សង្ខេប​អំពី​ដំណើររឿង​ នៃ​ការ​ដកហូត​លិខិតឆ្លងដែន​របស់​ព្រះតេជព្រះគុណ​ សឺន​ ទី​

ដោយ ស៊ឺន ចែងចើន

អាជ្ញាធរ​វៀតណាម​ នៅ​ខេត្ត​ឃ្លាំង​ នៅ​ថ្ងៃសុក្រ​ ទី​ ១៤​ កុម្ភៈ​ សប្តាហ៍​នេះ​ បាន​ប្រគល់​លិខិតឆ្លងដែន​ ជូន​ព្រះសង្ឃ​ដើមកំណើត​ខ្មែរក្រោម​ ព្រះតេជព្រះគុណ​ សឺន​ ទី​ វិញ​ហើយ​ ក្រោយ​មានការ​អន្តរាគមន៍​ពី​ស្ថាន​ប័ន​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជាក្រោម​ នៅ​ក្រៅប្រទេស​ និង​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ។

ព្រះតេជព្រះគុណ សឺន ទី

ច្បាប់​សន្តិសុខ​អ៊ី​ធឺ​ណែ​តនៅ​វៀ​តរ​ណាម​ រឹត​បន្តឹង​ដល់​អ្នកប្រើ​ប្រាស់​អ៊ី​នធ័រ​នែ​តរបស់​ជនបរទេស

​ព្រះតេជព្រះគុណ​ សឺន​ ទី​ មាន​ដើមកំណើត​នៅ​ខេត្ត​ឃ្លាំង​ បច្ចុប្បន្ន​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម​ ។ ព្រះតេជព្រះគុណ​ សឺន​ ទី​ បាន​សាងផ្នួស​ជាង​ ២០​ វស្សា​ ។ បន្ទាប់ពី​បួស​រៀន​នៅ​ដែនដី​កម្ពុជាក្រោម​ អស់​ច្រើន​ឆ្នាំ​រួចមក​ ។ ព្រះអង្គ​បាន​ឡើង​មក​បន្ត​ការសិក្សា​ នៅ​រាជធានី​ភ្នំពេញ​ និង​ស្នាក់នៅ​វត្ត​អង្គ​តា​ម៉ិញ​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ អស់​រយៈពេល​ ១៧​ ឆ្នាំ​ ។

កាលពី​ថ្ងៃទី​ ២៤​ មករា​ ២០២០​ ព្រះតេជព្រះគុណ​ សឺន​ ទី​ បាន​និមន្ត​ទៅលេង​ស្រុកកំណើត​ នៅ​ទឹកដី​កម្ពុជាក្រោម​ ដើម្បី​សួរសុខទុក្ខ​សាច់ញាតិ​ និង​ចូលរួម​ពិធី​មង្គលការ​ប្អូនស្រី​ពៅ​របស់​ព្រះអង្គ​ នៅ​ខេត្ត​ឃ្លាំង​ ។ ក្រោយពេល​ព្រះអង្គ​ គង់នៅ​ទីនោះ​ បាន​មួយ​សប្ដាហ៍​ លុះដល់​ថ្ងៃទី​ ២ ខែកុម្ភៈ​ ទើប​មាន​អាជ្ញាធរ​មូលដ្ឋាន​យួន​ នៅ​ខេត្ត​ឃ្លាំង​ មក​កោះហៅ​ព្រះអង្គ​ទៅ​សួរនាំ​ និង​ដកហូត​លិខិតឆ្លងដែន​របស់​ព្រះអង្គ​ នៅ​ថ្ងៃ​ដដែល​នោះ​តែម្តង​ ។

