របាយការណ៍​សិក្សា​ស្រាវជ្រាវ​បង្ហាញថា​ ខ្មែរក្រោម​នៅតែ​មិន​ទទួល​បាន​សិទ្ធិ​ជា​ពលរដ្ឋ​ស្របតាម​ច្បាប់​របស់​រកម្ពុ​ជា

ដោយ ស៊ឺន ចែងចើន

របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ និង​សង្គម​ស៊ីវិល​បង្ហាញថា​ បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​លើទឹក​ដី​កម្ពុជា​ គឺ​ការ​មិនទាន់​ទទួល​សិទ្ធិ​រស់នៅ​ស្របច្បាប់​ត្រឹមត្រូវ​ និង​បញ្ហា​អនក្ខ​រកម្ម ដែល​ភាគច្រើន​កើតឡើង​លើ​ស្រ្តី​ ។ ​ការ​អះអាង​បែបនេះ​ ធ្វើឡើង​ក្នុង​សិក្ខាសាលា​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ពី​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ប្រទេស​កម្ពុជា​ ដែល​រៀបចំឡើង​ ដោយ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ រួម​សហការ​ជាមួយ​អង្គការ​ដៃគូ​ចំនួន​ ៨ ផ្សេងទៀត​ នៅ​ ថ្ងៃទី​ ៣១​ ខែមករា​ នា​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ២ រាជធានី​ភ្នំពេញ​ ។

សិក្ខាសាលា​ ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​ ១៥០​ នាក់​ ភាគច្រើន​ជា​ពលរដ្ឋខ្មែរ​ក្រោម​ មក​ពី​តាម​បណ្តា​ខេត្ត​នានា​ និង​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ រួម​ជាមួយ​ នឹង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ មន្រ្តី​ការទូត​ និង​អ្នក​សារពត៌មាន​ផង​ បាន​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល​ទៅលើ​ប្រធានបទ​នៃ​ «លទ្ធផល​របាយការណ៍​ស្រាវជ្រាវ​ ស្តី​ពី​បញ្ហា​ខ្មែរក្រោម​» ។ ក្រៅពី​នេះ​ ក៏​មានការ​ចោទសួរ​សំណួរ​ និង​លើកឡើង​នូវ​ទស្សនៈ​យល់ឃើញ​របស់​អ្នកចូលរួម​ ចំពោះ​ខ្មែរក្រោម​ ទាំង​បញ្ហា​របស់​ខ្មែរក្រោម​ នៅ​កម្ពុជា​ និង​ខ្មែរក្រោម​ ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជាក្រោម​ ។

បើ​តាម​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ​ គឺ​ដើម្បី​ផ្សព្វផ្សាយ​លទ្ធផល​ស្រាវជ្រាវ​ ដែល​បាន​រក​ឃើញ​បញ្ហា​របស់​ខ្មែរក្រោម​ ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ និង​យន្តការ​អន្តរជាតិ​ ដែល​ពាក់ព័ន្ធ​ នឹង​បញ្ហា​ខ្មែរក្រោម​ បង្កើន​ការយល់​ដឹង​ និង​បញ្រ្ជាប​ពី​បញ្ហា​របស់​ខ្មែរក្រោម​ ទៅដល់​ស្ថាប័នជាតិ​ និង​អន្តរជាតិ​ ស្វែងរក​ការ​គាំទ្រ​ ការ​អន្តរាគមន៍​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ខ្មែរក្រោម​ ។

យុទ្ធនាការ​របាយការណ៍​ស្រាវជ្រាវ​ ស្តី​ពី​ស្ថានភាព​ខ្មែរក្រោម​នេះ​ ធ្វើឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល​មក​ពី​ស្ថាប័ន​ចំនួន​ ៤ រួមមាន​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ (KKKHRDA​) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR​) អង្គការ​ក្រុមការងារ​ ដើម្បី​ដោះស្រាយ​ទំនាស់​ (ACT​) អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច​ (MIRO​) ។

