គ្រួសារ​ជនរងគ្រោះ​ខ្មែរក្រោម ​ដែល​មន្ត្រីនគរបាល​បាញ់​សម្លាប់ បន្ត​ទាមទារ​រក​យុត្តិធម៌​

ដោយ យាង សុធា​រិន្ទ

គ្រួសារ​បុរស​ខ្មែរក្រោម​ ដែល​ត្រូវបាន​ជនដៃដល់​ ជា​មន្ត្រីនគរបាល​បាញ់​សម្លាប់​ កាលពី​យប់ ថ្ងៃទី ​២៦ ខែកញ្ញា ឆ្នាំ​ ២០២០ នៅក្នុង​សង្កាត់​បឹងកក់ ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បន្ត​ទទូចឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស​ឱ្យបាន​ឆាប់​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ ។ ​ចំណែក​ក្រុមគ្រួសារ​ជនរងគ្រោះ ក៏​កំពុង​ជួបប្រទះ​ការលំបាក​ ក្រោយពី​បាត់បង់​ប្តី​និង​ឪពុក ដែលជា​បង្គោល​សំខាន់បំផុត ​នៅក្នុង​គ្រួសារ​ ។

លោក សុខ សុធន ហៅ កេន ត្រូវបានជនដៃដល់ ដែលជាមន្រ្តីនគរបាលបាញ់ ចំនួនមួយគ្រាប់ចំដើមទ្រូង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ។ រូបពីហ្វេសប៊ុក
លោក សុខ សុធន ហៅ កេន ត្រូវបានជនដៃដល់ ដែលជាមន្រ្តីនគរបាលបាញ់ ចំនួនមួយគ្រាប់ចំដើមទ្រូង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ។ រូបពីហ្វេសប៊ុក

​បើទោះជា​អំពើ​ឃាតកម្ម​លើ​បុរស ​ដែលមាន​ឈាមជ័រ​ជា​ខ្មែរក្រោម ​បានកើត​ឡើង​អស់​រយៈ ពេល​ជិត ​១​ ខែ​កន្លង​ទៅហើយ​ក្តី ជនដៃដល់​មិនទាន់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ​ទេ បើទោះជា មុខមាត់​ និង​អត្តសញ្ញាណ​របស់​ជនដៃដល់​នោះ ត្រូវបាន​លាតត្រដាង​ខ្លះៗ ​រួចហើយ​ក្តី​ ។

​គួររម្លឹកថា លោក សុខ សុធន ហៅ កេ​ន ត្រូវបាន​ជនដៃដល់ ​ដែលជា​មន្ត្រីនគរបាល​បាញ់ ចំនួន​មួយ​គ្រាប់​ចំ​ដើមទ្រូង​ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​ នៅ នឹងកន្លែង កាលពី​វេលា​ម៉ោង ១០​ យប់ ថ្ងៃទី ​២៦ ខែកញ្ញា ឆ្នាំ​ ២០២០ នៅក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។ ក្រោយ​ការបាញ់ប្រហារ​នោះ ជនដៃដល់​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​រហូត​ដល់សព្វថ្ងៃ​ ។

ភរិយា​ជនរងគ្រោះ​ គឺ​អ្នកស្រី ឆាយ សុខ​ម៉េង អាយុ​៤០​ឆ្នាំ បានឱ្យដឹងថា​ពីមុនមក​គ្រួសារ អ្នកស្រី​ធ្លាប់​ត្រូវបាន​ជនដៃដល់​ ដែលជា​មន្ត្រីនគរបាល​ប្តឹងទៅ​សាលាសង្កាត់​ម្តង​រួចមកហើយ ដោយបាន​ចោទ​គ្រួសារ​អ្នកស្រី​ថា​ បាន​ចត​ឡាន​ប៉ះពាល់​ដល់ផ្ទះ​របស់គេ ​។ ក្រោយមក គ្រួសារ​អ្នកស្រី​ក៏បាន​ធ្វើតាម​ការណែនាំរ​បស់​សមត្ថកិច្ច ហើយ​ចាប់តាំងពី​ពេល​នោះមក គ្រួសារ​អ្នកស្រី​ក៏​មិនមាន​ទំនាស់​អ្វី​ជាមួយ​ជនដៃដល់​នោះទេ គ្រាន់តែ​អន់ចិត្ត​គ្នា​ហើយ​មិន និយាយ​រាប់រក​គ្នា​ប៉ុណ្ណោះ​ ។

