បុគ្គលិកវិទ្យុអាស៊ីសេរី ២ នាក់ គឺលោក អួន ឈិន និងលោក យាង សុជាមេត្តា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការឃាត់ខ្លួន ហើយបញ្ជូនភ្លាមៗ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។
តាមសមត្ថកិច្ច ឲ្យដឹងថា អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំង ២ រូបនេះ ត្រូវបានឃាត់ខ្លួនលោកនៅចំណុចបន្ទប់ E04 ជាន់ទី ៧ នៃសណ្ឋាគារម៉ារឌី ក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០:០៩ នាទី ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ក្រោមបទសង្ស័យដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់ ។ សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរីទាំង ២ រូបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុំ សុភ័ក្រ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរង ។
បើតាមសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា បុគ្គលិកវិទ្យុអាស៊ីសេរីទាំង ២ រូបនេះ នឹងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភ្លាមៗ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុផ្សេងៗ ក្រោយរកឃើញពួកគេ បានរៀបចំដំឡើងបន្ទប់ផ្សាយចេញពីទីតាំងសណ្ឋាគារម៉ារឌី ដោយខុសច្បាប់ ប៉ុន្តែមិនទាន់ដំណើរការ ។ លោកអធិការបញ្ជាក់បន្ថែមថា នៅថ្ងៃស្អែក ថ្ងៃទី ១៥ ខែវិច្ឆិកា សមត្ថកិច្ច នឹងបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីធ្វើការស៊ើបអង្កេត និងកោសល្យវិច្ច័យលើភស្តុតាង ដែលបានរកឃើញនៅល្ងាចមិញនេះ ។
គួរជម្រាបថា បន្ទាប់ពីចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា បិទដំណើរការផ្សាយរបស់វិទ្យុជាង ២០ មកនោះ វិទ្យុអាស៊ីសេរី បានសម្រេចចិត្តផ្អាកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយយល់ឃើញថា ចំណាត់ការរបស់រដ្ឋាភិបាល គឺមិនអនុញ្ញាតឲ្យខ្លួនបន្តបេសកកម្មបានទៀត ។
វិទ្យុទទួលជំនួយពីបរទេសមួយនេះ បានហៅចំណាត់ការរបស់រដ្ឋាភិបាល មកលើប្រព័ន្ធផ្សព្វផ្សាយថា ជាការបង្ក្រាបមកលើសំឡេងឯករាជ្យ ។ នេះបើយោងសេចក្ដីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅ ។
ឆ្លើយតបភ្លាមៗ ចំពោះការចោទប្រកាន់នេះ ក្រសួងព័ត៌មាន បានធ្វើសន្និសីទកាសែតបញ្ជាក់ថា ក្រសួងមិនបានបិទការិយាយល័យវិទ្យុអាស៊ីសេរី និងកាសែត ខេមបូឌា ដេលី ដូចអ្វីដែលបានចោទប្រកាន់នោះទេ ។ ប៉ុន្តែផ្ទុយទៅវិញ ក្រសួងបាន និងកំពុងរកវិធីជួយបុគ្គលិកវិទ្យុអាស៊ីសេរី ដែលមានបុគ្គលិកមួយចំនួនថា នឹងធ្វើការក្នុងទីងងឹត ដូចក្រុមចារកម្ម ៕