សង្ខេប​ព័ត៌មាន​ប្រចាំឆ្នាំ ២០១៧ នៅ​ដែនដី​កម្ពុជា​ក្រោម​

ដោយ ថាច់ ប្រីជា គឿន​ | VOKK

​នៅ​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៧ ព្រះសង្ឃ​វត្ត​មុនី​រង្សី​មេ​ពាំង ត្រូវ​គ្រួសារ​ជនជាតិ​យួន​មួយ​ជេរប្រទេច​មាក់ងាយ​យ៉ាងខ្លាំង ខណៈដែល​ព្រះសង្ឃ​ទាំងនោះ បាន​ចេញទៅ​ឆ្ការព្រៃ​នៅលើ​ដី​ដែល​កំពុងមាន​ជម្លោះ​ជាមួយនឹង​ជនជាតិ​យួន​នោះ ។ វត្ត​មុនី​រង្សី មេ​ពាំង ឋិត​នៅក្នុង​ភូមិ​មេ​ពាំង ឃុំ​ឫស្សីស្រុក ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង មាន​ធា​ដី​របស់​វត្ត​មួយកន្លែង​នៅ​ខាងក្រៅ បរិវេណ​វត្ត ដោយ​ព្រះសង្ឃ​ចាត់ទុកថា ដី​នោះ​ជា​របស់​វត្ត ហើយ​ត្រូវ​ជនជាតិ​យួន​មក​រស់នៅ​លើដី​នោះ​ដោយ​គ្មាន​ការអនុញ្ញាត ។ ចំណែក​ខាង​ជនជាតិ​យួន​វិញ បាន​អះអាងថា គេ​មិន​ព្រម​ចេញពី​ដី​នោះទេ ដោយ​សំអាងថា ខ្លួន​មាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី និង ដរាបណា​ពួកគេ​នៅ​មិនទាន់មាន​ដំណោះស្រាយ​ជា​សំណង​ពី​រដ្ឋាភិបាល​វៀតណាម ។ មុនពេល​មាន​ជម្លោះ​ពាក្យសម្ដី​ដាក់គ្នា នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៦ អាជ្ញាធរ​យួន​មួយក្រុម​បាននាំគ្នា​ចូលទៅ​វត្ត​មុនី​រង្សី​មេ​ពាំង ដោយ​មិនបាន​ផ្ដល់ដំណឹង​ជាមុន ដើម្បី​បង្ខំ​ឲ្យ​ព្រះសង្ឃ​នៅក្នុង​វត្ត ចុះហត្ថលេខា​លើ​លិខិតស្នាម​កាត់​ដី​វត្ត​ប្រគល់​ទៅ​ឲ្យ​ជនជាតិ​យួន ។ តែ​ព្រះសង្ឃ​មិន​ព្រម​ចុះហត្ថលេខា​លើ​លិខិត​នោះឡើយ ។

គណៈកម្មការ​សាសនា​អន្តរជាតិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដឹកនាំ​ដោយ ព្រះ​តេជ ព្រះ​គុណ ធី​ធី ធ​ម្មោ ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស ក៏បាន​ជូន​ញត្តិ​មួយ​ទៅ​រដ្ឋាភិបាល​យួន​ដើម្បី​ធ្វើ​អន្តរាគមន៍​រឿងនេះ ផងដែរ ។ នៅក្នុង​ញត្តិ​នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានស្នើ​ទៅ​រដ្ឋាភិបាល​យួន​ជួយ​ធ្វើ​អន្តរាគមន៍​បញ្ហាដីធ្លី​មួយ​នេះ និង ជួយ​ស្វែងរក​យុត្តិធម៌​ជូន​វត្ត​មុនី​រង្សី​មេ​ពាំង ។ មកដល់ពេលនេះ ប្រភពព័ត៌មាន​ពី​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា គ្រួសារ​យួន​មួយ នេះ​បាន​រើ​ផ្ទះ​ចេញពី​ដី​វត្ត​មុនី​រង្សី​មេ​ពាំង​ហើយ ។​

ស្ត្រី​ជនជាតិ​យួន​ ច្រាន​ព្រះសង្ឃ​វត្ត​មេ​ពាំង​ មិន​ឲ្យ​កាប់ឆ្ការ​ដើមឈើ​នៅលើដីវត្តក្បែរ​ផ្ទះ​របស់ជនជាតិ​យួន ។​
ស្ត្រី​ជនជាតិ​យួន​ ច្រាន​ព្រះសង្ឃ​វត្ត​មេ​ពាំង​ មិន​ឲ្យ​កាប់ឆ្ការ​ដើមឈើ​នៅលើដីវត្តក្បែរ​ផ្ទះ​របស់ជនជាតិ​យួន ។​

