ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
ក្រុមអ្នកប្រើបណ្ដាញសង្គម Facebook បាននាំគ្នា Post និង Share ព្រមទាំងចេញ Comment រិះគន់យ៉ាងខ្លាំង ចំពោះ រូបថត ហូ ជី មិញ ដែលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមខ្លះ យកទៅដាក់តាំងក្នុងពិធី បុណ្យអកអំបុក សំពះព្រះខែ នៅដែនដីកម្ពុជាក្រោម ដែលបានប្រារព្ធនៅក្នុងសប្ដាហ៍នេះ ។

រូបថតការតុបតែងនៅលើ ទូក ង និងសាលតាំងពិព័រណ៍វប្បធម៌ខ្មែរ ក្នុងពិធីបុណ្យអកអំបុកសំពះព្រះខែ មួយចំនួន នៅដែនដីកម្ពុជាក្រោម ដែលមានដាក់តាំងរូបថត ហូ ជី មិញ ត្រូវក្រុមអ្នកប្រើបណ្ដាញសង្គម Facebook រិះគន់ យ៉ាងខ្លាំងទៅលើអ្នករៀបចំថា ធ្វើដើម្បីបានជាប់លេខមួយ បានបុណ្យស័ក្ដិ និងប័ណ្ណសរសើរពីអាជ្ញាធរយួន ។
ព្រះសង្ឃខ្មែរក្រោមមួយអង្គ នៅដែនដីកម្ពុជាក្រោម បានសរសេរនៅលើ គណនេយ្យ Facebook របស់ខ្លួនថា ព្រះតេជព្រះគុណ មានក្ដីអាសូរចំពោះព្រះពុទ្ធរូបដែលឋិតនៅក្រោមរូបរបស់ ហូ ជី មិញ ដែលជាមារនិមិត្ត ។
ព្រះអង្គសរសេរថា៖ “អាសូរព្រះពុទ្ធ !!!!! នៅក្រោមមារនិមិត្ត ។ ធានាជាប់លេខ ១ ហើយឆ្នាំនេះ ។ ប្រហែល គាត់ជួយរក្សាទំនៀមទំលាប់ បុណ្យអកអំបុកទេដឹង ។ បើអត់ដាក់រូបហ្នឹង វាថី ?” ។
ព្រះសង្ឃខ្មែរក្រោមមួយអង្គទៀត បានសរសេរនៅលើ គណនេយ្យ Facebook របស់ខ្លួន អមដោយរូបថត សាលតាំងពិព័រណ៍ដែលមានរូប ហូ ជី មិញ ហើយរិះគន់ថា “នេះជាមូលហេតុនាំឲ្យបុណ្យ អកអំបុកឆ្នាំនេះ មានព្យុះធំ ?????” ។
អ្នកប្រើបណ្ដាញសង្គម Facebook ជាច្រើន បានចេញមតិផ្សេងគ្នារិះគន់លើរូបថតនោះ ហើយបាន Share ពីម្នាក់ទៅម្នាក់ ។
អ្នកខ្លះថា ៖ “ពិតជាមិនស្គាល់ខ្លួនឯងជានរណា ឬក៏ប្រជាភិថុតិគេ ដើម្បីបានយសស័ក្តិ” ។
អ្នកខ្លះថា៖ “មិនមែនយួនតម្រូវឲ្យដាក់រូបនោះខ្ពស់ជាងព្រះនោះទេ តែលោកសង្ឃខ្លះយកចិត្តរដ្ឋដើម្បីមុខមាត់!” ។
អ្នកខ្លះថា៖ “ចង់បានបុណ្យស័ក្តិ និងលាភសក្ការ: សុខចិត្តដាក់រូបមេឃាតក លើព្រះពុទ្ធបដិមា ដែលជាព្រលឹងរបស់ជាតិខ្មែរក្រោម” ។
និង អ្នកខ្លះទៀតថា “មាសប្រាក់ បុណ្យស័ក្ដិ លាភសក្ការ: អាចធ្វើឲ្យមនុស្សលក់ឧត្តមគតិខ្លួនឯងដោយងាយហ្ន៎” ។
