ដោយ ថាច់ ប្រីជា គៀន | សារព័ត៌មាន ព្រៃនគរ
ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៧ ខែមិថុនា នេះទៅ នឹងចាប់ផ្ដើមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រ សម្រាប់នីតិកាលទី ៥ រយៈពេល ១ ខែ ។
ក្រុមមនុស្សគាំទ្ររាប់ពាន់នាក់របស់គណបក្សនីមួយៗបានដង្ហែក្បួនតាមផ្លូវ នារាជធានីភ្នំពេញដើម្បីចូលរួមការឃោសនា បោះឆ្នោត ។ យុទ្ធនាការឃោសនានេះ ត្រូវបានចាត់តាំងឡើងមុនពេលបោះឆ្នោត ថ្ងៃទី ២៨ ខែកក្កដា ខាងមុខនេះ ។

គណបក្សប្រជាជនកម្ពុជារបស់ លោក ហ៊ុន សែន បានទទួលជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី កាលពីពីរ អាណត្តិមុន បើទោះបីមានការចាទប្រកាន់ពីក្រុមគណបក្សជំទាស់ថា មានការលួចបន្លំសន្លឹកឆ្នោត យ៉ាងណាក៏ដោយ ។
ថ្លែងជាសាធារណៈនៅចំពោះមុខអ្នកគាំទ្រ លោក ហេង សំរិន្ទ ប្រធានកិត្តិយសនៃគណបក្សប្រជាជន កម្ពុជា បានបញ្ជាក់ថា “ការសម្រេចចិត្តត្រូវ នឹងនាំមកជោគជ័យ ប៉ុន្តែបើការសម្រេចចិត្តខុសនឹងនាំមក នូវក្ដីអស់សង្ឃឹម និងគ្រោះថ្នាក់ឲ្យប្រទេសជាតិ” ។
គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺការទប់ស្កាត់មិនឲ្យមានការវិលត្រឡប់មកវិញ នូវប្រល័យពូជសាសន៍ខ្មែរក្រហម ។ លោក ហេង សំរិន្ទ បានថ្លែងថា៖ “ការបោះឆ្នោតឲ្យគណបក្សប្រជាជន គឺជាការបោះឆ្នោតឲ្យខ្លួនឯង” ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្ដោបក្ដាប់អំណាចនៅក្នុងប្រទេសកម្ពុជា ចំនួន ២៨ ឆ្នាំ មកហើយ និងជាអ្នកកាន់អំណាចយូរជាងគេទី ២ នៅអាស៊ីអាគ្មេយ៍ បន្ទាប់ពីស្ដេចប្រទេស Brunei ។
រដ្ឋាភិបាលដែលដឹកនាំដោយគណប្រជនជនកម្ពុជា ត្រូវបានគេចោទប្រកាន់ថា មានការរំលោភសិទ្ធិ មនុស្សយ៉ាងធ្ងន់ធ្ងរ , ការបណ្ដោយឲ្យជនជាតិយួនហូរចូលនៅខុសច្បាប់ក្នុងស្រុកខ្មែរ និងកាត់ដីឲ្យទៅ វៀតណាម ជាដើម ។
មេដឹកនាំជំទាស់ គឺ លោក សម រង្ស៊ី ត្រូវបានរារាំងមិនឲ្យចូលស្រុកដើម្បីប្រកួតការបោះឆ្នោត ព្រោះកំពុង ប្រឈមនឹងសាលដីកាចាប់ខ្លួនពីតុលាការខ្មែរ ដែលក្រុមបក្សជំទាស់ចាត់ទុកថា ឋិតនៅក្រោមសម្ពាធ នយោបាយ ។
លោក សម រង្ស៊ី កំពុងរស់នីរទេសខ្លួននៅប្រទេសបារាំង ដើម្បីគេចពីការដាក់ពន្ធនាគារ ១១ ឆ្នាំ ក្រោយពី លោកត្រូវបានកាត់ទោសកំបាំងមុខពី បទដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាម នៅខេត្តស្វាយរៀង កាលពីប៉ុន្មានឆ្នាំមុន ។
មានគណបក្សចំនួន ៨ ចូលរួមប្រកួតការបោះឆ្នោត និងមាន ១២៣ អាសនៈនៅក្នុងរដ្ឋសភា សម្រាប់ការ បោះឆ្នោតអាណត្តិនេះ នៅថ្ងៃទី ២៨ ខែកក្កដា ។
ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណព៍ថា មនុស្សប្រមាណ ៩ លាន ៦ សែន នាក់ បានចុះឈ្មោះ បោះឆ្នោត ដែលមានអ្នកសង្កេតការនៅក្នុង និងក្រៅប្រទេសប្រមាណ ៧.៧០០ នាក់ ៕