​នៅ​ថ្ងៃទី ១១ ខែមេសា គណៈ​មន្ត្រី​សង្ឃ​ខេត្ត​ព្រះ​ត្រពាំង បានធ្វើ​ពិធី​ប្រកាស​បង្កើត​វត្ត​ថ្មី​ថែម​មួយទៀត ។ វត្ត​ដែល​ទើបតែ​បង្កើត​ថ្មី​នោះ មាន​ឈ្មោះថា វត្ត​ជយ​នទី​រតនា​រាម (​អូរ​ក្ការ​) ឋិត​នៅក្នុង​ភូមិ​អូរ​ក្ដារ ស្រុក​កំពង់ធំ ខេត្ត​ព្រះ​ត្រពាំង (ấp Ô Kà Dà xã Phước Hảo huyện Châu Thành tỉnh Trà Vinh) ។ មុនពេល​ឈានដល់​បង្កើត​វត្ត​មួយ​នេះ​នេះ ទីនេះ​ធ្លាប់ជា​សាលាឆទាន​ធ្វើបុណ្យ​របស់​អ្នកភូមិ​អូរ​ក្ដារ​ជា​យូរ​មកហើយ ដោយសារ​ទីនេះ​នៅ​ឆ្ងាយ​ពី​វត្ត​មួយចំនួន ដូចជា​វត្ត​កំពង់​ជ្រៃ វត្ត​ត្រោក​លិច វត្ត​ត្រោក​កើត និង វត្ត​ក្នុងស្រុក ជាដើម បណ្ដាល​ឲ្យ​ពុទ្ធបរិស័ទ​ពិបាកធ្វើ​ដំណើរ​ទៅ​វត្ត ទើប​ពួកគាត់​បាននាំគ្នា​សម្រេច​ធ្វើលិខិត​សុំ​ទៅ​រដ្ឋាភិបាល​វៀតណាម​ដើម្បី​បង្កើត​វត្ត​នេះ ។ នៅ​ខេត្ត​ព្រះ​ត្រពាំង មាន​វត្ត​ខ្មែរ​ទាំងអស់​ចំនួន ១៤៣ វត្ត ក្នុងចំណោម​វត្ត​ខ្មែរ​ជិត ៥០០ នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ។ វត្ត​ដែល មាន​អាយុកាល​ចាស់​ជាងគេ​នៅ​ដែនដី​កម្ពុជា​ក្រោម គឺ​វត្ត​ស​ប្បួរ​រង្សី ហៅ​វត្ត​សម្បួរ កសាងឡើង​ក្នុង​ពុទ្ធសករាជ ៩១៧ គ្រឹសសករាជ ៣៧៣ មកដល់ ឆ្នាំ ២០១៨ នេះ វត្ត​នេះ មាន​អាយុកាល ១៦៤៥ ឆ្នាំ ហើយ ។ នៅ​កម្ពុជា​ក្រោម វត្ត​អារាម​ជាឃ្លាំង ឬ ជា​មជ្ឈមណ្ឌល​សម្រាប់​ផ្ទុក​នូវ​ព្រលឹង​ជាតិខ្មែរ​ឲ្យ​បាន​គង់វង្ស​រហូតមក​ដល់​សព្វ ថ្ងៃ ។​

លិខិតអញ្ជើញ​ចូលរួម​កម្មវិធី​ប្រកាស​បង្កើត​វត្ត​អូរ​ក្ដារ តាម​លិខិតអនុញ្ញាត​ចុះ​ថ្ងៃ ទី ៣០ ខែមីនា ឆ្នាំ ២០១៧ នៃ​គណៈកម្មការ​ប្រជាជន​ខេត្ត​ព្រះ​ត្រពាំង ។
លិខិតអញ្ជើញ​ចូលរួម​កម្មវិធី​ប្រកាស​បង្កើត​វត្ត​អូរ​ក្ដារ តាម​លិខិតអនុញ្ញាត​ចុះ​ថ្ងៃ ទី ៣០ ខែមីនា ឆ្នាំ ២០១៧ នៃ​គណៈកម្មការ​ប្រជាជន​ខេត្ត​ព្រះ​ត្រពាំង ។