​អ្នកស្រី ឆាយ សុខ​ម៉េង និងកូនស្រីទាំង ៤ នាក់ ។ រូបៈ Screenshot
​អ្នកស្រី ឆាយ សុខ​ម៉េង និងកូនស្រីទាំង ៤ នាក់ ។ រូបៈ Screenshot

​អ្នកស្រី ឆាយ សុខ​ម៉េង រៀបរាប់ថា មុន​ការបាញ់ប្រហារ ប្តី​អ្នកស្រី​បាន​ជួបជុំ​ហូបចុក​កំសាន្ត ជាមួយ​មិត្តភក្តិ​ ដែល​មកពី​ខេត្តកំពង់ចាម​ នៅខាងមុខ​ផ្ទះ​អ្នកស្រី ប៉ុន្តែ​មិនមាន​ទំនាស់​អ្វី​ជាមួយ ជនដៃដល់​នោះទេ​ ។

​ក្រោយ​ហូបចុក​រួច​មិត្តភក្តិ​ក៏បាន​ចាកចេញ​ទៅវិញ​អស់​សល់​តែ​ប្តី​អ្នកស្រី​ ។ ពេលនោះ​ជន​រង គ្រោះ​បានរៀបចំ​យក​ម៉ូតូ រើ​អីវ៉ាន់ និង​បរ​ឡាន​ចូល​ទុក​ក្នុងផ្ទះ ពេលនោះ ស្រាប់តែ​ជនដៃដល់ ដែល​អ្នកស្រី​មិនដឹង​ច្បាស់​ថា ​លេចចេញ​ពី​ណា​នោះទេ បាន​ដើរមក​បាញ់​ប្តី​អ្នកស្រី​តែម្តង រួច​ក៏​ឡើង​ជិះ​ម៉ូតូ​បើក​គេចខ្លួន​ ។​

​ក្រោយមក​ជនដៃដល់​ត្រូវបាន​គេ​ដឹងថា​មានឈ្មោះ លី ថា​រិ​យ ​។ រូបថត​ជនដៃដល់ ​ដែលមានពាក់​ឯកសណ្ឋាន​ជា​កងកម្លាំង​នគរបាលជាតិ និង​មាន​ឋានន្តរ​ជា​អនុសេនីយ៍ត្រី ឬ​សក្តិ​ ១ ត្រូវ បាន​លាតត្រដាង​ផងដែរ ​។

​ជនដៃដល់​ជាមន្រ្តីនគរបាលជាតិ ​ឈ្មោះ លី ថា​រិ​យ មាន​ឋានន្តរ​ជា​អនុសេនីយ៍ត្រី ឬ​សក្តិ​ ១ ។ រូបៈ Screenshot
​ជនដៃដល់​ជាមន្រ្តីនគរបាលជាតិ ​ឈ្មោះ លី ថា​រិ​យ មាន​ឋានន្តរ​ជា​អនុសេនីយ៍ត្រី ឬ​សក្តិ​ ១ ។ រូបៈ Screenshot

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន បាន​ថ្លែង ប្រាប់​សារព័ត៌មាន​ព្រៃនគរ​ នៅ​ថ្ងៃទី ​១៥ ខែតុលា ថា សមត្ថកិច្ច​កំពុង​តាមដាន​ចាប់​ជនល្មើស នៅឡើយ ។

«​ឥលូវ​ខ្ញុំ​កំពុង​តាមដាន​ចាប់​ជនល្មើស វា​អត់​ហ៊ាន​ថា​ដល់​ណា មិនដឹងថា​ជនល្មើស​នៅ​ណា កំពុងតែ​តាមរក គ្រាន់តែ​ខ្ញុំ​រក​អត់​ទាន់​ឃើញ ចុះ​តែ​ប៉ុណ្ណឹង​ទៅបាន​ហើយ ហើយ​កំពុង​បន្ត​ខិតខំ រុករក​មុខសញ្ញា​នេះ​»​ ។

​លោក ឆាយ គឹម​ខឿន បញ្ជាក់ថា ជនដៃដល់ ​គឺជា​មន្ត្រីនគរបាល​នៃ​សង្កាត់​វត្តភ្នំ ក្នុងខណ្ឌដូនពេញ ហើយ​ជនដៃដល់​ក៏ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខណ្ឌ​នគរបាលជាតិ​ផងដែរ​ ។

​អ្នកស្រី ឆាយ សុខ​ម៉េង ដែលជា​ភរិយា​ជនរងគ្រោះ បន្ត​ស្នើឱ្យ​សមត្ថកិច្ច​ចាប់​ជនដៃដល់​មក ផ្តន្ទាទោស ​ដើម្បី​រក​យុត្តិធម៌​ឱ្យ​ប្ តី​និង​គ្រួសារ​អ្នកស្រី​ ។

