គេហទំព័រ​អន្តរជាតិ​ជ្រើស​យក ឧកញ៉ា សឺ​ង គុយ សម្រាប់​បោះឆ្នោត​ធ្វើជា​វីរបុរស​ជាតិខ្មែរ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

គេហទំព័រសារព័ត៌មាន និងបណ្ដាញសង្គមអន្តរជាតិមួយឈ្មោះ Rappler ដែលមានមូលដ្ឋាននៅ ប្រទេសភីលិហ្វិន (Philippines) បានជ្រើសរើសយក ឧកញ៉ា សឺង គុយ ដែលជាវីរបុរសជាតិ ខ្មែរនៅដែនដីកម្ពុជាក្រោម ដើម្បីបោះឆ្នោតជ្រើសរើសធ្វើជានិម្មិតរូបវីរបុរសសម្រាប់ប្រជាជាតិជាតិ ខ្មែរទាំងមូល ។ រូបឧកញ៉ា សឺង គុយ នៅក្នុងចំណោមរូបវីរបុរសទាំង ៩ រូប នៃប្រទេសអាស៊ាន (ASIAN) បានផ្សព្វផ្សាយនៅលើទំព័របណ្ដាញសង្គម Facebook របស់គេហទំព័រ Rappler ហើយបានសរសេរថា “ ប្រទេសជាតិនីមួយៗ តែងតែងមានវីរបុរសដែលពួកគេត្រូវតែដឹង ។ យើងខ្ញុំ កំពុងតែរៀបចំការផ្ដល់កិត្តិយសដល់វីរបុរសនៃរដ្ឋជាសមាជិកអាស៊ាន ។ តើនរណានៅក្នុងបេក្ខជន ឈរឈ្មោះបោះឆ្នោតជាអ្នកតំណាងឲ្យឧត្ដមគតិវីរបុរសរបស់អ្នក” ។

យោងតាមព័ត៌មានដែលបានសរសេរនៅលើ រូបថត ឧកញ៉ា សឺង គុយ សម្រាប់ការបោះឆ្នោតនៅ លើគេហទំព័រ Rappler បានកត់សម្គាល់ប្រវត្តិ ឧកញ៉ា សឺង គុយ ថា “ឧកញ៉ា សឺង គុយ បានត្រូវ កាត់ក្បាលនៅឆ្នាំ ១៨៤១ ដោយយួន ដោយដើម្បីរក្សាពុទ្ធសាសនា និង វប្បធម៌ឲ្យខ្មែរក្រោមគោរព ប្រតិបត្តិរហូតមកដល់សព្វថ្ងៃ” ។

វីរបុរសទាំង ៩ រូបដទៃទៀត របស់ប្រជាជាតិអាស៊ានដែលគេហទំព័រ Rappler បានជ្រើសយកមក ធ្វើជាបេក្ខជនបោះឆ្នោតជាមួយនឹង ឧកញ៉ា សឺង គុយ នោះ រួមមាន ៖

ទី ១ ៖ ហូ ជី មិញ (Ho Chi Minh) ជាអ្នកដែលបានប្រកាសនូវសេចក្ដីប្រកាស ឯករាជ្យរបស់វៀត ណាម និងបានក្លាយជាប្រធានរដ្ឋដំបូង នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិប តេយ្យវៀតណាម (Việt Nam Dân chủ Cộng hòa) នៅឆ្នាំ ១៩៤៥ ។ ហូ ជី មិញ មានតួនា ទីយ៉ាងសំខាន់ក្នុងការ ធ្វើឲ្យបរាជ័យកងទ័ពបារាំងនៅឆ្នាំ ១៩៥៤ នៅក្នុងសង្គ្រាមដៀងបៀងពៅ (Dien Bien Phu) ។

