ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ
លោក សឺង ជុំជួន នាយកម្មវិធីយុវជននៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាប្រធានការិយាល័យទំនាក់ទំនងរដ្ឋបាល និងហិរញ្ញវត្ថុលេខាធិការដ្ឋាននៃអង្គការសមាគម ខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ១៧ មករា ម្សិលមិញនេះ បានធ្វើសេចក្តីរាយការណ៍ អំពីដំណើរបំពេញបេសកកម្មរបស់លោក ទៅកាន់សហរដ្ឋអាមេរិក និងបង្ហាញពីលទ្ធផលនៃសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

ការធ្វើសេចក្តីរាយការណ៍របស់ លោក សឺង ជុំជួន ធ្វើឡើង នៅក្នុងកិច្ចប្រជុំរបស់លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម ស្តីពីសេចក្តីព្រាងផែនការណ៍សកម្មភាព សម្រាប់អនុវត្តឆ្នាំ ២០១៦ ។
លោក សឺន ជុំជួន ដែលជាតំណាងឲ្យអង្គការ សមាគមខ្មែរកម្ពុជាទាំងអស់ នៅកម្ពុជា បានចេញទៅបំពេញទស្សនកិច្ចរយៈពេលមួយខែ តាមការអញ្ជើញរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ក្រៅពីទៅចូលរួមសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម លោក សឺង ជុំជួន ក៏បានអញ្ជើញទៅ ជួបបងប្អូនខ្មែរក្រោម នៅតាមរដ្ឋនាៗ ផង ។

តើមានព័ត៌មានសំខាន់ៗ អ្វីខ្លះ អំពីដំណើរបំពេញបេសកកម្មរបស់លោក នៅសហរដ្ឋអាមេរិក ? សូមស្តាប់ប្រសាសន៍របស់លោក សឺង ជុំជួន ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រជុំបញ្ចប់កិច្ចប្រជុំ ៣ ថ្ងៃនៃសន្និបាតប្រចាំឆ្នាំ ២០១៥ របស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារ នឹងដាក់ចេញទិសដៅជាយុទ្ធសាស្ត្រ សម្រាប់ឆ្នាំថ្មី ដែលបានប្រព្រឹត្តទៅ នៅទីក្រុង Tacoma រដ្ឋ Washington កាលពីចន្លោះថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែធ្នូ ២០១៥ ។ អង្គសន្និបាត មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីរដ្ឋនានាក្នុងទឹកដីសហរដ្ឋអាមេរិក និងប្រទេសនានាក្នុងពិភពលោក ដូចជា ប្រទេសកាណាដា អូស្ត្រាលី បារាំង អ៊ីតាលី និងកម្ពុជា ជាដើម ៕