នៅក្នុង​ខែឧសភា អាជ្ញាធរ​យួន​នៅ​ភូមិ​មេ​រង​ថ្មី ឋិត​នៅក្នុង​ស្រុក​ផ្នោ​ដាច់ បានចេញ​លិខិត​កោះហៅ​យុវជន​ខ្មែរក្រោម​មួយក្រុម នៅ​ដែនដី​កម្ពុជា​ក្រោម ទៅ​សួរចម្លើយ​ជា​បន្តបន្ទាប់ ដោយសារ​ក្រុមយុវជន​ទាំងនេះ បាន​យក​រូប​សញ្ញា (Logo) ដែល​បាន​រចនា​ និង​ផលិត​ដោយ​គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ទៅ​បោះពុម្ព ហើយ​បាន​ចែកចាយ​គ្នា​ពាក់​ជា​សាធារណៈ​ដោយ​ឥតគិតថ្លៃ ។​

ក្រុមយុវជន​ដែល​ត្រូវ​អាជ្ញាធរ​យួន​ហៅ​ទៅ​សួរចម្លើយ​នោះ​មាន​គ្នា ៩ នាក់ រួម​លោក នាង សឺ​ន ស្រី ណែ​ត​, នាង ថាច់ ធី សា​, លោក តោ ហ្វា​ង ចឿ​ង​, លោក ថាច់ ខាយ​, លោក ថាច់ តា​យ​, លោក ថាច់ និ​ន​, លោក គឹម សាង​, លោក ថាច់ ភី​ឡូត​, លោក ថាច់ ទ្រី​វ ។​

ក្រុមយុវជនខ្មែរក្រោម នៅភូមិមេរងថ្មី ពាក់អាវយឺតខ្មែរក្រោម ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ។
ក្រុមយុវជនខ្មែរក្រោម នៅភូមិមេរងថ្មី ពាក់អាវយឺតខ្មែរក្រោម ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ ។

​អាវយឺត​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​យុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បោះពុម្ព​សម្រាប់​ផ្សព្វផ្សាយ​នៅក្នុង​សន្និបាត​យុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ២៩ និង ៣០ ខែមេសា ឆ្នាំ ២០១៧ នៅ​ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដើម្បី​រំឭក​ដល់​ខួប ១០ ឆ្នាំ ថ្ងៃ​ដែល​អង្គការសហប្រជាជាតិ​បាន​អនុមតិ​សេចក្ដីប្រកាស​ជាស​កល នៃ​អង្គការ សហប្រជាជាតិ​ស្ដី​សិទ្ធិ​ជនជាតិដើម (UNDRIP) និង​នៅក្នុង​ឱកាស​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​ថ្លែងការណ៍ រយៈពេល ២ សប្ដាហ៍ នៅក្នុង​មហាសន្និបាត​លើក ១៦ នៃ​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ចាប់ពី​ថ្ងៃទី ២៤ ខែមេសា ដល់​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៧ ។​

​អាជ្ញាធរ​យួន​បាន​ចូលទៅ​វត្ត​សេរី​តាសេក នៅក្នុង​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង រំលាយ​ពិធី​សាង​ផ្នួស​ឡើងវិញ របស់​ព្រះ​តេជ ព្រះ​គុណ លីវ នី អតីត​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ដែល​បាន​រដ្ឋាភិបាល​យួន​ដោះលែង​ចេញពី​ពន្ធនាគារ នៅ​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ បន្ទាប់ពី​ព្រះអង្គ​ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក និង​ដាក់គុក ៤ ឆ្នាំ កាលពី​ឆ្នាំ ២០១៣ ។​

​បន្ទាប់ពី​បានចេញ​ពី​ពន្ធនាគារ ព្រះតេជព្រះគុណ លីវ នី បាន​សរសេរ​លិខិត​ទៅ​ប្រធាន ឃុំ​ហ្វិ​ញ​ហាយ (Vĩnh Hải) ដើម្បី​សុំ​សាង​ផ្នួស​ឡើងវិញ នៅក្នុង​វត្ត​សេរី​តាសេក នៅ​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧ មុន​ថ្ងៃ​ចូល​វស្សា ប៉ុន្តែ​មិនមាន​ការឆ្លើយតប​ពី​អាជ្ញាធរ​យួន​ឡើយ ។ នៅពេលដែល ព្រះតេជព្រះគុណ លីវ នី កំពុងតែ​រៀបចំ​សាង​ផ្នួស​ឡើងវិញ អាជ្ញាធរ​យួន​បាន​ចូលមក​ស្រែក​រារាំង​ពិធី​សាង​ផ្នួស​យ៉ាង​កំរាល ។​

