អាជ្ញាធរ​ខេត្តសៀមរាប ផ្ដល់​លិខិតស្នាម​ស្របច្បាប់ ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​

ដោយ ស៊ឺន ចែងចើន l VOKK

​ខ្មែរក្រោម​រស់នៅ​ប្រទេស​កម្ពុជា ជា​ខ្មែរ​ស្របច្បាប់ ដូច នឹង​ប្រជាពលរដ្ឋ​ទូទៅ​ដែរ ដែលមាន​ចែង នៅក្នុង​រដ្ឋធម្មនុញ្ញ ។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន ដែល​បានមក​រស់នៅ​ប្រទេស​កម្ពុជា អ្នក​កន្លះ​ជាង ១០ ឆ្នាំ ខ្លះទៀត​ជិត ២០ ឆ្នាំ​មកហើយ​ក្តី ។ ប៉ុន្តែ ពួកគាត់​នៅតែ​ប្រឈម នឹង​បញ្ហា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដោយ​អាជ្ញាធរ​តែងតែ​បង្ក​ភាពលំបាក​ដល់​ពលរដ្ឋ​ខ្មែរក្រោម ។​

ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ក្នុងពិធី​រំឭក​ខួប​ទី ១០៥ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ កាលពីថ្ងៃទី ៦ មីនា ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ក្នុងពិធី​រំឭក​ខួប​ទី ១០៥ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ កាលពីថ្ងៃទី ៦ មីនា ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន

​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា នៅតែ​ប្រឈម នឹង​ការរើសអើង កង្វះ​លំនៅដ្ឋាន កង្វះ​ការទទួលស្គាល់​ពី​អាជ្ញាធរ​មួយចំនួន និង​ខ្វះ​ឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ ។ មូលហេតុ​នៃ​កង្វះ​ការបញ្ជាក់​អត្តសញ្ញាណ​ដល់​ខ្មែរក្រោម ដោយសារ​កង្វះខាត​គោលការណ៍​ណែនាំ ឬ​នីតិវិធី​ច្បាស់លាស់ ដើម្បី​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អាច​ចេញ​អត្តសញ្ញាណ​ដល់​ខ្មែរក្រោម ។ បន្ថែម​ពីលើ​នេះ ខ្មែរក្រោម​មួយចំនួន​មិនត្រូវ​បាន​អាជ្ញាធរ​ទទួលស្គាល់ ដោយ​ចាត់ទុកថា ពួកគាត់​ជា​ជនជាតិ​យួន​ទៅវិញ ។​

​កន្លងមក​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ធ្លាប់​បានស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​ស្រុក​ខ្មែរ​សព្វថ្ងៃ ។ ដោយ​ពួកគេ បាន​លើកឡើងថា ប្រជាពលរដ្ឋ​ខ្មែរក្រោម រស់​នៅតាម​មូលដ្ឋាន​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​អាជ្ញាធរ​បដិសេធ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ពួកគាត់ បើទោះជា​ពួកគាត់​ទាំងនោះ មួយចំនួន​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់​ហួស​សុពលភាព​ក៏ដោយ ដោយ​សមត្ថកិច្ច​ទាំងនោះ លើក​ហេតុផល​ថា​ជួប​ការលំបាក​លើ​ទិដ្ឋភាព​ច្បាប់ ឬ​ពួកគាត់​ជា​ខ្មែរក្រោម ។​

​ទោះជា​បែបនេះ​ក្តី នៅពេល​ថ្មីៗ នេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បានធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរខេត្ត​មួយចំនួន រឿង​មិន​ផ្តល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​ការមិនទទួលបាន​នូវ​សិទ្ធិ​ផ្សេងៗ ក្នុងនាម​ជា​ពលរដ្ឋ​នោះ​ខ្មែរ ដូច​បានចែង​នៅក្នុង​ច្បាប់ ដែល​បាន​ធានាថា ខ្មែរក្រោម​នៅ​កម្ពុជា អាច​ទទួលបាន​សិទ្ធិ​ជា​ពលរដ្ឋ​ដូច ខ្មែរ​នៅ​កម្ពុជា ។​

​លោក សឺ​ន ជុំ​ជួន ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ឲ្យ​ដឹងថា ក្រោយពី​មានការ​អន្តរាគមន៍ ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្មីៗ នេះ អាជ្ញាធរ​ដែនដី​មួយចំនួន នៅ​ភ្នំពេញ ខេត្តកំពង់ឆ្នាំង និង​ខេត្តសៀមរាប ជាដើម ។ ជាពិសេស អាជ្ញាធរ​ខេត្តសៀមរាប បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ផ្ដល់​លិខិតស្នាម​ស្របច្បាប់ ជូន​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​តា​មូលដ្ឋាន​របស់ខ្លួន ។

​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ ២០១៧ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​បើក​យុទ្ធនា​ការដកហូត «​ឯកសារ​មិន​ប្រក្រតី​» របស់​ជន​ជនបរទេស​កំពុងកាន់​កាប់​-​ប្រើប្រាស់​ដោយ​ខុសច្បាប់ ។ ហើយ​នៅ​ពីថ្ងៃ​ទី ២៣ មករា កន្លងទៅនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានចេញ​របាយការណ៍​របស់ខ្លួន​ថា រយៈពេល ២ ខែ ចាប់ពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដល់​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨ ប៉ូលិសអន្តោប្រវេសន៍ បាន​ចុះ​ដកហូត​ឯកសារ​រដ្ឋបាល​ពី​ជនបរទេស បាន​ចំនួន​ជាង ២ ម៉ឺន (២១.១៦៧) នាក់ ពី​ជនជាតិ​វៀតណាម និង​ឡាវ ។

