ភ្លៀងខ្លាំងបានស្រោចធ្លាក់នៅលើរដ្ឋធានីរបស់ហ្វីលីពីន និងតំបន់មួយចំនួននៅក្បែរៗនោះសម្រាប់ថ្ងៃទី ៣ នៅថ្ងៃពុធទី ២១ ខែសីហា នេះ ដោយបន្ថែមភាពទុក្ខលំបាករបស់ពលរដ្ឋអស់សង្ឃឹមជិត ៣០ ម៉ឺននាក់ដែលរត់ចេញពីផ្ទះលិចទឹករបស់ខ្លួន ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា មនុស្ស ៨ នាក់ ត្រូវបានបញ្ជាក់រួចហើយថា បានស្លាប់ ដោយសារភ្លៀងរដូវវស្សាដែលបានវាយប្រហារកោះ ដ៏សំខាន់លូហ្សូនរបស់ហ្វីលីពីន ហើយក្រុមអាជ្ញាធរខេត្តបានព្រមានថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើងជាមួយនឹងការរាយការណ៍ពីការលង់ទឹកស្លាប់បន្ថែមទៀត ។
យោងតាមអគ្គលេខាធិការកាកបាតក្រហមហ្វីលីពីនលោក Gwendolyn Pang បានប្រាប់ AFP ថា ប្រហែលមួយភាគបីនៃក្រុងម៉ានីលជាទីក្រុងទំនាប និងរាបស្មើមានពលរដ្ឋ ១២ លាននាក់នេះនៅតែស្ថិតនៅក្រោមទឹកដោយតំបន់មួយចំនួនមានដក់ទឹកត្រឹមចង្កេះ ។
វិបត្តិនេះបានថយចុះពីថ្ងៃអង្គារ នៅពេលផ្នែកជាងពាក់កណ្ដាលនៃទីក្រុងនេះបានលិចទឹក ហើយភ្លៀងបានធ្លាក់កាន់តែខ្លាំង ។