ដោយ ជាតិ ចំណាន | RFA Khmer
អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរក្រោម បួននាក់ កាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា ក្រោយពីឃុំខ្លួនជាង ១ ខែ ។ ពួកគាត់ត្រូវបានអង្គការសិទ្ធិមនុស្ស នៅប្រទេសថៃ ជួយធានាឲ្យបាននៅក្រៅឃុំ ដោយបង់ប្រាក់ម្នាក់ប្រាំម៉ឺន (៥០.០០០) បាត ស្មើនឹងជាង ១ ពាន់ (១.៣៥០) ដុល្លារ ចំណែកខ្មែរក្រោម ប្រាំមួយនាក់ទៀត តុលាការនៅមិនទាន់ដោះលែងឲ្យមានសេរីភាពនៅឡើយ ។

មន្ត្រីអន្តោប្រវេសន៍ថៃ បានដោះលែងជនភៀសខ្លួនខ្មែរក្រោមបួននាក់ ប៉ុន្តែ នៅខ្មែរក្រោមប្រាំមួយនាក់ទៀត អង្គការសិទ្ធិមនុស្សនៅថៃ មិនទាន់អាចជួយធានាឲ្យនៅក្រៅឃុំបាននោះទេ ព្រោះពួកគាត់ត្រូវការិយាល័យអង្គការសហប្រជាជាតិប្រចាំទីក្រុងបាងកកបដិសេធមិនផ្ដល់សិទ្ធិជាជនភៀសខ្លួន ។
ពលរដ្ឋខ្មែរក្រោមម្នាក់ ដែលកំពុងភៀសខ្លួននៅថៃ មានប្អូនស្រីជាប់ឃុំក្នុងចំណោម ៦ នាក់ ដែលមិនទាន់ដោះលែង លោកស្រី លី ធីយីប ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ១៧ ខែវិច្ឆិកា ថា លោកស្រីពុំមានថវិកា សម្រាប់បង់ថ្លៃធានាប្អូនស្រីនោះទេ ព្រោះរាល់ថ្ងៃជីវភាពរកមួយថ្ងៃរស់មួយថ្ងៃ ។ លោកស្រីស្នើដល់អង្គការសប្បុរសនានា ក្នុងប្រទេសថៃ ជាពិសេសអង្គការសហប្រជាជាតិ ជួយធានាប្អូនស្រីលោកស្រីឲ្យបាននៅក្រៅឃុំ ដើម្បីមើលថែកូនតូចអាយុជាង ២ ឆ្នាំផង ព្រោះម្ដាយលោកស្រីមានវ័យចាស់មិនអាចមើលថែចៅបាន៖ «យកទៅសួនភ្លូពីយប់មិញ ។ មេធាវីគេតេប្រាប់ម៉ែខ្ញុំហើយហើយ គេថា ជួយមិនបានទេខេស (Case សំណុំរឿង) វាបិទ ហើយទម្រាំតែតេមកហ្នឹង គេនៅឯនេះ គេចេញអស់ហើយ ក្រដាសស្នាមគេហើយអស់ គេចេញអស់អាលីងហើយ ឯងទើបតេប្រាប់ ។ អាជួយបានក៏មិនប្រាប់ បានមិនបានអីក៏មិនប្រាប់នឹងអាលគេរកផ្លូវផ្សេង អានេះទុកដល់ ១ ខែ» ។
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត ដែលភៀសខ្លួននៅប្រទេសថៃ ៦ ឆ្នាំ ហើយឪពុកម្ដាយកំពុងជាប់ឃុំក្នុងចំណោមមនុស្ស ៦ នាក់ដែលប៉ូលិសថៃមិនទាន់ដោះលែង លោកស្រី នាង ស៊ីវេទ ប្រាប់ថា ប៉ូលិសថៃបានបញ្ជូនម្ដាយលោកស្រី និងស្ត្រីខ្មែរក្រោម ២ នាក់ទៀតទៅគុកធំក្នុងក្រុងបាងកក ដោយដាក់ឲ្យនៅឆ្ងាយពីឪពុកលោកស្រី ។ លោកស្រីអាណិតឪពុកម្ដាយដែលមានវ័យចាស់ មានជំងឺប្រចាំកាយផង ហើយក៏ពុំមានលុយកាក់សម្រាប់ធានាពួកគាត់ចេញមកវិញទេ ព្រោះរកស៊ីដោះស្រាយបានតែមួយថ្ងៃៗ ។ លោកស្រីសង្ឃឹមលើអង្គការពាក់ព័ន្ធផ្សេងៗ ដែលគេធានាថាជួយឲ្យនៅក្រៅឃុំបាន តែរហូតមកទល់ពេលនេះ មិនទាន់ដោះស្រាយបាននៅឡើយ៖ «គេថាមានលុយប្រកាន់តួ (ធានាខ្លួន) ឪហើយហើយ តែម៉ែគេកំពុងតែឆែកឲ្យ ។ ហើយថាដេកតែមួយចំហៀងខ្លួនទេគុកធំហ្នឹងគ្រប់សាសន៍ ហើយគ្មានកន្លែងដេកទេ ដេកបានតែមួយចំហៀងខ្លួនទេ ។ កន្លែងឪគ្មានបានទាក់ទងទេ ព្រោះអីគេបំបែកតាទឺទៅហើយ ខ្ញុំមានតែហ្វេសប៊ុកតាទឺហ្នឹង ឪគាត់នៅជាមួយពូវី» ។
