ការសិក្សាភាសាខ្មែរ នៅដែនដីកម្ពុជាក្រោមបច្ចុប្បន្ន មិនទាន់ពេញលេញតាមតម្រូវការនៅឡើយ

ដោយ លី ឈូន

អក្សរ​ ភាសា​ជាតិ​ខ្មែរ ​នៅ​កម្ពុជា​ក្រោម​ ដែល​គង់​វង្ស​បាន​ជា​រូប​រាង​មក​ដល់​សព្វ​ថ្ងៃ​នេះ ​ក៏​ដោយ​អាស្រ័យ​​វីរបុរស​ វរជន​អ្នកស្នេហាជាតិ​ខ្មែរ​គ្រប់​កាល​សម័យ ​បាន​ពលី​កម្ម​ជីវិត​ខិត​ខំ​ប្រឹង​ប្រែង​ថែ​រក្សា​នោះ​ដែរ ​។

ពិធីប្រឡងសញ្ញាបត្រ​ពុទ្ធិកមធ្យមសិក្សាបឋម​ភូមិ ទុតិយភូមិ  ឆ្នាំ ២០២៣នៅ នៅវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) នៃ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) ។ រូបៈ PHUM KHMER ភូមិខ្មែរ
ពិធីប្រឡងសញ្ញាបត្រ​ពុទ្ធិកមធ្យមសិក្សាបឋម​ភូមិ ទុតិយភូមិ ឆ្នាំ ២០២៣នៅ នៅវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) នៃ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) ។ រូបៈ PHUM KHMER ភូមិខ្មែរ

នា​សម័យ​កាល​វិទ្យាសាស្ត្រ​​ទំនើប​ ​ប្រព័ន្ធ​ព័ត៌មាន​ជឿន​លឿន​ និង​តាម​ការ​ខិត​ខំ​ប្រឹងប្រែង​បង្រៀន​ខំប្រឹង​ពង្រីក​អក្សរ​សាស្ត្រ​ខ្មែរ​នេះ​ គេ​មើល​ឃើញ​ថា អក្សរ​សាស្ត្រ​ខ្មែរ​ក្រោម​ ហាក់​ដូច​ជា​មាន​ភាព​រីក​ដុះដាល​​គួរ​ជា​ទី​​មោទនភាព​​​ណាស់ ​តែ​តាម​ពិត​ទៅ​វា​មិន​ដូច​ការ​មើល​ឃើញ​នឹង​ភ្នែក​នោះ​ឡើយ​ ព្រោះ​បច្ចុប្បន្ន​​អក្សរ​សាស្ត្រ​ខ្មែរ​ប្រើ​បាន​តែ​ នៅ​ក្នុង​សហគមន៍​ខ្មែរ​តែ​ប៉ុណ្ណោះ​ ហើយ​ប្រើ​មិន​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ជាតិ​ខ្មែរ​ទៀត​ផង​ ដូច​ជា​ខ្មែរ​ក្រោម ​មិន​អាច​ហៅ​ឈ្មោះ​ភូមិ​ស្រុក​ខ្លួន​ឯង​ជា​ភាសា​ខ្មែរ​ជា​ដើម​​​​  មិន​តែ​ប៉ុណ្ណោះ​សញ្ញាប័ត្រ​តាម​ស្ថាប័ន​វត្តអារាម​ខ្មែរ​ក្រោម​ មិន​ត្រូវ​បាន​រដ្ឋ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ឡើយ​ ។​

តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ក៏​ថ្នាក់​ដឹក​នាំ​សង្ឃ​ខ្មែរ​ក្រោម ​អះ​អាង​ថា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​ពង្រីក​វប្បធម៌​ អក្សរ​សាស្ត្រ​ជាតិខ្មែរ​ក្រោម​ឲ្យ​សម​ស្រប​តាម​សម័យ​កាល​បច្ចុប្បន្ន​​ តែ​ការ​អភិរក្ស​មត៌ក​វប្បធម៌​ អក្សរសាស្ត្រ​ជាតិ​ខ្មែរ​ក្រោម​ជា​កាតព្វកិច្ច របស់​ខ្មែរ​ក្រោម​គ្រប់​រូប​ ។

យុវតី​ខ្មែរ​ក្រោម​ជា​សិស្ស​នៃ​សាលា​ពុទ្ធិក​បឋម​សិក្សា​ ឬ​ ហៅថា ​បាលី​ឆ្នាំ​ទី​ ២ ​ម្នាក់​ក្នុង​ចំណោម​សមណ​សិស្ស​​និង​សិស្ស​ទាំង​​អស់​ ១៥៩ អង្គ​និង​រូប​ ដែល​​សរុប​ទាំង​ ៣​ ថ្នាក់​គឺ​ បាលី​ឆ្នាំ​ទី១,២ និង​ទី ៣ ​កំពុង​ប្រឡង​នៅ​ក្នុង​កម្មវិធី​ប្រឡង​រួម​ដំណាច់​ឆ្នាំ​មួយ​កាល​​ពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ ៨,៩ រោច​ខែ​បុស្ស​ឆ្នាំ​ខាល​ចត្វាស័ក​ ព​ស​ ២៥៦៦​ ត្រូវ​និង​​ថ្ងៃ​ទី​១៤ និង​ទី​ ១៥ ខែ​មករា​កន្លង​ ជា​កម្ម​វិធី​រៀបចំ​ដោយ​គណ​សង្ឃ​ខ្មែរ​ក្រោម​ស្រុក​ជ្រោយ​​ញរ​​​ខេត្ត​ឃ្លាំង​ ប្រព្រឹត្តិ​ទៅ​នៅ​វត្ត​សិរី​វង្សា​ព្រះ​កណ្ដាល​ទឹកសាប​។ ហើយ​យុវ​សិស្ស​ស្រី​រូប​នេះ​ ប្រាប់​ប្រព័ន្ធ​សព្វ​ផ្សាយ​ក្នុង​ស្រុក​មួយ​ឈ្មោះ​ថា​ភូមិ​ខ្មែរ ​ថា​ នាង​ខិត​ខំ​រៀន​អក្សរ​ជាតិ​នេះ​ ជា​គំនិត​របស់​នាង​ផង​ និង​ជា​គោល​បំណង​របស់​ឪពុក​ម្ដាយ​នាង​ផង​ ។

យុវៈ​សិស្ស​សាលា​បាលី​ឆ្នាំ​ទី​២​ម្នាក់​នេះ ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​នាង​មក​រៀន​អក្សរ​ខ្មែរ​ គឺ​នាង​ឆ្លៀត​ពេល​ពី​បញ្ចប់​ម៉ោង​រៀន​ភាសា​វៀតណាម​នៃ​សាលា​រដ្ឋ​ ការ​ខិត​ខំ​របស់​នាង​ហ្នឹង​ក៏​​ដើម្បី​រួម​ចំណែក​ថែ​រក្សា​វប្បធម៌​អក្សរ​សាស្ត្រ​ជាតិ​​ដ៏​មាន​តម្លៃ​មួយ​នេះ​សម្រាប់​ជាតិ​ខ្មែរ​៖ «ពីព្រោះ​ប្អូន​ចង់​ថែ​រក្សា​វប្បធម៌​ ប្រពៃណី​ខ្មែរ​ឱ្យ​បាន​គង់​វង្ស ទោះ​ជា​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ​ក៏​យើង​ត្រូវ​តែ​ខំ​រៀន​អក្សរសាស្ត្រជាតិ​យើង​ដែរ​ ព្រោះ​ថា​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ​របស់​យើង​មាន​​តម្លៃ​ណាស់​។ សព្វ​​ថ្ងៃ​ប្អូន​រៀន​ គឺ​ពុក​ម៉ែ​ ប្អូន​តែង​តែ​ផ្ដល់​ទឹក​ចិត្ត​ឱ្យ​ប្អូន​ដើម្បី​ឲ្យ​ប្អូន​ខំ​រៀន​សូត្រ​»

ឆ្លើយ​តប​នឹង​ប្រព័ន្ធ​សព្វ​ផ្សាយ​ក្នុង​ស្រុក​មាន​ឈ្មោះ​​ភូមិ​ខ្មែរ​ដដែល​ហ្នឹង​ កសិករ​ខ្មែរ​ក្រោម​ម្នាក់​នៅ​ខេត្ត​ព្រះ​ត្រពាំង​ថា​លោក​ខំ​ជំរុញ​ឲ្យ​កូន​របស់​លោក​ទៅ​សិក្សា​អក្សរ​សាស្ត្រ​ជាតិ​នៅ​វត្ត​គ្រប់គ្នា​​ ដើម្បី​បាន​ជា​ទំពាំង​ស្នង​ឫស្សី​ បើ​មិន​ខំ​ទេ​ អំណើះ​ត​ទៅ​អក្សរ​សាស្ត្រ​ជាតិ​នឹង​សាប​សូន្យ​មិន​ខាន​​ ៖«ដូច្នេះ​​​​យើង​ទាំង​ឡាយ​ដែល​ជា​ខ្មែរ​ត្រូវ​ពង្រឹង​ពង្រីក​ជំរុញ​ទឹក​ចិត្ត​ ឲ្យ​បង​​​​​ប្អូន​កូន​ក្មួយ​ខ្មែរ​ទាំង​ឡាយ​ហ្នឹង​ទៅ​រៀន​អក្សរសាស្ត្រ​ខ្មែរ​ នៅ​តាម​វត្ត​អារាម​ខ្មែរ។​ បើ​ថ្ងៃ​ណា​មួយ​ដែល​ អ្នក​ចេះ​ភាសា​ខ្មែរ​ចាស់​ទៅ​​​ បើ​គ្មាន​អ្នក​ស្នង​ទេ​អក្សរសាស្ត្រ​ជាតិ​យើង​នឹង​ត្រូវ​បាត់​បង់​ហើយ​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ ជំរុញ​កូន​របស់​ខ្ញុំ​មាន​កូន​បី​នាក់​ ឥឡូវ​នេះ​បាន​ពីរ​ហើយ​ដែល​បាន​ទៅ​រៀន​អក្សរសាស្ត្រ​ជាតិ​ខ្មែរ​នៅ​ក្នុង​វត្ត​ ដើម្បី​បន្ត​វេន​អភិរក្ស​អក្សរសាស្ត្រ​ជាតិ​ ព្រោះ​ខ្ញុំ​ដូច​ជា​ឫស្សី​ចាស់​ ហើយ​ត្រូវ​តែ​បណ្ដុះ​ទំពាំង​ថ្មី​ដើម្បី​បន្តវេន»