ទី ២៖ សម្ដេច ព្រះបាទ នរេសួន គឺស្ដេចនៃនគរអយុធ្យា សព្វថ្ងៃប្រទេសថៃ ចាប់ពី ឆ្នាំ ១៥៩០ រហូតដល់ឆ្នាំព្រះអង្គសោយទីវង្គតនៅក្នុងឆ្នាំ ១៦០៥ ។ សម្ដេច ព្រះបាទ នរេសួន ជាក្សត្រដែល ជនជាតិសៀមគោរពជាទីបំផុត ដោយសារព្រះអង្គត្រូវបានគេស្គាល់ថា បានធ្វើយុទ្ធនាការដើម្បី រំដោះប្រទេសថៃឲ្យចេញពីការកាន់កាប់របស់អាណាចក្រទួនងោ (Taungoo) នៃប្រទេសភូមា ។ ព្រះ អង្គបានជ័យជំនះលើសត្រូវរបស់ព្រះអង្គនៅលើសមរភូមិដំរី ដែលជាសមរភូមិមួយទល់នឹងមួយនៅ លើខ្នងដំរី ។

ទី ៣៖ Jose Rizal កើតឆ្នាំ ១៨៦១ ស្លាប់ឆ្នាំ ១៨៩៦ គឺជាអ្នកនិពន្ធ និងជាគ្រូពេទ្យ ព្រមទាំងជា សកម្មជនប្រជាធិបតេយ្យនៅប្រទេសហ្វីលីពីន ។ លោកបានសរសេរប្រលោមលោកចំនួន ២ រឿង រិះគន់យ៉ាងខ្លាំងដល់អាណានិគមអេស្ប៉ាញនៅភីលីពីន និងបានជួយដល់ការបះបោររបស់ពលរដ្ឋ ពីលិពីន ។ លោកបានទាមទារឲ្យអាណានិគមអេស្បាញធ្វើកំណែទម្រង់ដូចជា ធានានូវសេរីភាពនៃ សារព័ត៌មាន និងឲ្យមានតំណាងរបស់ជនជាតិពីលីពីននៅក្នុងតុលាការអេស្បាញ ជាដើម ។

ទី ៤៖ Mahathir Mohamad ជានាយករដ្ឋមន្ត្រីទី ៤ នៃប្រទេសម៉ាឡេស៊ី ។ គាត់បានកាន់ តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ២២ ឆ្នាំ ដែលចាប់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣ ដែលជា នាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់ប្រទេសម៉ាឡេស៊ី ។ អាជីពជាអ្នកនយោបាយរបស់ គាត់បានចំណាយពេលជិត ៤០ ឆ្នាំ ។ លោកត្រូវបានគេចាត់ទុកថា ជាបិតានៃទំនើបភាវូបនេយ្យ កម្មរបស់ប្រទេសម៉ាឡេស៊ី ។

ទី ៥៖ Lim Bo Seng កើតនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩០៩ ស្លាប់នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ១៩៤៤ គឺជាទាហានជនជាតិចិន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង ម៉ាឡេស៊ី ក្នុងអំឡុង ពេលសង្គ្រាមលោកលើកទី ២ ។ គាត់ត្រូវបានគេចាត់ទុកថាជាវីរបុរសសង្គ្រាមមួយនៅប្រទេស សិង្ហបុរី ។ គាត់បានបង្កើតចលនាទ័ពព្រៃចិនអង់គ្លេសមួយហៅថា ទ័ព ១៣៦ ។ លោកបានបដិសេធមិនផ្តល់នូវព័ត៌មានណាមួយស្ដីអំពីកងកម្លាំងទ័ព ១៣៦ ដល់ជប៉ុនឡើយ ទោះបីជាមាន ការ ធ្វើទារុណកម្មជាទម្ងន់យ៉ាងណាក៏ដោយ ។

