មន្ត្រី​វប្បធម៌​វៀតណាម​ថា ស្រះ​គូ​ត្រូវ​គោក​រៀងរាល់ឆ្នាំ និង​គ្រោង​ធ្វើ​ច្រាំង​ថ្ម​ជុំវិញ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​មន្ត្រី​មន្ទីរ​វប្បធម៌ កីឡា និង​ទេសចរណ៍ ខេត្ត​ព្រះ​ត្រពាំង នៃ​រដ្ឋាភិបាល​វៀតណាម ទើបតែ​បាន បំភ្លឺ​រឿង​ស្រះ​គូ ដែល​ត្រូវ​គោក ហើយ​ត្រី​នៅក្នុង​ស្រះ​ត្រូវគេ​ចាប់ និង​រឿង​ដែល​គេ​លើកឡើងថា រដ្ឋាភិបាល​មាន​គំរោង​លុប ស្រះ​គូ នោះ​ថា ជា​រឿង​មិន​ពិត ។ ការបំភ្លឺ​នេះ​ធ្វើឡើង បន្ទាប់ពី​មាន ប្រតិកម្ម​យ៉ាងខ្លាំង​តាមរយៈ​បណ្ដាញ សង្គម Facebook ពី​សំណាក់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម និង​ក្រៅប្រទេស​ថ្កោល ទោស​រដ្ឋាភិបាល​វៀតណាម​ថា មិនបាន​យកចិត្ត​ទុក ដាក់​ដល់​បញ្ហា​ស្រះ​គូ ។​

Srah Ko 2

​យោងតាម​កាសែត​រដ្ឋ​វៀតណាម​ដែល​ចេញផ្សាយ​ក្នុងស្រុក បាន​ស្រង់​សម្ដី លោក ត្រឹង ថា​ន់ ទឿ​ង (Trần Thanh Thưởng) នាយក​មន្ទីរ​វប្បធម៌ កីឡា និង​ទេសចរណ៍​ខេត្ត​ព្រះ​ត្រពាំង បាន​ថ្លែងថា ដោយសារ​ឃើញ ទិដ្ឋភាព​ស្រះ​គូ ត្រូវ​រីង​គោក​មកពី​ធាតុអាកាស​រាំងស្ងួត មាន​លេចឮ​ពាក្យ​ចរចា​ម អារាម មួយចំនួន​ថា ស្រប ពេលដែល​ស្រះ​គូ​ត្រូវ​គោក រដ្ឋាភិបាល​វៀតណាម​នឹង​ចាត់​វិធាន ការ​លុប​ស្រះ​តែម្ដង ដែល​មន្ត្រី​យួន​រូបនេះ​អះ អាង​ថា ជា​ព័ត៌មាន​បំ​ភ្លើ​ស ។​

លោក ត្រឹង ថា​ន់ ទឿ​ង បាន​បន្តទៀតថា ដោយសារ​ស្រះ​គូ មិនបាន​ស្ដារ​ជាប្រចាំ ស្លឹកឈើ​ជ្រុះ​ចុះ អាចម៍ដី នៅតាម​មាត់​ស្រះ​ហូរ​ចុះ ធ្វើ​ឲ្យ​ស្រះ​ឆាប់​គោក ហើយ​ការដែល​ស្រះ​ត្រូវ​គោក​នេះ​ជា​រឿង ធម្មតា ។ មន្ត្រី​យួន​រូប នេះ​បាន​អះអាងថា រៀងរាល់ឆ្នាំ ឲ្យ​តែ​ដល់​ខែប្រាំង គឺ​ស្រះ​ត្រូវ​រីង​គោក និង​ពេល​ខែវស្សា​មានទឹក​វិញ​ជា ធម្មតា ។​

