ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ១១ ខែមីនា អង្គការអ្នកកាសែតគ្មានព្រំដែន RSF បានចេញរបាយការណ៍ប្រចាំឆ្នាំស្ដីពី “សត្រូវ របស់អិនធើណិត ឆ្នាំ ២០១៤” ផ្ដោតការយកចិត្តទុកដាក់លើស្ថាប័ន អង្គការរបស់រដ្ឋាភិបាល ដែលអនុវត្ត ការត្រួតពិនិត្យ និងតាមដានលើ ប្រព័ន្ធអិនធើណិត ។
ក្រសួងឃោសនា និងព័ត៌មាន របស់វៀតណាម ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នរដ្ឋាភិបាលដែល RSF ចេញរបាយការ ជាក់ស្ដែង អំពីករណីតាមដាន និងត្រួតពិនិត្យទៅលើក្រុមអ្នកកាសែត, Blogger និងអ្នក ផ្ដល់ព័ត៌មានផ្សេងទៀត ។
អង្គការអ្នកកាសែតគ្មានព្រំដែន បានថ្លែងថា វៀតណាមមិនអនុញ្ញាតឲ្យមានការពិភាក្សាអំពីនយោបាយណាមួយនៅលើ ប្រព័ន្ធអិនធើណិតទេ និងបាន “បង្ក្រាបយ៉ាងព្រៃផ្សៃ” ទៅលើក្រុមមនុស្សបញ្ចេញ យោបល់ខ្វែងគំនិតនៅលើប្រព័ន្ធអិន ធើណិត ។
អង្គការអ្នកកាសែតគ្មានព្រំដែន បានលើកយកករណីវៀតណាមបានចេញអនុក្រិត្យជាច្រើន ស្ដីពីការត្រួត ពិនិត្យលើ ព័ត៌មាន កាន់តែ តឹងតែង ដូចជាអនុក្រិត្យលេខ ៧២ បន្ថយការប្រើប្រាស់បណ្ដាញសង្គម ដោយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ចែករំលែក តែព័ត៌មានណាដែលទាក់ទងនឹងរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះ និងហាម ចែករំលែកព័ត៌មានដែលកាសែតនានាផ្សព្វផ្សាយ ។
ក្រៅពីនេះ អង្គការអ្នកកាសែតគ្មានព្រំដែន ក៏បានកត់សម្គាល់ដល់បញ្ហាដែលវៀតណាមរឹតបន្តឹងព័ត៌មានដោយប្រើ របៀប បិទគេហទំព័រផ្សេងៗ ដែលមានលក្ខណៈប្រឆាំងនឹងរដ្ឋាភិបាល ឬ គេហទំព័រចលនាសិទ្ធិ មនុស្សជាដើម ។
ដើមឆ្នាំនេះ RSF បានចេញរបាយការណ៍ស្ដីពី “សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ ២០១៤” ក្នុងនោះ វៀតណាម បានជាប់ លេខ ១៧៤ ក្នុងចំណោម ១៧៩ ប្រទេសដែល RSF បានចាត់ចូលក្នុងបញ្ជីប្រទេស ដែលមានកម្រិតផ្នែក សេរីភាព សារព័ត៌មាន ៕