ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
នៅក្នុងសប្ដាហ៍នេះ ប្រជាពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម បានប្រារព្ធពិធីប្រណាំងទូក ង នៅក្នុង ពិធីបុណ្យអកអំបុក យ៉ាងច្រើនកុះករ ។ ពិធីប្រណាំងទូក ង ឆ្នាំ ២០១៧ នេះ រៀបចំដោយ រដ្ឋាភិបាលយួន នៅតាមខេត្តមួយចំនួន ដូចជា ខេត្តឃ្លាំង ព្រះត្រពាំង និងក្រមួនស ។
នៅខេត្តឃ្លាំង ប្រារព្ធនៅ ថ្ងៃទី ២ និង ទី ៣ ខែវិច្ឆិកា ដោយមាន ទូក ង ប្រុស និងស្រី ចំនួន ៥០ ក្រុម មកពីវត្តនានាក្នុងខេត្តឃ្លាំងជាម្ចាស់ផ្ទះ និង ទូក ង តំណាងខេត្តនានា នៅដែនដីកម្ពុជាក្រោម ចំនួន ១២ ក្រុម ទៀត ចូលរួមប្រណាំងជាមួយគ្នា នៅដងទន្លេ ម៉ាស់ ស្ប៉េ រ៉ូ (Maspero) ក្នុងទីរួមខេត្តឃ្លាំង ។ ពានរង្វាន់លេខ ១ ខាងក្រុមទូក ង ស្ត្រី បានទៅលើក្រុមទូក ង វត្តអូរជុំអារាម ព្រែកចេក និងខាងប្រុសបានទៅលើក្រុម វត្តនរេន្ទរង្សីអុងខ ។ ក្រុមទូក ង ជាប់ លេខ ១ បានទទួល ប្រាក់ចំនួន ១០០ លានដុង ស្មើ ៥.០០០ ដុល្លារសហរដ្ឋអាមេរិក ។
នៅខេត្តក្រមួនស ប្រារព្ធនៅថ្ងៃទី ៣ និង ៤ ខែវិច្ឆិកា ដោយមានទូក ង ប្រុស និង ស្រី ចំនួន ៥០ ក្រុម តំណាងវត្តនានានៅក្នុងខេត្ត មកប្រណាំងជាមួយគ្នានៅក្នុងស្រុកអំពាចវែង ដែលភាសាយួន ហៅថា ស្រុក ហ្គរ វ៉ាវ (Gò Quao) ។
នៅខេត្តព្រះត្រពាំង ប្រារព្ធនៅថ្ងៃទី ២ ខែវិច្ឆិកា ដោយមានទូក ង ចំនួន ៧ ក្រុម តំណាងស្រុក នីមួយៗក្នុងខេត្ត មកប្រណាំងជាមួយគ្នានៅក្នុងទីរួមខេត្តព្រះត្រពាំង ។
ក្រៅពីនេះ គេសង្កេតឃើញ មានវត្តឫស្សីស្រុក នៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង បានប្រារព្ធ ពិធីប្រណាំងទូកខ្នាតតូច នៅក្នុងវត្តរបស់ខ្លួន ដោយមិនមានការចាត់តាំងរបស់រដ្ឋាភិបាលវៀត ណាម ឡើយ ។
ពិធីបុណ្យអកអំបុក ជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃ ១៥ កើត ខែកត្តិក ក្នុងនោះ មានពិធីប្រណាំងទូក ង ពិធីតាំងពិព័រណ៍វប្បធម៌ ពិធីសំពះព្រះខែ ពិធីលយប្រទីប ជាដើម ។