ដោយ យាង សុធារិន្ទ
ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា បានចេញដីកាកោះហៅ លោក ថាច់ សេដ្ឋា ជាអតីតសមាជិកព្រឹទ្ធសភា និងជាប្រធានអង្គការក្រៅរដ្ឋាភិ បាលមួយឈ្មោះ “សហគមន៍ខ្មែរកម្ពុជាក្រោម” ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី ២៦ ខែវិច្ឆិកា ខាងមុខនេះ ដោយចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ ចំណែក លោក ថាច់ សេដ្ឋា វិញ បានបង្ហាញការសោកស្តាយដែលសាលាដំបូងរាជធានីភ្នំពេញ កោះហៅរូបលោកឱ្យចូលសាវនាការ ក្នុងពេលដែល លោកអះអាងថា មិនបានប្រព្រឹត្តទោសកំហុសអ្វីទាល់តែសោះ ។

បើទោះជាក្នុងដីកាកោះហៅរបស់តុលាការសរសេរខុសឈ្មោះ និងអាស័យដ្ឋានលោក ថាច់ សេដ្ឋា ក្តី ក៏លោក ថាច់ សេដ្ឋា នៅតែសម្រេចចិត្តចូលបង្ហាញខ្លួននៅសាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ។
ការសម្រេចចិត្តចូលបង្ហាញខ្លួននេះ គឺលោក ថាច់ សេដ្ឋា ចង់បង្ហាញពីភាពស្អាតស្អំ ប្រឆាំងទៅនឹងការ ចោទប្រកាន់របស់តុលាការមកលើរូបលោក ។
បើតាមដីកាកោះហៅលោក ថាច់ សេដ្ឋា របស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បញ្ជាក់ថា លោក ថាច់ សេដ្ឋា ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេស កម្ពុជា កាលពីអំឡុងឆ្នាំ ២០១៩ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ។
ទោះជាយ៉ាងណា លោក ថាច់ សេដ្ឋា បញ្ជាក់ថា លោកមិនមានការភ័យតក់ស្លុតអ្វីនោះឡើយ ចំពោះការកោះ ហៅរបស់តុលាការនៅពេលនេះ ប៉ុន្តែអ្វីដែលលោកខកចិត្តនិងសោកស្តាយ បំផុតនៅត្រង់ថា តុលាការបានចោទ ប្រកាន់រូបលោកដោយអយុត្តិធម៌ទាំងដែលលោកមិន ធ្លាប់មានគំនិតក្បត់ជាតិខ្មែរម្តងណាឡើយនោះ ហើយលោកថាការកោះហៅនោះក៏ បានធ្វើឡើងខុសតាមនីតិវិធីថែមទៀត ។
លោក ថាច់ សេដ្ឋា បញ្ជាក់ថា ៖ «បើតាមនីតិវិធីគេត្រូវកោះហៅយើងទៅសួរ ព្រះរាជអាជ្ញាគេ ហៅយើងទៅ សួរមានខុសអី រួចរាល់គេបញ្ជូនទៅចៅក្រមស៊ើបដើម្បីចោទប្រកាន់ឬក៏លើកលែង ។ ដល់នេះអត់មាន អីទាំងអស់ ចេញមកជំនុំជំរះ មិនដឹងជំនុំជំរះទៅលើស្អី អង្គហេតុអី របាយការណ៍អី វាអត់ ។ ទី២ លិខិតអញ្ជើញក៏អញ្ចឹងដែរ អត់មានយកមកឱ្យទេ ឈ្មោះក៏ សរសេរខុស ថ្ងៃ-ខែ អាស័យដ្ឋានខុសទាំងអស់ ហ្នឹងបើផ្លូវច្បាប់គេអត់ទៅក៏បានដែរ ព្រោះវាអត់ ត្រូវអីទាំងអស់» ។
លោក ថាច់ សេដ្ឋា បច្ចុប្បន្នមានវ័យ ៦៧ ឆ្នាំ ។ លោកគឺជាអតីតសមាជិកព្រឹទ្ធសភាមកពី គណបក្ស សម រង្ស៊ី នៅឆ្នាំ ១៩៩៩ និងបច្ចុប្បន្នជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ។ លោក ថាច់ សេដ្ឋា ដែលបច្ចុប្បន្នកំពុងមាន ជំងឺបេះដូងប្រចាំកាយផងនោះ មានប្រសាសន៍បន្តថា បើ ខ្មែរក្រោមសំបូរទៅ ដោយអ្នកក្បត់ជាតិដូចការ ចោទប្រកាន់មែននោះ ម្ល៉េះជាតិសាសន៍ខ្មែរ ក្រោមបានរលត់រលាយតាំងពីយូរណាស់មកហើយ ។ មូលហេតុ ដែលលោកសម្រេចចិត្តឡើង តុលាការគឺដើម្បីបង្ហាញភាពបរិសុទ្ធក្នុងនាមជាខ្មែរក្រោមមួយរូប ។
លោកសង្កត់ធ្ងន់ថា ៖ «ទោះបីទៅគេចាប់ក៏ដោយខ្ញុំអត់មានតក់ស្លុតអីទេព្រោះយើងអាយុ ប៉ុណ្ណេះហើយ ចំពោះការជាប់គុកច្រវ៉ាក់ ស្លាប់ ខ្ញុំបានសម្រេចចិត្តបូជាចំពោះជាតិហើយ ខ្ញុំមិន ដែលខ្លាចរអាម្តងណាទេ ។ សម្រាប់ភាពស្មោះត្រង់ចំពោះជាតិមាតុភូមិរបស់យើង មិនដែល មានគំនិតណាមួយទៅក្បត់ជាតិនោះទេ ដូនតាយើងក៏ដាក់ទោសយើងដែរមិនត្រឹមតែច្បាប់នោះទេ» ។