​ក្នុងពេល​ជាមួយគ្នា​នោះ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម រកឃើញថា ក្នុងចំណោម​ជនអន្តោប្រវេសន៍​វៀតណាម និង​ឡាវ ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាប់បាន​ជាង ២​ម៉ឺន​នាក់​នោះ ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​គ្រួសារ ក៏ត្រូវ​បា​នស​ត្ថ​កិច្ច​ចាប់ខ្លួន​ផងដែរ ដោយ​ចោទថា ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ឬ​ភ័ន្តច្រឡំ​មកលើ​ខ្មែរក្រោម ថា​ជា​ជនជាតិ​វៀតណាម រួច​ធ្វើ​ការដកហូត​ឯកសារ​របស់​ពួកគាត់ ។

​ប៉ុន្តែ ក្រោយ​មាន​កិច្ច​អន្តរាគមន៍​របស់​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដោយ​ចេញមុខ​អះអាង និង​បញ្ជាក់ថា ពួកគាត់​ទាំងនោះ​ជា​ខ្មែរក្រោម ដោយ​យោងទៅលើ​អត្តសញ្ញាណប័ណ្ណ​វៀតណាម បញ្ជាក់ថា ជា​ជនជាតិខ្មែរ ។ ក្រោយមក នាយកដ្ឋាន​អន្តោប្រវេសន៍ ក៏បាន​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ព្រមទាំង​ផ្តល់​មកវិញ​នូវ​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ និង​សំបុត្រកំណើត ដែល​ពួកគេ​បាន​ដកហូត​នោះ ។ នេះ​បើ​យោង តាម​ការបញ្ជាក់​របស់​លោក ស៊ឺន ជុំ​ជួន ។​

​ស្របពេល ដែល​អាជ្ញាធរ​ខ្មែរ​កំពុងតែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ទៅលើ​ជនបរទេស ។ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខ្មែរ​សហការ​ជាមួយ​អង្គការ​របស់ខ្លួន​ផងដែរ មុន នឹង​ឈានដល់​ការចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម ។ ការស្នើសុំ​នេះ គឺ​ដើម្បី​ជៀសវាង ការអនុវត្ត​អន្តោប្រវេសន៍​របស់​សម​ត្ថ​កិច្ច​ទៅលើ​ជនជាតិ​ខ្មែរក្រោម និង​ដើម្បី​កុំ​ឲ្យ​មាន​ភ័ន្តច្រឡំ​មកលើ​ពលរដ្ឋ​ខ្មែរក្រោម ថា​ជា​ជនជាតិ​ត​វៀតណាម ។​

​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា ៣៣ ចែងថា ពលរដ្ឋ​ខ្មែរ​មិនអាច​ត្រូវបាន​ដក​សញ្ជាតិ និរទេស ឬ​ចាប់បញ្ជូន​ខ្លួន​ទៅ​ឲ្យ​ប្រទេសក្រៅ​ណាមួយ​ឡើយ លើកលែង​តែមាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​ទៅវិញទៅមក ។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ឯប​រទេស​ត្រូវបាន​រដ្ឋ​គាំពារ ។​

​កាលពី​សម័យ​សង្គមរាស្ត្រនិយម ដែល​អតីតព្រះមហាក្សត្រ​ខ្មែរ សម្ដេចព្រះ នរោត្តម សីហនុ ដឹកនាំ​ប្រទេស ព្រះអង្គ​តែង​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម ដែល​បាន​ឡើងមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា ។ ព្រះអង្គ​តែង​ផ្ដល់​ដីធ្លី ផ្ទះសម្បែង និង​បង្ក​ភាពងាយស្រួល​ដល់​ខ្មែរ ក្រោម​ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​នៅ​កម្ពុជា ។​

​លើសពីនេះ កាលពី​ឆ្នាំ ២០០៦ ព្រះអង្គ​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​បញ្ជាក់ថា ព្រះអង្គ​គាំទ្រ​ឲ្យ​ខ្មែរក្រោម​នៅ​កម្ពុជា មាន​សិទ្ធិ​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប័ណ្ណគ្រួសារ ការចុះបញ្ជី​សៀវភៅ​អត្រានុកូលដ្ឋាន និង​លិខិតឆ្លងដែន​ជាដើម ។ បន្ថែម​ពីលើ​នេះ កាលពី​ឆ្នាំ ១៩៩៣ នៅពេល​អង្គការសហប្រជាជាតិ​មក​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា សម្ដេចព្រះ​នរោត្តម សីហនុ បាន​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ពលរដ្ឋ​ខ្មែរក្រោម និង​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​ចូលរួម​បោះឆ្នោត​ទៀតផង ។

​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប៉ាន់ប្រមាណ​ថា ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា មាន​ប្រមាណ ១ លាន​នាក់ ៕