ព្រះតេជព្រះគុណ​ សឺន​ ទី​ ឲ្យដឹង​ថា​ ការ​កោះហៅ​ទៅ​សួរចម្លើយ​នោះ​ អាជ្ញាធរ​យួន​បាន​សួរនាំ​ជុំវិញ​ការប្រើ​ប្រាស់​បណ្ដាញ​សង្គម​ និង​ចែករំលែក​សារ​ក្នុង​ទំព័រ​ហ្វេ​សប៊ុ​កផ្ទាល់ខ្លួន​របស់​ព្រះអង្គ​ ។ ក្រោយ​ចំណាយពេល​មួយ​ល្ងាច​ពេញ​ ដើម្បី​សួរនាំ​ករណី​ពាក់ព័ន្ធ​រួចមក​ អាជ្ញាធរ​យួន​ បាន​ចោទ​ព្រះតេជព្រះគុណ​ សឺន​ ទី​ ថា​ បាន​ធ្វើសកម្មភាព​ខុសច្បាប់​របស់​ប្រទេស​វៀតណាម​ ដោយ​បាន​ចែករំលែក​ព័ត៌មាន​បន្ត​ នៅក្នុង​ហ្វេ​សប៊ុ​ករបស់​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​វៀតណាម​ ដែល​បាន​សម្ភាសន៍​លោក​ ត្រឹង​ ម៉ា​នរិន្ទ​ អំពី​សិទ្ធិ​របស់​ជន​ជាដើម​ខ្មែរក្រោម​ ការចែក​រំលែក​ខ្លឹមសារ​ខួប​ទី​ ៧០​ ឆ្នាំ​ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជាក្រោម​ និង​អត្ថបទ​ ស្តី​ពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​ចុះផ្សាយ​នៅ​លើ​សារព័ត៌មាន​ព្រៃនគរ​ និង​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ។ ព្រះតេជព្រះគុណ​ សឺន​ ទី​ ទទួលស្គាល់​ថា​ ព្រះអង្គ​ពិតជា​បាន​ចែករំលែក​ខ្លឹមសារ​ព័ត៌មាន​ទាំងនោះ​មែន​ តែ​នោះ​ជា​សេរីភាព​របស់​ព្រះអង្គ​ ហើយ​ការចែក​រំលែក​សារ​នេះ​ ធ្វើឡើង​ច្រើន​ខែ​មក​ហើយ​ ពោល​ គឺ​ពេល​ព្រះអង្គ​គង់​ នៅក្នុង​ប្រទេស​កម្ពុជា​ ។

យ៉ាងនេះ​ក្តី​ បញ្ហា​ទាំងអស់​នេះ​ អាជ្ញាធរ​វៀតណាម​ បាន​ចាត់ទុកថា​ នេះ​ជា​ទង្វើ​ខុសច្បាប់​ នៅក្នុង​ប្រទេស​របស់​ខ្លួន​ និង​ព្រមាន​ឲ្យ​បង់ប្រាក់​ពិន័យ​ ចំនួន​ ៣០​ លាន​ដុង​ ស្មើ​ប្រមាណ​ជាង​ ១ ពាន់​ ប្រាំ​រយ​ (១ ៥០០​) ដុល្លារ​អាមេរិក​ថែមទៀត​ផង​ ។ បន្ទាប់ពី​ព្រះអង្គ​ត្រូវ​បា​នន​គបាល​យួន​ដកហូត​លិខិតឆ្លងដែន​ និង​ថែមទាំង​មាន​លក្ខ័​ណ្ឌ​ផេ្សង​ៗ ដែល​ជា​ការ​បង្គាប់​ និង​បង្ខំឲ្យ​ព្រះ​អនុវត្ត​តាម​ ។ ដោយ​យល់ថា​ ព្រះអង្គ​ជា​ប្រជា​ពល​រដ្ឌ​ខ្មែរ​ និង​កាន់​លិខិតឆ្លងដែន​ ដែល​ចេញ​ដោយ​សមត្ថកិច្ច​កម្ពុជា​ ពោល​ គឺ​ព្រះអង្គ​ជា​ជនបរទេស​ មិនមែន​ជា​ជនជាតិ​វៀតណាម​ ទេ​ ។ ដូច្នេះ​ ព្រះអង្គ​មិនបាន​អនុវត្ត​តាម​ ជាហេតុ​នាំ​អាជ្ញាធរ​ខេត្ត​ឃ្លាំង​ នៅតែ​បន្ត​រក្សាទុក​លិខិតឆ្លងដែន​របស់​ព្រះអង្គ​ដដែល​ ។

ស្វែងរក​កិច្ច​អន្តរាគមន៍​ ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​វៀតណាម​

នៅ​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ បាន​ដកហូត​លិខិតឆ្លងដែន​របស់​ព្រះតេជព្រះគុណ​ សឺន​ ទី​ រួចមក​ ព្រះអង្គ​មិន​អាច​និមន្ត​ចេញពី​ទឹកដី​កម្ពុជាក្រោម​ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​បានទេ​ ។ ព្រះអង្គ​អះអាង​ថា​ អាជ្ញាធរ​វៀតណាម​ និង​មន្ត្រី​សង្ឃ​នៅ​ខេត្ត​ឃ្លាំង​ បាន​ទៅ​គំរាម​ញោមស្រី​ និង​សាច់ញាតិ​ព្រះអង្គ​ជាបន្តបន្ទាប់​ តាំងពី​ថ្ងៃ​ដែល​អាជ្ញាធរ​វៀតណាម​ បាន​ដកហូត​លិខិតឆ្លងដែន​របស់​ព្រះអង្គ​ ។

ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម

នៅ​ថ្ងៃទី​ ៩ កុម្ភៈ​ ព្រះតេជព្រះគុណ​ សឺន​ ទី​ បាន​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ ពី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ទីក្រុង​ ព្រៃនគរ​ និង​ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​ ដែរ​ ។ ប៉ុន្តែ​ មិន​ទទួល​បាន​លទ្ធផល​ឡើយ​ ដោយសារតែ​លេខទូរស័ព្ទ​ និង​អ៊ីមែល​ ដាក់​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ស្ថានទូត​ ហៅ​មិន​ចូល​ និង​សរសេរ​អ៊ី​ម៉ែ​លផ្ញើ​ទៅ​ តែ​គ្មាន​ការ​លើក​ឆ្លើយតប​ ។

សុំ​រក​កិច្ច​អន្តរាគមន៍​ ពី​ខ្មែរក្រោម​ នៅ​ក្រៅប្រទេស​

ដោយ​អស់​លទ្ធភាព​ ស្វែងរក​កិច្ច​អន្តរាគមន៍​ ពី​តំណាង​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា​ នៅ​ក្រៅប្រទេស​មិនបាន​ ទើប​នៅ​ថ្ងៃទី​ ១០​ កុម្ភៈ​ ព្រះតេជព្រះគុណ​ សឺន​ ទី​ បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​សប៊ុ​ករបស់​ព្រះអង្គ​ ដោយ​អំពាវនាវ​ សុំ​រក​កិច្ច​អន្តរាគមន៍​ ពី​ស្ថាប័ន​ខ្មែរក្រោម​ ដែល​ធ្វើការ​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​ នៅ​ក្រៅប្រទេស​វិញ​ ។

ភ្លាម​ៗ នោះ​ដែរ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​ នៅ​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃទី​ ១០​ កុម្ភៈ​ បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ថ្កោលទោស​សកម្មភាព​អាជ្ញាធរ​វៀតណាម​ ក្នុង​ការ​ដកហូត​លិខិតឆ្លងដែន​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ ។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ប្រគល់​សង​លិខិតឆ្លងដែន​ ជូន​ព្រះតេជព្រះគុណ​ សឺន​ ទី​ វិញ​ ដោយ​គ្មាន​លក្ខខណ្ឌ​ ព្រោះ​រដ្ឋាភិបាល​វៀតណាម​ បាន​ចុះហត្ថលេខា​ ស្ដីពី​ការគោរព​សិទ្ធិមនុស្ស​ ជាមួយ​អង្គការសហប្រជាជាតិ​រួចហើយ​ ។

ជុំវិញ​ករណីនេះ​ដែរ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ដដែល​ ក៏បាន​ដាក់​លិខិត​អន្តរាគមន៍​ទៅ​ស្ថាន​ប័ន​សិទ្ធិមនុស្ស​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅលើ​ព្រះតេជព្រះគុណ​ សឺន​ ទី​ ដែល​កាន់​លិខិតឆ្លងដែន​កម្ពុជា​ តែ​ត្រូវ​បាន​ដកហូត​ដោយ​អាជ្ញាធរ​វៀតណាម​ នៅ​​ខេត្ត​ឃ្លាំង​ នៃ​ដែនដី​កម្ពុជាក្រោម​ ។

ទូត​ខ្មែរ​ នៅ​វៀតណាម​ រុញ​ការទទួលខុសត្រូវ​ដាក់គ្នា​

នៅ​ថ្ងៃទី​ ១១​ កម្ភៈ​ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ទីក្រុង​ ព្រៃនគរ​ បាន​ណែនាំ​ឲ្យ​ព្រះតេជព្រះគុណ​ សឺន​ ទី​ ទាក់ទង​ទៅ​ស្ថានទូត​កម្ពុជា​ នៅ​ទីក្រុង​ហាណូយ​ នៃ​ប្រទេស​វៀតណាម​ ដើម្បី​សុំ​រក​កិច្ច​អន្តរាគមន៍​ទៅ​ភាគី​វៀតណាម​ ដើម្បី​ប្រគល់​លិខិតឆ្លងដែន​ជូន​ព្រះអង្គ​ ។ ព្រះតេជព្រះគុណ​ សឺន​ ទី​ បាន​ទាក់ទង​ទៅ​ស្ថានទូត​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​វៀតណាម​ តែ​មិន​ទទួល​បានការ​ឆ្លើយតប​ ហើយ​បន្ទាប់មក​ មន្រ្តី​ស្ថានទូត​ ក៏បាន​ទាក់ទង​មក​ព្រះអង្គ​ដោយ​ផ្ទាល់​វិញ​ ដើម្បី​សួរនាំ​អំពី​មូលហេតុ​ នៃ​ការ​ដកហូត​លិខិតឆ្លងដែន​ ពី​អាជ្ញាធរ​យួន​ខេត្ត​ឃ្លាំង​ ។ ព្រះអង្គ​បន្ត​ថា​ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ទីក្រុង​ ព្រៃនគរ​ បាន​ណែនាំ​ឲ្យ​ព្រះអង្គ​សរសេរ​លិខិតស្នើ​សុំ​ធ្វើអន្តរាគមន៍​ដោយ​ផ្ទាល់ខ្លួន​ព្រះអង្គ​ ហើយ​ផ្ញើ​ទៅ​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​នៅ​ទីក្រុង​ហាណូយ​ ។

