អាជ្ញាធរ​ថៃ បើក​យុទ្ធនាការ បង្ក្រាប​ជនអន្តោប្រវេសន៍​ខុសច្បាប់​គ្រប់​ជាតិ​សាសន៍​

ដោយ ស៊ឺន ចែងចើន| VOKK

នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី ២៨ ខែសីហា​កន្លងទៅនេះ ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ តាម​ចាប់ខ្លួន​ក្រុម​ជនអន្តោប្រវេសន៍ ដែល​បាន​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់ ក្រោម​ច្បាប់​អន្តោប្រវេសន៍​របស់​ថៃ ។

​ជន​ភៀស​ខ្លួន និង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន នៅការិយាល័យ​ប៉ូលិស​ក្នុង​ស្រុក​បាងយ៉ៃ (Bang Yai) ក្រោយអាជ្ញាធរ​ថៃ​ចាប់ខ្លួន ។ រូបថតៈ AP
​ជន​ភៀស​ខ្លួន និង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន នៅការិយាល័យ​ប៉ូលិស​ក្នុង​ស្រុក​បាងយ៉ៃ (Bang Yai) ក្រោយអាជ្ញាធរ​ថៃ​ចាប់ខ្លួន ។ រូបថតៈ AP

​យោងតាម​ប្រភពព័ត៌មាន​ទទួលបាន ពី​ប្រធាន​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម លោក លី​ឈួន បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ឲ្យ​ដឹងថា សមត្ថកិច្ច​ថៃ​បាន​ចាប់ខ្លួន​ជនអន្តោប្រវេសន៍​ចម្រុះ​ជាតិ​សាសន៍​រាប់រយ​នាក់ កាលពី​ថ្ងៃទី ២៨ ខែសីហា នៅក្នុង​ខេត្ត​ន​ន្ទ​បុរី ក្បែរ​ក្រុង​បាងកក ប្រទេស​ថៃ ។ លោក​បន្តថា យុទ្ធនាការ​បោសសម្អាត ជនអន្តោប្រវេសន៍​ស្នាក់នៅ​ខុសច្បាប់​រយៈពេល ៣ ថ្ងៃ​កន្លងមកនេះ គឺ​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​ម៉ុង​តា​ញ៉ា (Montagnard) និង ហឺ​ម៉ុង ឬ​ចា​រ៉ា​យ (HMong) ប្រមាណ​ជិត ២០០ នាក់ ។ ជនជាតិដើម​ភាគតិច​ទាំងនោះ បានគេច​ខ្លួន​ចេញពី​ប្រទេស​វៀតណាម មកសុំ​សិទ្ធិ​ជ្រកកោន​នយោបាយ នៅ​ប្រទេស​ថៃ និង​ត្រូវ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន យូ​.​អិន​.​អេ​ច្ឆ​.​ស៊ី​.​អ (UNHCR) ប្រចាំ​ប្រទេស​ថៃ​បានទទួល​ឋានៈ​ជា​ជនភៀសខ្លួន​រួចទៅហើយ​ដែរ ។​

សំឡេង​៖

​ទាក់ទិន នឹង​ប្រតិបត្តិ​ការចាប់ខ្លួន​អ្នករស់នៅ​ខុសច្បាប់​ក្នុងប្រទេស​ថៃ​នេះដែរ លោក លី ឈួន បាន​បញ្ជាក់ថា មិនមាន​ប៉ះពាល់​ដល់​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម ឬ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ឡើយ ។ លោក​ថា ដោយមាន​ការជូនដំណឹង​ជាមុន ពី យូ​.​អិន​.​អេ​ច្ឆ​.​ស៊ី​.​អ ដល់​ពលរដ្ឋ​ខ្មែរក្រោម ដែលជា​ជនភៀសខ្លួន ឲ្យ​ប្រុងប្រយ័ត្ន និង​ស្វែងរក​ទី​ជំរក​សុវត្ថិភាព ដើម្បី​គេចចេញ​ពី​ការ​តាម​ចាប់​របស់​ប៉ូលីស​ថៃ ។​

