដើម្បីផ្គត់ផ្គង់ការសិក្សា ដល់សមជិករបស់ខ្លួន ដែលកំពុងបន្តការសិក្សា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ។
យ៉ាងនេះក្តី លោក ថើស ចន្ទ្រា អះអាងថា ថវិកាដែលបានមកពីប្រភពទាំងអស់នេះ គឺមិនអាច ឆ្លើយតប នឹងសេចក្តីត្រូវការនៃការចំណាយ ទៅវិស័យអាទិភាពរបស់សម្ព័ន្ធទេ ដូចជាវិស័យអប់រំជាដើម ។
ជាមួយគ្នានេះដែរ លោកអំពាវនាវទៅកាន់ម្ចាស់ជំនួយទាំងនៅក្នុងប្រទេស និងក្រៅប្រទេសឲ្យបន្តគាំទ្រ សកម្មភាពរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម កាន់តែច្រើនឡើង ៗ ដើម្បីសម្ព័ន្ធមានលទ្ធភាពរៀបចំពិធីប្រគេន និងជូនអាហារូបករណ៍ដល់សមណនិស្សិត-និស្សិតក្រីក្រ ដែលកំពុងសិក្សានៅក្នុងប្រទេស និងបញ្ជូនសមណនិស្សិតទៅបន្តការសិក្សា នៅឯបរទេស នៅឆ្នាំបន្តបន្ទាប់ទៀត ។
យោងតាមរបាយការណ៍ នៅឆ្នាំ ២០១៧ កន្លងទៅនេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានផ្តល់អាហារូបករណ៍ដល់សមណនិស្សិត-និស្សិតខ្មែរក្រោមក្រីក្រ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នៅតាមបណ្តាសាកលវិទ្យាល័យ ក្នុងប្រទេសកម្ពុជា ចំនួន ២៦ អង្គ និងនាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រ ២២ អង្គ និងនាក់ ថ្នាក់អនុបណ្ឌិត ៤ អង្គ និងនាក់ និងបានជូនសម្ភារៈសិក្សាមានសៀវភៅសរសេរ ប៊ិក និងថវិកាបន្តិចបន្តួចដល់ប្អូនៗ ជាសិស្សានុស្ស ដែលស្នាក់នៅជាមួយព្រះសង្ឃចំនួន ៦០ នាក់ ។
ចំណែកការបញ្ជូនព្រះសង្ឃទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅបរទេស មានប្រទេសថៃ និងឥណ្ឌា ចំនួន ១០ អង្គ ។
របាយការណ៍ដដែល បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់ឆ្នាំ ២០១៧ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជូនសមណនិស្សិត-និស្សិតខ្មែរក្រោម ទៅបន្តការសិក្សានៅប្រទេសថៃ សរុបចំនួន ១១៣ អង្គ និងបានផ្តល់អាហារូបករណ៍ដល់សមណនិស្សិត-និស្សិតខ្មែរក្រោមក្រីក្រ កំពុងសិក្សានៅប្រទេសកម្ពុជា អស់រយៈពេល ៨ ឆ្នាំ គិតចាប់ពីឆ្នាំ ២០១០ មក សរុបបានចំនួន ១៥២ អង្គ និងនាក់ ។
ឆ្លើយតប នឹងសំនួរថា តើសម្ព័ន្ធសមណនិស្សិត – និស្សិតខ្មែរកម្ពុជាក្រោម ទទួលបានផលអ្វីមកវិញ ពីសមាជិករបស់ខ្លួន បន្ទាប់ពីជួយទំនុកបម្រុងផ្តល់ការសិក្សា ដល់សមាជិករបស់ខ្លួននោះ ? ។ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ បានគូសបញ្ជាក់ថា អង្គការរបស់ខ្លួន ក៏ទទួលបានផលប្រយោជន៍មកវិញ ពីសមាជិករបស់ខ្លួន បន្ទាប់ពីជួយទំនុកបម្រុង ផ្តល់ការសិក្សាដល់សមាជិករបស់ខ្លួនរួចមក ។ ដោយព្រះអង្គ បានលើកឡើងថា ក្រោយពីសមាជិករបស់ខ្លួនទទួលបានជោគជ័យក្នុងការសិក្សារៀនសូត្រ ពួកគេតែចូលរួមបំរើផលប្រយោជន៍ជាតិ និងសង្គមខ្មែរក្រោមយ៉ាងសកម្ម ដែលប្រការនេះ ជាអ្វីដែលសម្ព័ន្ធចង់បាន ។ ព្រោះវាស្របទៅតាមទស្សនវិស័យបេសកកម្ម និងគោលបំណងរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ។
តាមរយៈទូរទស្សន៍ ព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ បានអំពាវនាវទៅកាន់ម្ចាស់ជំនួយទាំងនៅគ្រប់ទិសទីទាំង សូមជួយបន្តគាំទ្រសកម្មភាពរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដើម្បីជួយឧបត្ថម្ភថវិកា សម្រាប់បំពេញនូវតម្រូវការងារប្រចាំឆ្នាំ និងមានលទ្ធភាពអាចរៀបចំពិធីប្រគេន និងជូនអាហារូបករណ៍ដល់សមណនិស្សិត-និស្សិតក្រីក្រ នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមចំណែកក្នុងការកសាងសមង្គមជាតិ ។
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការក្រៅរដ្ឋាភិបាលមួយ បានបង្កើតឡើង កាលពីឆ្នាំ ២០០២ ដោយព្រះសង្ឃខ្មែរក្រោមជានិស្សិត ដែលនិមន្តមកសិក្សានៅក្នុងប្រទេសកម្ពុជា ផ្ដោតការយកចិត្តទុកដាក់លើវិស័យសិក្សាអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សជាចម្បង ៕
ខាងក្រោមនេះ ជារូបភាពខ្លះៗ នៃសកម្មភាពក្នុងពិធីបុណ្យផ្ការស្មីសាមគ្គីរបស់របស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ១៨ មីនា ២០១៨ ។ រូបថតៈ ស៊ឺន ចែងចើន