«​ជនដៃដល់​គេ​ធ្វើជា​ប៉ូលីស​ ហើយ​គេ​មាន​ខ្នង​ធំ​នៅ​ពីក្រោយ មកដល់ពេលនេះ​ហើយ ​អត់​ទាន់ចាប់បាន​ជនដៃដល់​ទៀត ខ្ញុំ​ចង់​អំពាវនាវ​ទៅដល់​សមត្ថកិច្ច​ឱ្យជួយ​ស្វែងរក​យុត្តិធម៌​ឱ្យ​គ្រួសារ​ខ្ញុំ ហើយ​ និង​ជួយ​ចាប់​ជនដៃដល់​ឱ្យបាន​ក្នុងពេល​ឆាប់ៗ​» ​។

​លោក សុខ សុធន ដែលជា​ជនរងគ្រោះ​មាន​ឪពុកម្តាយ​ជា​ខ្មែរក្រោម ​មកពី​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជាក្រោម ប៉ុន្តែ​ លោក​មាន​កំណើតកើតជា​នៅក្នុង​ប្រទេស​កម្ពុជា​ ។

​លោក​មានមុខរ​បរជា​ជាងកាត់សក់ ​និង​បាន​ជួល​ផ្ទះ​គេ​បើកហាង​កាត់សក់​មួយកន្លែង​ នៅក្នុងខណ្ឌ​ទូល​គោក ទី​ដែល​លោក​ត្រូវបាន​ជនល្មើស​បាញ់សម្លាប់ ​។​

​លោក សុខ សុធន ​ជនរងគ្រោះក្នុងអំពើឃាតកម្ម ។  រូបៈ​ Screenshot
​លោក សុខ សុធន ​ជនរងគ្រោះក្នុងអំពើឃាតកម្ម ។ រូបៈ​ Screenshot

​លោក ​និង​ភរិយា​មានកូន​ចំនួន​ ៤​ នាក់​នៅក្នុង​បន្ទុក​ ។ ប្តី​ស្លាប់​មិនទាន់​ទាំង​បាន​មួយខែ​ផង ជីវិត​អ្នកស្រី សុខ​ម៉េង និង​កូនៗ ​ចាប់ផ្តើម​ជួបប្រទះ​បញ្ហាលំបាក​ជា​បណ្តើរៗ​ ទៅហើយ​ ។ កូន​ដែល​ធ្លាប់​រៀន​ទាំង​នៅ​សាលា​ខ្មែរ​ និង​សិក្សា​ភាសាបរទេស ​នៅ​សាលា​ឯកជន ពេលនេះ ត្រូវ​បង្ខំចិត្ត​ឱ្យ​កូនផ្អាក​រៀន​ភាសាបរទេស​សិន និង​ស្នើសុំ​ដាក់​កូន​រៀន​ នៅតាម​សាលាអង្គការ​វិញ​ដែរ ​។

«​ប្រឈមមុខ​ជាងគេ ​គឺ​ខ្ញុំ​ជួល​ផ្ទះ​គេ​ហើយ​ខ្ញុំ​អត់​មាន​សមត្ថភាព​បង់លុយ​ផ្ទះ​គេ​ទេ ដល់ពេល​អ៊ីចឹង អ៊ី​ម្ចាស់ផ្ទះ​គាត់​ថាឱ្យ​នៅ​សិន​ទៅ ចាំមើល​គេ​ដោះស្រាយ​យ៉ាងម៉េច គាត់​ឱ្យ​ខ្ញុំ​នៅ​បណ្តោះអាសន្ន សិន ចឹ​ង​ខ្ញុំ​ក៏​នៅ​សិន​មិនទាន់​បង់ថ្លៃ​ផ្ទះ​គេ​ផង ហើយ​មិនដឹងថា​ទៅមុខទៀត​វា​យ៉ាងម៉េច​?»។

​ទាក់ទង ​នឹង​បញ្ហា​នេះ លេខាធិការដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ នៅ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​ ១៥ ខែតុលា អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនដៃដល់ ដែល​បាន​បាញ់សម្លាប់​លោក សុខ សុធន មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ ។

​លេខាធិការដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានលើកឡើង​ នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​យើងខ្ញុំ​ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ​នៅក្នុងពេល​បច្ចុប្បន្ននេះ និង​នាពេលអនាគត អាច ​នឹងមាន​ការកើត​ឡើងជា​បន្តបន្ទាប់​ទៀត ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនមាន​វិធានការ​ណាមួយ​ ទៅតាម​នីតិវិធី​ឱ្យបាន​ទាន់ពេល ព្រោះ​ដោយ​ពិនិត្យឃើញថា ក្នុង​រយៈពេល​ចុង​ក្រោយនេះ មាន​ខ្មែរក្រោម​ក្នុង​ចំនួន​បង្គួរ ត្រូវបាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ ដែលគួរឱ្យ​សោកស្តាយ​ក្រៃលែង​» ​។

មន្រ្តីលេខាធិការដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ នៅ​កម្ពុជា ថ្លែងក្នុងសន្និសីទកាសែត នាពេលកន្លងមក ។ រូបៈ​ Screenshot
មន្រ្តីលេខាធិការដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ នៅ​កម្ពុជា ថ្លែងក្នុងសន្និសីទកាសែត នាពេលកន្លងមក ។ រូបៈ​ Screenshot

​ក្រៅពី​លើកឡើង ​ពី​ការស្លាប់​របស់លោក សុខ សុធន ពួកគេ​ក៏បាន​រម្លឹក​ពី​ករណី​ស្លាប់​របស់យុវជន​ខ្មែរក្រោម ថាច់ ភារ​ម្យ ដែល​បាន​ស្លាប់​ដោយ​លង់ទឹក​ទន្លេ​និង​មាន​ជាប់​ខ្នោះ​នៅ​នឹង​ដៃ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ៣ ខែកញ្ញា ឆ្នាំ ​២០២០ ​។ ករណី​ព្រះសង្ឃ​ខ្មែរក្រោម ព្រះ​តេជព្រះគុណ កៀង សាង​សទ្ធា ព្រះចៅអធិការ​វត្ត​ច​ន្លោ​ង ដែល​ត្រូវ​រថយន្តបុក​បណ្តាលឱ្យ​សុគត​ នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី ​៤ ខែតុលា ឆ្នាំ ​២០២០​ ។ ករណី​ព្រះសង្ឃ​ខ្មែរក្រោម ព្រះ​តេជព្រះគុណ អ៊ាង សុខ​ធឿន ដែល​បាន​សុគត​យ៉ាង​អា​ថ៍កំ​បាំង នៅ​វត្ត​ទ្រនុំ​ជ្រឹង ខេត្តកណ្តាល កាលពី​ថ្ងៃទី ​២៧ ខែកុម្ភៈ ឆ្នាំ​២០០៧ និង​ករណី​ព្រះសង្ឃ​ខ្មែរក្រោម ​ព្រះនាម មាស វិចិត្រ ដែល​បាន​បាត់​ព្រះកាយ​ នៅ​ខេត្តសៀមរាប​កាលពី​ឆ្នាំ​ ២០១៧ ​។

​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា មានប្រសាសន៍ថា ជាទូទៅ​គ្រួសារ​ជនរងគ្រោះ​តែង​ទន្ទឹង​នូវ​ភាពយុត្តិធម៌​ និង​ចំណាត់ការ​ផ្លូវច្បាប់​ផ្សេងៗ​ ដើម្បីផ្តល់នូវ​សំណង​រដ្ឋប្បវេណី ​។

«​យើង​មានការ​ព្រួយបារម្ភ បើសិនជា​ករណីនេះ​ជា​សមត្ថកិច្ច​ ដែល​គេ​ស្គាល់មុខ​ទៅហើយៗ​ នៅ អត់​ទាន់​មានការ​ចាត់វិធានការ​បាន​ទៀត វា​ធ្វើឱ្យ​អំពើ​និ​ទណ្ឌ​ភាព (​ភាព​គ្មាន​ទោសពៃរ៍​) អាច​ នឹងមានការ​រីកធំឡើង​ ដោយ​អ្នក​ដែល​ប្រព្រឹត្ត​ហ្នឹង​រួច​ផុតពី​ការចាត់វិធានការ​ផ្លូវច្បាប់ ហើយ​គ្រួសារជនរងគ្រោះ​ចេះតែ​ទន្ទឹងរង់ចាំ​នៃ​ការចាត់វិធានការ​ ដើម្បី​រក​ដំណោះស្រាយ​បាន​នូវ​សំណង រដ្ឋប្បវេណី​ដើម្បី​ធ្វើការ​ចិញ្ចឹម​កូនចៅ​»​ ។​