ទី ៦៖ អគ្គមេបញ្ជាការ Aung San កើតថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ១៩១៥ ស្លាប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៤៧ ជាឪពុករបស់អ្នកស្រី Aung San Suu Kyi នៃប្រទេសភូមា ។ លោកមានតួនាទីយ៉ាង សំខាន់ និងមានកាតព្វកិច្ចក្នុងការនាំមកនូវឯករាជ្យរបស់ភូមាចេញពីអាណានិគមអង់គ្លេស និងត្រូវ បានគេទទួលស្គាល់ថា ជាមេគំនិតឯករាជ្យ ។ លោកជាអ្នកបានបង្កើតសហភាពភូមា ។

ទី ៧៖ ព្រះបាទ សម្ដេច ចៅអនុវង្ស ឬ ព្រះបាទ ជ័យជេដ្ឋាធិរាជទី ៥ ប្រសូត ឆ្នាំ ១៧៦៧ សោយទីវង្គតឆ្នាំ ១៨២៩ ជាស្ដេចចុងក្រោយនៃទីក្រុងវៀងចន្ទ នៃព្រះរាជាណាចក្រលាវ ។ ព្រះអង្គ បានដឹកនាំឲ្យពលរដ្ឋលាវបះបោរចាប់ពីឆ្នាំ ១៨២៦ ដល់ ឆ្នាំ ១៨២៨ ។ ព្រះអង្គបានបញ្ជាឲ្យ កសាងវត្តស្រីស្លាកេត ឆ្នាំ ១៨១៨ ។

ទី ៨៖ អគ្គមេបញ្ជាការ Raden Sudirman កើតនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩១៦ ស្លាប់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៩៥០ ។ លោកជាប្រធានដំបូង នៃអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ ឥណ្ឌូនេស៊ី ។ ប្ដេជ្ញាស្នេហាជាតិមិនងាករេដោយមិនគិតពីខ្លួន និងបានដាក់សន្តិសុខជាតិ និង អធិបតេយ្យជាតិលើជីវិតរបស់គាត់ ។ លោកបានបង្រួបបង្រួមកងប្រដាប់អាវុធឥណ្ឌូនេស៊ីដែលមកពី ភាគីផ្សេងគ្នា ដែលបានបង្កើតឡើងបន្ទាប់ពីបរាជ័យរបស់ជប៉ុន ។

ទី ៩៖ Awang Alak Betatar កើតនៅឆ្នាំ ១៣៦៨ សោយទីវង្គតនៅឆ្នាំ ១៤០២ ជាស្ដេចដំបូង របស់ប្រទេសប្រ៊ុយណេ និងជាអ្នកបានបង្កើតព្រះរាជាណាចក្រឥស្លាម នៃប្រទេសប្រ៊ូយណេ ហើយ ក៏ជាអ្នកបានបង្កើតប្រជាជាតិប្រ៊ូយណេ ផងដែរ ។

សម្រាប់ប្រទេសកម្ពុជាវិញ គេហទំព័រ Rappler មិនបានជ្រើសយកឥស្សរជននយោបាយរូបណា ម្នាក់ ឬ ព្រះមហាក្សត្រអង្គណាមួយ ដូចជា សម្ដេច នរោត្តម សីហនុ, ព្រះបាទ ជ័យវ័រ្មន ទី ៧, ព្រះ បាទសម្ដេច អង្គដួង, លោក សេនាប្រមុខ លន់ នល់, លោក សម រង្ស៊ី ឬ លោក ហ៊ុន សែន ជាដើម មកធ្វើជាបេក្ខជនសម្រាប់បោះឆ្នោតធ្វើជាវីរបុរសជាតិ ខ្មែរទេ  តែបែរជាជ្រើសយកឧកញ៉ា សឺង គុយ ដែលមានដើមកំណើតនៅកម្ពុជាក្រោមធ្វើជានិម្មិតរូបនៃវីរបុរសជាតិខ្មែរទៅវិញ ។