ព្រះតេជព្រះគុណ លីវ នី ក្នុងថ្ងៃយួនបញ្ឈប់ពិធីបំបួសឡើងវិញ ។
ព្រះតេជព្រះគុណ លីវ នី ក្នុងថ្ងៃយួនបញ្ឈប់ពិធីបំបួសឡើងវិញ ។

​នៅក្នុង​ជំពូក ២ មាត្រា ២៤ នៃ​រដ្ឋធម្មនុញ្ញ របស់​ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចែងថា ៖ “១. មនុស្ស​គ្រប់រូប​មាន​សិទ្ធិសេរីភាព​លើ​ជំនឿ សាសនា ឬ មិន​កាន់សាសនា ។ គ្រប់​សាសនា​មាន​សិទ្ធិ​ស្មើ គ្នា​នៅ​ចំពោះមុខ​ច្បាប់ ។ ២. រដ្ឋ​ត្រូវគោរព និង​ការពារ​សរី​ភាព​ជំនឿ និង សាសនា ។ ៣. គ្មាន​នរណា​រំលោភ បំពាន​លើ​សេរីភាព​ជំនឿ និង​សាសនា ឬ កេ​ញ​ប្រ​វញ្ច​ន៍​លើ​សាសនា ដើម្បី​បំពាន លើ​ច្បាប់ បានឡើយ​” ។​

​សូមជម្រាបថា ព្រះតេជព្រះគុណ លីវ នី ប្រសូត ឆ្នាំ ១៩៨៦ ជា​អតីត​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ឋិត​នៅ ក្នុងស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក និង​ចាប់ខ្លួន​នៅ ថ្ងៃ ២១ ខែឧសភា ឆ្នាំ ២០១៣ នៅ​ច្រកព្រំដែន​កម្ពុជា​វៀតណាម ខណៈដែល​អ្នក​ទាំងនេះ​ព្យាយាម​ភៀសខ្លួន​ចេញទៅ​ប្រទេស​កម្ពុជា​ជាមួយ នឹង ព្រះតេជព្រះគុណ ថាច់ ធឿន ប្រសូត ឆ្នាំ ១៩៨៥ ជា​អតីត​គ្រូសូត្រ​វត្ត​សេរី​តាសេក និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​គឺ លោក ថាច់ ភូមិ​រិ​ទ្ធ និង​លោក ត្រា វណ្ណ​ថា ។​

​នៅ​ថ្ងៃ ២៧ ខែកញ្ញា ២០១៣ តុលាការខេត្ត​ឃ្លាំង​សម្រេច​ផ្ដន្ទាទោស ព្រះ​តេជ​ព្រ​គុណ លីវ នី ឲ្យ​ជាប់គុក ៤ ឆ្នាំ ជាមួយនឹង ព្រះតេជព្រះគុណ ថាច់ ធឿន ជាប់គុក ៦ ឆ្នាំ​, លោក ថាច់ ភូមិ​រិ​ទ្ធ ៣ ឆ្នាំ និង លោក ត្រា វណ្ណ ថា ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” និង “​ចាត់តាំង​នាំ​មនុស្ស​រត់ចេញ​ទៅ​បរទេស​” ។​

​នៅ​ថ្ងៃទី ១៩ ខែកក្កដា ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១៣ គ្រួសារ រស់នៅ​ភូមិ​កិ​ញ្ឆា​ង​ពោធិ៍ សង្កាត់​លេខ ៥ ទី​រួម​ខេត្ត​ឃ្លាំង បាននាំគ្នា​ទៅ​តវ៉ា​បញ្ហាដីធ្លី​របស់ ខ្លួន​ក្នុងពេលដែល​អាជ្ញាធរ​យួន​យក​គ្រឿងចក្រ​មក​ឈូសឆាយ ដំណាំ​ស្រូវ​របស់​ពួកគាត់ ។ អ្នក​តវ៉ា​បាន អះអាងថា ការ​ងើប​តវ៉ា​នេះ​បាន​ផ្ទុះឡើង បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​បាន​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពួកគេ គ្មាន​ភាពយុត្តិធម៌ និង​មិនមាន​តម្លាភាព អស់​រយៈពេល ១០ ឆ្នាំ មកហើយ ។​