ប៉ូលិសថៃ បានចាប់ពលរដ្ឋខ្មែរក្រោមចំនួន ១០ នាក់ដាក់ពន្ធនាគារ កាលពីព្រឹកថ្ងៃទី ១៤ ខែតុលា កន្លងទៅ នៅពេលពួកគាត់កំពុងធ្វើការនៅផ្សារបន្លែមួយជាយក្រុងបាងកក ។ អាជ្ញាធរថៃបានចោទប្រកាន់ខ្មែរក្រោម ទាំងនេះថា លួចធ្វើការដោយគ្មានឯកសារត្រឹមត្រូវ និងចូលទឹកដីថៃដោយគ្មានការអនុញ្ញាត ។ ប៉ុន្តែ ពួកគាត់ជាជនភៀសខ្លួន គ្រាន់តែទៅជួយធ្វើការថៃម្ដងម្កាល ដើម្បីចិញ្ចឹមជីវិតមិនបានទៅធ្វើការងារប្រចាំនោះទេ ។
ជុំវិញរឿងនេះ ប្រធានសមាគមជនភៀសខ្លួនខ្មែរក្រោម ប្រចាំនៅប្រទេសថៃ លោក ឡឹម កែវសំណាង លើកឡើងថា លោកត្រេកអរ ដែលអង្គការសិទ្ធិមនុស្សនៅថៃ ជួយធានាឲ្យខ្មែរក្រោម ៤ នាក់បាននៅក្រៅឃុំ តែលោកចង់ឲ្យអង្គការនេះ និងឧត្ដមស្នងការអង្គការសហប្រជាជាតិ នៅប្រទេសថៃ ជួយធានាខ្មែរក្រោមទាំង ៦ នាក់ទៀត ឲ្យបាននៅក្រៅឃុំដែរ ។ លោកបន្តថា ពួកលោកជាជនភៀសខ្លួនមានតែការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងបាងកកជាអាណាព្យាបាល ។ លោកសង្ឃឹមថា អង្គការនេះនឹងដោះស្រាយឲ្យខ្មែរក្រោម ៦ នាក់ទៀតមានសេរីភាពឡើងវិញ ព្រោះពួកគាត់ខ្លះមានវ័យចាស់ និងខ្លះមានកូនតូចក្នុងបន្ទុក៖ «ហ្នឹងហើយនៅប្រាំមួយនាក់ទៀត សំខាន់គឺថវិកាយើងគ្មានថវិកា ។ គ្មានថវិកាអត់បានចេញ ប្រកាន់តួ (ធានាខ្លួន) ប្រាំម៉ឺន (៥០.០០០) បាត ។ យើងអត់មានថវិកាប្រកាន់ខ្លួន អត់មានថវិកាប្រកាន់ខ្លួនយើងអត់បានចេញទេ គ្រូអើយ! ។ ពួកគាត់ចាស់ៗ អស់ហើយជាប់គុកអាយុសុទ្ធតែ ៦០ អស់ហើយ» ។
អាជ្ញាធរថៃតម្រូវឲ្យជនភៀសខ្លួនខ្មែរក្រោម ទាំង ៦ នាក់ទៀត បង់ប្រាក់ធានាក្នុងម្នាក់ប្រាំម៉ឺន (៥០.០០០) បាត ស្មើនឹងជាងមួយពាន់ (១.៣៥០) ដុល្លារ ដើម្បីបាននៅក្រៅឃុំ តែពួកគាត់ពុំមានថវិកា សម្រាប់បង់នោះទេ ព្រោះជីវភាពសេដ្ឋកិច្ចគ្រួសាររបស់ជនភៀសខ្លួនគ្រប់គ្នា គ្រាន់តែរកមួយថ្ងៃដោះទ័លបានមួយថ្ងៃប៉ុណ្ណោះ ។ ពួកគាត់មានតែសង្ឃឹមលើអង្គការសប្បុរសនានា ជួយឲ្យបាននៅក្រៅឃុំ ឬក៏បញ្ជូនពួកគាត់ទៅតាំងទីលំនៅថ្មីនៅប្រទេសទី ៣ ។ សមាគមខ្មែរកម្ពុជាក្រោម និងសហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងអំពាវនាវឲ្យសប្បុរសជនផ្ដល់ថវិកា ដើម្បីជួយឲ្យខ្មែរក្រោមអាចនៅក្រៅឃុំបាន ។ បច្ចុប្បន្នសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ដល់ថវិកាជិត ៣ ពាន់ដុល្លារ ដើម្បីជួយជនភៀសខ្លួនខ្មែរក្រោមទាំងនោះហើយ ។
របាយការណ៍សមាគមជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ បានឲ្យដឹងថា មានពលរដ្ឋខ្មែរក្រោម ដែលរស់នៅជាជនភៀសខ្លួនក្នុងប្រទេសថៃ ជាងពីររយនាក់ ដែលពួកគាត់សុទ្ធតែរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម ហើយកំពុងជួបការលំបាកផ្នែកជីវភាព និងសុវត្ថិភាព ៕