ងាក​​ទៅ​មើល​បន្ត​ឯ​វេទិកា​ប្រកាស​លទ្ធ​ផល​​ប្រឡង​រួម​នា​វត្ត​សិរី​វង្សា​ព្រះ​កណ្ដាល​ទឹក​សាប​ ដែល​រចនា​ដោយ​ក្បូរ​ក្បាច់​ខ្មែរ​ព្រម​ទាំង​បដា​ជា​អក្សរ​ខ្មែរ​សុទ្ធ​មិន​មាន​លាយ​លាំ​អក្សរ​វៀតណាម​មួយ​តួ​ណា​នោះ ​និង​ស្ថិត​នៅ​ចំពោះ​មុខ​​សិស្សា​នុសិស្ស​ព្រម​ទាំង​ភ្ញៀវ​ចូល​រួម​ប្រមាណ​ជាង​៥០០​អង្គ​និង​នាក់​ផង​នោះ​ ព្រះ​​ប្រធាន​គណ​សង្ឃ​ខ្មែរ​ក្រោម​ខេត្ត​ឃ្លាំង​ ព្រះ​តេជ​ព្រះ​គុណ​ តាំង ណូ បាន​ស្ងើច​សរសើរ​​ចំពោះ គណ​កម្មការ ព្រះចៅ​អធិការ​វត្ត​​ នៅ​ស្រុក​ជ្រោយ​ញរ​ដែល​ខិត​កសាង​វត្ត​អារាម​បាន​ល្អ​ ពិសេស​ការ​ខំ​ប្រឹង​ប្រែង​រៀប​ចំ​ប្រពន្ធ​សិក្សា​អប់រំ ហើយ​ពេល​នេះ​​ក៏​បាន​រៀប​ចំ​កម្ម​វិធី​ប្រឡង​រួម​សម្រាប់​ស្រុក​ ដែល​ជា​កម្មវិធី​ល្អ​គ្មាន​ពីរ​ទូទាំង​ខេត្ត​ឃ្លាំង​ទៀត​ផង​ ។

 ព្រះ​តេជ​ព្រះ​គុណ​ តាំង ណូ មាន​ថេរ​ដីកា​បន្ត​ថា​ សម័យ​នេះ​ ចំណេះ​វិជ្ជា​ថ្មី​ ៗ ​មាន​ច្រើន​ណាស់ ​ហេតុនេះ​សូម​ព្រះ​សង្ឃ​ យុវជន​ជា​កូន​ចៅ​ខ្មែរ​គួរ​ខិត​ខំ​រៀន​សូត្រ​បន្ថែម​ទៀត​ដើម្បី​វិវដ្ដ​ខ្លួន​​ឲ្យ​ទាន់​សម័យ​នឹង​គេ​៖ «សមិទ្ធិ​ផល​ទាំង​អស់​នេះ​បាន​មក​ពី​ការ​ដឹក​នាំ​ល្អ​របស់​ព្រះ​ចៅ​អធិការ​វត្ត ​និង​គណៈកម្មការ​ អាចារ្យ​វត្ត​ហ្នឹង ​ដែល​ខិត​ខំ ​បើក​សាលា​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ​ ដូច្នេះ​សូម​ឲ្យ​ព្រះ​ករុណា​គ្រប់​ព្រះអង្គ​ កូន​ក្មួយ​ គ្រប់​រូប​អ្នក​រៀន​ហ្នឹង​ទោះ​ជា​រៀន​ថ្នាក់​ទី​ ១ ក្ដី ទី ២ ក្ដី​ត្រូវ​ខំ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ហ្នឹង​ឲ្យ​បាន​វែង​ឆ្ងាយ​ត​ទៅ​ទៀត​»

ការ​លើក​ឡើង​មក​នេះ​ ស្រប​ក្នុង​ឱកាស​វិស័យ​ពុទ្ធិក​សិក្សា​នៅ​កម្ពុជា​ក្រោម​កំពុង​រៀប​ចំ​កម្ម​វិធី​ប្រឡង​ដំណាច់​ឆ្នាំ​​​​សិក្សា​ និង​ប្រឡង​បញ្ចប់​កម្រិត​សិក្សា​តាម​ទំនៀម​ទម្លាប់​របស់​ខ្លួន ។ ទំនៀម​​ទម្លាប់​នៃ​វិស័យ​ពុទ្ធិក​សិក្សា​របស់​ខ្មែរ​ពិសេស​នៅ​កម្ពុជា​ក្រោម​​តែង​​តែ​ប្រព្រឹត្តិ​ទៅ​ជា​រៀង​រាល់​ឆ្នាំ​មាន​រយៈ​ពេល​សិក្សា​ប្រមាណ​ជា​ ៩ ​ខែ​ គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ ១​រោច ខែ​ពិសាខ​ទៅ​ដល់​ថ្ងៃ​ពេញ​បូណ៌​មី​ខែ​បុស្ស​ច័ន្ទ​គតិ​ ហើយ​ប្រហាក់​​ពី​ឧសភា​ដល់​ខែ​មករា​នៃ​សុរិយា​គតិ​។​

ចុង​បញ្ចប់​នៃ​ការសិក្សា​ជា​រៀង​រាល់​ឆ្នាំ តាម​វត្ត​អារាម​ខ្មែរ​ តាម​មណ្ឌល​នៃ​ពុទ្ធិកសិក្សា​នីមួយ​ៗ​តែង​តែ​បារម្ភ​កម្មវិធី​ប្រឡង​​ដំណាច់​ឆ្នាំ​ និង​ដំណាច់​កម្រិត​​​សិក្សា​ជា​ប្រចាំ​ ។​​