​សំឡេង​៖

​យ៉ាងនេះ​ក្តី ជនភៀសខ្លួន​ខ្មែរក្រោម នៅ​ប្រទេស​ថៃ នៅតែ​សម្ដែង​ក្ដីបារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ខ្លួន​ទៅ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ និង​រដ្ឋាភិបាល​វៀតណាម​វិញ បើទោះជា​បី​ជា​ពួកគេ​ទទួលបាន​ឋានៈ​ជា​ជនភៀសខ្លួន​ក៏ដោយ ។ ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ អាច នឹង​ចាប់ខ្លួន​ពួកគេ​នៅ​ថ្ងៃ​ណាមួយ និង​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ ខណៈដែល​ពួកគេ បាន​រត់គេច​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម នៅ​ដែនដី​កម្ពុជា​ក្រោម ។ ជនភៀសខ្លួន​ខ្មែរក្រោម​ទាំងនោះ លើកឡើង​ស្រដៀង​គ្នា​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ពួកគេ​ភៀសខ្លួន​ចេញពី​ដែនដី​កម្ពុជា​ក្រោម ក៏​ព្រោះតែ​អាជ្ញាធរ​វៀតណាម តាម​ធ្វើទុក្ខបុកម្នេញ​លើ​ពួកគេ ទាក់ទង នឹង​រឿង​ទាមទារ​សេរីភាព និង​រឿង​នយោបាយ ជាដើម ។​

ពាក់ព័ន្ធ នឹង​ការចាប់ខ្លួន​ជា​ជនជាតិដើម​ភាគតិច​ម៉ុង​តា​ញ៉ា និង​ជនជាតិភាគតិច​ហឺ​ម៉ុង ឬ​ចា​រ៉ា​យ នេះដែរ អង្គការសិទ្ធិមនុស្ស យូ​មែន​រ៉ៃ​ស៍ វ៉​ច្ឆ (Human Rights Watch) ទាមទារ​ឲ្យ​សមត្ថកិច្ច​ថៃ​ដោះលែង​ក្រុម​ជនភៀសខ្លួន​ទាំងនោះ​ជាបន្ទាន់ ។​

​នាយក​អង្គការសិទ្ធិមនុស្ស យូ​មែន​រ៉ៃ​ស៍ វ៉​ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ប្រែ​ដ អាដាម (Brad Adams) បានបញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​របស់​អង្គការ​នេះ កាលពី​ថ្ងៃទី ៣០ ខែសីហា ថា ជនជាតិដើម​ភាគតិច​ម៉ុង​តា​ញ៉ា​ទាំងនោះ ភាគច្រើន​បានទទួល​ឋានៈ​ជា​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​រួចទៅហើយ ប៉ុន្តែ ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ថៃ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃទី ២៨ ខែសីហា​កន្លងទៅនេះ នៅក្នុង​ខេត្ត​ន​ន្ទ​បុរី ក្បែរ​ក្រុង​បាងកក ប្រទេស​ថៃ ។​

​លោក Brad Adams ឲ្យ​ដឹងថា ក្រុម​ម៉ុង​តា​ញ៉ា និង​ជនជាតិភាគតិច​ចា​រ៉ា​យ​ទាំងនោះ នឹងត្រូវ​ទទួលទោស​ធ្ងន់ធ្ងរ ប្រសិនបើ​អាជ្ញាធរ​ថៃ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​វិញ ។​

​លោក​បន្តថា អាជ្ញាធរ​ថៃ មិនគួរ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​នោះទេ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ។​
​ក្រុម​ជនជាតិដើម​ភាគតិច​ម៉ុង​តា​ញ៉ា ទាំងនោះ​ភាគច្រើន​បាន​រត់គេចខ្លួន​ពី​ប្រទេស​វៀតណាម ទៅកាន់​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដើម្បី​គេចចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា និង​នយោបាយ​នៅក្នុង​ប្រទេស​វៀតណាម ៕