ដោយ ថាច់ ប្រីជា គឿន
ព្រះតេជព្រះគុណ ថាច់ ងោស ហៅ កែវ ស្មែរ សង្ឃាធិបតីពុទ្ធសាសនាគណៈខេមរនិកាយ ប្រសូត ឆ្នាំ ថោះ គ.ស.១៩០៦ សុគត គ.ស.១៩៧៩ ត្រូវ សង្ឃាភិបាលតំណាងយួនយៀកកុង ចាប់ផ្សឹកកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ១៩៧៥ រួចដាក់គុក រហូតដល់អាពាធធ្ងន់ ហើយអាណានិគមយួនដោះលែងឲ្យមានសេរីបានមួយសប្តាហ៍ក៏បានសុគតទៅ ។

ប្រវត្តិ៖
ព្រះតេជព្រះគុណ ថាច់ ងោស (ភាសាឡា តាំងៈThach Ngos)ប្រសូត គ.ស.១៩០៦ នៅភូមិ ព្រែកអម្ពូ (Prek Ampu) ឃុំក្នុង ស្រុក ( Ấp Qui Nông) ស្រុក កំពង់ធំ (huyện Châu Thành) ខេត្តព្រះត្រពាំងកម្ពុជាក្រោម (កូសាំងស៊ីន) ។
ការសាងផ្នួស៖
គ.ស.១៩២៤ ព្រះអង្គបានបួសជាសាមណេរនៅវត្តបិតកកត្យារាមហៅ វត្តក្នុងស្រុក (ភាសាបាលីៈVatta Pittakakyãrãma) ។ គ.ស.១៩២៧ បានបំពេញឧបសម្បទាជាភិក្ខុនៅក្នុងវត្តខាងលើដដែល ។
ការសិក្សា៖
ក្រោយពីបានបំពេញឧបសម្បាទាជាភិក្ខុ ព្រះអង្គបាននិមន្តទៅសិក្សាគម្ពីរព្រះពុទ្ធសាសនានៅសាលាធម្មវិន័យ ក្នុងខេត្តកំពង់ ចាមប្រទេសកម្ពុជា ។
តួនាទីរបស់ព្រះអង្គក្នុងពុទ្ធសាសនា និង ក្នុងសង្គមខ្មែរក្រោម
ការទទួលឋានៈជាព្រះចៅអធិការវត្ត៖
គ.ស.១៩៣៩ព្រះអង្គត្រូវបានពលរដ្ឋខ្មែរក្រោមចំណុះវត្តសិលាជលធី (Vatta Silãjaladhĩ) ហៅវត្តគគីរឋិតក្នុងភូមិគគីរ (Kỳ La) ឃុំគគីរ (Hòa Thuận) ស្រុកកំពង់ធំ (Châu Thành)ខេត្តព្រះត្រពាំង ។
ការទទួលឋានៈជាអនុគណ (Anugana) ស្រុក កំពង់ធំ៖
គ.ស.១៩៤៧ ព្រះអង្គត្រូវបានប្រជាពលរដ្ឋ ខ្មែរក្រោមនៅស្រុកកំពង់ធំតែងតាំង ឲ្យធ្វើជាអនុគណស្រុកកំពង់ធំ ។
ការទទួលឋានៈជាព្រះមេគណខេត្ត៖
គ.ស.១៩៦១ ព្រះអង្គត្រូវបានឡើងធ្វើជាព្រះមេគណខេត្តព្រះត្រពាំង (Vĩnh Bình) នៃគណៈពុទ្ធសាសនាថេរវាទ ។
ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ១៩៦៣ ព្រះអង្គបានធ្វើជាព្រះវិន័យធម៌និងជាទី ប្រឹក្សារបស់ គណៈពុទ្ធសាសនាថេរវាទមជ្ឈមណ្ឌលនៅទីក្រុង ព្រៃនគរ ដែលមានព្រះតេជព្រះគុណ ធម្មវិរិយោ គឹម សាង ជាប្រធាន ។ ចុងឆ្នាំ ១៩៦៩ ព្រះអង្គបានទទួលនាទីជាសង្ឃាធិបតីនៃពុទ្ធ សាសនា ខេមរនិកាយ ។
ការចាប់ដាក់គុកដោយរដ្ឋាភិបាលអាណានិគមបក្សកុម្មុយនិស្តយួន៖
ក្រោយថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ កម្ពុជាក្រោមត្រូវបានគ្រប់គ្រង ដោយបក្សកុម្មុយនិស្តយួន ព្រះសង្ឃ និង បញ្ញវន្តខ្មែរ ក្រោមជាច្រើនអង្គ និងរូបដែលជាអ្នកដឹកនាំសាសនានិងសង្គម ដូចជាព្រះ តេជព្រះគុណ ថាច់ រាជ,ង៉ោ ស៊ីវ ,ថាច់ ភឿន និង ថាច់ ហ្វាយ ។ល។ ត្រូវបានរដ្ឋា ភិបាលកុម្មុយនិស្តយួនចាប់ដាក់គុកនិងធ្វើទារុណកម្មយ៉ាងឃោរឃៅ ។ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ១៩៧៥ ព្រះអង្គត្រូវបានសង្ឃាភិបាលតំណាង យួនយៀកកុងចាប់ផ្សឹកហើយបានបញ្ជូនទៅដាក់គុកខេត្តព្រះត្រពាំងនៃ បក្ស កុម្មុយនិស្តយួននៅថ្ងៃទី ១៤ ខែឧសភា បន្ទាប់ពីផ្សឹកបានមួយថ្ងៃ ។ ពេលនោះ ព្រះពុទ្ធសាសនា ខ្មែរក្រោមទាំងពីរគឺ គណៈថេរវាទ និង ខេមរ និកាយត្រូវបានរំសាយដោយបក្សកុម្មុយនិស្តយួន ។
ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ១៩៧៥ ព្រះអង្គត្រូវបានបញ្ជូនទៅនៅក្នុងជំរុំមួយ ដែលបក្សកុម្មុយនិស្ត យួនហៅថា ជំរុំលត់ដំបេបយ៉ា (Trại Cải Tạo Bến Giá) ឋិតក្នុងស្រុកមាត់សមុទ្រ (Long Tòan) ខេត្តព្រះត្រពាំង ។ នៅក្នុងជំរុំលត់ដំនោះ ព្រះអង្គខំប្រឹងធ្វើការ តាមបញ្ជាបក្សកុម្មុយនិស្ត យួនរហូត ដល់មានអាពាធជាទម្ងន់ ហើយរដ្ឋាភិបាលបក្សកុម្មុយនិស្ត យួនបាននាំព្រះអង្គទៅ វត្ត គគីរវិញ ។ ក្រោយពីបាននាំព្រះអង្គទៅ វត្តគគីរបានមួយសប្តាហ៍ ក្នុងខែឧសភា ឆ្នាំ ១៩៧៩ ព្រះអង្គបាន សុគតនៅក្នុងវត្តក្នុងស្រុក ស្រុក កំពង់ធំ ខេត្តព្រះត្រពាំង ។ ពិធីបុណ្យ បូជាព្រះសពរបស់ព្រះអង្គ មិនត្រូវបានការអនុញ្ញាតពីសំណាក់ រដ្ឋាភិបាល បក្សកុម្មុយនិស្តយួន ដើម្បីធ្វើឲ្យបានអធិកអធមឡើយ ៕