​ផ្ទុយ​ពី​លោក ត្រឹង ថា​ន់ ទឿ​ង ពលរដ្ឋ​ខ្មែរក្រោម​បាន​អះអាងថា ស្រះ​គូ មិនដែល​បាន​រីង​គោក​រៀង រាល់​ឆ្នាំ​ដូច អ្វីដែល​មន្ត្រី​មន្ទីរ​វប្បធម៌​យួន នៃ​ខេត្ត​ព្រះ​ត្រពាំង​លើកឡើង​នោះទេ ដោយ​ពលរដ្ឋ​ខ្មែរ ក្រោម អះអាង ថា នេះ​ជា ការ​រីង​គោក​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ ។​

អ្ន្កកស្រី ថាច់ ធី ថន ។
អ្នកស្រី ថាច់ ធី ថន ។

អ្នកស្រី ថាច់ ធី ថន ខ្មែរក្រោម​ម្ចាស់​ស្រុក អាយុ ៥៩ ឆ្នាំ អ្នកស្រុក​នៅ​ជិត​ស្រះ​គូ​បាន​ប្រាប់​កាសែត​យួន ឈ្មោះ យ៉ឹ​ង​ទ្រី (www.dantri.com.vn) តាមរយៈ​វីដេអូ​ឃ្លី​ប​មួយ​ថា អ្នកស្រី​នៅ​ជិត​ស្រះ​នេះ​មួយជីវិត ហើយ មិនដែល​ធ្លាប់​បានឃើញ​ស្រះ​គូ​ត្រូវ​គោក ដូច​ឆ្នាំនេះ​ទេ ។​

ស្រី ថាច់ ធី ថន ថ្លែង​យ៉ាងនេះ​ថា​៖

“​ខ្ញុំ​បានរស់នៅ​ទីនេះ នេះ​ជា​លើកដំបូង​ក្នុង​ជីវិត​របស់ខ្ញុំ​ដែល​បាន ឃើញ ស្រះ​គូ​ត្រូវ​រីង​គោក និង​បាត ស្រះ​ត្រូវ​បែក​ក្រហែង ដូច​ឆ្នាំនេះ​សោះ ។ ជាធម្មតា​ពេល​រដូវវស្សា ស្រះ​ពេញ​ដោយ ទឹក​ដែលមាន ជម្រៅ​ប្រមាណ ៥ ម៉ែត្រ ហើយ​ដល់​រដូវប្រាំង​ទឹក​នៅ សល់​ប្រហែល ពាល់ កណ្ដាល ។ ប៉ុន្តែ​ឆ្នាំ នេះ វា​ហាក់ដូច ជា​គោក​អស់​” ។​

​អំពី​រឿង​ដែល​មានមតិ​លើកឡើងថា រដ្ឋាភិបាល​វៀតណាម​មា​ន​បំណង​ចង់​លុប​ស្រះ​គូ នោះ លោក ទឿ​ង បាន បញ្ជាក់ថា “​វា​មិនមាន​រឿងនេះ​កើតឡើង​ទេ​” ព្រោះ​ស្រះ​គូ​ជាទី​តាំង​ដែល​ក្រសួង វប្បធម៌ ថ្នាក់មជ្ឈិម នៃ​រដ្ឋា​ភិ បាល បក្សកុម្មុយនិស្ត​វៀតណាម ចាត់ទុកថា​ជា បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ វប្បធម៌ ថ្នាក់ជាតិ កាលពី​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ១៩៩៤ ទើប​ការស្ដារ ឬ ការកែប្រែ​ស្រះ មន្ទីរ​ពាក់ព័ន្ធ នៅក្នុង​ខេត្ត​ត្រូវសុំ​យោបល់​ពី​ក្រសួង វប្បធម៌ និង​ត្រូវមាន​ការយល់ព្រម​ពី​មន្ត្រី ព្រមទាំង ព្រះ សង្ឃ​ទាំងអស់​ជា​ជនជាតិខ្មែរ​នៅ​ខេត្ត​ព្រះ​ត្រពាំង ទើប អាចធ្វើ​បាន ។​