យោង​តាម​លទ្ធផល​នៃ​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ បាន​រក​ឃើញ​ប្រហាក់​ប្រហែលគ្នា​ថា​ បញ្ហា​ជួបប្រទះ​របស់​ខ្មែរក្រោម​ រស់នៅ​កម្ពុជា​ គឺ​កំ​ពុង​តែ​ប្រ​ឈោម​ នឹង​ស្ថានភាព​ផ្លូវច្បាប់​ ការរើសអើង​ កង្វះ​លំនៅឋាន​ កង្វះ​ការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ និង​ខ្វះ​ឯកសារ​បញ្ជាក់​ពីអ​ត្ត​សញ្ញាណ​ ។ របាយការណ៍​ស្រាវជ្រាវ​បញ្ជាក់​ថា​ មូលហេតុ​នៃ​កង្វះ​ការ​បញ្ជាក់​អត្តសញ្ញាណ​ដល់​ខ្មែរក្រោម​ ដោយសារ​កង្វះខាត​គោលការណ៍​ណែនាំ​ ឬនីតិវិធី​ច្បាស់លាស់​ ដើម្បី​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អាច​ចេញ​អត្តសញ្ញាណ​ដល់​ខ្មែរក្រោម​ ។ បន្ថែម​ពីលើ​នេះ​ ខ្មែរក្រោម​មួយចំនួន​មិន​ត្រូវ​បាន​អាជ្ញាធរ​ទទួលស្គាល់​ ដោយ​ចាត់ទុកថា​ ពួកគាត់​ជា​ជនជាតិ​វៀតណាម​ ។

ជាមួយគ្នា​នេះ​ដែរ​ របាយការណ៍​ស្រាវជ្រាវ​ដាច់ដោយឡែក​មួយទៀត​ របស់​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ ដែល​សិក្សា​ផ្តោត​សំខាន់​ទៅលើ​ស្ថានភាព​រស់នៅ​ និង​អនក្ខ​រកម្មនៃ​ស្រ្តី​ខ្មែរក្រោម​ នៅ​កម្ពុជា​ បាន​បង្ហាញថា​ ស្រ្តី​ខ្មែរក្រោម​ ដែល​មិន​ចេះ​អាន​ និង​សរសេរ​អក្សរខ្មែរ​ នៅតែ​ប្រឈម​ និង​ផល​លំបាក​ជាច្រើន​ ។ បញ្ហា​មួយចំនួន​ ដែល​ស្រាវ​រក​ឃើញ​តាមរយៈ​ការស្ទង់មតិ​ទាក់ទង​ នឹង​អនក្ខ​រកម្មនៃ​ស្រ្តី​ខ្មែរក្រោម​ នោះ​ រួមមាន​ ពិបាក​រក​ការងារ​ធ្វើ​ គ្មាន​ជំនាញ​វិជ្ជាជីវៈ​ ភាព​ក្រីក្រ​ មុខរបរ​មិន​ពិតប្រាកដ​ ជា​កសិករ​ កម្មករ​ តាម​រដូវ​កាល​ លក់ដូរ​តាម​ចិញ្ចើម​ថ្នល​ ។

ចំណែក​ អង្គការ​ក្រុមការងារ​ ដើម្បី​ដោះស្រាយ​ទំនាស់​ (ACT​) ក៏បាន​លើក​បង្ហាញ​ អំពី​គម្រោង​ស្រាវជ្រាវ​សន្តិភាព​ ដែល​ជា​គម្រោង​មួយ​បង្កើត​ឡើង​ ក្នុង​គោលបំណង​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​អំពី​ខ្មែរក្រោម​ នៅ​លើទឹក​ដី​កម្ពុជាក្រោម​ កាលពី​ឆ្នាំ​ ២០១៥​ ។ តាមរយៈ​គម្រោង​នេះ​ យុវជន​ខ្មែរ​ដែល​ជាស​មា​ជិ​កនៃ​ក្រុម​ស្រាវជ្រាវ​សន្តិភាព​ បាន​ធ្វើដំណើរ​ទៅកាន់​ខេត្ត​មួយចំនួន​ នៅ​កម្ពុជាក្រោម​ រួមមាន​ ខេត្ត​ព្រះត្រពាំង​ ខេត្ត​ឃ្លាំង​ ខេត្ត​ពាម​ ខេត្ត​ក្រមួនស​ និង​ខេត្ត​មាត់ជ្រូក​ ដើម្បី​សិក្សា​អំពី​ស្ថានភាព​របស់​ខ្មែរក្រោម​ នៅ​ទីនោះ​ ។ បន្ទាប់មក​ លទ្ធផល​ដែលគេ​រក​ឃើញ​នៅ​ទីនោះ​ នឹង​ត្រូវ​យក​មក​ប្រៀបធៀប​ជាមួយ​លទ្ធផល​ ដែល​ពួកគេ​រក​ឃើញ​អំពី​ស្ថានភាព​របស់​ពលរដ្ឋខ្មែរ​ក្រោម​ រស់នៅ​លើទឹក​ដី​កម្ពុជា​ ។

លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ហាញថា​ ពលរដ្ឋខ្មែរ​នៅ​កម្ពុជាក្រោម​ រស់នៅ​មាន​ភាព​តែលតោល​ គ្មាន​សិទ្ធិ​សេរីភាព​ គ្មាន​ទីពឹង​ពាក់​ រស់នៅ​ដោយ​ការភ័យខ្លាច​ និង​អស់សង្ឃឹម​ ។ ចំណែក​ការអប់រំ​វិញ​ ពលរដ្ឋខ្មែរ​ក្រោម​គ្មាន​សិទ្ធិ​ទទួល​បានការ​អប់រំ​ជា​ភាសាខ្មែរ​ឡើយ​ ។ ចំពោះ​អ្នក​ដែល​អាច​រៀនសូត្រ​ភាសាខ្មែរ​បាន​មាន​ចំនួន​តិចតួច​ ។ ពួកគេ​ភាគច្រើន​ជា​មនុស្ស​ប្រុស​ ដែល​ទៅរៀន​សូត្រ​នៅ​តាម​វត្តអារាម​ ។ លទ្ធផល​ក៏​បង្ហាញ​ដែរ​ថា​ បញ្ហា​ដែល​ខ្មែរ​នៅ​កម្ពុជាក្រោម​ កំពុង​ជួបប្រទះ​រួមមាន​ ធ្វើស្រែ​បាន​ ប៉ុន្តែ​តម្លៃ​ស្រូវ​ទាប​ ស៊ីឈ្នួល​គេ​បាន​កម្រៃ​តិច​ អំពើ​អយុត្តិធម៌​ ខ្វះ​ការ​យកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​ ខ្វះ​ការអប់រំ​ ភាព​ក្រីក្រ​ ជាពិសេស​ពួកគេ​គ្មាន​សិទ្ធិ​បញ្ចេញមតិ​ និង​ធ្វើការ​តវ៉ា​ ។

គួរ​ជម្រាប​ជូន​ថា​ បើ​តាម​របាយការណ៍​ស្រាវជ្រាវ​មួយ​ ដែល​មានឈ្មោះ​ថា​ “សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរក្រោម​ នៅ​កម្ពុជា​” ចេញផ្សាយ​កាល​ឆ្នាំ​ ២០១៧​ ដោយ​អង្គការ​ក្រុមការងារ​ ដើម្បី​ដោះស្រាយ​ទំនាស់​ (ACT​) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR​) និង​សមាគម​ខ្មែរ​កម្ពុជាក្រោម​ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ (KKKHRDA​) រៀបរាប់​ពី​ផលវិបាក​របស់​ក្រុម​ជនជាតិ​ដើម​ខ្មែរក្រោម​ ដែល​បាន​បាត់បង់​ឱកាស​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ ។

របាយការណ៍​នេះ​ ផ្អែកលើ​បទសម្ភាសន៍​ធ្វើឡើង​ កាលពី​ខែតុលា​ និង​វិច្ឆិកា​ ឆ្នាំ​ ២០១៦​ ជាមួយ​ខ្មែរក្រោម​ ចំនួន​ ២៦៤​ នាក់​ ដែល​គ្មាន​អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ​ ដោយ​ ៩៥,៧​ ភាគរយ​ក្នុងចំណោម​ពួកគេ​កើត​នៅ​ក្រៅប្រទេស​កម្ពុជា​ ។ របាយការណ៍​នេះ​ បញ្ជាក់​ថា​ ខ្មែរក្រោម​ដែល​កើត​នៅ​ប្រទេស​វៀតណាម​ នៅពេល​ចាប់ផ្ដើម​ជីវភាពរស់នៅ​ថ្មី​របស់​ពួកគេ​ នៅ​កម្ពុជា​ បាន​ជួបប្រទះ​កិច្ចការ​ដែល​ស្ទើរតែ​មិន​អាច​ធ្វើ​បាន​ នោះ​គឺ​ការ​ផ្ដល់​ដើមកំណើត​របស់​ពួកគេ​ ។

របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ខ្មែរក្រោម​ ពី​ ២០​ ទៅ​ ៣០​ ភាគរយ​ ក្នុងចំណោម​ខ្មែរក្រោម​ សរុប​ប្រមាណ​ជាង​ ១ លាន​នាក់​ អត់មាន​អត្តសញ្ញាណ​ប័ណ្ណ​ ដែល​ចាំបាច់​សម្រាប់​ទទួល​បាន​សិទ្ធិពល​រដ្ឋ​ជា​មូលដ្ឋាន​ ដូចជា​ សេវា​ថែទាំ​សុខភាព​ ការអប់រំ​ កម្មសិទ្ធិ​ដីធ្លី​ ការងារ​ និង​លិខិតឆ្លងដែន​ជាដើម​ ។ របាយការណ៍​នេះ​ បន្ត​ថា​ “ពួកគេ​ជាច្រើន​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចុះបញ្ជី​សំបុត្រ​កំណើត​ និង​សំបុត្រ​អាពាហ៍​ពិពាហ៍​ ដោយសារ​គ្មាន​អត្តសញ្ញាណ​ប័ណ្ណ​ ដែល​ធ្វើឲ្យ​មាន​មនុស្ស​មួយ​ជំនាន់​ខ្វះ​ឯកសារ​ប្រើប្រាស់​” ។