មតិភាគច្រើននៅលើទំព័រ Facebook របស់គេហទំព័រ Rapplar បានគាំទ្រចំពោះ ឧកញ៉ា សឺង គុយ ថា ជាវីរបុរសជាតិខ្មែរ និងមានមតិតិចតួចបំផុតបានលើកឡើងថា សម្ដេច នរោត្ដម សីហនុ ឬ ព្រះបាទសម្ដេច អង្គដួង ឬក៏ ព្រះបាទជ័យវ័រ្មនទី ៧ ទើបសក្តិសមជាវីរបុរសរបស់ប្រជាជាតិខ្មែរ ។

សូមបញ្ជាក់ថា ឧកញ៉ា សឺង គុយ ជាចៅហ្វាយខេត្តព្រះត្រពាំង បានសុខចិត្តឲ្យយួនកាត់ក្បាល កាលពីឆ្នាំ ១៨៤១ ជាថ្នូរនឹងការរក្សាទំនៀនទម្លាប់ខ្មែរ និងព្រះពុទ្ធសាសនាថេរវាទខ្មែរឲ្យបានគង់ វង្សសម្រាប់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមប្រតិបត្តិរហូតមកដល់សព្វថ្ងៃ ។

មុនពេល ឧកញ៉ា សឺង គុយ ឲ្យយួនកាត់ក្បាល ខេត្តព្រះត្រពាំង នៃដែនដីកម្ពុជាក្រោម ឋិតនៅ ក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមាន ឧកញ៉ា សឺង គុយ ជាចៅហ្វាយខេត្ត ។

នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៨៤១ ស្ដេចយួនឈ្មោះ ទេវ ទ្រី (Thiệu Trị) បានឡើងសោយរាជ្យ នៅទីក្រុងហ្វេ (Hue) ភ្លាម ក៏បានចេញរាជបញ្ជា “យួនឧបនេយ្យកម្ម” មួយដែលភាសាយួនហៅថា “ញឹកទីដុងញើង” (nhứt thị đồng nhơn) ក្នុងការរំលាយជាតិខ្មែរឲ្យក្លាយទៅជាជាតិយួន ។

ដោយសារទ្រាំពុំបាននឹងការឈ្លានពាន និងការរំលាយជាតិសាសន៍ខ្មែរនៅដែនដីកម្ពុជាក្រោម ពីសំ ណាក់ជនជាតិយួន ពលរដ្ឋខ្មែរក្រោមបានក្រោកបះបោរប្រឆាំងនឹងយួននៅគ្រប់ទីកន្លែងទូទាំងដែន ដីកម្ពុជាក្រោម ។ ខេត្តព្រះត្រពាំង ក្រោមការដឹកនាំរបស់ ឧកញ៉ា សឺង គុយ ពលរដ្ឋខ្មែរក្រោមបាន ក្រោកឡើងតស៊ូច្បាំងជាមួយទ័ពយួនរហូតយ៉ាងក្លាហាន ។ ដោយសារតែគ្មានទ័ពជំនួយពីស្ដេចខ្មែរ នៅប្រទេសកម្ពុជា ទើបនៅទីបំផុតចលនាតស៊ូ របស់ឧកញ៉ា សឺង គុយ ក៏បានថមថយ ហើយ ឧកញ៉ា សឺង គុយ ក៏សម្រេចចិត្តប្រើនយោបាយការទូតចរចាជាមួយមេទ័ពយួនដើម្បីជាថ្នូរនឹងការ រក្សាជាតិ និងសាសនាឲ្យបានគង់វង្សសម្រាប់ពលរដ្ឋខ្មែរ នៅកម្ពុជាក្រោម ប្រតិបត្តិវិញ ។

នៅទីបំផុតទៅ ឧកញ៉ា សឺង គុយ បានត្រូវយួនកាត់ក្បាលនៅចំពោះមុខព្រះសង្ឃ និងពលរដ្ឋខ្មែរ ក្រោម នៅទីរួមខេត្តព្រះត្រពាំង ជាថ្នូរនឹងការលុបចោលនូវរាជបញ្ជា យួនឧបនេយ្យកម្ម មកលើជន ជាតិខ្មែរ ។