​ខណៈដែល រូបថត​មនុស្ស​កំពុង​តែ​ចាប់​ត្រី​នៅក្នុង​ស្រះ​ត្រូវគេ​បង្ហោះ និង​ស្ដីបន្ទោស​ដល់​មន្ត្រី​សង្ឃ​ខ្មែរ ខេត្ត​ព្រះ ត្រពាំង និង​អាជ្ញាធរ​យួន​ថា​មិនមាន​វិធានការ​ទៅ​បញ្ហា​ស្រះ​នេះ មន្ទីរ​វប្បធម៌​ខេត្ត​ព្រះ​ត្រពាំង ក៏បាន​ធ្វើ​សេចក្ដី បំភ្លឺ​តាមរយៈ​កាសែត​យួន​ឈ្មោះ បាវ​មើ​យ (www.baomoi.com) ថា ដោយសារ​ខ្លាច ត្រី​ងាប់ ទើប​នៅ​ដើមខែ មីនា មន្ទីរ​វប្បធម៌​បាន​ណែនាំ​មួយ​ឲ្យ​ភ្នាក់ងារ​របស់ខ្លួន​ចាប់​ត្រី​នៅក្នុង​ស្រះ ដើម្បី​យកទៅ​លែង​នៅក្នុង​អាង​ត្រី នៅក្នុង​សារមន្ទីរ​ជនជាតិខ្មែរ​ខេត្ត​ព្រះ​ត្រពាំង ក្បែរ​ស្រះ​គូ និង​នៅ ក្នុង​ស្រះ​នៅក្នុង បរវេ​ណ​បូជនីយដ្ឋាន​ហូជីមិញ ដើម្បី​ថែរក្សា ។ មន្ត្រី​វប្បធម៌​យួន​បាន​អះ អាង ថា ពួកគេ​ធានាថា ត្រី​ទាំងអស់​នឹងត្រូវ​បាន​យកមក​សង​វិញ ។

​លោក ត្រឹង ថា​ន់ ទឿ​ង បានបញ្ជាក់​អំពី​ផែនការ​ស្ដារ​ស្រះ​ថា អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះ​ត្រពាំង មាន គំរោង ស្ដារ​ស្រះ​ឡើងវិញ និង​មាន​ចាក់​ថ្ម​ជុំវិញ​ធ្វើជា​ទំ​បន់​មាត់​ស្រះ ដើម្បី​ទប់​កុំ​ឲ្យ​បាក់​ច្រាំង ហើយ ដើម្បី​រក្សា​ទឹក​ឲ្យ បាន​ពេញ​ជា​រឿង​រាល់​ឆ្នាំ ។​

លោក ត្រឹង ថា​ន់ ទឿ​ង បាន​ថ្លែងថា​៖ មន្ទីរ [​វប្បធម៌​] នឹង​សុំ​យោបល់​ពី​គណៈកម្មការ​ប្រជាជាតិ​ខេត្ត ព្រះ​ត្រពាំង និង​ជូនដំណឹង​ដល់​ក្រសួង​វប្បធម៌ កីឡា និង​ទេស​ចេរ​ណ៍ ។ ប្រសិនបើ​ក្រសួង​យល់ព្រម យើង​ខ្ញំ​ី នឹង​ចេញ​ជា​គំរោង ហើយ​ធ្វើ​សិក្ខាសាលា​ជម្រុញ​ឲ្យ​មានការ​យល់ព្រម​ពី​មន្ត្រី ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​នៅក្នុង ខេត្ត​ដើម្បី​អនុវត្តិ​គំរោង​នេះ​” ។​

នៅពេល​ថ្មី​នេះ មានមតិ​ជាច្រើន​នៅលើ​បណ្ដាញ​សង្គម Facebook រិះគន់​យ៉ាងខ្លាំង​ដល់​រដ្ឋា ភិ​បាល វៀត ណា​ម​ថា កំពុងតែ​រំលាយ​វប្បធម៌​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម ។ មតិ​ទាំងនោះ​រិះគន់​ដល់ ព្រឹត្តិ ការណ៍ មួយចំនួន នៅ​ខេត្ត​ព្រះ​ត្រពាំង​ដូចជា ទីមួយ​មុនពេល​ស្រះ​គូ​ត្រូវ​គោក អាជ្ញាធរ​វៀតណាម បាន​បណ្ដោយ​ឲ្យ​ក្រុមមនុស្ស មួយចំនួន​យក​បបរ ទៅ​ប្រណាំង​គ្នា​ក្នុង​ស្រះ​ទាំង​ងងើល ហើយ បណ្ដាល ឲ្យ​មណ្ឌបរ​ចប​ទ្ម​ខ្មែរ​ដែល​ដាក់តាំង នៅក្នុង​ស្រះ​នោះ​ត្រូវ​ដួលរលំ ទី​ពីរ​ករណី​ខ្លោងទ្វារ ខេត្ត ព្រះ ត្រពាំង​ត្រូវកម្ទេច និង​ទី​បី​ករណី​ស្រះ​គូ​ត្រូវ​គោក ។​

ក្រុម​ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម​ដែល​ឈឺចាប់​នឹង​រឿង​ស្រះ​គូ បាននាំគ្នា​ថត​ជា​រូបថត និង​វីដេអូ​នូវ ទិដ្ឋភាព ស្រះ​ត្រូវ​គោក និង​ទិដ្ឋភាព​មនុស្ស​កំពុងតែ​ចាប់​ត្រី ហើយ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម Facebook ដើម្បី សម្ដែង​អំពី​អារម្មណ៍​របស់ខ្លួន​តាម​រយៈ​ការ​ផ្លុំ​ខ្លុយ អត្ថបទ​កំណាព្យ បទ​ចម្រៀង និង​បង្សុកូល​ឧទ្ទិស​កុសល ជូន​ត្រី​ដែល​ត្រូវគេ​ចាប់ និង​បុព្វបុរស​ខ្មែរក្រោម ដែល​បាន​ស្លាប់ ទៅហើយ ជាដើម ។​

​ព្រះតេជព្រះគុណ ថាច់ ម៉ាន់ ព្រះចៅអធិការ​វត្ត​អូរ​ត្រាវ ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង នៅ​ថ្ងៃទី ៨ ខែមីនា កន្លងទៅនេះ ព្រះអង្គ​បាន​ដឹកនាំ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មួយក្រុម​មក​ទស្សនា នូវ​ទិដ្ឋភាព ស្រះ​គូ ហើយ​បាន គង់នៅ​ចំ​កណ្ដាល​ស្រះ​គោក ធ្វើ​កិច្ច​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ដូនតា​ខ្មែរ ផងដែរ ។ មុនពេល​បង្សុកូល ព្រះអង្គ​មាន​ថេរ​ដីកា​ថា ព្រះអង្គ​បាន​សង្កេតឃើញ​នៅពេល​ថ្មីៗ​នេះ ស្រះ​គូ​មាន អភូត ហេតុ កើត ឡើង​ជាប់ៗ​គ្នា ៣ លើក គឺ​ទីមួយ មាន​មនុស្ស​យក​ម៉ូតូ​ទឹក​មក​ប្រណាំង​ក្នុង​ស្រះ ទី​ពីរ មណ្ឌប​ត្រូវ​រលំ និង​ទី​បី ស្រះ​ត្រូវ​គោក ដែល​ព្រះអង្គ​ងឿងឆ្ងល់​ថា វា​ប្រហែលជា​មកពី​ការដាក់​បណ្ដា សា ពី​ព្រលឹង​ដូនតា​ខ្មែរក្រោម ខឹងសម្បា​នឹង​រឿង ដែល​ជនជាតិ​យួន​យក​ម៉ូតូ​ទឹក មក​រត់ប្រណាំង គ្នា​នៅលើ​ស្ថាន​ទី​សក្ការបូជា​របស់ខ្លួន ។​

បើទោះជា មន្ទីរ​វប្បធម៌ កីឡា និង​ទេសចរណ៍​ខេត្ត​ព្រះ​ត្រពាំង មាន​គំរោង​ស្ដារ​ស្រះ​ឡើងវិញ និង​ចាត់វិធានការ​ដោយ​ធ្វើ​ទំនប់​ជុំវិញ​មាត់​ស្រះ ដើម្បី​ការពារ​ស្រះ​ទឹក កុំ​ឲ្យ​គោក​ដូច​ឆ្នាំនេះ​ក្តី ក៏​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅតែ​មិន​ស្ងប់ចិត្ត ដោយ​បារម្ភ​ខ្លាច​រដ្ឋអំណាច​យួន​កែប្រែ​ទីតាំង​ប្រវត្តិសាស្ត្រ​នេះ ឲ្យ​ទៅជា​ទម្រង់​រូបភាព​បែប​ផ្សេង​វិញ ។​

​កាលពី​ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៦ ពី​សហរដ្ឋអាមេរិក ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង ថាច់ យុង អតីត​សាស្ត្រាចារ្យ​វិជ្ជា​ស្ថាន​ពុទ្ធសាសនា​ខ្មែរ នៅ​ទីក្រុង​ព្រែក​ឫស្សី បានធ្វើការ​អំពាវនាវ​មួយ នៅលើ​ទូរទស្សន៍ ព្រៃនគរ (PTV) ដើម្បី​ស្នើ​ដល់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​គ្រប់រូប នាំគ្នា​ស្តារ​ស្រះ​ឡើងវិញ ដោយ​ខ្លួនឯង ដើម្បី​រក្សា និង​អភិរក្ស​រូបភាព​ដើម​នៃ​ស្រះ​គូ​ជា​លក្ខណៈ​ធម្មជាតិ​។ ជា​ពិ​សេស​អំពាវនាវ​ដល់​ពួក​កម្មាភិបាល​ខ្មែរក្រោម ដែល​ធ្វើ​ការបំរើ​យួន​នៅក្នុង​ជួរ​រដ្ឋាភិបាល​បក្សកុម្មុយនិស្តវៀតណាម ជួយ​ធ្វើ​អន្តរាគមន៍​ដល់​រឿង​ស្រះ​គូ ដែល​ត្រូវ​គោក​គាំ​នៅពេលនេះ ។​

​ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង មានថេរ​ដីកាបន្ត​ថា ស្រះ​គូ​ជា​សម្បត្តិ​វប្បធម៌​ខ្មែរក្រោម បែ​មធម្ម​ជាតិ​របស់​មនុស្ស​ជាតិ ហើយ​ពរល​ដ្ឋ​ខ្មែរក្រោម​ប្រឆាំង​ដាច់ខាត ចំពោះ​ទង្វើ​ប៉ុនប៉ង​ណាមួយ ដើម្បី​លុបបំបាត់​ដាន​ដើម​ស្រះ​គូ ដែលជា​ទីតាំង​ប្រវត្តិសាស្ត្រ នៅ​ដែនដី​កម្ពុជា​ក្រោម ។

សូមបញ្ជាក់ ស្រះ​គូ ឬ គូ​ស្រះស្រី បាន​ជីក​ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ក្នុងសម័យ​ចេនឡា ជា រមណី យ​ដ្ឋា​ន​ល្បី ឈ្មោះ​មួយ​ស្ថិតនៅ​ក្នុងភូមិ​តា​គូ ឃុំ​សំរោង ស្រុក កំពង់ធំ ខេត្ត​ព្រះ​ត្រពាំង (ấp Tà Cụ, xã Nguyệt Hóa, huyện Châu Thành) ដែនដី​កម្ពុជា​ក្រោម ។ សព្វថ្ងៃ ទីតាំង​របស់​ស្រះ​គូ ត្រូវ​រដ្ឋា ភិ​បាល​វៀតណាម​ប្ដូរ​អាសយដ្ឋាន​ថ្មី​ទៅជា សង្កា​ត់ទី ៣ ខណ្ឌ​ទី ៨ ទីក្រុង ព្រះ​ត្រពាំង (khóm 3, phường 8 thành phố Trà Vinh ) ។ ស្រះ​គូ នៅជាប់​នឹង​វត្ត​អង្គរ​រាជបុរី (​អង្គ​) និង​សារមន្ទីរ​ខ្មែរ ខេត្ត ព្រះ​ត្រពាំង ចម្ងាយ​ពី​មជ្ឈមណ្ឌល​ទីក្រុង​ព្រះ​ត្រពាំង ប្រមាណ ៧ គីឡូម៉ែត្រ តាម បណ្ដោយ​ជាតិ លេខ ៥៣ ។ ស្រះ​គូ មាន​ទំហំ​ទទឹង ៣០០ ម៉ែត្រ និង បណ្ដោយ ៥០០ ម៉េ​ត្រ ក្នុង​បរិវេណ ផ្ទៃដី ១០០.០០០ ម៉ែត្រការ៉េ ក្នុងនោះ​ផ្ទៃដី​ស្រះ​ប្រមាណ ៤៣.០០០ ម៉ែត្រការ៉េ ។ នៅ​ជុំវិញ​បរិវេណ​ស្រះ មាន​ដើម ឈើទាល និង​គគីរ​ដែលមាន​អាយុកាល​រាប់​ឆ្នាំ ដោយមាន​ឫស​គង​នៅ​លើដី​កម្ពស់​ជិត ២ ម៉េ​ត្រ បង្កើត ទៅជា​ទេសភាព​ធម្មជាតិ​មួយ​យ៉ាង​ស្រស់ត្រកាល ។​

​វត្ត​អង្គរ​រាជបុរី (​អង្គ​) ដែល​នៅ​ជិត​ស្រះ​គូ​នោះ បានកកើតឡើង​នៅ​ចុង​សតវត្ស​ទី ១០ ក្នុង​គ្រឹស សករាជ ៩៩០ ។ បើ​គិត​មកដល់​ឆ្នាំ ២០១៦ នេះ វត្ត​អង្គរ​រាជបុរី (​អង្គ​) មាន​អាយុកាល ១.០២៦ ឆ្នាំ ។​

​បើ​ប្រៀបធៀប​រវាង​ប្រវត្តិ​នៃ​ការកកើត​ស្រះ​គូ​នៅ​ក្នុងសម័យ​ចេនឡា (៥៥០ – ៧០៦) ជាមួយនឹង​ប្រ​វ​ត្ តិ​ស្ដេច យួន​ត្រកូល ង្វៀង ចូលមក​វាតទី​ទឹកដី​កម្ពុជា​ក្រោម នៅ​ឆ្នាំ ១៦៥៨ មានន័យថា ជនជាតិ​យួន មាន​វត្ត​មាននៅ លើ​ទឹកដី​កម្ពុជា​ក្រោម ជីក​ស្រះ​គូ ៩៥២ ឆ្នាំ (1658-706= 952) ។​

​ឆ្នាំ ១៩៩៦ បរិវេណ​វត្ត​អង្គ និង​ស្រះ​គូ ត្រូវបាន​មន្ទីរ​វប្បធម៌ និង​ព័ត៌មាន​នៃ​រដ្ឋាភិបាល បក្ស​កុ​ម្មុយ និ​ស្ត​វៀត ណា​ម​ទទួលស្គាល់ថា​ជា “​កេរដំណែល​វប្បធម៌​ប្រវត្តិសាស្ត្រ​ថ្នាក់ជាតិ​” របស់​ប្រទេស វៀត ណា​ម ។​ស្រះ​គូ ជាទី​កំសាន្ត និង​កន្លែង​សម្រាប់​ចាត់តាំង​បុណ្យជាតិ សំខាន់ៗ​របស់​ពលរដ្ឋ ខ្មែរក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង ដូចជា ពិធីបុណ្យ​អកអំបុក និង ពិធីបុណ្យ​ចូលឆ្នាំ ជាដើម ៕​