ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
បន្ទាប់ពីបានទទួលជ័យជម្នះជាបវរកញ្ញារង (Á hậu) នៅក្នុងការប្រកួតយកមកុដបវរកញ្ញាជនជាតិទូទាំង ប្រទេសវៀតណាម កាលពី ឆ្នាំ ២០១១ កន្លងមក (Cuộc thi Hoa hậu các dân tộc Việt Nam 2011) សឺង ធី មយូរា (Sơn Thị Du Ra) បានឋិតនៅក្នុងភាពស្ងៀមស្ងាត់អស់មួយរយៈជាមួយនឹងការងាររបស់ ខ្លួននៅក្នុងក្រុមហ៊ុនមួយ នាទីក្រុងព្រៃនគរ បន្ទាប់ពីនាងបានបញ្ចប់ការសិក្សានៅប្រទេសកម្ពុជា ។ ថ្មីៗនេះ ពេលបានចេញមុខសាជាថ្មី នៅក្នុង “កម្មវិធីប្រឡងបវរកញ្ញាទូទាំងប្រទេសវៀតណាម ឆ្នាំ ២០១៥” (Hoa hậu Hoàn vũ Việt Nam 2015) មយូរា បានជាប់ចំណាត់ថ្នាក់នៅក្នុងបេក្ខនារីកំពូល ៧០ រូប (Top 70) ដែលអាចចូល ប្រកួតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែកញ្ញា ស្អែកនេះ នៅទីក្រុងញ៉ា ត្រាង (TP.Nha Trang) ភាគកណ្ដាលនៃប្រទេសវៀតណាម ។

សឺង ធី មយូរា កើតនៅឆ្នាំ ១៩៩២ ជាបវរកញ្ញាខ្មែរក្រោមវ័យក្មេងអាយុ ២៣ ឆ្នាំ មានកម្ពស់ ១ ម៉ែត្រ ៧៤,៥ មកពីស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ជាស្ត្រីខ្មែរតែម្នាក់គត់ដែលមានឱកាសបានចូលប្រកួតយកមកុដ បវរកញ្ញាទូទាំងប្រទេសវៀតណាម តំណាងឲ្យសោភណភាព និងសមត្ថភាពរបស់នារីខ្មែរទូទាំងដែនដី កម្ពុជាក្រោម ជាដែនដីមួយភាគដែលកំពុងតែត្រូវកាន់កាប់ដោយរដ្ឋាភិបាលវៀតណាម សព្វថ្ងៃ ។
យោងតាមសេចក្ដីរាយការណ៍ព័ត៌មានជាភាសាយួនមួយនៅលើគេហទំព័រ http://www.phunungaynay.vn (ស្ដ្រី ថ្ងៃនេះ) បានអត្ថាធិប្បាយថា៖
“ក្នុងនាមជាបវរកញ្ញាដែលតែងតែមិនសូវចូលចិត្តបង្ហាញនូវបញ្ហាជីវិតផ្ទាល់ខ្លួនជាសាធារណៈ បន្ទាប់ពីបាន ទទួលជ័យជម្នះជាបវរកញ្ញារង នៅក្នុងកម្មវិធីប្រឡងបវរកញ្ញាជនជាតិទូទាំងប្រទេសវៀតណាម ឆ្នាំ ២០១១ រួចមកនោះ មយូរា បានត្រឡប់ទៅរស់នៅក្នុងជីវភាពសាមញ្ញក្នុងវ័យស្រមុំអាយុ ១៩ ឆ្នាំ បន្ទាប់ពីនាងបាន បញ្ចប់ការសិក្សា ។ បន្ទាប់ពីបានទទួលការសិក្សានៅប្រទេសកម្ពុជាមួយរយៈពេលមក នាងបានត្រឡប់ទៅ ស្រុកកំណើតនៅដែនដីកម្ពុជាក្រោមវិញ ហើយបានធ្វើការនៅក្នុងក្រុមហ៊ុមមួយទទួលបន្ទុកខាងទំនាក់ទំនង សាធារណៈ” ។
ហេតុដែលនាំឲ្យនាងសម្រេចចិត្តចូលប្រឡងបវរកញ្ញាទូទាំងប្រទេសវៀតណាម ឆ្នាំ ២០១៥ នេះ ត្រូវសារ ព័ត៌មាន Phu Nu Ngay Nay.com អត្ថាធិប្បាយថា ក្នុងនាមជាបេក្ខជនម្នាក់ត្រូវគេវាយតម្លៃថា ជា ពន្លឺសម្រាប់ម្ចាស់មកុដបបវរកញ្ញាឆ្នាំ ២០១៥ នោះ “នាងចង់បានឱកាសម្ដងទៀត ដើម្បីសាកល្បងសមត្ថ ភាព របស់ខ្លួនឯងនៅលើវេទិកា” ។
បន្ទាប់ពីការប្រឡងបវរកញ្ញាលើកនេះ មយុរា នឹងចាប់ផ្ដើមផ្ដោតអារម្មណ៍លើការងារអាជីវកម្មផ្ទាល់ខ្លួន របស់ នាង ដែលធ្វើឲ្យនាងមានពេលវេលាកាន់តែច្រើនសម្រាប់ធ្វើនូវអ្វីតាមចំណូលចិត្តរបស់ខ្លួន ។ នាងថ្លែងថា នាពេលកន្លងមក ដោយសារតែនាងជាប់រវល់នឹងការងាររបស់ខ្លួន បានធ្វើឲ្យនាងភ្លេចខ្លួនថា នាងកំពុងត្រូវ ការអ្វី ។ ការប្រឡងបវរកញ្ញាទូទាំងប្រទេសវៀតណាម ឆ្នាំ ២០១៥ នេះ ជាឱកាសល្អមួយសម្រាប់នាងសាង កេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញ និងបានឱកាសឈានទៅជិតអ្នកគាំទ្រកាន់តែស្និទជាងមុន ។

យោងតាមសេចក្ដីប្រកាសមួយនៅលើគេហទំព័រផ្លូវការ នៃកម្មវិធីប្រឡងបវរកញ្ញាទូទាំងប្រទេសវៀតណាមឆ្នាំ ២០១៥ បានបញ្ជាក់ថា គេនឹងប្រកាសលទ្ធផលផ្ដាច់ព្រ័ត្រនៅថ្ងៃទី ៣ ខែតុលា ខាងមុខនេះ ។ បេក្ខជនដែល បានទទួលមកុដបរវកញ្ញា ឆ្នាំ ២០១៥ នេះ នឹងបានទទួលរង្វាន់សរុបទឹកប្រាក់ចំនួន ១០ កោដដុង ក្នុងនោះ រួមមាន មកុដបវរញ្ញាដែលមានតម្លៃស្មើ ២,២ កោដិដុង, រថយន្តទំនើប, អាគារវីឡា និងបានសម្រាក លម្ហែកាយមួយឆ្នាំនៅកន្លែងកម្សាន្តនៅទីក្រុងដាឡាក, ប្រទេសវៀតណាម ជាដើម ៕
ខាងក្រោមនេះ ជារូបថតមួយចំនួនរបស់បវរកញ្ញា សឺង ធី មយុរា ដែលស្លៀកពាក់តាមបែបប្រពៃណីខ្មែរ៖
ទូរទស្សន៍ជាតិវៀតណាម (VTV) សម្ភាស នាង សឺង ធី មយុរា ក្នុងកម្មវិធីរំលងអធ្រាត្រក្រោមចំណងជើងថា “ស្នេហាបរិសុទ្ធ” ។