យោងតាមសៀវភៅ ចៅហ្វាយ គុយ បានសរសរដោយ អ្នកនិពន្ធ កែវ សុវត្ថិ ដែលលោកបាន ស្រង់តាមឯកសាររបស់ព្រះតេជគុណ ទេព កុសល្ល ញាណ ឈឺន គង់នៅវត្តលង្កា ក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលមានស្រុកកំណើតនៅភូមិពិសី ខេត្តព្រះត្រពាំង បានបញ្ជាក់ថា នៅពេលយួន ប្រហារជីវិត ឧកញ៉ា សឺង គុយ ប្រជារាស្ត្រ និងព្រះសង្ឃខ្មែរ បានរៀបម្ហូបអាហារមួយតុក្រាលសំពត់ពណ៌ប្រាក់ រួចអញ្ជើញ ឧកញ៉ា សឺង គុយ ទទួលទានជាលើកចុងក្រោយ ។ ពេលទទួលទានរួច ឧកញ៉ា សឺង គុយ បានសម្ដែងការសមគួរក៏ដូចជាការសំណេះសំណាលជាលើកចុងក្រោយ ក្នុងជីវិតរបស់លោក ដោយទឹកមុខញញឹមទៅកាន់ព្រះសង្ឃ និងប្រជារាស្ត្រ ខ្មែរថា៖

“ខ្ញុំរំភើបចិត្តខ្លាំងណាស់ ដែលបានជួបមុខបងប្អូនរួមជាតិទាំងអស់ នៅមុនពេលខ្ញុំស្លាប់ ។ ខ្ញុំ សូម អភ័យទោសពីជនរួមជាតិ និងព្រះសង្ឃខ្មែរទាំងអស់ ដោយខ្ញុំព្រះករុណាពុំមានសមត្ថភាពគ្រប់ គ្រាន់ ដើម្បីបំរើជាតិមាតុភូមិតទៅទៀត ។ ខ្ញុំត្រូវតែលះបង់ជិវិតជូនជាតិនិងសាសនា ដោយពុំស្ដាយ ស្រណោះឡើយ ។ ឥឡូវនេះទំនៀមទម្លាប់ ប្រពៃណី និងពុទ្ធសាសនាខ្មែរយើង ខ្ញុំទាមទារបានមក វិញហើយ ។ ហេតុនេះសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ ត្រូវខិតខំថែរក្សាឲ្យបានគង់វង្សផង។

សូមបងប្អនខ្មែរទាំងអស់ចងចាំថា ខ្មែរយើងគឺជាពូជអ្នកចម្បាំង ស្លាប់មានឈ្មោះល្បីល្បាញនៅលើ សកលលោក។ ហេតុនេះយើងត្រូវតែមានស្មារតីរឹងប៉ឹង រួមសាមគ្គីគ្នាជានិច្ច កុំជឿពាក្យញុះញង់ បោកប្រាស់របស់សត្រូវ ហើយលក់ក្បាលបំរើនយោបាយឲ្យពួកវា ដោយចង់បានប្រយោជន៍បុណ្យ ស័ក្ដិ ផ្ទាល់ខ្លួនឲ្យសោះ ។ នៅទីបញ្ចប់ នេះ ខ្ញុំជឿជាក់ថារូបខ្ញុំស្លាប់ ទៅនៅមានកូនខ្មែរជំនាន់ ក្រោយជាច្រើនលាននាក់ ទៀតដែលមានឧត្ដមគតិខ្ពង់ខ្ពស់ ហ៊ានប្ដូរជីវិត ដើម្បីការពារបូរណភាព ទឹកដីសិទ្ធិសេរីភាព និងជំនឿព្រះពុទ្ធសាសនាខ្មែរឲ្យគង់វង្សពុំខាន ។ សូមឲ្យបងប្អូនជនរួមជាតិរស់ នៅ បានសុខ-ចម្រើនទាំងអស់គ្នាចុះខ្ញុំសូមលាហើយ” ៕