ដោយ ស៊ឺន ចែងចើន| VOKK
ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី ១៩ មេសា ដែលជាថ្ងៃទី ៤ នៃកិច្ចប្រជុំលើកទី ១៧ របស់វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) បានមានមតិយល់ឃើញរបស់ខ្លួន ទៅមន្ត្រីតំណាងប្រទេសវៀតណាម ប្រចាំអង្គការសហប្រជាជាតិ បានធ្វើរបាយការណ៍របស់ខ្លួន ជម្រាបទៅអង្គវេទិកាថា បណ្តាក្រុមជនជាតិ ដែលនៅក្នុងប្រទេសវៀតណាមទាំង ៥៤ ក្នុងនោះមានជនជាតិខ្មែរផង ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ និងរស់នៅក្នុងភាពសុខដុម និងសាមគ្គីភាពជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ នៅលើទឹកដីនៃប្រទេសវៀតណាម ។ មន្រ្តីរូបនេះដដែល បានបញ្ជាក់ថា គ្មានឡើយជនជាតិដើម នៅលើដែនដីរបស់វៀតណាម ដោយអះអាងថា ពួកគេជាជនជាតិភាគតិច រស់នៅលើដែនដីរបស់ខ្លួនទៅវិញ ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល វៀតណាមបានលើកឡើងទៀតថា រដ្ឋាភិបាលរបស់ខ្លួន បានផ្តល់សិទ្ធិសេរីភាពពេញលេញ ទៅដល់បណ្តាក្រុមជនជាតិទាំង ៥៤ រួមទាំងខ្មែរក្រោមផង ដោយមន្រ្តីតំណាងរដ្ឋាភិបាលរូបនេះ បានលើកបង្ហាញអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ដោយផ្តល់ការអប់រំដល់ពួកគេ និងថាបណ្តាក្រុមជនជាតិទាំងនោះ មានប្រពន្ធផ្សព្វផ្សាយជាភាសាកំណើតរបស់ខ្លួន មានវិទ្យុ និងទូរទស្សន៍ជាដើម ។
ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់មន្រ្តីវៀតណាមរួចមក ក្រុមយុវជនខ្មែរក្រោម បានចាប់អារម្មណ៍ដោយយល់ថា មិនអាចទទួលយកបានឡើយ ចំពោះការលើកឡើងរបស់តំណាងប្រទេសវៀតណាម ដែលចាត់ទុកខ្មែរក្រោមជាជនជាតិភាគតិច ។ ពួកគេបានទាមទារឲ្យប្រទេសវៀតណាម គោរពសិទ្ធិរបស់ខ្មែរក្រោម ដូចដែលមានចែងក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម ។