សេចក្ដីថ្លែងការណ៍ ៧៤ ឆ្នាំ កម្ពុជាក្រោម នៅក្រោមអាណានិគមយួន ខ្មែរក្រោមក្រោកឈរដើម្បីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង

សេចក្ដីថ្លែងការណ៍

៧៤ ឆ្នាំ កម្ពុជាក្រោមនៅក្រោមអាណានិគមយួន

ខ្មែរក្រោមក្រោកឈរដើម្បីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង

(៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២៣)

ចុចអាននៅលើ PDF

ខ្ញុំព្រះករុណា ខ្ញុំបាទ  សូមគោរពចំពោះព្រះសង្ឃគ្រប់អង្គជាទីគោរពដ៏ខ្ពង់ខ្ពស់ ។

សូមគោរពចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំង ជនរួមជាតិខ្មែរនៅជុំវិញពិភពលោកជាស្រឡាញ់រាប់អាន ។

លោក ប្រាក់ សិរីវុឌ្ឍ​ ​ប្រធាន​ប្រតិបត្តិសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម
លោក ប្រាក់ សិរីវុឌ្ឍ​ ​ប្រធាន​ប្រតិបត្តិសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣ នេះ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បាន ប្រារព្ធពិធីខួប ៧៤ ឆ្នាំ កម្ពុជាក្រោមនៅក្រោមអាណានិគមយួន ដើម្បីរំឭកដល់ថ្ងៃដែលអាណានិគមបារាំង បានផ្ទេរអាណានិគមរបស់ខ្លួន ឲ្យយួនបន្តធ្វើអាណានិគមលើជនជាតិដើមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម  នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

ប្រជាជាតិខ្មែរក្រោមជាជនជាតិដើមនៃដែនដីកម្ពុជាក្រោម តែត្រូវជនបរទេសចូលឈ្លានពាន និង បន្តវេនគ្នាធ្វើអាណានិគមពីរបបមួយទៅរបបមួយ ។ បន្ទាប់ពីបានធ្វើអាណានិគលើដែនដីកម្ពុជាក្រោមអស់ ៩០ ឆ្នាំមក (១៨៥៩ – ១៩៤៩) ពេលចេញទៅ  បារាំងបានផ្ទេរអាណានិគមឲ្យយួនបន្តវេនត្រួតត្រាលើជនជាតិ ដើមខ្មែរក្រោមរហូតមកសព្វថ្ងៃ ។ ៧៤ ឆ្នាំកម្ពុជាក្រោមនៅក្រោមអាណានិគមយួន ជនជាតិដើមខ្មែរក្រោម ត្រូវរបបសាធារណរដ្ឋវៀតណាមត្រួតត្រាអស់ ២៦ ឆ្នាំ (១៩៤៩ – ១៩៧៥) និងរបបយួនកុម្មុយនិស្តក្រហម ត្រួតត្រាអស់ ៤៨ ឆ្នាំ គឺចាប់ពីថ្ងៃទី ៣០ ខែមេសា             ឆ្នាំ ១៩៧៥ រហូតដល់ពេលបច្ចុប្បន្ន ។

៩០ ឆ្នាំ នៅក្រោមអាណានិគមបារាំង និង ៧៤ ឆ្នាំ នៅក្រោមអាណានិគមយួន ប្រជាជាតិខ្មែរក្រោម តែងតែក្រោកឡើងតស៊ូជានិច្ច ដើម្បីបានរំដោះជាតិចេញពីរបបអាណានិគម តែការតស៊ូទាំងនោះ ក្រុមខ្លះ នៅក្រោមឆត្របារាំង ក្រុមខ្លះនៅក្រោមឆត្រយួនកុម្មុយនិស្ត និងក្រុមខ្លះនៅក្រោមឆត្រយួនសេរី ជាដើម តែលទ្ធផល ទោះបីភាគីខាងណាឈ្នះក៏ដោយ ក៏ជនជាតិដើមខ្មែរក្រោមនៅតែនៅក្រោមអាណានិគមគេ ដដែល ។ មេរៀននៃការតស៊ូជ្រកនៅក្រោមឆត្ររបស់គេនោះ បានធ្វើឲ្យខ្មែរក្រោមមានពាក្យស្លោកមួយ ឃ្លាពោលថា “ខ្មែរស្លាប់ខ្លួន យួនស្លាប់ឈ្មោះ” ។ នេះមកពីនៅពេលនោះ ប្រជាជាតិខ្មែរក្រោមរបស់យើង ក្នុងនាមជាម្ចាស់ទឹកម្ចាស់ដី តែមិនទាន់មានអង្គការចាត់តាំងរបស់ជាតិ ធ្វើការតស៊ូដើរលើទស្សនវិស័យ និង គោលដៅច្បាស់លាស់ ។