ពលរដ្ឋខ្មែរក្រោមតវ៉ាម្នាក់ គំរាមយកសាំងដុតខ្លួន ។
ពលរដ្ឋខ្មែរក្រោមតវ៉ាម្នាក់ គំរាមយកសាំងដុតខ្លួន ។

នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា អាជ្ញាធរ​យួន​បាន​រារាំង ព្រះសង្ឃ​វត្ត​ពោធិ​ភិរម្យ​រង្សី ឋិត​នៅក្នុង​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង បោះបង្គោលព្រំ​ដែនដី​នៅលើ​បរិវេណ​ដី​មួយកន្លែង​ឋិត​នៅ​ខាងក្រៅ​វត្ត ដែល​ព្រះសង្ឃ​ចាត់ទុកថា ជា​ដី​របស់​វត្ត ។ ហេតុដែល​ឲ្យ​ព្រះ សង្ឃ​ចេញមក​បោះបង្គោល​ព្រំដែន​នោះ ដោយសា​ធា​ដី​វត្ត​នេះ ត្រូវ​មន្ត្រី​រដ្ឋាភិបាល​យួន​រូង​​លក់ឲ្យ​ឈ្មួញ ក្លាយទៅជា​ស្រះដ៏ធំ បណ្ដាល​ឲ្យ​បាក់​ច្រាំង​ជិត​ដល់​កន្លែង​បូជាសព​របស់​វត្ត ។ មកដល់ពេលនេះ រដ្ឋាភិបាល​វៀតណាម​នៅ​មិនទាន់​ដោះស្រាយ បញ្ហា​ទំនាស់​ដីធ្លី​មួយ​នេះ ឲ្យ​បាន​ដាច់ស្រេច​នៅឡើយ ។​

ព្រះសង្ឃ និងគណកម្មការវត្តវត្ត​ពោធិ​ភិរម្យ​រង្សី ចេញតវ៉ារឿងយួនហាម​បោះបង្គោល​ព្រំ​ដែនដីវត្ត
ព្រះសង្ឃ និងគណកម្មការវត្តវត្ត​ពោធិ​ភិរម្យ​រង្សី ចេញតវ៉ារឿងយួនហាម​បោះបង្គោល​ព្រំ​ដែនដីវត្ត

​នៅ​ថ្ងៃទី ៦ ខែធ្នូ អាជ្ញាធរ​យួន​បាន​ចុះ​ធ្វើ​សកម្មភាព​ឈូសឆាយ និង​វាស់វែង​រឹបអូស​យក​ដី​វត្ត​ទុំពូង​ក្រោម ស្ថិតនៅ​ឃុំ​លឿង​ភី ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក មក​ធ្វើ​ទីស្នាក់ការ​របស់​រដ្ឋ ខណៈ​ព្រះចៅអធិការ​វត្ត និង​ពុទ្ធបរិស័ទ​ធ្វើការ​តវ៉ា តែ​រង​ការ​គំរាម​គំហែង ពី​សំណាក់​ក្រុម​អាជ្ញាធរ​យួន ។ នៅពេល​ថ្មីៗ​នេះ ព្រះតេជព្រះគុណ ចៅ សា​រ៉ា​ត ជា​ព្រះសង្ឃ​នៅក្នុង​វត្ត​នេះ បានចេញ មុខ​តវ៉ា ត្រូវ​អាជ្ញាធរ​យួន​គំរាមកំហែង​ចាប់​ដាក់គុក ហើយ​បាន​ភៀស​ព្រះកាយ​ទៅ​ប្រទេស​កម្ពុជា ។

ក្រុមជនជាតិយួនកំពុង​ធ្វើ​សកម្មភាព​ឈូសឆាយដី និង​យក​គ្រឿង​បរិក្ខារ​សំណង់​សម្រាប់​សាងសង់​ទីស្នាក់ការ​ នៅលើដី​វត្ត​ទំពូង​ក្រោម
ក្រុមជនជាតិយួនកំពុង​ធ្វើ​សកម្មភាព​ឈូសឆាយដី និង​យក​គ្រឿង​បរិក្ខារ​សំណង់​សម្រាប់​សាងសង់​ទីស្នាក់ការ​ នៅលើដី​វត្ត​ទំពូង​ក្រោម