ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
( បាងកក, ប្រទេសថៃ ) លោក ថាច់ លីភោ និងគ្រួសារត្រូវបានឧត្ដមស្នងការអង្គការសហប្រជា ជាតិទទួលជនភៀសខ្លួន នៅប្រទេសថៃ ហៅកាត់ថា UNHCR បញ្ជូនទៅតាំងទីលំ នៅៗទឹកដីសហ រដ្ឋអាមេរិក ជាប្រទេសទី ៤ នៅរាត្រីថ្ងៃទី ២០ ខែសីហា នេះ បន្ទាប់ពីលោកបានមកសុំសិទ្ធិជ្រកកោន ជាអ្នកភៀសខ្លួននយោបាយ នៅក្នុងអង្គការមួយនេះ អស់រយៈពេល ៥ ឆ្នាំ កន្លងមក ។
មុនពេលចេញ ដំណើរទៅតាំងទីលំនៅៗ នៅសហរដ្ឋអាមេរិក តាមព្រលានយន្តហោះសុវណ្ណភូមិ នាទីក្រុងបាងកក នៅវេលាម៉ោង ៨ យប់ នេះ ដោយមានការជូនដំណើរដោយមន្ត្រីការិយាល័យ ឧត្ដមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ប្រចាំប្រទេសថៃ ផងនោះ លោក ថាច់ លីភោ បានប្រាប់ សារព័ត៌មាន ព្រៃនគរ ថា ទីកន្លែងដែលគ្រួសារលោកត្រូវតាំងទីលំនៅៗ សហរដ្ឋអាមេរិកនោះ គឺរដ្ឋធានី Washington ។ លោកបានបន្តទៀតថា គ្រួសាររបស់លោកត្រូវ បានគេបញ្ជូនទៅនោះមាន ៣ នាក់ គឺ ខ្លួនលោក ភរិយា និង កូនមួយ ។
ចំពោះកិច្ចសង្គមខ្មែរក្រោម លោក ថាច់ លីភោ បានបញ្ជាក់ថា ពេលទៅដល់សហរដ្ឋអាមេរិក ដែលជាទឹកដី នៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យនោះ លោកនៅតែបន្តចូលរួមក្នុងការតស៊ូដើម្បី ជម្រុញឲ្យវៀតណាម គោរពសិទ្ធិ ខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ដដែល ។
លោក ថ្លែងថា « ពេលដែលខ្ញុំទៅដល់ហ្នឹង [ អាមេរិក ] ក្រោយពីរៀបចំគ្រួសារបានស្រួលបួល ហើយ ខ្ញុំនឹង ចូលរួមក្នុងការតស៊ូ ដើម្បីជម្រុញឲ្យបក្សកុម្មុយនិស្តវៀតណាម គោរពសិទ្ធិជនជាតិដើម ខ្មែរក្រោមយើង ដូចកាលដែលខ្ញុំ នៅស្រុកចឹងដែរបាទ » ។
លោក ថាច់ លីភោ បានប្រាប់បបន្តទៀតថា លោកបាន អ.ស.ប. បញ្ជូនចេញទៅសហរដ្ឋអាមេរិក ថ្ងៃនេះ គឺលោកបានមកសុំសិទ្ធិជ្រកកោននៅក្នុងអង្គការអន្តរជាតិមួយនេះ អស់រយៈពេល ៥ ឆ្នាំ មកហើយ គឺចាប់តាំងពី ឆ្នាំ ២០០៧ ។
លោក ថាច់ លីភោ ត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹកកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០០៥ នៅវត្តនិគ្រោធកំពង់ក្សាន្ត ឋិតនៅក្នុងទីរួមខេត្តព្រះត្រពាំង ហើយដាក់គុកអស់រយៈពេល ៣ ខែ ១៨ ថ្ងៃ ពីបទចោទថា លោកបានផ្សព្វផ្សាយព័ត៌មានប្រឆាំងរដ្ឋាភិបាល ។ ក្រោយបានចេញពី ពន្ធនាគារ លោកបាន ភៀសខ្លួនឡើងទៅប្រទេសកម្ពុជា ដែលជាប្រទេសទីពីរស្នាក់នៅមួយរយៈ ក៏បានភៀសខ្លួនបន្តទៅប្រទេសថៃ ជាប្រទេសទីបី ដើម្បីសុំសិទ្ធិជ្រកផ្នែកកោននយោបាយ ពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ។
ពលរដ្ឋខ្មែរក្រោមប្រមាណជាង ៨ លាននាក់ដែលកំពុងរស់នៅក្នុងដែនដីកម្ពុជាក្រោម ឬ ភាគខាងត្បូង វៀតណាម ជាញយៗ ត្រូវបានគេរាយការណ៍ថា អាជ្ញាធរបក្សកុម្មុយនិស្តវៀតណាមធ្វើទុក្ខបុកម្នេញ ជាបន្តបន្ទាប់ ដូចជាការចាប់ព្រះសង្ឃផ្សឹកដាក់គុក និងការរំលោភយកដីធ្លីពីពលរដ្ឋខ្មែរក្រោម ចែកឲ្យ ជនជាតិយួនជាដើម ។
ថ្មីៗនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាអង្គការក្រៅរដ្ឋាភិបាលនៅក្រៅប្រទេសរបស់ខ្មែរក្រោមមួយ ដែល មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបានប្រទេសមហាអំណាចធំៗចំនួន ១៤ គាំទ្រឲ្យ ចូលជាសមាជិក ផ្នែកអ្នកផ្ដល់យោបល់ពិសេសរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចនៃ អ.ស.ប. ហៅកាត់ជាភាសា អង់គ្លេសថា ECOSOC តែត្រូវបានវៀតណាម និងប្រទេសចំនួន ២៧ ដទៃទៀត ជំទាស់ ៕