ឆ្លងកាត់ដំណាក់កាលនៃការតស៊ូ ដើម្បីបានរំដោះខ្លួនចេញពីរបបអាណានិគមមួយទៅអាណានិគមថ្មី មួយទៀតនោះ ធ្វើឲ្យខ្មែរក្រោមទទួលបានបទពិសោធន៍ពីមេរៀនបរាជ័យនៃការតស៊ូក្នុងអតីតកាល ហើយ បានប្រមូលគ្នីគ្នាមកពីប្រទេសនានានៅជុំវិញពិភពលោក រួមគ្នាបង្កើតជា «សមាគមខ្មែរកម្ពុជាក្រោម» នៅ ឆ្នាំ ១៩៨៥ ក្រោយមក ប្ដូរឈ្មោះទៅជា «សភាខ្មែរកម្ពុជាក្រោម» នៅឆ្នាំ ១៩៩០ និងក្រោយមកទៀត ប្ដូរឈ្មោះទៅជា «សហព័ន្ធខ្មែរកម្ពុជាក្រោម» (KKF) នៅឆ្នាំ ១៩៩៦ និងបានគូសបន្ទាត់នយោបាយថ្មីមួយ របស់ខ្លួន តស៊ូនៅលើឆាកអន្តរជាតិដោយសន្តិវិធី និងអហិង្សាតាមបែប “ខ្លួនទីពឹងខ្លួន” ដើម្បី “សិទ្ធិសម្រេច វាសនាខ្លួនដោយខ្លួនឯង” ជូនប្រជាជាតិខ្មែរក្រោម ។

 ជិត ៤០ ឆ្នាំ នៃដំណើរតស៊ូមតិលើវិថីទំនាក់ទំនងការទូតរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើឲ្យ កិត្តិស័ព្ទរបស់ខ្មែរក្រោមឮសូរខ្ទរខ្ទារល្បីរន្ទឺពេញពិភពលោក ។ សមិទ្ធផលដែលទទួលបាននោះ រួមមាន ឆ្នាំ ២០០១ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) ហើយអង្គការនេះបានទទួសស្គាល់ «ខ្មែរក្រោមជាប្រជាជាតិមួយនៅក្នុងពិភពលោក» និងបានបង្ហូតទង់ជាតិ របស់ខ្មែរក្រោមឡើងនៅការិយាល័យ UNPO នៅទីក្រុងប្រ៊ូស្សែល ប្រទេសបែលហ្សិក ទន្ទឹមនឹងទង់ជាតិ នៃប្រជាជាតិនានាជាសមាជិក ដែលនៅក្រោមអាណានិគមបរទេសដូចខ្មែរក្រោមដែរ ។ ម្យ៉ាងទៀត ចាប់ តាំងពីឆ្នាំ ២០០៤ មក សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែបញ្ជូនប្រតិភូចូលប្រជុំ និងថ្លែងការណ៍នៅក្នុង វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ជារៀងរាល់ឆ្នាំ និងបានចូលប្រជុំ នៅក្នុងមហាស​ន្និបាតអង្គការសហប្រជាជាតិជាច្រើនទៀត នៅទីក្រុងញូវយ៉ក (New York) សហរដ្ឋ អាមេរិក និងទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វិស ( Switzerland) នៅពេលដែលមានវត្តមានតំណាង      រដ្ឋាភិបាលវៀតណាម ឡើងឆ្លើយបំភ្លឺតាមអាណត្តិស្ដីពីកិច្ចសន្យាអនុវត្តតាមកិច្ចព្រមព្រៀងរបស់ខ្លួន លើ សន្ធិសញ្ញា កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិនានាជាមួយអង្គការសហប្រជាជាតិ ។ ជញ្ជាំងវាំងនន ដែកដ៏ក្រាស់ដែលអាណានិគមយួនបិទបាំងពិភពលោក មិនឲ្យមើលឃើញនូវទង្វើរបស់ខ្លួនក្នុងការរំលោភ សិទ្ធិមនុស្ស ជិះជាន់ និងរំលាយពូជសាសន៍មកលើជនជាតិដើមខ្មែរក្រោមជាយូរមកហើយនោះ ត្រូវបាន សហព័ន្ធខ្មែរកម្ពុជាក្រោម  ទម្លុះលាតត្រដាងនៅក្នុងអង្គការសហប្រជាជាតិ ឲ្យសហគមន៍អន្តរជាតិឃើញ ជាក់ស្ដែងគ្មានសល់អ្វីឡើយ ។

នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ ជនជាតិដើម ៧ ស្ថាប័ន បានរួមគ្នាផ្ញើ «លិខិតចោទប្រកាន់» កំណត់ពេល ៦០ ថ្ងៃ ឲ្យរដ្ឋាភិបាលវៀតណាម ឆ្លើយបំភ្លឺអំពីករណីធ្វើទុក្ខបុកម្នេញលើខ្មែរក្រោម និងការអនុវត្ត «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» យោងតាម «សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម» (UNDRIP) ដែលវៀត ណាមជាប្រទេសហត្ថលេខី ។ រដ្ឋាភិបាលវៀតណាមព្យាយាមគេចវេះមិនព្រមឆ្លើយតបចំពោះលិខិតចោទ ប្រកាន់នេះទេ ប៉ុន្តែ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកយកបញ្ហានេះទៅថ្លែងនៅក្នុងវេទិកាអចិន្ត្រៃយ៍ នៃ អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNFPII) កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ បានធ្វើឲ្យ រដ្ឋាភិបាលវៀតណាមរងគំនាបពីសហគមន៍អន្តរជាតិ ក៏ព្រមចេញលិខិតឆ្លើយតបនៅថ្ងៃទី ១០ ខែឧសភា   ឆ្នាំ ២០២៣ កន្លងទៅនេះ ។

ក្រៅពីការតស៊ូនៅលើឆាកអន្តរជាតិ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានផ្សព្វផ្សាយនូវមាគ៌ា និង សេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ព្រមទាំងសន្ធិសញ្ញា  កតិកាសញ្ញា  និងអនុសញ្ញានានា របស់អង្គការសហប្រជាជាតិ ដែលទាក់ទងនឹង «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ឲ្យខ្មែរក្រោមនៅ កម្ពុជាក្រោមបានសិក្សា ដើម្បីពួកគាត់បានយល់ពីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ។ ជាលទ្ធផល យើងសង្កេត ឃើញ នាពេលបច្ចុប្បន្ន ពលរដ្ឋរបស់យើងនៅក្នុងស្រុកចេះប្រើសិទ្ធិរបស់ខ្លួនហើយ ដោយពួកគាត់បាន នាំគ្នាស្ម័គ្រចិត្តចម្លងសៀវភៅសេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ចែកគ្នាអាន និងប្រារព្ធ ទិវាអន្តរជាតិនានា ដើម្បីលាតត្រដាងនូវទុក្ខកង្វល់ និងលើកកម្ពស់នូវសិទ្ធិរបស់ខ្លួន ។ ជាពិសេស ពលរដ្ឋ របស់យើង បាននាំគ្នាបោះពុម្ពអាវយឺតដែលមានសញ្ញាខ្មែរក្រោមពាក់នៅទីសាធារណៈ និងបានលើកទង់ ជាតិខ្មែរក្រោមឡើងនៅតាមផ្ទះនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរទៀតផង ។