ក្រៅពីលោក ថាច់ សេដ្ឋា តុលាការក៏បានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នក ដទៃជាច្រើនរូបផ្សេងទៀតឱ្យចូលរួមសាវនាការនៅក្នុងថ្ងៃតែមួយជាមួយគ្នានៅថ្ងៃទី ២៦ ខែវិច្ឆិកា ។ ក្នុងចំណោមអ្នកទាំងនោះ អ្នកខ្លះកំពុងមានវត្តមាននៅកម្ពុជា ហើយអ្នក ខ្លះកំពុងរស់នៅឯបរទេស ។
ទោះជាយ៉ាងណា សម្រាប់ការកោះហៅលោក ថាច់ សេដ្ឋា ឱ្យឡើងតុលាការនៅពេលនេះ មន្ត្រីនៃអង្គការ-សមាគមខ្មែរកម្ពុជាក្រោម ក៏នឹងចូលរួមតាមដានដំណើរការសាវនាការ នេះដែរ ដើម្បីសម្តែងការយកចិត្តទុក ដាក់ទៅលើខ្មែរក្រោមដូចគ្នា ។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ថ្លែងថា ខ្មែរក្រោម ទៅចូលរួមតាមដានដំណើរការសាវនាការដោយសារតែលោក ថាច់ សេដ្ឋា គឺជាប្រធានសហគមន៍ខ្មែរ កម្ពុជាក្រោមដែលជាស្ថាប័នបានចុះបញ្ជីស្របច្បាប់នៅក្រសួង មហាផ្ទៃ ។ លោកបញ្ជាក់ថា ខ្មែរក្រោម ចូលរួមតាមដានក្នុងន័យការពារសិទ្ធិមនុស្សខ្មែរក្រោម មិនមែនក្នុងន័យគាំទ្រ គណបក្សនយោបាយណា មួយនោះឡើយ ។
លោកមានប្រសាសន៍បន្តថា ៖ «យើងទៅតាមដានព័ត៌មានក្នុងនាមយើងធ្វើការក្នុងវិស័យសិទ្ធិមនុស្សខ្មែរក្រោម អ៊ីចឹងក្នុងករណីណាមួយ ដែលមានការប៉ះពាល់ទៅលើសិទ្ធិមនុស្សខ្មែរក្រោម គឺងាយស្រួលសម្រាប់យើងក្នុងការ តស៊ូមតិក្នុងករណីមានការរំលោភសិទ្ធិមនុស្សខ្មែរក្រោម» ។
លោក ថាច់ សេដ្ឋា កើតនៅភូមិអញ្ចាញ់ ឃុំតាសឹក ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែនដី កម្ពុជាក្រោម ។ លោកបានចូលប្រឡូកជួយសង្គមខ្មែរក្រោមតាំងពីឆ្នាំ ១៩៦៥ ហើយលោកបានឡើងមកកម្ពុជានៅឆ្នាំ ១៩៨៤ ។ លោកធ្វើជាភ្នាក់ងារចលនាតស៊ូលោកតា សឺន សាន នៅឆ្នាំ ១៩៨៦ ហើយនៅឆ្នាំ ១៩៩៣ លោកបានក្លាយជាសមាជិក សកម្មរបស់ គណបក្ស លោកតា សឺន សាន ។
លោក ថាច់ សេដ្ឋា ក៏ធ្លាប់ចូលប្រឡូកក្នុងវិស័យសារព័ត៌មានផងដែរ ដោយធ្វើជានិពន្ធនាយក កាសែតមនសិការខ្មែរ នៅឆ្នាំ ១៩៩៤ និងជាចាងហ្វាងកាសែត ស្មារតីខ្មែរ នៅឆ្នាំ ១៩៩៦ ។
នៅឆ្នាំ ១៩៩៥ លោកគឺជាស្ថាបនិកបង្កើត គណបក្សជាតិខ្មែរ ជាមួយលោក សម រង្ស៊ី និងបាន ក្លាយជាសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនេះ ។ ក្រោយមក លោកបានធ្វើជា សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នៅឆ្នាំ ១៩៩៩ និងជាសមាជិកក្រុមប្រឹក្សារាជធានី ភ្នំពេញនៅឆ្នាំ ២០០៨ ។
នៅពេលគណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ លោក ថាច់ សេដ្ឋា បានក្លាយជា សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្ស ហើយនៅពេលដែលគណបក្ស សង្គ្រោះជាតិត្រូវបានតុលាការកំពូល រំលាយដោយចោទប្រកាន់ពីបទផ្តួលរំលំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែវិច្ឆិកា ឆ្នាំ ២០១៧ ឈ្មោះលោក ថាច់ សេដ្ឋា ក៏ស្ថិតនៅ ក្នុងចំណោមមនុស្ស ១១៨ នាក់ ដែលត្រូវបានតុលាការកំពូល ដកហូត សិទ្ធិមិនឱ្យធ្វើ នយោបាយរយៈពេល ៥ ឆ្នាំផងដែរ ៕