​ឪពុក​ជនរងគ្រោះ លោក កេ​ន សុខ អាយុ ៥៧ ឆ្នាំ ដែល​បាន​ឡើងមក​រស់នៅ​ក្នុងប្រទេស កម្ពុជា​តាំងពី​ឆ្នាំ ១៩៩០ មក​នោះ អំពាវនាវ​នៅ​ថ្ងៃទី ​១២ ខែតុលា ឱ្យ​សមត្ថកិច្ច​ជួយ​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស និង​ផ្តល់​សំណង​ដល់​កូនប្រសា​របស់លោក​ ដើម្បី​យកមក​ចិញ្ចឹម​កូន ដែល​បាត់បង់​ឪពុក​ ។ លោក​ក៏បាន​ស្នើសុំ​ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ដល់​ក្រុមគ្រួសារ​លោក​ ។ លោក​ក៏​គ្រោង​នាំ​កូនចៅ​ទៅ​ស្នើសុំ​អន្តរាគមន៍ ដល់​មុខ​គេហដ្ឋាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ បើសិនជា​សមត្ថកិច្ច​មិនអាចរក​យុត្តិធម៌​ឱ្យ​ក្រុមគ្រួសារ​លោក​បាន​នោះទេ ​។

«​សំណូមពរ​សមត្ថកិច្ច​ឱ្យជួយ​ចាប់​ជនដៃដល់​រក​យុត្តិធម៌​កូន​ខ្ញុំ ម៉ែឪ​ចាស់​ហើយ ក្រ​ណាស់ ពឹង​តែ​លើ​កូន​ទេ ឥលូវ​ចៅ​តូចៗ ​៤ សូម​អាជ្ញាធរ​អន្តរាគមន៍​រក​យុត្តិធម៌​ឱ្យ​កូន​ខ្ញុំ ចៅ​ខ្ញុំ ហើយខ្ញុំ​ចាស់​ហើយ គ្មាន​អី​ចិញ្ចឹម​ចៅ​ទេ​»​ ។

លោក កេ​ន សុខ អាយុ ៥៧ ឆ្នាំ ​ឪពុក​ជនរងគ្រោះ ។ រូបៈ Screenshot
លោក កេ​ន សុខ អាយុ ៥៧ ឆ្នាំ ​ឪពុក​ជនរងគ្រោះ ។ រូបៈ Screenshot

​ក្រោយពី​បាត់បង់​ស្វាមី​ ដែលជា​បង្គោល​ដ៏​រឹងមាំ ​នៅក្នុង​គ្រួសារ ចាប់ពីពេលនេះ​តទៅ អ្នកស្រី សុខ​ម៉េង ត្រូវ​ទទួល​រ៉ាប់រង​មើលថែទាំ​ចិញ្ចឹម​បីបាច់​កូនស្រី​ទាំង​៤​ ដែលមាន​អាយុ​ចន្លោះ​ពី ​១ ​ឆ្នាំ ដល់ ​១១ ​ឆ្នាំ​តែម្នាក់ឯង​ ។ កូនស្រី​ដែល​ដឹងក្ តី​ហើយ​ដឹងថា​ឪពុក​របស់ខ្លួន​បាន​ចាក​ឆ្ងាយ​ពី ពួកគេ​ជា​រៀងរហូត​នោះ និយាយថា​ពួកគេ​មាន​ក្តី​នឹក​លឹក ​ចំពោះ​លោកឪពុក​យ៉ាងខ្លាំង​ ។ ឃើញ​កូនរង​ការលំបាក ​និង​ត្រូវ​កំព្រា​ឪពុក​ទាំង ​នៅ​វ័យក្មេង​បែបនេះ វា​ធ្វើឱ្យ​អ្នកស្រី សុខ​ម៉េង រឹងរឹតតែ​ក្តុល​ក្តួល​ជា​ពន់ពេក ​។​

«​ខ្ញុំ​តែម្នាក់ឯង​ទេ ម្តាយ​ខ្ញុំ​ទើបតែ​ខូច​ដែរ ដល់ពេល​ចឹ​ង​ខ្ញុំ​សង្ឃឹមលើ​ប្តី ពេល​ឥលូវ​ប្តី​ខ្ញុំ​អត់​មាន កំហុស​អី​សោះ គេ​មក​បាញ់​ដល់​ក្នុងផ្ទះ ហើយ​ឥលូវ​ចាប់​ឃាតក​ក៏​អត់​បាន អី​ក៏​អត់​បាន កូន​ខ្ញុំ ដល់​ទៅ​ ៤ ហើយ​គ្មាន​អ្នកទទួល​រ៉ាប់រង​ទៀត​» ៕