ទោះបី ៩០ ឆ្នាំ នៅក្រោមអាណានិគមបារាំង និង ៧៤ ឆ្នាំ នៅក្រោមអាណានិគមយួន ត្រូវប្រឈម នឹងការធ្វើទុក្ខបុកម្នេញ ការរំលោភសិទ្ធិ និងការរលាយពូជសាសន៍ពីបរទេសដោយវិធីក្ដៅ និងត្រជាក់យ៉ាង ណាក៏ដោយ តែពលរដ្ឋខ្មែរក្រោមនៅតែឈរយ៉ាងរឹងមាំ និងចាក់ឫស្សយ៉ាងជ្រៅនៅលើទឹកដីកម្ពុជាក្រោម រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រ ភាសា និងពុទ្ធសាសនាថេរវាទខ្មែរ ឲ្យបានគង់វង្សរហូតមកដល់សព្វថ្ងៃ ។ នៅក្នុងដំណាក់កាលនៃការតស៊ូរបស់យើងកំពុងតែមានការយកចិត្ត ទុកដាក់នៅលើឆាកអន្តរជាតិនោះ សូមឲ្យបងប្អូនជនរួមជាតិទាំងអស់នៅក្នុងមាតុភូមិកម្ពុជាក្រោម មេត្តា រួមគ្នាបន្តថែរក្សា និងអភិវឌ្ឍនូវអ្វីដែលជាមរតកជាតិរបស់ខ្លួន ឲ្យបានគង់វង្សរុងរឿងរីកចម្រើនថែមទៀត និងនាំគ្នាសិក្សាឈ្វេងយល់ និងប្រើប្រាស់នូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនក្នុងនាមជាជនជាតិដើម ដែលបានចែង ដោយអង្គការសហប្រជាជាតិ ។ សូមបញ្ជាក់ថា គ្មានរបបអាណានិគមណា គេមករក្សាវប្បធម៌ ប្រពៃណី  ទំនៀមទម្លាប់ អក្សរសាស្ត្រ ភាសា និងពុទ្ធសាសនាខ្មែរ ក្រៅពីខ្មែរក្រោមរក្សាដោយខ្លួនឯងឡើយ ហើយ គេក៏មិនបានលើកយក «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ដាក់លើជើងពានមកជូនយើង ដោយគ្មាន ការតស៊ូនោះដែរ ។ «សម្រេចវាសនាខ្លួនដោយខ្លួនឯង» ជាសិទ្ធិមានមកពីធម្មជាតិសម្រាប់ជនជាតិដើម គ្រប់ជាតិសាសន៍  វាមិនមែនជាអភ័យឯកសិទ្ធិដែលរបបអាណានិគមជាអ្នកផ្ដល់ឲ្យយើងនោះទេ ។ ដូច្នេះ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» នឹងនៅក្នុងកណ្ដាប់ដៃយើង នៅពេលដែលខ្មែរក្រោមទាំងអស់គ្នា បានយល់ និងនាំគ្នាប្រើនូវសិទ្ធិនេះឲ្យបានពេញលេញ ក្នុងនាមខ្លួនជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ។

សូមបងប្អូនជនរួមជាតិទាំងអស់ មេត្តាទទួលនូវការគោរពស្រឡាញ់ និងរាប់អានដ៏ជ្រាលជ្រៅពី ខ្ញុំព្រះករុណា ខ្ញុំបាទ ៕

សហរដ្ឋអាមេរិក ថ្ងៃពុធ ៥ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព. ស. ២៥៦៧

ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា គ. ស. ២០២៣

ប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

ប្រាក់ សេរីវុឌ្ឍ