​​​​​​​​​​​​​​​​​បច្ចុប្បន្ន​ការ​ពង្រឹង​វិស័យ​ពុទ្ធិក​សិក្សា​ជា​ខេមរៈ​ភាសា​​ ដែល​មាន​សន្ទុះ​ជឿន​លឿន​ជាង​គេ​​នៅ​កម្ពុជា​ក្រោម​គឺ​ខេត្ត​ព្រះ​ត្រពាំង​ ។ ព្រះ​ត្រពាំង​ជា​ខេត្ត​ខ្មែរ​ក្រោម​មួយ ​ដែល​មាន​ចំណាស់​ជាង​គេ​មួយ​នេះ​ មាន​វត្ត​ខ្មែរ​ចំនួន​១៤៣ វត្ត ​​ជាប់​ជា​ខេត្ត​មាន​វត្ត​ខ្មែរ​ និង​ប្រជាជន​ខ្មែរ​ច្រើន​ជាង​ក្នុង​ចំណោម​​២១​ខេត្ត​ក្រុង​នៅ​កម្ពុជា​ក្រោម​។​  ហើយ​ក៏​ជា​ខេត្ត​មួយ​ដែល​មាន​ចាត់​តាំង​កម្មវិធី​ប្រឡង​រួម​ទូទាំង​ខេត្ត។

​កា​ប្រឡង​បញ្ចប់​កម្រិត​សិក្សា​​នៅ​ខេត្ត​ព្រះ​ត្រពាំង​ ឆ្នាំ​នេះ​មាន​រយៈពេល ៣ ថ្ងៃ គឺ​ពី ៦,៧,៨ កើត​ខែ​មាឃ​ឆ្នាំ​ខាល​ចត្វា​ស័ក​ព.ស​២៥៦៦ ​ត្រូវ​នឹង​​ថ្ងៃ​ទី​ ២៧,២៨.និង២៩ នៃ​ខែ​មករា​កន្លង​ នា​វត្ត​ពោធិ​វង្ស​ កំពង់​ដូង​ (ផ្នោ​ដូង)​ស្រុក​កញ្ចោង​ខេត្ត​ព្រះ​ត្រពាំង​។ (វត្ត​ផ្នោ​ដូង​ជា​សមរភូមិ​ប្រយុទ្ធ​មួយ​​ ដែល​លោក​ឧកញ៉ា សឹន គុយ​ បាន​កាត់​ក្បាល​មេ​ទ័ព​​យួន​ឈ្មោះ​ អុង​ បូ នៅ​ទី​នេះ)។

ក្រៅ​ពី​ក្រោម​អធិបតី​ភាព​គណ​សង្ឃ​ខ្មែរ​ក្នុង​ខេត្ត ​និង​គណ​សង្ឃ​ខ្មែរ​នៅ​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្ត​ឃ្លាំង​ ខេត្ត​លង

​ហោរ​ជា​ដើម  ហើយ​និង​មន្ត្រី​រដ្ឋការ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ចូល​រួម​ផង​នោះ​គេ​ឃើញ​មាន​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​របស់​ថ្នាក់​ដឹក​សង្ឃ​ថៃ​ពីរ​ព្រះ​អង្គ​ផង​ដែរ គឺ​សាស្ត្រាចារ្យ​រង​និង​នាយក​ការិយាល័យ​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធសាសនា​ និង​សង្គម​ នៃ​សាកល​វិទ្យាល័យ​មហា​ចុឡ​ឡុង​​ករណ៍​រាជ​វិទ្យាល័យ​​ គឺ​ព្រះ​មហា​សុទ្ធិ​វិរ​បណ្ឌិត គុណ ជោ (ខ្មែរសុរិន្ទ) និង​ព្រះ​ចៅ​អធិការ​វត្ត​គោក​ទៀម នៃ​ខេត្តសុរិន្ទរ៍​ គឺ​ព្រះ​មហា​សម្បត្តិ​ ឥសរ​ធម្មោ។

វត្ត​ដែល​ជា​មណ្ឌល​សិក្សា​ចូល​រួម​ប្រឡង​ដំណាច់​កម្រិត​សិក្សា​ប្រចាំ​ខេត្ត​នា​វត្ត​ពោធិ​វង្ស​កំពង់​ដូង​ឆ្នាំ​នេះ​ រួម​មាន​បួន​គឺ​វត្ត​ពោធិ​សាល​រាជ​កំពង់,វត្ត​សំរោង​ឯក​, វត្ត​បឹ​ង្រៃ​ថ្មី និង​វត្ត​ពោធិ​វង្ស​កំពង់​ដូង​ និង​មាន​គណ​មេ​ប្រយោគ​ចំនួន​ ២៥៦ អង្គ​និង​រូប​ ។ មាន​សមណ​សិស្ស និង​សិស្ស​សរុប​ចំនួន ៥១៦ អង្គ​និង​រូប។ ក្នុង​នេះ​កម្រិត​ពុទ្ធិក​មធ្យម​សិក្សា​បឋមភូមិ​ឆ្នាំទី៤​(បាលី​រង​)​ រួម​មាន​១៦ បន្ទប់​ មាន​សិស្ស​ចំនួន​ ៣៥២ អង្គ/រូប ​ដែល​មាន​សមណ​សិស្ស​ចំនួន ២២៤​ អង្គ សិស្ស​ស្រី​ ១០៦ រូប និង​សិស្ស​ប្រុស​ ២១ រូប លទ្ធផល​ប្រឡង​ជាប់​ ៣៤៣ អង្គ​និង​រូប​។