ក្រសួង​ការបរទេស​កម្ពុជា​ ចរចា​ជាមួយ​ភាគី​វៀតណាម​

មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ មានប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃទី​ ១២​ កុម្ភៈ​ ថា​ ក្រសួង​បាន​បញ្ជា​ឲ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​ នៅ​ទីក្រុង​ហាណូយ​ ចរចា​ជាមួយ​ នឹង​អាជ្ញាធរ​វៀតណាម​ ដើម្បី​ធ្វើ​យ៉ាងណា​ ប្រគល់​លិខិតឆ្លងដែន​ និង​សម្រួល​ដល់​ការ​បង់ប្រាក់​ពិន័យ​ដល់​ព្រះតេជព្រះគុណ​ សឺន​ ទី​ ។

នៅ​ថ្ងៃ​ដដែល​នោះ​ ទីប្រឹក្សា​ស្ថានទូត​កម្ពុជា​ នៅ​ក្រុង​ហាណូយ​ លោក​ អុប​ សូភី​ បាន​ឲ្យ​អាស៊ី​សេរី​ដឹង​ថា​ មន្ត្រីទូត​ មិន​អាច​ទាក់ទង​ ទៅ​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​ សួរនាំ​ផ្ទាល់​បានទេ​ គឺ​ធ្វើ​កិច្ចការ​ងារ​នេះ​ តាម​ការទូត​ ។ លោក​ថា​ មន្ត្រីទូត​ បាន​សួរនាំ​រឿង​នេះ​ ទៅ​ក្រសួង​ការបរទេស​វៀតណាម​ និង​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​វៀតណាម​ហើយ​ តែ​មិនទាន់​ទទួល​បានការ​ឆ្លើយតប​ទេ​ ។ មន្រ្តី​ទូត​រូប​នេះ​ដដែល​ មានប្រសាសន៍​ថា​ មូលហេតុ​ដែល​អាជ្ញាធរ​វៀតណាម​ មិនទាន់​ប្រគល់​លិខិតឆ្លងដែន​មក​ឲ្យ​ព្រះតេជព្រះគុណ​ សឺន​ ទី​ វិញ​ គឺ​ដោយសារតែ​ព្រះអង្គ​ បាន​បដិសេធ​មិនទៅ​បង្ហាញខ្លួន​តាម​ការ​កោះហៅ​ពី​អាជ្ញាធរ​វៀតណាម​ ឲ្យ​ផ្តិត​មេដៃ​លើ​កំណត់ហេតុ​មួយ​ច្បាប់​ ក្រោយពី​អាជ្ញាធរ​វៀតណាម​ បាន​រឹបអូស​យក​លិខិតឆ្លងដែន​របស់​ព្រះអង្គ​ ។ លោក​មិន​ច្បាស់​ថា​ កំណត់ហេតុ​នោះ​ មានខ្លឹមសារ​យ៉ាងណា​ទេ​ ដែល​ធ្វើឲ្យ​ព្រះតេជព្រះគុណ​ សឺន​ ទី​ មិន​ហ៊ាន​និមន្ត​ទៅតាម​ការ​កោះ​អញ្ជើញ​ ពី​អាជ្ញាធរ​វៀតណាម​ ។

