(សារព័ត៌មាន ព្រៃនគរ ) កញ្ញាដ៏ស្រស់ប្រិមប្រិយម្នាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងសកម្ម និងជាអ្នកអះអាងថា ជាតំណាងឲ្យ Page ដ៏ល្បីល្បាញមួយនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ឈ្មោះ I Love Cambodia Hot News បានប្រកាសបដិសេធថា សកម្មភាពផលិត និងចែកចាយព័ត៌មានផ្សេងៗនៅក្នុង Page ឈ្មោះ I Love Cambodia Hot News II មិនមានការពាក់ព័ន្ធទៅនឹង Page ឈ្មោះ I Love Cambodia Hot News ឡើយ ។

នាង គឹម សាមាវតី ដែលអះអាងថាជាម្ចាស់ទំព័របណ្ដាញសង្គម I Love Cambodia Hot News នោះ បានថ្លែងនៅក្នុងឃ្លីបវីដេអូមួយ ដែលនាងបានផ្សព្វផ្សាយនៅលើទំព័រ Facebook ឈ្មោះ I Love Cambodia Hot News របស់ខ្លួន កាលពីថ្ងៃទី ៣១ ខែកក្កដា នេះ ថា៖ “ ថ្ងៃនេះ នាងខ្ញុំ សូមចេញមុខបដិសេធរាល់ទង្វើទាំងអស់របស់ Page ផ្សេងៗ ក្រៅពី Page I Love Cambodia Hot News ពីព្រោះ នាងខ្ញុំ គ្មានអ្វីពាក់ព័ន្ធនឹង Page ទាំងអស់ នោះទេ ។ Page ទាំងអស់នោះ តែងតែ យករូបនាងខ្ញុំធ្វើជា Profile របស់ពួកគេ ។ ដូច្នេះ នាងខ្ញុំ សូមបដិសេធ ដូចជា Page I love Cambodia Hot news ll ជាដើម” ។
ការប្រកាសបដិសេធនេះបានធ្វើឡើងបន្ទាប់ពី Page មួយក្នុង Facebook ឈ្មោះ I Love Cambodia Hot News II ថា មានគេប៉ុនប៉ងចង់ចាប់ខ្លួនម្ចាស់ Page I Love Cambodia Hot News II ដោយដាក់រូបតំណាង Page I Love Cambodia Hot News ទៅវិញ ដែលធ្វើឲ្យមជ្ឈដ្ឋាននានាមានការភាន់ច្រឡំ ។
សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន បណ្ដាញសង្គមដូចជា Facebook, Twitter និង Youtube ជាដើម ត្រូវបានគេមើលឃើញថា មានការនិយមប្រើកាន់តែច្រើនឡើងនៅក្នុងសង្គមយុវជនកម្ពុជា ។ ក្រុមយុវជន ខ្មែរយកមធ្យោបាយនេះ ដើម្បីជជែកកម្សាន្ត បញ្ចេញមតិទាក់ទងនឹងបញ្ហានយោបាយ ជាដើមយ៉ាងរហ័ស និងមានប្រសិទ្ធិភាពបំផុត ។ ក្រៅពីនេះ ក្រុមគណបក្សនយោបាយជំទាស់ ក៏បានប្រើមធ្យោបាយនេះ ដើម្បីឃោសនារកសំឡេងឆ្នោតរបស់ខ្លួន ផងដែរ ខណៈបណ្ដាញផ្សព្វផ្សាយ ដូចជា ទូរទស្សន៍ វិទ្យុ និងកាសែត នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃ ត្រូវគ្រប់គ្រងផ្ដាច់មុខដោយគណបក្សប្រជាជនកម្ពុជារបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជិត ៣០ ឆ្នាំ មកហើយ ៕