​រីឯ​កម្រិត​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយភូមិ​ (គរុកោសល្យ​ទី ៣​) រួម​មាន​​ ៤ បន្ទប់​ មាន​សិស្ស​ចំនួន​ ១៦៤ អង្គ/រូប ​ដែល​មាន​សមណ​សិស្ស​ចំនួន ១២០​ អង្គ សិស្ស​ស្រី​ ៣៣ រូប និង​សិស្ស​ប្រុស​ ៤ រូប លទ្ធផល​ប្រឡង​ជាប់​ ១៦៣ អង្គ​និង​រូប​។

ចំពោះ​វិញ្ញាសា​ប្រឡង​សម្រាប់​កម្រិត​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ(បាលី​រង​)​ មាន ១២ វិញ្ញាសា​គឺ៖ ព្រះ​វិន័យ ​តែង​សេចក្ដី សរសេរ​តាម​អាន​ ប្រែ​ធម្មបទ​ដ្ឋ​កថា ​ភាសា​បាលី ភាសា​ខ្មែរ ព្រះ​គាថា ព្រះ​អភិធម្ម គណិតវិទ្យា អង់គ្លេស បូរេ​និទាន​ និង​ទស្សនៈ​ពុទ្ធសាសនា ។

បេក្ខ​សិស្ស​ដែល​​ប្រឡង​ជាប់​ទាំង​ ៣៤៣ អង្គ​និង​រូប​តាម​និទ្ទេស​ពិន្ទុ​​មាន​៖​លេខ១ សាមណេរ ថាច់ ច័ន្ទណា កើត​ឆ្នាំ ២០០៣ មក​ពី​វត្ត​ផ្នោ​ពោន​ខេត្ត​ឃ្លាំង​ សំណាក់​រៀន​នៅ​វត្ត​ស្វាយ​សៀម​ថ្មី​ខេត្ត​ព្រះ​ត្រពាំង​។ លេខ​ ២​ ភិក្ខុ​ថាច់​ ឡឹម​  កើត​ឆ្នាំ ២០០១ ​មក​ពី​វត្ត​បាត់​ក្រមា​​ សំណាក់​រៀន​នៅ​វត្ត​ជ្រោយ​ទន្សា​ខេត្ត​ព្រះ​ត្រពាំង​។ លេខ ៣ សាមណេរ​ថាច់​ សារា​ កើត​ឆ្នាំ ​២០០១​ មក​ពី​វត្ត​ខ្វែង​ទទឹង​ខេត្ត​ព្រះ​ត្រពាំង​ សំណាក់​រៀន​នៅ​វត្ត​កំពង់់់់់់់់​ជ្រៃ​ខេត្ត​ព្រះ​ត្រពាំង​។ ​លេខ​ ៤​ ភិក្ខុ​គឹម​ ច័ន្ទ​មុនី​ កើត​ឆ្នាំ ១៩៩៧ មក​ពី​វត្ត​កោះ​ស្លា​ខេត្ត​ព្រះ​ត្រពាំង​  សំណាក់​រៀន​នៅ​វត្ត​កញ្ចោង​ភ្នំពេញ​ខេត្ត​ព្រះ​ត្រពាំង​។ល។​​

ចំណែក​វិញ្ញាសា​ប្រឡង​សម្រាប់​​កម្រិត​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី ៣ (គរុកោសល្យទី៣) វិញ​ រួម​មាន ១០ វិញ្ញាសា​គឺ៖ ព្រះ​បាដិមោក្ខ​ សម្ព័ន្ធ​មាលា​ សរសេរ​តាម​អាន​ សាសនា​សកល កំណាព្យ អក្សរសាស្ត្រខ្មែរ អង់គ្លេស គណិតវិទ្យា​ បរិមា​ធិប្បាយ​ និង​ប្រែ​គម្ពីរ​មង្គលត្ថទីបនី​។​ ហើយ​ចំពោះ​​លទ្ធផល​ប្រឡង​ជាប់​ ១៦៣ អង្គ​និង​រូប​ក្នុង​ចំណោម​សិស្ស​ ១៦៤ អង្គ​និង​រូប ​តាម​និទ្ទេស​ពិន្ទុ​​មាន​៖​លេខ១ ភិក្ខុ​ថាច់ វិន កើត​ឆ្នាំ ១៩៩៦ មក​ពី​វត្ត​មជ្ឈិមារាម​កណ្ដាល​ ខេត្ត​ព្រះ​ត្រពាំង​ សំណាក់​រៀន​នៅ​វត្ត​ពោធិ​វង្ស​កំពង់​ដូង​ខេត្ត​ព្រះ​ត្រពាំង​។ លេខ​ ២​ ភិក្ខុ​ចៅ សុរិន្ទ​ កើត​ឆ្នាំ ១៩៩៥ ​មក​ពី​វត្ត​ប្រាសាទ​ផុស​ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក​​ សំណាក់​រៀន​នៅ​វត្ត​បឹង្រៃថ្មី​ខេត្ត​ព្រះ​ត្រពាំង​។ លេខ ៣ ភិក្ខុចៅ វាសនា ​ កើត​ឆ្នាំ ១៩៩០ មក​ពី​វត្ត​គោក​ត្រែង​ស្រុក​ស្វាយ​ទង​ ខេត្ត​មាត់ជ្រូក​ សំណាក់​រៀន​នៅ​វត្ត​ពោធិ​វង្ស​កំពង់​ដូង​ខេត្ត​ព្រះ​ត្រពាំង​​។ ​លេខ​ ៤​ ភិក្ខុ​យ៉ាញ់​ ក្វាង​លិញ មក​ពី​វត្ត​​នៅ​ស្រុក​ជើង​រៀង​ ខេត្ត​ក្រមួន​ស​  សំណាក់​រៀន​នៅ​វត្ត​ពោធិ​វង្ស​កំពង់​ដូង​ខេត្ត​ព្រះ​ត្រពាំង​​​។ល។