អ្នកប្រើបណ្ដាញ Facebook ម្នាក់ទៀត បានរិះគន់សាលតាំងពិព័រណ៍ថា អ្នករៀបចំធ្វើ “រូបភាពក្បត់ខ្លឹមសារ” នៃពិធីបុណ្យអកអំបុក សំពះព្រះខែ ដោយពិធីបុណ្យអកអំបុកគ្មានអ្វីទាក់ទង នឹងខ្មោច ហូ ជី មិញ ឡើយ ។
ហូ ជី មិញ ជាអ្នកបង្កើតរបបកុម្មុយនិស្តយួន ឬ របបយួនក្រហម កើតនៅឆ្នាំ ១៨៩០ ស្លាប់នៅឆ្នាំ ១៩៦៩ ។ ទោះបីរដ្ឋាភិបាលយួនកុម្មុយនិស្តសព្វថ្ងៃ លើកតម្កើង ហូ ជី មិញ ថាជាបិតាជាតិយួន តែក្រុមប្រវត្តិវិទូបរទេស និងជនជាតិយួននៅក្រៅប្រទេស បានលើកឡើងថា ព្រោះតែ ហូ ជី មិញ បានធ្វើឲ្យប្រទេសយួនធ្លាក់ចូលក្នុងបរបកុម្មុយនិស្តផ្ដាច់ការ ប្រជាជនរស់នៅក្នុងភាពដុនដាប គ្មានសេរីភាព រហូតមកដល់សព្វថ្ងៃ ។
យោងសព្វាវចនាធិប្បាយ Wikipedia ក្រោមការដឹកនាំរបស់ ហូ ជី មិញ ប្រជាពលរដ្ឋយួនជាច្រើនត្រូវពួកយៀកមិញសម្លាប់រង្គាល នៅក្នុងបដិវត្តកំណែទម្រង់ដីធ្លីនៅភាគខាងជើងវៀតណាម ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ។ នៅដែនដីកម្ពុជាក្រោម ពួករដ្ឋការកុម្មុយនិស្តយួន បានយកដីស្រែរបស់ម្ចាស់ស្រុកខ្មែរក្រោមចែកឲ្យជនជាតិយួន នៅក្នុងគោលនយោបាយអ្វីមួយ ដែលរដ្ឋាភិបាលយួនហៅថា សមោហភាព ឬ តឹបដង (Tap Doan) ។ ពលរដ្ឋខ្មែរក្រោមនៅ ខេត្តមាត់ជ្រូក ត្រូវរដ្ឋាភិបាលយួនជម្លៀសចេញ ហើយយកជនជាតិយួនមករស់នៅលើដីខ្មែរជំនួសវិញ រហូតមកដល់សព្វថ្ងៃ ។ ព្រះតេជព្រះគុណ គឹម តុក ចើង ជាមេគណខេត្តព្រះត្រពាំង ក៏ត្រូវពួកកុម្មុយនិស្តយួន សម្លាប់នៅក្នុងគុកទាំងអយុត្តិធម៌ ផងដែរ ។
អកអំបុក ជាពិធីបុណ្យប្រពៃណីជាតិខ្មែរ នៅដែនដីកម្ពុជាក្រោម ដែលប្រារព្ធនៅយប់ថ្ងៃ ១៥ កើត ខែកត្តិក ជារៀងរាល់ឆ្នាំ ។ ពិធីនេះ ធ្វើនៅតាមផ្ទះ និងវត្តអារាម បន្ទាប់ពីពិធីសែនលោកខែរួច ដោយចាស់ទុំ ឬ ម្ដាយឪពុកអកអំបុក ឲ្យកូនចៅ ឬ ក្មេងៗ ដែលមកឈរជុំវិញតុសំណែនលោកខែនៅមុខផ្ទះរបស់ខ្លួន ។ តាមទម្លាប់នៅដែនកម្ពុជាក្រោម នៅក្នុងពិធីបុណ្យអកអំបុក ពលរដ្ឋខ្មែរក្រោម ប្រារព្ធពិធីមួយចំនួន ដូចជា ពិធីអុំទូក ង ពិធីបណ្ដែតប្រទីប និង ពិធីបង្ហោះគោម ជាដើម ៕