នៅពេល​សួរ​ថា​ តើ​ការ​លំបាក​ប្រភេទ​ណា​ ដែល​ពួកគេ​ប្រឈម​នៅ​កម្ពុជា​ ៦០,៦​ ភាគរយ​និយាយ​ថា​ ពួកគេ​ត្រូវ​បាន​រើសអើង​ដោយសារតែ​គេ​ជឿ​ថា​ ខ្មែរក្រោម​ គឺជា​ជនជាតិ​វៀតណាម​ ចំណែក​ឯ ៤១,៩​ ភាគរយ​បាន​លើកឡើង​ថា​ ការ​ខ្វះ​ការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​អាជ្ញាធរ​មូលដ្ឋាន​ គឺជា​ឧបសគ្គ​ ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ ធ្វើការ​ស្រាវជ្រាវ​អំពី​ខ្មែរក្រោម​ សង្កត់ធ្ងន់​ថា​ បើ​ទោះជា​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរក្រោម​ នៅ​កម្ពុជា​ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ ច្បាប់​ស្ដីពី​សញ្ជាតិ​ខ្មែរ​ ព្រមទាំង​សេចក្តី​ថ្លែង​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ថា​ខ្មែរក្រោម​ ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា​ អាច​មាន​សិទ្ធិ​ស្មើគ្នា​ ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ក្តី​ ពួកគេ​ថា​ ជាក់ស្តែង​ខ្មែរក្រោម​មិនទាន់​អនុវត្ត​បាន​នូវ​សិទ្ធិ​ទាំងអស់​នេះ​ នៅឡើយ​ គឺ​ខ្មែរក្រោម​ នៅតែ​ប្រឈម​ នឹង​ការរើសអើង​ ខ្វះ​ការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ និង​ខ្វះ​ឯកសារ​បញ្ជាក់​ពីអ​ត្ត​សញ្ញាណ​ ។

សង្គម​ស៊ីវិល​សន្និដ្ឋាន​ថា​ បញ្ហា​ទាំងអស់​នេះ​ កើតឡើង​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​ ខ្វះ​គោលការណ៍​ណែនាំ​ ឬនីតិវិធី​ច្បាប់​ច្បាស់លាស់​ ដើម្បី​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អាច​ចេញ​អត្តសញ្ញាណ​ប័ណ្ណ​ដល់​ខ្មែរក្រោម​ ។ បន្ថែម​ពីលើ​នេះ​ ពួកគេ​ ក៏បាន​ផ្ដល់​ជា​អនុសាសន៍​មួយចំនួន​ទៅ​រដ្ឋាភិបាល​ និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​ ។ អនុសាសន៍​ទាំងនោះ​ រួមមាន​ ធានា​លុបបំបាត់​ការរើសអើង​គ្រប់​ប្រភេទ​ចំពោះ​ខ្មែរក្រោម​ ធានា​ការពារ​សិទ្ធិ​ពេញលេញ​ចំពោះ​ខ្មែរក្រោម​ អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ និង​ក្របខណ្ឌ​ច្បាប់​មាន​ជាធរមាន​ ដែល​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​ ក្នុង​ប្រទេស​កម្ពុជា​ ទទួល​បាន​សញ្ជាតិ​ និង​ឯកសារ​ផ្លូវច្បាប់​នានា​ គោរព​តាម​កត្វ​កិច្ច​អន្តរជាតិ​នានា​របស់​ខ្លួន​ឲ្យបាន​ពេញលេញ​ ផែនការណ៍​យុទ្ធ​សាស្រ្ត​ជាតិ​ ស្តី​ពីអ​ត្ត​សញ្ញាណ​កម្ម​ឆ្នាំ​ ២០១៧​-២០២៦​ ដោយ​យកចិត្ត​ទុកដាក់​ដល់​ក្រុម​ជនភាគតិច​ រួម​ទាំង​ខ្មែរក្រោម​ និង​ជួយ​សម្រួល​ដល់​បញ្ហា​ទទួ​បាន​អត្តសញ្ញាណ​ប័ណ្ណ​ លិខិត​បទដ្ឋាន​គតិ​យុត្ត​ បញ្ជាក់​បន្ថែម​ពីលើ​ច្បាប់​ស្តី​ពី​សញ្ជាតិ​ យុទ្ធ​សាស្រ្ត​ប្រឆាំង​ នឹង​ការរើសអើង​ពូជសាសន៍​ នៅ​ថ្នាក់​ជាតិ​ ពង្រឹង​ និង​លើកកម្ពស់​ការយល់​ដឹង​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ ៕

ទស្សនារូបភាពច្រើនទៀត…