នៅ​ចំពោះ​មុខ​សិស្សានុសិស្ស​ ហើយ​និង​ភ្ញៀវ​ចូល​រួម​គាំទ្រ​កម្មពិធី​ប្រឡង​រួម ​ប្រមាណ​ជា​ជាង​ ១.​០០០ នាក់​នោះ ​​អនុប្រធាន​ប្រតិបត្តិ​សមាគម​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​វៀតណាម​​ និង​ជានាយក ​​នៃ​វិទ្យាស្ថាន​​ពុទ្ធសាសនា​ខ្មែរ​ក្រោម​​ នា​ទី​ក្រុង​ព្រែក​ឫស្សី​ព្រះ​តេជ​ព្រះ​គុណ​ ដាវ​ ញឺ លើក​ឡើង​ថា ​ខ្មែរ​ក្រោម​កុំ​រំពឹង​មេឃ​​ កុំ​រំពឹង​ផ្កាយ​ ត្រូវ​ខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​ក្នុង​ការ​អភិរក្ស​វប្បធម៌​ ​​អក្សរ​សាស្ត្រ​ជាតិ​នេះ ចំណែក​រដ្ឋ​គេ​ជួយ​បាន​ត្រឹម​ផ្នែក​គោល​នយោបាយ​តែ​ប៉ុណ្ណោះ៖ «ពេល​នេះ​យើង​អាច​និយាយ​បាន​ភាសា​ សរសេរ​បាន​អក្សរ​ (មែនទេ?)  រក្សា​បាន​នូវ​ទំនៀម​ទម្លាប់​ ប្រពៃណី ​គឺ​ដោយ​សារ ​យើង​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​(មែនទេ?) ​ទើប​រក្សា​គង់​វង់​បាន​ដល់​ពេល​ហ្នឹង​។ ឯ​រដ្ឋ​គឺ​មាន​ជួយ​គឺ​ជួយ​លើ​គោល​នយោបាយ​និង​ជួយ​នូវ​គោល​ជំហរ​ ក្រៅ​ពី​នេះ​គឺ​ពឹង​ផ្អែក​ចំពោះ​យើង​ជា​កូន​ចៅ​ខ្មែរ​ទាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អស់​គ្នា​។ ដូច្នេះ​បើ​យើង​ខំ​រៀន​យើង​នឹង​​ចេះ យើង​ខំ​ថែរក្សា​យើង​នឹង​បាន​គង់​វង្ស​រឹង​មាំ​យូរ​អង្វែង​»

មិន​ខុស​គ្នា​នឹង​ការ​លើក​ឡើង​របស់​វិទ្យាធិកា​វិទ្យាស្ថាន​ពុទ្ធសាសនា​ខ្មែរ​ក្រោម​ នៅ​ទី​ក្រុង​ព្រែក​ឫស្សី​ប៉ុន្មាន​​ទេ ​​តំណាង​ឲ្យ​គណ​សង្ឃ​ខ្មែរ​ខេត្ត​ព្រះ​ត្រពាំង​ អនុប្រធាន​អចិន្ត្រៃយ៍​ នៃ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ព្រះ​ត្រពាំង ​ព្រះ​តេជ​ព្រះ​គុណ​ថាច់​ ហ្វាយ​លើក​ឡើង​ថា មត៌ក​វប្បធម៌​ អក្សរសាស្ត្រ​ជាតិ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ ដែល​គង់​វង្ស​បាន​ជា​រូប​រាង​មក​ដល់​សព្វ​ថ្ងៃ​នេះ ​ក៏​ដោយ​អាស្រ័យ​​វីរបុរស​ វរជន​​ខ្មែរ​ក្រោម​គ្រប់​កាល​សម័យ​បាន​ពលី​កម្ម​​ខិត​ខំ​ប្រឹង​ប្រែង​ថែ​រក្សា​នោះ​ឯង​ ដូច្នេះ​ពេល​នេះ​ខ្មែរ​ក្រោម​គ្រប់​រូប​មាន​ភារកិច្ច​អភិរក្ស​វប្បធម៌​ អក្សរសាស្ត្រ​ជាតិ​ខ្លួន​ឲ្យ​បាន​គង់​វង់​យូរ​អង្វែង​៖ «បញ្ហា​វប្បធម៌​អក្សរ​សាស្ត្រ​ជាតិ​គឺ​ជា​បញ្ហា​របស់​ខ្មែរ​គ្រប់​រូប ដែល​ខ្មែរ​មិន​ត្រឹម​តែ​ត្រូវ​ខិត​ខំ​រៀន​សូត្រ​ស្វែង​យល់​ប៉ុណ្ណោះ​ទេ​ ខ្មែរ​ត្រូវ​តែ​ខិត​ខំ​ថែរក្សា​មរតក​ជាតិ​ ដែល​ពុំ​អាច​កាត់​ថ្លៃ​បាន​នេះ​ ឲ្យ​កត់​ហ្មត់​គង់​វង់​ដើម្បី​ទុក​ជា​អំណោយ​ ជូន​ដល់​ទាយាទ​ជំនាន់​ក្រោយ​ ៗ គ្រប់​ៗ ជំនាន់ តទៅ»

