ដោយ គឹម សាវតា
ថ្ងៃទី ៨ ខែមិនា សប្តាហ៍នេះ ជាទិវាសិទ្ធិនារីអន្តរជាតិលើកទី ១១១ ។ ក្នុងឱកាស ដែលនៅទូទាំងពិភពលោក កំពុងតែប្រារព្វទិវាមួយនេះ តំណាងស្រ្តីខ្មែរក្រោម នៅកម្ពុជា អះអាងថា ស្ត្រីនៅទូទាំងពិភពលោក ត្រូវបានលើកកម្ពស់សិទ្ធិជាបន្តបន្ទាប់ ប៉ុន្តែ សម្រាប់ស្ត្រីខ្មែរក្រោម នៅដែនដីកំណើត នៅតែមិនទាន់ទទួលបានសិទ្ធិជាមួលដ្ឋាននៅឡើយ ។ ករណីនេះតំណាងស្រ្តីខ្មែរក្រោម ដែលនៅកម្ពុជា ជំរុញឲ្យស្រ្តីខ្មែរក្រោម នៅស្រុកកំណើតទាមទារសិទ្ធិរបស់ខ្លួនដោយសន្តិវិធី និងប្រឹងប្រែងដោយខ្លួនឯង ក្រៅពីមានការជ្រុំជ្រែងពីមជ្ឈដ្ឋាន លើការលើកកម្ពស់សិទ្ធិនារីនេះ ។

កាលពីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២២ នេះ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ខួបលើកទី ១១១ នៅសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅបុរីព្រៃនគរ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ អ្នកស្រី តាំង កែវពិសី នាយិកា អង្គការស្រ្តីខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍ថា ស្ត្រីនៅទូទាំងពិភពលោក មិនថាតិច ឬច្រើននោះទេ គឺទទួលបានសិទ្ធិជាមូលដ្ឋាន និងត្រូវបានបុរសគោរព និងឲ្យតម្លៃ ប៉ុន្តែ សម្រាប់ស្ត្រីខ្មែរក្រោម ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោម គឺមិនត្រឹមតែត្រូវរដ្ឋាភិបាលវៀតណាម បំបិទសិទ្ធិជាមូលដ្ឋាននោះទេ សិទ្ធិស្រ្តីក៏ត្រូវបានរំលោភបំពាន ។ ករណីនេះ អ្នកស្រីអំពាវនាវឲ្យស្ត្រីខ្មែរក្រោម ដែលកំពុងរស់នៅដែនដីកំណើត ត្រូវចេះទាមទារសិទ្ធិ ដែលខ្លួនត្រូវទទួលបាន ដើម្បីធ្វើយ៉ាងណាឲ្យស្រ្តីខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម មានសិទ្ធិស្មើមុខស្មើមាត់ជាមួយស្ត្រីដទៃទៀត ។

អ្នកស្រី តាំង កែវពិសី «តាមរយៈវេទិកានៃការប្រារព្វខួប ១១១ ឆ្នាំ ទិវាសិទ្ធិនារីអន្តរជាតិថ្ងៃនេះ តាងនាមខ្ញុំជាប្រធានអង្គការស្ត្រីខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា នាងខ្ញុំ ព្រះករុណា សូមអំពាវនាវដល់ស្ត្រីខ្មែរក្រោមគ្រប់រូប ត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯងមួយជំហានមុនការស្រាវជ្រាវនូវ សេចក្តីប្រកាស សន្ធិសញ្ញា អនុសញ្ញា កតិកាសញ្ញារបស់អង្គការសហប្រជាជាតិក្តី អង្គការអន្តរជាតិក្តី ដែលចែងអំពីសិទ្ធិរបស់នារី ជាពិសេសនារីដែលជាជនជាតិដើម ។ ក្រោយពីបានយល់ដឹងរួចហើយ ក្នុងករណីមានការរំលោភបំពានពីមជ្ឈដ្ឋានណាមួយ ជាពិសេស រដ្ឋាភិបាលវៀតណាម ដែលកំពុងគ្រប់គ្រង និងត្រួតត្រាខ្មែរកម្ពុជាក្រោមនោះ ក៏ត្រូវមានចិត្តក្លាហានក្រោកឡើងតវ៉ា ទាមទារដោយសន្តិវិធី និងស្របច្បាប់តាមច្បាប់របស់អង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងច្បាប់រដ្ឋធម្មនុញ្ញ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាមបច្ចុប្បន្ន» ។
ប្រធានកិត្តិយសអង្គការស្រ្តីខ្មែរកម្ពុជាក្រោម លោកស្រី វង្ស ទេវី ក៏មានប្រសាសន៍ដែរថាក្នុងនាមលោកស្រីជាស្រ្តីខ្មែរក្រោមមួយរូប លោលោកស្រីនឹងបន្តទាមទារសិទ្ធិជូនស្ត្រីខ្មែរក្រោម ដែលកំពុងរស់នៅដែនដីកំណើតឲ្យមានឱកាសបញ្ចេញសំឡេង ពីអ្វីដែលពួកគាត់ត្រូវការ អ្វីដែលជាសិទ្ធិនារី ។