សម្ពាធ​ខ្លាំង​ពី​បរទេស​

ក្រោយពី​ទទួល​បាន​ដំណឹង​ករណី​ដកហូត​លិខិតឆ្លងដែន​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ នោះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ចេញ​សេចក្តី​ប្រកាស​ជាបន្ទាន់​មួយ​ ដើម្បី​ជម្រាប​ដល់​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ ឲ្យបាន​ជ្រាប​ អំពី​ករណី​រំលោភសិទ្ធិ​មនុស្ស​ ពី​រដ្ឋាភិបាល​បក្ស​កុម្មុ​និ​ស្ត​យួន​ ទៅលើ​ព្រះសង្ឃ​ខ្មែរក្រោម​ ។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ ចំពោះ​ករណីនេះ​ ។ ជាមួយគ្នា​នេះ​ដែរ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក៏បាន​ជូនដំណឹង​នេះ​ ទៅ​ស្ថានទូត​ ប្រទេស​នានា​ដែល​ពាក់ព័ន្ធ​ អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​ (Human​ Rights​ Watch​) និង​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ អង្គការ​ប្រជាជាតិ​ និង​ប្រជា​ជា​ជន​គ្មាន​តំណាង​ (UNPO​) និង​ករិយា​ល័​យក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​ អ.ស.ប​ ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ដើម្បី​ជួយ​តាមដាន​ និង​ធ្វើអន្តរាគមន៍​ក្នុង​រឿង​នេះ​ ។

ចំណែក​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ មាន​មូលដ្ឋាន​ នៅ​ប្រទេស​កម្ពុជា​ វិញ​ ក៏បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការបរទេស​កម្ពុជា​ ស្ថានទូត​វៀតណាម​ ការិយាល័យ​ឧត្តម​ស្នងការ​ អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​ (OHCHR​) និង​ដាក់​ទៅកាន់​បណ្តា​ស្ថានទូត​មួយចំនួន​ទៀត​ ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ជុំវិញ​រឿង​នេះ​ដែរ​ ។

ក្រោយ​មានការ​អន្តរាគមន៍​ពី​គ្រប់​ភាគី​ នៅ​រសៀល​ថ្ងៃទី​ ១៤​ កម្ភៈ​ អាជ្ញាធរ​វៀតណាម​ នៅ​ខេត្ត​ឃ្លាំង​ បាន​ប្រគល់​លិខិតឆ្លងដែន​ ជូន​ព្រះអង្គ​វិញ​ហើយ​ ។

លិខិតឆ្លងដែន​របស់ព្រះតេជព្រះគុណ​ សឺន​ ទី

ព្រះតេជព្រះគុណ​ សឺន​ ទី​ ឲ្យវិទ្យុ​អាស៊ីសេរី​ដឹង​ថា​ ក្នុង​ពេល​ទៅ​ទទួលយក​លិខិតឆ្លងដែន​នោះ​ អាជ្ញាធរ​វៀតណាម​ មិនបាន​រករឿង​ និង​មិនបាន​បង្ក​ភាព​តឹងតែង​ ដូចមុន​ទៀត​ទេ​ ដោយ​អាជ្ញាធរ​វៀតណាម​ បាន​ដូរ​មន្ត្រី​ថ្មី​ យក​លិខិតឆ្លងដែន​ថ្វាយព្រះ​អង្គ​ ជំនួស​មន្ត្រី​ ដែល​បាន​ចាប់ដក​ហូត​លិខិតឆ្លងដែន​ លើក​មុន​ ។

ព្រះអង្គ​ថា​ អាជ្ញាធរ​វៀតណាម​ ក៏បាន​ឲ្យ​ព្រះអង្គ​ចុះហត្ថលេខា​លើ​លិខិត​កំណត់ហេតុ​មួយ​ដែរ​ តែ​ព្រះអង្គ​មិនព្រម​ចុះ​ទេ​ ។ កំណត់ហេតុ​នោះ​ ជា​ភាសា​វៀតណាម​ បាន​កត់ត្រា​ពីទី​តាំង​ព្រះអង្គ​ស្នាក់នៅ​បណ្ដោះអាសន្ន​ នៅ​ខេត្ត​ឃ្លាំង​ និង​ខ្លឹមសារ​ ដែល​ព្រះអង្គ​ចែក​បន្ត​ផ្សាយ​តាម​ហ្វេ​សប៊ុ​ក អំពី​សិទ្ធិ​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​ តែ​មិនបាន​ដាក់​ពិន័យ​ ឬព្រមាន​ព្រះអង្គ​ទៀត​ឡើយ​ ។

បើ​ទោះ​យ៉ាងណា​ ព្រះតេជព្រះគុណ​ សឺន​ ទី​ អះអាង​នៅ​ក្រោយ​ទទួល​បាន​លិខិតឆ្លងដែន​ ថា​ នឹង​នៅតែ​បន្តសកម្មភាព​ បញ្ចេញមតិ​រិះគន់​ ដោយ​មិន​ប្រើ​ភាសា​ជេរប្រមាថ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​កដ​ដែល​ ៕