 នៅ​កណ្ដាល​វេទិកា​ប្រឡង​នា​ទី​វាល​ល្វឹង​ល្វើយ​ដែល​រំលេច​​ដោយ​ពន្លឺ​ភ្លើង​ចម្រុះ​​ពណ៌​ លម្អ​ដោយ​បដា​ភាសា​ខ្មែរ​ មិន​មាន​លាយ​ឡំ​នឹង​ភាសា​ជាតិ​សាសន៍​ដទៃ​នោះ​ តំណាង​គណ​សង្ឃ​ខ្មែរ​ក្រោម​ខេត្ត​ព្រះ​ត្រពាំង​ ដែល​មាន​​ព្រះ​កាយ​ស្គម​ល្មម ​រែក​ប៉ុន​ការ​ងារ​សង្គម​ស្អេកស្កះ​​ និង​ចាក់​ស្រេះ​ដោយ​បន្លា​នោះ​ ​​ព្រះ​តេជ​គុណ​ថាច់​ ហ្វាយ ប្ដេជ្ញា​ថា​នឹង​ខិត​ខំ​កែ​លម្អ​ប្រព័ន្ធ​សិក្សា​វិស័យ​ពុទ្ធិកសិក្សា​ខ្មែរ​ក្រោម​សព្វ​ថ្ងៃ​ ឲ្យ​សម​ស្រប​តាម​តម្រូវ​ការ​នៃ​សម័យកាល​ តាម​លទ្ធភាព​ដែល​ចូល​រួម​ដោយ​សង្គម​ជាតិ​​៖ «ការ​ចាំបាច់​នៅ​ពេល​នេះ​ ដែល​ខកខាន​មិន​បាន​នោះ​ គឺ​ការ​សិក្សា​របស់​យើង​ ត្រូវ​តែ​មាន​កំណែ​ទម្រង់​ថ្មី​មួយ​ជំហាន​ទៀត​។ នេះ​ជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​តែ​ធ្វើ​ ហើយ​វា​ក៏​ជា​បន្ទុក​ធ្ងន់​ថ្មី​មួយ​ទៀត​ដែល​ធ្លាក់​មក​លើ​មន្ត្រី​សង្ឃ​និង​ ព្រះ​សង្ឃ​ គណៈកម្មការ អាចារ្យ គ្រប់​វត្ត និង​ពុទ្ធ​បរិស័ទ​គ្រប់​រូប​ទូទាំង​ខេត្ត​ត្រា​​វិញ​យើង»

យោង​តាម​របាយការណ៍​របស់​គណ​កម្មការ​សិក្សា​ខេត្ត​ព្រះ​ត្រពាំង​ ក្នុង​ឱកាស​ប្រឡង​រួម​នៅ​វត្ត​ពោធិ​វង្ស​កំពង់​ដូង​ឆ្នាំ​នេះ​ ឲ្យ​ដឹង​អំពី​សមិទ្ធិ​ផល​សិក្សា​​នៃ​ខេត្ត​ព្រះ​ត្រពាំង​ប្រចាំ​ពស ២៥៦៦ គស ២០២២ ​​ដែល​ទទួល​បាន​មាន​៖ទី១.កម្រិត​សិក្សា​ខេមរភាសា​​ ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ មាន ៧៥៣ បន្ទប់ មាន​សិស្ស​សរុប​ ១៦.១២៨ រូប គ្រូ​បង្រៀន​ស្ម័គ្រ​ចិត្ត​មាន​ ៦៩២​ រូប​ ។ ទី២ក/កម្រិត​ពុទ្ធិក​មធ្យម​សិក្សា​បឋមភូមិ​បាលី​ទី​១ ទី២ និង​ទី​ ៣​ មាន​១៣៩ ​បន្ទប់​ មាន​សិស្ស​សរុប​ ១.៩០៤ រូប សមណ​​សិស្ស​មាន​១.១៣១ អង្គ សិស្ស​ស្រី​មាន​៦៣៨​ និង​សិស្ស​ប្រុស​មាន​១៣៧ ​រូប​។ ទី២ខ/​កម្រិត​ពុទ្ធិក​មធ្យម​សិក្សា​បឋមភូមិឆ្នាំទី៤​ (បាលី​រង​)​ មាន​១៦ បន្ទប់​ មាន​សិស្ស​សរុប ៣៥២ រូប ​​សមណ​សិស្ស​មាន ២២៤​ អង្គ សិស្ស​ស្រី​ ១០៦ រូប និង​សិស្ស​ប្រុស​ ២១ រូប ។

