ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ក្រុមអ្នកប្រើបណ្ដាញសង្គម Facebook បានសម្ដែងនូវការគាំទ្រចំពោះការប្រើឈ្មោះភូមិសាស្ត្រនៅ កម្ពុជាក្រោម ជាភាសាខ្មែរតាមលំនាំដើមរបស់ខ្លួន ដូចជាខេត្តព្រះត្រពាំង មិនត្រូវហៅថា ខេត្ត ត្រាវិញ (Tra Vinh) ឡើយ ។ ការគាំទ្រនេះ ធ្វើឡើងបន្ទាប់ពី អ្នកនាង កៀង សុធី ប្រធានគណៈ កម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) បានធ្វើប្រជាមតិជាសំនួរមួយនៅលើទំព័រ Facebook របស់ខ្លួន ហើយលទ្ធផលឃើញថា អ្នកប្រើ Facebook ដ៏ច្រើនលើសលប់បានបញ្ចេញ មតិបដិសេធការប្រើឈ្មោះភូមិសាស្ត្រខេត្តខ្មែរនៅកម្ពុជាក្រោម ជាភាសាយួន ។

នៅក្នុងសំនួរប្រជាមតិដែលភ្ជាប់ជាមួយនឹងរូបថតស្រះគូ នៅខេត្តព្រះត្រពាំង អ្នកនាង កៀង សុធី បានសរសេរថា “អ្នកនឹងជ្រើសរើសមួយណា A ឬ B ? ហេតុអ្វីបានវាសំខាន់ចំពោះអ្នក? ” ដោយនៅក្នុងសំនួរ A អ្នកនាងបានដាក់ពាក្យជាអក្សរខ្មែរ និងអក្សរឡាតាំងថា “ខ្មែរព្រះត្រពាំង” និង B ដាក់ថា “ខ្មែរត្រាវិញ” ។ ក្រោយពីបានដាក់ប្រជាមតិនេះប្រមាណ ១៧ ម៉ោង មានមនុស្ស បញ្ចេញមតិចំនួន ១៤៨ ដង ដោយពួកគេភាគច្រើនលើសលប់បញ្ចេញមតិថា A គាំទ្រចំពោះការប្រើ ឈ្មោះភូមិសាស្ត្រនៅកម្ពុជាក្រោមជាភាសាខ្មែរថា ខេត្តព្រះព្រពាំង និងមិនត្រូវប្រើថា ខេត្តត្រាវិញ ជាភាសាយួនឡើយ ។
ព្រះត្រពាំង ជាឈ្មោះខេត្តខ្មែរមួយក្នុងចំណោមខេត្តជាច្រើនទៀត នៅដែនដីកម្ពុជាក្រោមដែលរដ្ឋា ភិបាលវៀតណាមបានប្ដូរឈ្មោះទៅជាភាសាយួនថា ត្រាវិញ (Tra Vinh) បន្ទាប់ពីពួកគេបានចូល ធ្វើអាណានិគមលើពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក ។ សព្វថ្ងៃ ក្រៅពីជនជាតិយួន និងរដ្ឋាភិបាលវៀត ណាមបានប្រើឈ្មោះខេត្តព្រះត្រពាំងជាផ្លូវការថា ខេត្តត្រាវិញ ពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកនៅកម្ពុជា ក្រោមភាគច្រើន ក៏បានប្រើប្រាស់ឈ្មោះខេត្តនេះជាផ្លូវការតាមភាសាយួនដាក់ឲ្យផងដែរ ។ ចំណែក ឈ្មោះខេត្តជាភាសាខ្មែរដូចជា ព្រះត្រពាំង, ពលលាវ, ក្រមួនស និង ឃ្លាំង ជាដើម នោះ គ្រាន់តែ ជាការប្រើ និង ហៅក្រៅផ្លូវការដោយស្ងាត់ៗ តែប៉ុណ្ណោះ ។
មតិមួយចំនួនលើកឡើងថា ការដែលរដ្ឋាភិបាលវៀតណាមប្ដូរឈ្មោះភូមិសាស្ត្រខ្មែរនៅកម្ពុជាក្រោម ទៅជាភាសាយួន ហើយបានគំរាមកំហែងដល់ពលរដ្ឋខ្មែរក្រោមរូបណាដែលព្យាយាមប្រើឈ្មោះជា ភាសាខ្មែរនោះ វាជារឿងមួយទៅហើយ តែពលរដ្ឋខ្មែរក្រោមខ្លួនឯង ភាគច្រើននៅកម្ពុជាក្រោម ក៏នៅតែចូលចិត្តប្រើតាមភាសាយួនដោយមិនបាច់បង្ខំផងដែរ ។ ឧទាហរណ៍ ដូចជាក្រុមអ្នកប្រើ បណ្ដាញសង្គម Facebook ជាព្រះសង្ឃខ្មែរក្រោមមួយចំនួន បានបង្កើតឈ្មោះជាភាសាយួនថា “ខ្មែរត្រាវិញ” (Khmer Tra Vinh) និងឈ្មោះវត្តរបស់ខ្លួនថា “ចួព្រើម”, (Chua Prom) “ចួអូរត្រាវ” (Chua Otrao) និង “ចួរសុកណាត់” (Chua Soc Nach) ជាដើម ដែលតាមពិតទៅឈ្មោះទាំង នេះ គេគួរតែដាក់ថា “ខ្មែរព្រះត្រពាំង” , “វត្តព្រើម” , “វត្តអូរត្រាវ” និង “វត្តត្រោកលិច” ជាដើម ។
សូមបញ្ជាក់ថា រដ្ឋមួយចំនួននៅភាគខាងជើងសហដ្ឋអាមេរិក ដូចជា California, Texas, Nevada និង Arizona ជាដើម ជាអតីតទឹកដីរបស់ប្រទេសមិចស៊ីកូ តែក្រោយមកត្រូវ អាមេរិក វៃដណ្ដើមយកបានមកគ្រប់គ្រងជារបស់ខ្លួនរហូតមកដល់សព្វថ្ងៃ តែអាមេរិកនៅតែរក្សាឈ្មោះភូមិ សាស្ត្រទាំងនោះជាភាសាដើមទាំងអស់ ដោយមិនបានផ្លាស់ប្ដូរឈ្មោះដូចជាយួនឡើយ ៕