លោកស្រី វង្ស ទេវី «ស្ត្រីខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅព្រះរាជាណាចក្រកម្ពុជាក្តី នៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យនានា នៅលើពិភពលោកក្តី កំពុងតែជួបជុំគ្នាប្រារព្វពិធីទិវាសិទ្ធិនារីអន្តរជាតិយ៉ាងសប្បាយរីករាយ និងប្រកបដោយមោទនភាព ។ តែចំណែកស្តី្រខ្មែរក្រោមរាប់លាននាក់ ដែលកំពុងរស់នៅមាតុភូមិកម្ពុជាក្រោម ដែលជាទឹកដីរបស់ខ្លួន ក្រោមការគ្រប់គ្រង និងត្រួតត្រាដោយរដ្ឋាភិបាលកុម្មុយនីស្តវៀតណាមវិញ តើមានកាសដូចពួកយើងដែរឬទេ? ។ ខ្ញុំព្រះករុណា នាងខ្ញុំជឿជាក់ថា បងប្អូនស្ត្រីខ្មែរកម្ពុជាក្រោមរាប់លាននាក់ទាំងនោះ ច្បាស់ជាពុំមានឱកាសប្រារព្ធពិធីនេះឡើយ សូម្បីតែពាក្យថាសិទ្ធិនារី ក៏បងប្អូនស្ត្រីខ្មែរកម្ពុជាក្រោមភាគច្រើនពុំដែលបានលឺផង» ។
កញ្ញា ឆន ស្រីណេត ជ័យលាភីរងទី ១ ក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss Universe Cambodia 2021 ដែលមានដើមកំណើត នៅដែនដីកម្ពុជាក្រោម ក៏បានលើកឡើងដែរថា ស្ត្រីខ្មែរក្រោម ត្រូវតែមានសិទ្ធិដូចនារីដទៃទៀតដែរ ដែលទាមទារឲ្យមានការស្វែងយល់បន្ថែម ធ្វើយ៉ាងណា កុំឲ្យមានការរំលោភបំពាន ។

កញ្ញា ឆន ស្រីណេត «ណេត ចង់ចែករំលែកថា ស្ត្រីខ្មែរក្រោមយើងត្រូវតែមានសិទ្ធិ មានសិទ្ធិដូចនារីដទៃដែរ ។ នារីខ្មែរក្រោមយើងខ្វះការយល់ដឹងពីសិទ្ធិស្រ្តី អ្នកនៅក្រោម (កម្ពុជាក្រោម) គាត់អត់សូវដឹងអីទេ អញ្ចឹងសូមចែករំលែកបទពិសោធន៍នេះទៅដល់ពួកគាត់ ឲ្យពួកគាត់បានយល់ បានដឹង ហើយឲ្យពួកគាត់មានកម្លាំងចិត្ត ហើយព្យាយាមធ្វើយ៉ាងម៉េច ដើម្បីឲ្យគេក្រៅមើលមកថា យើងជាស្រ្តីខ្មែរអាចធ្វើបានដូចនារីដទៃ» ។
ស្របពេល ដែលអង្គការស្ត្រីខ្មែរកម្ពុជាក្រោម ប្រារព្ធទិវាសិទ្ធិនារីខួបលើកទី ១១១ នៅព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋខ្មែរក្រោម ដែលមានស្រ្តីផងនោះ នៅដែនដីកម្ពុជាក្រោម ក៏បានប្រារព្ធពិធីអន្តរជាតិមួយនេះដែរ ខណៈពួកគេកំពុងរស់នៅ ក្រោមគ្រប់គ្រង ដោយរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ។ ពិធីនេះ ប្រារព្ធនៅក្នុងស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង ដឹកនាំដោយសកម្មជនតស៊ូមតិខ្មែរក្រោម រួមមាន លោក តោ វ៉ាង ចឿង និង លោក ថាច់ កឿង ជាដើម ។

នេះជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្ត ដែលពលរដ្ឋខ្មែរក្រោមរៀបចំវេទិកាអន្តរជាតិមួយនេះ ក្នុងនាមខ្លួនជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ដើម្បីលាតត្រដាងនូវទុក្ខកង្វល់ផ្សេងៗ ដែលស្រ្តីខ្មែរក្រោម កំពុងតែត្រូវប្រឈមនឹងការរំលោភសិទ្ធិមនុស្ស ដើម្បីលើកស្ទួយ និងជួយសម្រួយការងារស្ត្រីខ្មែរកម្ពុជាក្រោម ដែលរស់នៅកម្ពុជា ។
កាលពីខែមករា ឆ្នាំ ២០២២ កន្លងទៅ សមាគមស្ត្រីខ្មែរកម្ពុជា បានបោះឆ្នោតជ្រើសរើសថា្នក់ដឹកនាំ ដែលមានប្រធាន អនុប្រធាន និងអគ្គលេខាធិការ សម្រាប់ដំណើរការឡើងវិញនូវសមាគមមួយនេះ ឲ្យកាន់តែមានប្រសិទ្ធិភាព ៕