ទី៣.ក/កម្រិត​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយភូមិ​ ពី​ឆ្នាំ​ទី​១ ដល់​ឆ្នាំ​ទី​ ២​ មាន ១៥ ​បន្ទប់​ មាន​សិស្ស​សរុប​ ៤២៥  រូប សមណ​​សិស្ស​មាន​ ៣០៥ អង្គ សិស្ស​ស្រី​មាន​៩៧ រូប​ និង​សិស្ស​ប្រុស​មាន​ ២៣ ​រូប​។ ទី៣.ខ/កម្រិត​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយភូមិ​ (គរុកោសល្យ​ទី ៣​) រួម​មាន​​ ៤ បន្ទប់​ មាន​សិស្ស​សរុប​ ១៦៤ រូប ​​សមណ​សិស្ស​មាន ១២០​ អង្គ សិស្ស​ស្រី​ ៣៣ រូប និង​សិស្ស​ប្រុស​ ៤ រូប។ ទី៤/មាន​សមណ​សិស្ស​ចំនួន ២២ អង្គ កំពុង​សិក្សា នា​ប្រទេស​ថៃ នូវ ​កម្រិត​បរិញ្ញា​ និង​បណ្ឌិត ។

ដោយ​ឡែក​របាយការណ៍​របស់​គណ​កម្មការ​ជនជាតិ​ខេត្ត​ព្រះ​ត្រពាំង​ ក្នុង​ឱកាស​ប្រឡង​រួម​នា​វត្ត​ពោធិ​វង្ស​កំពង់​ដូង​នេះ​ដែរ​ បាន​បង្ហាញ​ថា ការ​រៀន​អក្សរខ្មែរ​ប្រចាំ​ឆ្នាំ​នៅ​តាម​វត្ត​ខ្មែរ​​ទូទាំង​ខេត្ត​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី ១២ មាន​សាលា១២០​ខ្នង ​មាន​សិស្ស​សរុប ២០០.០០០ នាក់​។ ហើយ​និង​សិក្សា​តាម​វត្ត​ក្នុង​រដូវ​វិស្សមកាល​មាន​៧៥០​បន្ទប់ មាន​សិស្ស​សរុប ១៩.០០០ រូប ។ ហើយ​ក្រៅ​ពី​សិក្សា​តាម​វត្ត​ ក៏​នៅ​មាន​សិក្សា​តាម​មណ្ឌល​ វិទ្យាស្ថាន​ ព្រម​ទាំង​សិក្សា​តាម​សកល​វិទ្យាល័យ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត ហើយ​ថែម​ទាំង​សិក្សា​តាម​កញ្ចក់​ទូរទស្សន៍​ខេត្ត​ប្រចាំ​ថ្ងៃ​ទៀត​​ផង​ ។

អ្នក​ស្រឡាញ់​វប្បធម៌​ អក្សរ​សាស្ត្រ​ខ្មែរ​លើក​ឡើង​ថា របប​កុម្មុយនិស្ដុ​វៀតណាម​បាន​បើក​សិទ្ធិ​ឲ្យ​ខ្មែរ​រៀន​អក្សរ​ខ្មែរ​ក៏​ពិត​មែន​ តែ​វៀតណាម​មាន​ចេតនា​មិន​ឲ្យ​ខ្មែរ​ក្រោម​ប្រើ​ប្រាស់​ភាសា​ អក្សរ​សាស្ត្រ​ខ្មែរ​ឡើយ​។ បើ​វៀតណាម​​មាន​ចេតនា​​​​បើក​សិទ្ធិ​សេរីភាព​ឲ្យ​ខ្មែរ​ក្រោម​រៀន​សូត្រ​ ប្រើ​ប្រាស់​ភាសា​ អក្សរ​សាស្ត្រ​ខ្មែរ​មែន​ វៀតណាម​ត្រូវ​តែ​ទទួល​ស្គាល់​សញ្ញាប័ត្រ​​សិក្សា​តាម​វត្ត​អារាម​ខ្មែរ​ជា​ផ្លូវ​ការ​ ត្រូវ​សង​ និង​អនុញ្ញាត​ឲ្យ​វត្ត​អារាម​ខ្មែរ​ប្រើ​ប្រាស់​ត្រា​ជា​ភាសា អក្សរ​ខ្មែរ​ឡើង​វិញ​ ត្រូវ​ប្រើប្រាស់​ភាសា​ អក្សរ​ខ្មែរ​នៅ​តាម​មណ្ឌល​ ទីស្ថាន​មត៌ក​វប្បធម៌​ខ្មែរ​ ​និង​មណ្ឌល​ ទីស្ថាន​កសាង​ថ្មី​សម្រាប់​ខ្មែរ​ ដូច​ជា​ផ្លាក​ឈ្មោះ​មណ្ឌល​សាលា​អន្តេវាសិក​វិញ គឿង ជា​ដើម ត្រូវ​តែ​ប្រើ​ភាសា​ អក្សរ​ខ្មែរ​ផង ព្រោះ​ជា​មណ្ឌល​បណ្ដុះបណ្ដាល​អក្សរសាស្ត្រ​ខ្មែរ​ដល់​កូន​ខ្មែរ​ក្រោម​ ។

​ការ​​​​​បើក​សិទ្ធិ​សេរីភាព​ឲ្យ​ខ្មែរ​ក្រោម​រៀន​សូត្រ​ តែ​ប្រើ​ល្បិច​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ដូច្នេះ វា​ស្មើ​នឹង​ការ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​រៀន​អក្សរសាស្ត្រ​ខ្មែរ​ខ្លួន​ឯង​អីចឹង​ដែរ​ ៕